ភ្នំពេញ:
លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពឆ្មាំអង្គរ២០១៣
បានឈានដល់ទីបញ្ចប់
បន្ទាប់ពីបានដំណើរការប្រព្រិត្តិទៅអស់រយៈពេលពីរសប្តាហ៍ (១៦ ដល់
២៩ ខែឧសភា) ដោយមានការចូលរួមពីកងយោធាជាលក្ខណៈទ្វេភាគីកម្ពុជា
និងសហរដ្ឋអាមេរិក
នៅឯមូលដ្ឋានសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកនាយឧត្តមសេនីយ៍ចាយ សាំងយុន
អធិបតីក្នុងពិធីបិទវគ្គលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សា
សន្តិភាពឆ្មាំអង្គរ២០១៣ ដែលបានដំណើរការប្រព្រឹត្តិទៅ
នៅឯសាលាហ្វឹកហ្វឹនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
បានសំដែងនូវការកោតសរសើរប្រកបដោយមោទនភាព
ចំពោះការខិតខំប្រឹងប្រែងរបស់នាយទាហាននាយទាហានរង
និងពលទាហានជាសិក្ខាកាមទាំងអស់
ដែលបានខិតខំហាត់ពត់លត់ដំក្នុងការហាត់រៀន
ដើម្បីឱ្យក្លាយទៅជាកងកម្លាំងប្រកបដោយសមត្ថភាព
សម្រាប់ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិនាពេលអនាគត។
លោកនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានបន្តថា
លំហាត់ហ្វឹកហ្វឺនដែលបានបញ្ចប់ទៅប្រកបដោយជោគជ័យនាពេលនេះ
ក៏ជាការបង្ហាញពីការពង្រឹងចំណងមិត្តភាពទ្វេភាគី រវាងកម្ពុជា
និងសហរដ្ឋអាមេរិក សម្រាប់បោះជំហានថ្មីនាពេលខាងមុខ
ក្នុងគោលដៅសហការដើម្បីលើកកម្ពស់សមត្ថភាពកងកម្លាំង
ចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ
ឱ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀត។
លោកឧត្តម
សេនីយ៍ទោហ្គារីហារា (Gary M. Hara) មេបញ្ជាការរងកងទ័ពឆ្មាំជាតិ
នៃកងទ័ពសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក
បានសំដែងការសាទរចំពោះការចូលរួមរបស់កងយោធាទាំងពីរ
ដែលបានចូលរួមក្នុងលំហាត់ដ៏ត្រចះត្រចង់នេះ។ លោកហារា បានបន្តថា
កងយោធពលខេមរភូមិន្ទបន្តគាំទ្រលើបេសកកម្មជំនួយមនុស្សធម៌ ក្នុងតំបន់
និងលើពិភពលោក
ហើយការគាំទ្ររបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាព
អង្គការសហប្រជាជាតិ គឺបន្តឱ្យមានស្ថេរភាពក្នុងពិភពលោក។
លោកឧត្តមសេនីយ៍ទោ កែន សូសាវឿន
អនុប្រធានក្រុមការងារលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព
ឆ្មាំអង្គរ២០១៣
បានផ្តល់នូវរបាយការណ៍ស្តីពីលទ្ធផលក្នុងការហ្វឹកហាត់រួមគ្នារវាង
កងយោធពលខេមរភូមិន្ទ ដែលមានចំនួន ២៣២ នាក់និងកងទ័ពសហរដ្ឋអាមេរិកចំនួន
៨១ នាក់សម្រាប់រយៈពេល១៥ថ្ងៃកន្លងទៅនេះថា
គឺជាសេនារីយូហ្វឹកហ្វឹនស្តីពីការគាំទ្រប្រតិបត្តិការរក្សា
សន្តិភាព ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ
ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិគ្រប់កម្រិតនា
ពេលអនាគត។
សូមបញ្ជាក់ផងដែរ
លំហាត់ហ្វឹកហ្វឹនដែលបានដំណើរការកន្លងទៅនេះ គឺជាលំហាត់លើកទី៣
ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងយោធពលខេមរភូមិន្ទ
ជាមួយកងទ័ពសហរដ្ឋអាមេរិក
ដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព
បោសសម្អាតមីន និងកាកសំណល់សង្គ្រាម
ក្រោមការជួយគាំទ្រឧបត្ថម្ភពីសំណាក់កងទ័ពសហរដ្ឋអាមេរិក
សំដៅជួយហ្វឹកហ្វឹនដល់កម្លាំងរក្សាសន្តិភាពកម្ពុជា
បន្ទាប់ពីលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពឆ្មាំអង្គរ
២០១០
ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះបានដំណើរការប្រកបដោយជោគជ័យជាទី
មោទនភាពនាពេលកន្លងទៅ៕
No comments:
Post a Comment