A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 13 January 2013

People accused a village chief in Takeo province of forbidding them from listening to the radio [This is reminiscent of the Khmer Rouge period] មេ​ភូមិ​នៅ​ខេត្ត​តាកែវ​រង​ការ​ចោទ​ថា​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ទទួល​បាន​ព័ត៌មាន

ដោយ អ៊ុក សាវបូរី 2013-01-12 RFA

អាជ្ញាធរ​ភូមិ​មួយ​នៅ​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ រង​នូវ​ការ​ចោទ​ពី​ប្រជាពលរដ្ឋ​ថា​បាន​រំលោភ​លើ​សេរីភាព​នៃ​ការ​ទទួល​បាន​ ព័ត៌មាន តាម​រយៈ​ការ​បើក​ស្តាប់​វិទ្យុ​នៅ​ក្នុង​ផ្ទះ។ ប៉ុន្តែ​ការ​ចោទ​នេះ ត្រូវ​អាជ្ញាធរ​ភូមិ​បដិសេធ​ថា​ជា​ការ​មិន​ពិត។
ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្គសង្កែ ឃុំ​ពោរំចាក ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ មួយ​រូប បាន​ចោទ​ថា មេ​ភូមិ​នោះ​ឲ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ប្ដឹង​គាត់ ខណៈ​គាត់​ស្តាប់​វិទ្យុ​ដែល​ផ្សាយ​ពី​លទ្ធិប្រជាធិបតេយ្យ។
លោក មាច ឈន អាយុ ៦២​ឆ្នាំ រស់​នៅ​ភូមិ​អង្គសង្កែ អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ថា គាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខ្សឹប​ប្រាប់​ថា មេ​ភូមិ​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​ប៉ូលិស ឲ្យ​កោះ​ហៅ​គាត់​ទៅ​ដាក់​ទោស​ពី​បទ​បើក​ស្តាប់​វិទ្យុ​ដែល​ផ្សាយ​ពី​ លទ្ធិប្រជាធិបតេយ្យ​រំខាន​អ្នក​ជិត​ខាង។
លោក​បន្ត​ថា មេ​ភូមិ​នោះ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ផ្ទះ​ទល់​មុខ​ផ្ទះ​គាត់ ហើយ​កន្លង​មក មេ​ភូមិ​នេះ​មិន​ដែល​មក​ហាម​គាត់​ថា​កុំ​ឲ្យ​បើក​ស្តាប់​វិទ្យុ​ឮៗ ឬ​អ្វី​នោះ​ទេ។ ស្រាប់​តែ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ខ្លះ​នៅ​ឆ្ងាយ​ពី​ផ្ទះ​គាត់​ប្រមាណ ២០០​ម៉ែត្រ ក៏​ឲ្យ​ផ្ដិត​មេ​ដៃ​ដែរ ប្ដឹង​គាត់​ថា​បើក​វិទ្យុ​រំខាន​គេ​ទៅ​វិញ៖ «ប្រធាន​ភូមិ​នេះ​ដើរ​ផ្ដិត​ មេ​ដៃ​ពី​ប្រជារាស្ត្រ​ថា​ប្ដឹង​ខ្ញុំ គាត់​ផ្ដិត​បាន​ជាង ១០​នាក់។ ឥឡូវ ខ្ញុំ​ស្តាប់​គ្រប់​គណបក្ស​ទាំង​អស់។ ខ្ញុំ​ស្តាប់​តែ​គោលការណ៍​របស់​ប្រជាធិបតេយ្យ​ហ្នឹង តើ​ជួយ​រាស្ត្រ​យ៉ាង​ម៉េច​អី​ម៉េច ហើយ​បិទ​សិទ្ធិ​ខ្ញុំ​មិន​ឲ្យ​ស្តាប់»
អ្នកស្រី ប៉ុក ឡៃជា ផ្ទះ​គាត់​នៅ​ប្រមាណ ៥០​ម៉ែត្រ​ពី​ផ្ទះ​លោក មាច ឈន អះអាង​ថា គាត់​ដើរ​កាត់​មុខ​ផ្ទះ​លោក មាច ឈន ទើប​ឮ​សំឡេង​និយាយ​ពី​ក្នុង​វិទ្យុ​ដែល​បើក​នោះ។ តែ​គាត់​មិន​ដឹង​ការ​និយាយ​ក្នុង​វិទ្យុ​នោះ​ជា​នយោបាយ ឬ​អ្វី​ទេ ពីព្រោះ​មនុស្ស​ចាស់​គាត់​តែង​តែ​ស្តាប់ ចង់​ដឹង​ព័ត៌មាន​ផ្សេងៗ។ យ៉ាង​ណា​ក្តី អ្នកស្រី​មិន​បាន​ប្ដឹង​លោក មាច ឈន ទេ៖ «គាត់​មាន​រំខាន​ឯ​ណា គាត់​បើក​ស្តាប់​តែ​គាត់​ហ្នឹង។ អត់​រំខាន​ខ្ញុំ​ទេ។ ខ្ញុំ​អត់​បាន​ប្ដឹង​គាត់​ទេ»
ពាក់ព័ន្ធ​ការ​លើក​ឡើង​នោះ មេ​ភូមិ​អង្គសង្កែ លោក សេក សាមិត្ត បាន​បំភ្លឺ​ថា ប្រជាពលរដ្ឋ​បាន​ប្ដឹង​មក​អាជ្ញាធរ​ភូមិ​ថា លោក មាច ឈន បើក​វិទ្យុ​ស្តាប់​នៅ​ម៉ោង​ដែល​គេ​ត្រូវ​សម្រាក។ លោក​មិន​បាន​ហាម​ការ​ស្តាប់​ព័ត៌មាន​នោះ​ទេ តែ​ពលរដ្ឋ​ប្ដឹង លោក​ត្រូវ​តែ​អនុវត្ត​តាម​សំណើ​ប្រជាពលរដ្ឋ​ដែល​ប្ដឹង​មក៖ «អា​ហ្នឹង​ជា​ សិទ្ធិ​ហើយ ប៉ុន្តែ​ក្រែង​វា​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ​ដែរ ដូច​ថា​គេ​សម្រាក​មក​ពី​ធ្វើ​ការ​អស់​កម្លាំង យើង​ដាក់​ខ្លាំងៗ សូម្បី​តែ​អ្នក​កូន​ខ្ចី គាត់​ក៏​មក​សុំ​នេះ​ដែរ គាត់​ក៏​មក​ប្រាប់​ខ្ញុំ​ថា កូន​ខ្ញុំ​ដេក​អត់​លក់ ដែល​ទើប​ឆ្លង​ទន្លេ​ហើយ កូន​ង៉ែត​កូន​ង៉ា​អី​ហ្នឹង។ ហើយ​យើង​មិន​មែន​ទៅ​បិទ​គេ​ទេ គ្រាន់​តែ​សុំ​គេ​ឲ្យ​បន្ថយ​វ៉ូលីម បន្ថយ​សំឡេង​ទៅ កុំ​ឲ្យ​វា​រំពង​សំឡេង​ខ្លាំង​ពេក គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»
ជំទប់​ទី១ ឃុំ​ពោរំចាក លោក សោម គ្រី ថ្លែង​ថា គាត់​ក៏​បាន​ទទួល​ដំណឹង​ថា​ពលរដ្ឋ​ក្នុង​ភូមិ​អង្គសង្កែ ផ្ដិត​មេ​ដៃ​ឲ្យ​ទៅ​មេ​ភូមិ​មែន។ ការ​ផ្ដិត​មេ​ដៃ​នោះ អ្នក​ភូមិ​មិន​បាន​ដឹង​ថា មេ​ភូមិ​យក​មេ​ដៃ​គាត់​ទៅ​ប្ដឹង​លោក មាច ឈន ទេ អ្នក​ភូមិ​ស្មាន​តែ​ផ្ដិត​មេ​ដៃ​សុំ​អភិវឌ្ឍន៍​ភូមិ ទើប​នាំ​គ្នា​ផ្ដិត​ឲ្យ​មេ​ភូមិ។ អ្នក​ភូមិ​ខ្លះ​ចេះ​មើល​អក្សរ​នៅ​ខាង​ក្បាល​សន្លឹក​ផ្ដិត​នោះ បាន​ផ្អើល​ថា​មេ​ដៃ​ផ្ដិត​នោះ​យក​ទៅ​ប្ដឹង​លោក មាច ឈន ទើប​រឿង​បែក​ធ្លាយ​ឮ​ដល់​អាជ្ញាធរ​ឃុំ។
មន្ត្រី​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស ខេត្ត​តាកែវ លោក អ៊ុក ផាន្ទន់ ថ្លែង​ថា ប្រសិន​បើ​អ្នក​បើក​វិទ្យុ​ស្តាប់​នោះ​បើក​ឮ​ហួស​អ្វី​ដែល​គាត់​ស្តាប់​ឮ ជា​រឿង​ខុស​ច្បាប់ អាច​ចោទ​ថា​មាន​ចេតនា​រំខាន​គេ​ជិត​ខាង​មែន។ ក៏ប៉ុន្តែ បើ​គាត់​បើក​ស្តាប់​គ្រាន់​តែ​ឮ​ល្មម មិន​រំខាន​ពេញ​ភូមិ​ទេ មេ​ភូមិ​នោះ​គឺ​គាត់​បាន​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ដែល​ផ្សព្វផ្សាយ​តាម​ស្ថានីយ​វិទ្យុ​មក​ដល់​ប្រជាពលរដ្ឋ។ លោក​ថា ជា​ទូទៅ ស្ថានីយ​ផ្សព្វផ្សាយ​នីមួយៗ​មាន​ច្បាប់​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល សម្រាប់​ការ​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​ទូលាយ​នូវ​ព័ត៌មាន​សំខាន់ៗ​ជូន​ដល់​ អ្នក​ស្តាប់ ជាពិសេស​ពលរដ្ឋ​នៅ​តាម​ជនបទ ដែល​ពួក​គាត់​មាន​សិទ្ធិ​បើក​ស្តាប់ តែ​ក៏​មិន​បើក​រំខាន​គេ​ឯង​ដែរ៕

No comments: