A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 14 January 2013

The royal family optimistic about King Father Sihanouk's funeral សែ​រាជវង្ស​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​រៀបចំ​ព្រះ​រាជ​ពិធី​ដង្ហែ​និង​ថ្វាយ​ព្រះ​ភ្លើង

ដោយ ទីន ហ្សាការីយ៉ា 2013-01-13 RFA
ពលរដ្ឋ​ប្រមាណ​ជាង ២​លាន់​នឹង​មក​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ នៅ​ដើម​ខែ​កុម្ភៈ ខាង​មុខ។

RFA/Sek Bandith
១០-មករា-២០១៣៖ ព្រះ​មេរុ​​ដែល​គេ​រៀបចំ​សម្រាប់​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​ សព​ព្រះ​មហា​វីរក្សត្រ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។
ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ឲ្យ​មន្ត្រី​រាជការ សិស្សានុសិស្ស​ទាំង​អស់ ឈប់​សម្រាក​រយៈពេល ២​ថ្ងៃ នៅ​ក្នុង​ឱកាស​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​មហាក្សត្រ​នេះ។
អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ទីប្រឹក្សា​អម​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​រដ្ឋាភិបាល ដែល​បាន​រៀបចំ​កម្មវិធី​នៃ​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ខាង​មុខ​បាន​ល្អ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ មករា ថា រដ្ឋាភិបាល​បាន​រៀបចំ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​នេះ​បាន​ល្អ សក្ដិសម​នឹង​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ ដែល​ជា​ព្រះ​មហាក្សត្រ​គ្រប់គ្រង​ប្រទេស​ដ៏​ល្អ កាល​ពី​ព្រះអង្គ​គ្រង​រាជ្យ​នោះ។
ទន្ទឹម​នឹង​នេះ​ដែរ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ឲ្យ​មន្ត្រី​រាជការ បុគ្គលិក​ និយោជិត កម្មករ ឈប់​សម្រាក​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ ដើម្បី​ចូល​រួម​ដង្ហែ​ព្រះ​បរម​សព និង​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ កុម្ភៈ ដើម្បី​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ថ្វាយ​ព្រះ​ភ្លើង។
សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​បាន​សរសេរ​ទៀត​ថា គ្រឹះស្ថាន​សិក្សា អគារ​សាធារណៈ អាគារ​លក់ដូរ​គ្រប់​ប្រភេទ ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ព្រះ​ស៊ីសុវត្ថិ វិថី​បក្សី​ចំាក្រុង មហា​វិថី​ព្រះ​នរោត្តម វិថី​ព្រះ​សីហនុ វិថី​សម្ដេច​សុធារស ត្រូវ​បញ្ឈប់​សកម្មភាព​ការងារ និង​លក់​ដូរ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​សុក្រ ទី​១ កុម្ភៈ ដើម្បី​សម្រួល​ដល់​ការងារ​ចរាចរ។ នៅ​រាជធានី​ភ្នំពេញ គ្រប់​ខែត្រ គ្រប់​ទី​ប្រជុំ​ជន និង​គ្រប់​វត្ត​អារាម​នៅ​ទូទាំង​ប្រទេស ត្រូវ​បន្លឺ​ស៊ីរ៉ែន វាយ​ជួង ទូង​ស្គរ ប្រគំ​ភ្លេង និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ក្នុង​ឱកាស​ប្រារព្ធ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​រយៈពេល ១​នាទី និង​អ្នក​ធ្វើ​ដំណើរ​តាម​យានយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​អស់ ត្រូវ​ឈប់​រយៈពេល ១​នាទី​ដូច​គ្នា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​សព។
ម្យ៉ាង​វិញ​ទៀត នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​នេះ ក្រសួង​យុត្តិធម៌​នឹង​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​ទណ្ឌិត​ចន្លោះ​ពី ៤០០ ទៅ ៥០០​នាក់។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​បាន​បញ្ជាក់​ថា ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នោះ រួម​មាន​អ្នក​ទោស​ទាំង​នោះ​បាន​កែប្រែ​អត្តចរិត​ល្អ មាន​វ័យ​ចាស់​ជរា មាន​អាយុ​រវាង ៦០​ឆ្នាំ ទៅ ៧០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​កូន​តូច ព្រម​ទាំង​អនុវត្ត​តាម​គោលការណ៍​ច្បាប់ គឺ​ថា អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​ជាប់​ទោស​ចំនួន ២ ភាគ ៣ រួច​ហើយ ក្នុង​នោះ​ក៏​មាន​អ្នក​ទោស​ជន​ជាតិ​ថៃ ពីរ​នាក់​ដែរ គឺ​លោក រីរៈ ស៊ុំខ្វាមឃីត (Viira Somkwamkid) ជាប់​គុក​ចំនួន ៨​ឆ្នាំ ពី​បទ​ចារកម្ម នឹង​ត្រូវ​បន្ថយ​ទោស​ឲ្យ​ ជាប់​ពន្ធនាគារ​ចំនួន ៦​ខែ និង​លេខា​របស់​គាត់ ឈ្មោះ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ ខាង​មុខ។
ទាក់ទង​នឹង​ការ​ដោះលែង​អ្នក​ទោស​នេះ មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ទោះ​បី​ជា​ច្បាប់​ពន្ធនាគារ​បាន​ចែង​ថា ការ​លើក​លែង​ទោស​ទណ្ឌិត​នោះ លុះ​ត្រា​ណា​អ្នក​នោះ​ជាប់​គុក ២ ភាគ ៣ ហើយ​ក្ដី ប៉ុន្តែ​លោក​បញ្ជាក់​ថា ដើម្បី​បង្រួបបង្រួម​ជាតិ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​លែង​លោក ម៉ម សូណង់ដូ និង​លោក សម រង្ស៊ី ដែរ។
ទាក់ទង​នឹង​បញ្ហា​នេះ អតីត​លេខា​ផ្ទាល់​ព្រះ​មហា​វីរក្សត្រ និង​ជា​ទីប្រឹក្សា​អម​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រះអង្គ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ។ ព្រះអង្គ​គ្រាន់​តែ​បញ្ជាក់​ខ្លី​ថា ករណី​នេះ​ជា​រឿង​នយោបាយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​បន្ទូល​ទៀត​ថា ការ​ដោះលែង និង​លើក​លែង​ទោស​នេះ ជា​ប្រពៃណី​របស់​ព្រះមហាក្សត្រ នៅ​ពេល​ថ្វាយ​ព្រះ​ភ្លើង​ដល់​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​តាំង​ពី​សម័យ​មុន។ ព្រះអង្គ​មាន​បន្ទូល​ថា នៅ​អំឡុង​ពេល​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សុរាម្រិត សោយទិវង្គ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះអង្គ ក៏​ព្រះ​មហាក្សត្រិយានី មាន​ព្រះរាជហឫទ័យ លើក​លែង​ទោស​ទណ្ឌិត​ជាង ៤០០​នាក់​ដូច​គ្នា​នេះ​ដែរ៕

No comments: