A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 13 December 2012

Vietnamese fishermen fish illegally in Cambodian water off Kampot province អ្នក​នេសាទ​វៀតណាម ចូល​នេសាទ​ខុស​ច្បាប់​នៅ​សមុទ្រ​ខេត្ត​កំពត

Vietnamese fishermen fish illegally in Cambodian water off Kampot province.

ដោយ អ៊ុក សាវបូរី 2012-12-12  RFA

អ្នក​នេសាទ​សមុទ្រ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ជលផល អនុវត្ត​បទ​បញ្ជា​លេខ​០០១ ឆ្នាំ​២០១១ របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​តំបន់​សមុទ្រ​ផង កុំ​យក​បទ​បញ្ជា​លេខ​០០១ នោះ អនុវត្ត​គ្រប់គ្រង​ធនធាន​ជលផល​តែ​តំបន់​ទឹក​សាប។

ក្រុម​អ្នក​នេសាទ​សមុទ្រ​ចោទ​ថា មន្ត្រី​ជលផល​នៅ​ខេត្ត​កំពត ទទួល​សំណូក​ពី​អ្នក​នេសាទ​វៀតណាម ដែល​ប្រើ​ទូក​ធន់​ធំ​ចូល​អូស​គូ​នៅ​ក្នុង​តំបន់​ទឹក​រាក់ ភ្នំ​ដូង សង្កាត់​ត្រើយកោះ។
ការ​ចោទ​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី១២ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​គ្រា​ដែល​អ្នក​នេសាទ​ខេត្ត​កំពត បាន​សហការ​ជាមួយ​មន្ត្រី​ខណ្ឌ​ជលផល​ខេត្ត កាល​ពី​យប់​ថ្ងៃ​អង្គារ ទី១១ ធ្នូ ចាប់​បាន​ទូក​វៀតណាម ធន់​ធំ​មួយ​គ្រឿង​កំពុង​អូស​គូ​នៅ​ក្នុង​តំបន់​ភ្នំ​ដូង ហើយ​មន្ត្រី​ជលផល​បាន​ដោះ​លែង​ទូក​វៀតណាម នោះ ឲ្យ​នេសាទ​បន្ត​ទៀត​វិញ។
បុរស​ឈ្មោះ ប៊ុល ការីម នៅ​ក្រុង​កំពត ថ្លែង​ថា អ្នក​នេសាទ​វៀតណាម ចូល​នេសាទ​ក្នុង​សមុទ្រ​ខ្មែរ នៅ​តំបន់​ទឹក​រាក់​រាល់​យប់។ ពួក​វៀតណាម ប្រើ​ឧបករណ៍​អូស​គូ​ជា​ឧបករណ៍​នេសាទ​ខុស​ច្បាប់ បំផ្លាញ​ធនធាន​ជលផល​ទាំង​តូច​ធំ ដោយ​ពួក​គាត់​ចោទ​ថា ដោយ​សារ​តែ​មន្ត្រី​ជលផល​នៅ​ទីនោះ​ទទួល​សំណូក​ពី​ក្រុម​អ្នក​នេសាទ​ជន​ជាតិ​ វៀតណាម៖ «ជលផល​អីចឹង គាត់​អ្នក​ខាង​ហ្នឹង​ហើយ ប្ដឹង​គាត់ៗ​គ្រាន់​តែ​ទៅ​យក​តែ​លុយ ហើយ​ត្រឡប់​មក​វិញ»
បុរស​ឈ្មោះ សឿន អះអាង​ស្រដៀង​គ្នា​ថា បើ​សិន​ជា​មន្ត្រី​ជលផល​គ្រប់គ្រង​តែ​ធនធាន​ជលផល​ទឹក​សាប មិន​ជួយ​ការពារ​ធន​ធាន​ជលផល​ទឹក​ប្រៃ​ទេ​នោះ ការ​បំផ្លាញ​ត្រី​សមុទ្រ ក្តាម ម៉ឹក បង្គា បង្កង​ប៉ា ខ្យង​ហូល ជាដើម នឹង​កើន​ឡើង​មិន​ខាន។ លោក​ថា អ្នក​នេសាទ​វៀតណាម គេ​អាង​បង់​លុយ​ឲ្យ​មន្ត្រី​នៅ​ស្រុក​ខ្មែរ ទើប​ហ៊ាន​ប្រើ​ឧបករណ៍​ខុស​ច្បាប់ និង​ហ៊ាន​ចូល​នេសាទ​ក្នុង​តំបន់​ទឹក​រាក់​នៃ​សមុទ្រ​ខ្មែរ។

លោក​បន្ត​ថា ទូក​អូស​គូ​វៀតណាម នេះ មាន​ទំហំ​ធំ​ជាង​ទូក​អ្នក​នេសាទ​ខ្មែរ​ប្រមាណ ១០​ដង។ នៅ​ពេល​គេ​បោះ​គូ​អូស​នៅ​ក្នុង​សមុទ្រ​នោះ ប្រើ​ទូក​ធំ​២ អូស​ទាក់​សង​ខាង​សមុទ្រ និង​ព័ទ្ធ​ដោយ​ទាំង​ទូក​អ្នក​នេសាទ​ខ្មែរ​យក​ទៅ​ជាមួយ​ក៏​មាន​ដែរ៖ «ខាង​ អ្នក​នេសាទ ខ្ញុំ​នឹង វា​ពិបាក​រក​ស៊ី​ដែរ ដោយ​សារ​អា​រឿង​ពួក​អូស​គូ​ខាង​វៀតណាម អី ចូល​មក​ទឹក​ដី​ខ្មែរ​ហ្នឹង​យើង វា​អូស​ពេញ​សមុទ្រ​អីចឹង ហើយ​ដល់​ខាង​សមត្ថកិច្ច​ចាប់​លែងៗ ហើយ​ដល់​ពេល​តេ (Tel) ទៅ គេ​ចាប់​លែងៗ អីចឹង​បាន​ថា​ខ្ញុំ​សំណូម​ពរ​ឲ្យ​ខាង​រាជ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ខាង​ ហ្នឹង​ខ្លះ​ទៅ​កុំ​ឲ្យ​ដោះស្រាយ​តែ​ខាង​ទឹក​សមុទ្រ​ទឹក​ប្រៃ​នេះ ឲ្យ​បាន​ដូច​ខាង​នេសាទ​ទឹក​សាប​ដែរ​ផង»
អ្នក​នេសាទ​មួយ​រូប​ទៀត​ឈ្មោះ សុផា ផល ថ្លែង​ថា អ្នក​នេសាទ​វៀតណាម ក្រៅ​ពី​ប្រើ​ឧបករណ៍​អូស​គូ​ក្រឡា​ល្អិត ក៏​បាន​ប្រើ​ឧបករណ៍​ឆក់​ដែរ។ លោក​ថា​ទូក​អូស​គូ​នោះ អូស​យក​ធនធាន​សមុទ្រ​ដល់​ភ្នំ​ដូង ដែល​នៅ​ក្បែរ​សង្កាត់​ត្រើយកោះ ក្នុង​តំបន់​ទឹក​រាក់​នៃ​សមុទ្រ​ខ្មែរ។ លោក​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​បញ្ជា​មន្ត្រី​នៅ​ក្រោម​ឱវាទ​ឲ្យ​អនុវត្ត​បទ ​បញ្ជា​លេខ​០០១ ឆ្នាំ​២០១១ ស្ដីពី​ការ​គ្រប់គ្រង​ធនធាន​ជលផល​នោះ ឲ្យ​បាន​ទាំង​ទឹក​សាប និង​ទឹក​ប្រៃ៖ «ដូច​ជា​អូស​គូ​វិញ ច្បាប់​នៅ​កម្ពុជា អត់​មាន​ទេ ហេតុ​អី​បាន​ជា​អូស​គូ​នៅ​មាន​មក​ពី​វៀតណាម»
ទាក់​ទង​ការ​ចោទ​នេះ វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​លោក ស សារិន មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​នៅ​ខេត្ត​កំពត និង​ប្រធាន​រដ្ឋបាល​ជលផល ប៉ុន្តែ​លោក​ថា​កំពុង​ប្រជុំ​នៅ​ព្រឹទ្ធសភា មិន​អាច​បំភ្លឺ​បាន​ភ្លាមៗ។
ប៉ុន្តែ​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឱម សាវ៉ាត ថ្លែង​ថា តាម​ច្បាប់​រដ្ឋបាល​ជលផល ប្រសិន​បើ​អ្នក​នេសាទ​ណា​ប្រើ​ឧបករណ៍​អូស​គូ​ជា​ឧបករណ៍​រដ្ឋ​ហាម​ប្រើ អ្នក​នោះ​ត្រូវ​មាន​ទោស។ ទន្ទឹម​នោះ ប្រសិន​បើ​មិន​មាន​ការ​ផាក​ពិន័យ​ទេ ជាប់​ភ្លាម​ដោះ​លែង​ភ្លាម​នោះ​ជា​រឿង​ស៊ី​សំណូក​ប្រាកដ។ លោក​ថា​គ្មាន​ច្បាប់​ណា​ឲ្យ​ជន​ជាតិ​ដទៃ​ចូល​នេសាទ​ក្នុង​តំបន់​ដែល​ អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ការ​អនុញ្ញាត​ទេ។
ប្រធាន​សហគមន៍​នេសាទ​ត្រើយកោះ ខេត្ត​កំពត លោក នាក់ សេន ថ្លែង​ថា អ្នក​នេសាទ​សមុទ្រ​បាន​សហការ​ជាមួយ​មន្ត្រី​ជលផល​ឲ្យ​ចាប់​ទូក​អូស​គូ​ វៀតណាម ក្នុង​១​ខែ​យ៉ាង​ហោច​ណាស់​មិន​តិច​ជាង ១០​ដង​ទេ។ ប៉ុន្តែ​មិន​ដឹង​ថា​រដ្ឋបាល​ជលផល​ចាប់​បាន​ទូក​នោះ ផាក​ពិន័យ​យ៉ាង​ណា​ទេ តែ​រៀង​រាល់​យប់ ទូក​វៀតណាម អូស​គូ​នោះ​នៅ​តែ​ចូល​នេសាទ​ក្នុង​តំបន់​ទឹក​រាក់​នៃ​សមុទ្រ​កម្ពុជា ដដែល៕

2 comments:

Anonymous said...

Shoot'em.....

Anonymous said...

Arrest them and throw them in jail.