A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 6 January 2013

Th U.S criticise Cambodian government for barring opposition leader Sam Rainsy from participating in the election អាមេរិក​រិះគន់​កម្ពុជា រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត

Th U.S criticise Cambodian government for barring opposition leader Sam Rainsy from participating in the election.

ដោយ យន់ សាមៀន និង ម៉ៅ សុធានី RFA
2013-01-06 

នៅ​មុន​ពេល​នៃ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈ​ពេល ៧​ខែ​ខាង​មុខ​ទៀត​នោះ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ បាន​បង្ហាញ​ជំហរ​គាំទ្រ​ឲ្យ​មាន​វត្តមាន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ការ​បោះ​ឆ្នោត។

Photo: RFA, ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
ទោះ​បី​ជា​ប្រទេស​ទាំង​នោះ​នៅ​មិន​ទាន់​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​ នៃ​ការ​បោះ​ឆ្នោត​ក៏ដោយ ប៉ុន្តែ​ប្រទេស​ទាំង​នោះ​បាន​សំដែង​កង្វល់​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឡើង​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ចូល​រួម​នោះ។
ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក បាន​សំដែង​មន្ទិល​សង្ស័យ​ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត​សកល​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ប្រសិន​បើ​គ្មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម​ការ​បោះ​ឆ្នោត។
មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ប្រកាស​ថា សហរដ្ឋអាមេរិក​ក៏​សោកស្ដាយ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដែល​បាន​សម្រេច​លុប​ឈ្មោះ​លោក សម រង្ស៊ី ពី​បញ្ជី​បោះ​ឆ្នោត។
ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) បាន​ដក​ស្រង់​សំដី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស អ្នកស្រី វីកថូរៀ នូលែន (Victoria Nuland) ថា ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​បាន​បង្កើត​ចម្ងល់​ជា​ច្រើន​ទៅ​លើ​ភាព​ ស្របច្បាប់​នៃ​ការ​បោះ​ឆ្នោត។
អ្នកស្រី​បន្ត​ថា ការ​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត ដោយសារ​តែ​តុលាការ​កាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ ១២​ឆ្នាំ​នោះ មិន​មែន​ជា​ហេតុផល​សមស្រប​ឡើយ ដោយសារ​តែ​អ្នក​ឃ្លាំមើល​ស្ថានការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ចំនួន ចាត់​ទុក​ថា ការ​កាត់​ទោស​របស់​លោក សម រង្ស៊ី ជា​ការ​កាត់​ទោស​ក្រោម​ឥទ្ធិពល​ជយោបាយ។ តុលាការ​រដ្ឋាភិបាល​ភ្នំពេញ បាន​កាត់​ទោស​លោក សម រង្ស៊ី ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​បរិហារកេរ្តិ៍ និង​ដក​តម្រុយ​បង្គោល​ព្រំដែន។
អ្នកស្រី វីកថូរៀ នូលែន ចាត់​ទុក​ថា ការ​ដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល ​នៅ​កម្ពុជា ចូល​រួម​ការ​បោះ​ឆ្នោត​នោះ ក៏​បាន​បង្កើត​សំណួរ​ជា​ច្រើន​ផង​ដែរ ចំពោះ​ភាព​ស្រប​ច្បាប់​នៃ​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ២១​លាន​ដុល្លារ​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។
អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​បង្កើន​ការ​ចំណាយ​ទៅ​លើ​ការ​រៀបចំ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រមាណ ១៧​លាន​ដុល្លារ ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨។ លោក​បន្ត​ថា ការ​បង្កើន​ការ​ចំណាយ​នេះ ដោយសារ​តែ​កំណើន​នៃ​ចំនួន​អ្នក​បោះ​ឆ្នោត។ កាល​ពី​ឆ្នាំ​២០០៨ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៨​លាន​នាក់ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៣ អ្នក​បោះ​ឆ្នោត​បាន​កើន​ឡើង​រហូត​ទៅ​ដល់​ជិត ១០​លាន​នាក់។
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​មេដឹកនាំ​នៃ​ប្រទេស​ហ្វាំងឡង់ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក​អាច​ចូល​រួម​ការ​បោះ​ឆ្នោត។
លោក សម រង្ស៊ី មាន​ប្រសាសន៍​ពី​ហ្វាំងឡង់​ថា លោក​នៅ​តែ​មាន​សង្ឃឹម​ថា លោក​នឹង​អាច​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ​បាន ដោយ​នឹង​មាន​ដំណោះស្រាយ​នយោបាយ​តាម​រយៈ​សំពាធ​របស់​សហគមន៍​អន្តរជាតិ៖ «មួយ​ថ្ងៃ​ទេ ក្នុង​រយៈពេល ៧​ខែ​ខាង​មុខ បើ​មាន​ឆន្ទៈ​នយោបាយ ហើយ​មាន​សម្ពាធ​អន្តរជាតិ​ខ្លាំង ហ្នឹង​សេចក្ដី​សម្រេច​ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ»
មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក ផៃ ស៊ីផាន ធ្លាប់​មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​បន្ត​រៀបចំ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បើ​ទោះ​បី​ជា​គ្មាន​វត្តមាន លោក សម រង្ស៊ី ក៏​ដោយ។ លោក​បន្ត​ថា រដ្ឋាភិបាល​នឹង​គ្មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ជាមួយ​នឹង​លោក សម រង្ស៊ី នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​លោក សម រង្ស៊ី ហ៊ាន​វិល​ត្រឡប់​មក​កម្ពុជា លោក​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ជា​មុន​សិន។
លោក កឹម សុខា សំដែង​សុទិដ្ឋិនិយម​ក្រោយ​ជួប​ជាមួយ​មន្ត្រី​សហភាព​អឺរ៉ុប
ចំណែក​ឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំដែង​សុទិដ្ឋិនិយម​ថា ការ​បោះ​ឆ្នោត​សកល​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ នេះ នឹង​មាន​យុត្តិធម៌ និង​តម្លាភាព ដោយសារ​សហភាព​អឺរ៉ុប កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​លើក​នេះ​បាន​ល្អ​ប្រសើរ។
លោក កឹម សុខា មាន​ប្រសាសន៍​ពី​ប្រទេស​ហ្វាំងឡង់ (Finland) កាល​ពី​ថ្ងៃ​សៅរ៍ ទី​៥ មករា ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ទទួល​ជោគជ័យ​ល្អ ក្រោយ​ពី​លោក និង​លោក សម រង្ស៊ី បាន​ជួប​ជាមួយ​សមាជិក​សភា ព្រឹទ្ធ​សភា និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​បី គឺ​បារាំង (France) អូទ្រីស (Austria) និង​ហ្វាំងឡង់។
លោក កឹម សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ធ្វើ​កំណែ​ទម្រង់​នូវ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ ជា​ពិសេស​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​ថា បើ​ពុំ​ដូច្នោះ​ទេ កម្ពុជា​នឹង​ខាត​បង់​ផលប្រយោជន៍​ច្រើន​សំរាប់​ប្រទេស​ជាតិ។
លោក កឹម សុខា អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស រួម​មាន​បារាំង អូទ្រីស និង​ហ្វាំងឡង់ បាន​សំដែង​ការ​គាំទ្រ​យ៉ាង​ខ្លាំង ទាំង​ផ្នែក​ថវិកា និង​ផ្លូវ​ចិត្ត ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ ពួកគេ​បាន​សន្យា​ថា នឹង​ខិតខំ​អស់​ពី​សមត្ថភាព ដើម្បី​ជំរុញ​ឲ្យ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​ការ​ថវិកា​ឧបត្ថម្ភ​ពី​ក្រុម​គ្រួសារ​ខាង​ក្រៅ ត្រូវ​គាំទ្រ​គោលនយោបាយ​នៃ​គណបក្ស​ប្រឆាំង​ដើម្បី​យក​ជ័យជំនះ​លើ​គណបក្ស​ ប្រជាជន​កម្ពុជា។
លោក កឹម សុខា នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៣ ខាង​មុខ៕

No comments: