A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 28 April 2013

7 Cambodian loggers killed by Thai soldiers on Oddar Meanchey-Sisaket border ខ្មែរ​៧​នាក់​ស្លាប់​ដោយសារ​ទាហាន​ថៃ​បាញ់

ដោយ ហង្ស សាវយុត RFA
2013-04-28
 
ប្រភព​ពី​មន្ត្រី​យោធា​ខ្មែរ​នៅ​តាម​ព្រំដែន​ខេត្ត​ ឧត្តរមានជ័យ បាន​អះអាង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ​៧​នាក់​បាន​ស្លាប់ ដោយសារ​ទាហាន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាញ់​រះ កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា កន្លង​ទៅ។
ការ​បាញ់​រះ​នោះ នៅ​ពេល​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៥០​នាក់ បាន​នាំ​គ្នា​ឆ្លង​កាត់​ព្រំដែន​ម្ដុំ​ចំណុច​ភូមិ​អូរស្វាយ នៃ​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ចូល​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង។
មន្ត្រី​យោធា​នៃ​ការិយាល័យ​ទី​២ មួយ​រូប ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​មេសា ថា លោក​ទទួល​បាន​ព័ត៌មាន​ថា ទាហាន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត នៅ​ទល់​មុខ​គ្នា​នឹង​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ បាន​បាញ់​រះ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ១១​យប់​ថ្ងៃ​ទី​២៥ ខែ​មេសា។ ការ​បាញ់​រះ​នោះ​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ គ្រញូង​ចំនួន ៧​នាក់​ស្លាប់៖ «យើង​ទទួល​បាន​អត្តសញ្ញាណ​ប្រជាពលរដ្ឋ​ ស្លាប់​ហ្នឹង នៅ​ខេត្ត​កំពង់ធំ ២​នាក់ ខេត្ត​កំពត ម្នាក់ និង​ខេត្ត​កំពង់ស្ពឺ ម្នាក់ ហើយ​នៅ ៣​នាក់​ទៀត យើង​មិន​ទាន់​ដឹង​ថា នៅ​ស្រុក​ណា​ខេត្ត​ណា ព្រោះ​ការ​​សម្លាប់​នោះ​គឺ​ជម្រៅ ៧-​៨​គីឡូម៉ែត្រ​ចូល​ក្នុង​ដី​ថៃ។ ចំណុច​កន្លែង​បាញ់​នៅ​ក្នុង​ភូមិសាស្ត្រ​ស្ទឹង​ច័ន្ទ ខាង​កើត​ស្ពាន ១០០»
មន្ត្រី​យោធា​ដដែល​បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សាកសព​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​នៅ​ក្នុង​ព្រៃ​ចម្ការ​ម្រេច នា​ទឹកដី​ថៃ​នៅ​ឡើយ។ ក៏​ប៉ុន្តែ​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ បាន​ឆ្លើយ​តប​ថា គេ​ពុំ​ទាន់​បាន​ដឹង​ព័ត៌មាន​​ច្បាស់​លា​ស់​អំពី​រឿង​នោះ​​នៅ​ឡើយ​ទេ។

អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ គឺ​លោក​វរសេនីយ៍ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា លោក​គ្រាន់តែ​បាន​ឮ​ព័ត៌មាន​នេះ​តៗ​គ្នា ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​លោក​​​សួរ​ទៅ​ទាហាន​ថៃ គឺ​ពួកគេ​បាន​បដិសេធ​ថា មិន​មាន​ការ​បាញ់​រះ​ទេ។

ទោះ​យ៉ាង​ណា អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ លោក កែវ តាន់ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ឭ​ព័ត៌មាន​នេះ ហើយ​លោក​កំពុង​ដឹកនាំ​កម្លាំង​ដើម្បី​ចុះ​ស្រាវជ្រាវ​នៅ​ជិត​ភូមិសាស្ត្រ​ ដែល​គេ​អះអាង​ថា ជា​កន្លែង​កើត​ហេតុ៖ «ឥឡូវ​កំពុង​នៅ​ក្រោម​ជើង​ភ្នំ កន្លែង​ផ្លូវ​បំបែក​​រង្វង់​មូល​អូរស្វាយ​តែម្ដង។ កំពុង​តែ​ស្វែង​ជួប​ខាង​ព្រំដែន​បន្តិច និង​ព្យាយាម​រក​ជន​រងគ្រោះ​ហ្នឹង ដើម្បី​សម្ភាស ប្រភព​ព័ត៌មាន​ណា? ពី​ចំណុច​ណា?»

ប្រភព​យោធា​​​ បញ្ជាក់​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់ ដែល​ទាហាន​ថៃ បាញ់​ស្លាប់​នោះ គឺ​ឈ្មោះ ប៉ុប ធា អាយុ ៣៧​ឆ្នាំ ទីលំនៅ​ភូមិ​សង្គមថ្មី ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ឈ្មោះ ទូច យឹម អាយុ ៥២​ឆ្នាំ ទី​លំនៅ​ភូមិ​គ្រើល ឃុំ​អណ្ដូងពោធិ៍ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ ឈ្មោះ យឹម យ៉ន អាយុ ៣២​ឆ្នាំ ទីលំនៅ​ភូមិ​សុខសង់ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ និង​ឈ្មោះ ឈុន អាយុ ២៨​ឆ្នាំ ទីលំនៅ​ភូមិ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត។ ចំណែក​ឯ​សាកសព​បី​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ។
សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ចាប់​ពី​ខែ​មករា រហូត​ដល់​ថ្ងៃ​ទី​២២ ខែ​មេសា ទាហាន​ថៃ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៨​នាក់។ ក៏​ប៉ុន្តែ​គិត​រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ស្លាប់​នៅ​តាម​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ដោយសារ​ទាហាន​ថៃ បាញ់ បាន​កើន​ឡើង​ដល់ ១៥​នាក់​ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: