ខេត្តរតនគិរី- តំបន់កន្ទុយនាគ៖ បង្គោលព្រំដែនស្ថិតនៅ
ត្រង់ចំណុចកន្ទុយនាគ ចុងឆ្ងាយបំផុត នៃភូមិភាគ ឦសាន ប្រទេសកម្ពុជា
ជាបង្គោលព្រំដែន បែងចែកទឹកដី រវាងប្រទេសកម្ពុជា វៀតណាម និងឡាវ។
បើយើងមើលផែនទីប្រទេសកម្ពុជា ផ្នែកលើខាងស្តាប់
ពិតជាឃើញគំនូសស្រួចវែងចាក់ចោលទៅក្នុង ទឹកដី ប្រទេសវៀតណាម និងឡាវ
នោះហើយគេហៅថា តំបន់កន្ទុយនាគ ស្ថិតនៅក្នុងខេត្តរតនគិរី។
លោកមេវរៈសេនីយ៍ឯក កែប ម៉ារ៉ាឌី មេបញ្ជាការរងសឹកខេត្តរតនគិរី
បានមានប្រសាសន៍ នៅត្រង់ចំណុច កន្ទុយ នាគ កាលពីល្ងាចថ្ងៃសុក្រ ទី២៩ ខែមីនា
ឆ្នាំ២០១៣ ប្រាប់ក្រុមអ្នកសារព័ត៌មាន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា
បង្គោលព្រំដែននេះ កសាងឡើងនៅឆ្នាំ២០០៧ និងសម្ពោធនៅឆ្នាំ២០០៩ នៅលើចំណុចចាស់
តាមផែន ទីរបស់ខ្មែរ ដែលទទួលស្គាល់ដោយអន្តរជាតិ
និងតម្កល់នៅអង្គការសហប្រជាជាតិ។
លោកបានបន្តថា «បង្គោលព្រំដែនកន្ទុយនាគនេះ
ជាបង្គោលព្រំដែនបែងចែកទឹកដីរវាងប្រទេស៣ គឺកម្ពុជា វៀតណាម និងប្រទេសឡាវ
ហើយមានកំពស់ ១០៨០ម៉ែត្រ ពីនីវូទឹកសមុទ្រ ដែលមិនងាយ មានអ្នកណា មកដល់ណាស់
ក្រៅពីនគរបាល និងទាហានប្រចាំការនៅចំណុចនេះ»។
តាមការមើលឃើញជាក់ស្តែងរបស់ក្រុមអ្នកសារព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល
បង្គោលព្រំដែន កន្ទុយ នាគនេះ ស្ថិតនៅលើភ្នំ ដែលសព្វថ្ងៃធ្វើដំណើរ
ទៅកាន់បង្គោលព្រំដែននេះបាន តាមផ្លូវក្នុងទឹកដីវៀតណាម ឡើងភ្នំ ចុះភ្នំ
គួរឲ្យញញើតស្ញប់ស្ញែង។ បង្គោលនេះមាន៣ជ្រុង ដែលជ្រុង១ បែរមុខទៅរកប្រទេស
វៀតណាម ជ្រុងមួយទៀតបែរមុខទៅរកប្រទេសកម្ពុជា
និងជ្រុងមួយទៀតបែរមុខទៅរកប្រទេសឡាវ។
អភិបាលខេត្តរតនគិរី លោក ប៉ាវ ហមផាន បានឲ្យដឹងថា បច្ចុប្បន្ន
នៅក្នុងទឹកខ្មែរ គេមិនទាន់អាចធ្វើដំណើរតាម រថយន្ត ទៅកាន់តំបន់កន្ទុយនាគនេះ
បាននៅឡើយទេ ពីព្រោះមិនទាន់មានផ្លូវល្អ «ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតិឲ្យសាងសង់ផ្លូវនេះរួចរាល់ហើយ
ដោយមានក្រុមហ៊ុន របស់លោកឧកញ៉ា ទ្រីភាព និងក្រុមហ៊ុនស្រ៊ុនសុវណ្ណភូមិ
របស់លោកឧកញ៉ា អាន ម៉ាឌី ជាអ្នកទទួល ខុសត្រូវក្នុងការស្ថាបនា ដែល
មានចំងាយសរុប ១៣៤គីឡូម៉ែត្រ គិតពីឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី
មកដល់ចំណុចកន្ទុយនាគ»។
មូលហេតុដែលនាំឲ្យទឹកដីខ្មែររក្សាបានរៀងកន្ទុយនាគស្រួច
ហាក់ដូចជាចាក់ចូលទៅក្នុងទឹកដីវៀតណាម និង ឡាវនេះ តាមការយល់ឃើញរបស់មេទាហាន
ក៏ដូចមេនគរបាលមួយចំនួនប្រចាំការនៅ ទីនោះ បានឲ្យដឹងថា មកពីចំណុចកន្ទុយនាគ
មានបង្គោលព្រំដែនប្រសព្វនៃប្រទេសទាំង៣ កម្ពុជា វៀតណាម និងឡាវ ហើយ
រដ្ឋាភិបាល នៃប្រទេសទាំង៣គ្រប់សម័យកាល តែងតែយកចិត្តទុកដាក់
ដាក់កម្លាំងរបស់ខ្លួនប្រចាំការនៅទីនោះ
ជាពិសេសការយកចិត្តទុកដាក់ពីសំណាក់ប្រទេសទន់ខ្សោយ។
សព្វថ្ងៃ គេអាចធ្វើដំណើរតាមរថយន្តមកដល់តំបន់កន្ទុយនាគបាន
តាមផ្លូវក្នុងទឹកដីប្រទេសវៀតណាម ឆ្លង កាត់ខេត្តពីរគឺ យ៉ាឡាយ និង
កន្ទូមដែលគិតពីទីរួមខេត្តរតនគិរី មកដល់ចំណុចព្រំដែនកន្ទុយនាគនេះ មាន
ចំងាយជាង ២៨០គីឡូម៉ែត្រ។ ចំណែកផ្លូវនៅ ក្នុងប្រទេសកម្ពុជា
ដែលទទួលស្ថាបនាដោយក្រុមហ៊ុនរបស់ លោកឧកញ៉ាទ្រីភាព និងអាន ម៉ាឌី
កំពុងដំណើរការ និងធ្វើរួចរាល់នៅដើមឆ្នាំ២០១៤ ដោយមានស្ពានតេជោ សេសាន
ធ្វើពីបេតុង ទទឹង ៧ម៉ែត្រ បណ្តោយ ២៥២ម៉ែត្រ ឆ្លងទន្លេសេសាន
ធ្វើដោយក្រុមហ៊ុនរបស់ លោក ឧកញ៉ា ទ្រីភាព ចំណាយទឹកប្រាក់អស់ជាង
៣លានដុល្លារអាមេរិក។
សព្វថ្ងៃ ព្រំប្រទល់រវាងកម្ពុជា និងវៀតណាម ដែលមានចំងាយជាង ២១១គីឡូម៉ែត្រ
ពីបង្គោលសីមាមុំ ៣កន្ទុយ នាគ ខេត្តរតនគិរី រហូតដល់មណ្ឌលគិរី
ភាគីទាំងពីរបានបោះង្គោលព្រំដែនស្ថាពរ ៣០និង បង្គោលតម្រុយ៣៧
សរុបទាំងអស់៦៧បង្គោល។
ចំណែកព្រំដែន កម្ពុជា នៅខេត្តរតនគិរី និងខេត្តអត្តពើ ប្រទេសឡាវប្រវែង
១៧៦គីឡូម៉ែត្រ ក្នុងនោះបង្គោលសីមាបោះរួច មាន៣០បង្គោល ចាប់ពីបង្គោលលេខ ០៩៩
ដល់១៤៥។
យើងសង្កេតឃើញនៅចំណុចកន្ទុយនាគនោះ ខាងភាគីកម្ពុជា មានកម្លាំងយោធាការពារព្រំដែន កម្លាំងនគរបាលការពារព្រំដែន និងមន្រ្តីបរិស្ថាន៕
1 comment:
Not too far for our oversea's Khmer brither/sisters to go there.
They will visit this important part of our country very soon.
Post a Comment