A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 22 December 2012

Two boys brutally beaten by their own father កុមារ​ពីរ​នាក់​បង​ប្អូន​នៅ​ខេត្ត​សៀមរាប​រង​ការ​ធ្វើ​បាប​ធ្ងន់ធ្ងរ​ពី​ឪពុក​បង្កើត

ដោយ ហង្ស សាវយុត 2012-12-21 RFA
សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​១៩៨៩ ស្ដីពី​សិទ្ធិ​កុមារ​បាន​ចែង​ថា កុមារ​ត្រូវ​ទទួល​បាន​នូវ​កិច្ច​គាំពារ​ឱ្យ​ជៀស​ផុត​ពី​អំពើ​ឃោរឃៅ និង​ការ​ជិះ​ជាន់​គ្រប់​បែប​យ៉ាង។

RFA/Hang Savyouth, 20 December 2012: Kruoch Kroeuth sustained bruises all over his body because his father had beaten him with a belt and had used his leg to step on the boy's chest.
២០-ធ្នូ-២០១២៖ ស្លាក​ស្នាម​នៅ​ពេញ​ទាំង​ខ្លួន​របស់​កុមារ គ្រួច គ្រឿត ដោយ​សារ​តែ​ឪពុក​វាយ​នឹង​ខ្សែ​ក្រវាត់ ព្រម​ទាំង​យក​ជើង​ជាន់​ដើម​ទ្រូង​ផង។
ប្រទេស​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ​តាំង​តែ​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​១៩៩២ មក​ម្ល៉េះ។ ការ​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា​នេះ គឺ​ជា​ការ​សន្យា​គោរព និង​អនុវត្តន៍​តាម​មាត្រា​ទាំង​ឡាយ​ដែល​ការពារ​ទៅ​លើ​សិទ្ធិ​កុមារ។
ក៏ប៉ុន្តែ​បច្ចុប្បន្ន កុមារ​កម្ពុជា មួយ​ចំនួន នៅ​តែ​ទទួល​រងគ្រោះ​លើ​រាងកាយ និង​ផ្លូវ​ចិត្ត ដោយ​សារ​តែ​អំពើ​ហិង្សា​ក្នុង​គ្រួសារ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​តែង​តែ​ចាត់​ទុក​ថា ការ​ដែល​ឪពុក ឬ​ម្តាយ វាយ​ដំ​លើ​រូប​កាយ​កុមារ​ធ្ងន់ធ្ងរ​នោះ គឺ​ជា​រឿង​សង្គម​គ្រួសារ​ផ្ទាល់​ទៅ​វិញ។
តើ​បញ្ហា​នេះ ផ្លូវ​ច្បាប់​ត្រូវ​មាន​វិធាន​ការ​យ៉ាង​ណា?
កុមារ​ម្នាក់​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​២​នាក់ ដែល​កំព្រា​ម្តាយ រស់​នៅ​ភូមិ​អង្គរក្រៅ នៃ​សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ទទួល​រង​ការ​គ្រាំគ្រា​រាង​កាយ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី៧ បន្ទាប់​ពី​ឪពុក​របស់​គេ​ដែល​ចូល​ចិត្ត​ផឹក​ស្រា បាន​ចាប់​ចង និង​វាយ​ធ្វើ​បាប​ដោយ​កំហឹង។
អ្នក​ភូមិ​អង្គរក្រៅ មួយ​ចំនួន បាន​ឱ្យ​ដឹង​ថា ​កុមារា​ម្នាក់​ដែល​មាន​អាយុ ១៧​ឆ្នាំ កំពុង​ទទួល​រង​របួស​គ្រាំគ្រា និង​ប្អូន​ប្រុស​របស់​គេ​ម្នាក់​ទៀត​អាយុ ១៣​ឆ្នាំ កំពុង​រស់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឪពុក​ពោះម៉ាយ គឺ​តែង​ទទួល​រង​ការ​វាយ​ដំ​ធ្វើ​បាប​ជា​ញឹក​ញាប់។
ក្មេង​ប្រុស​ឈ្មោះ គ្រួច គ្រៀប អាយុ ១៣​ឆ្នាំ ដែល​មាន​រូប​កាយ​ស្គម​ស្គាំង ស្បែក​ដណ្ដប់​ឆ្អឹង គាត់​បាន​មាន​ប្រសាសន៍​ថា ជា​រៀង​រាល់​ថ្ងៃ គាត់ និង​បង​ប្រុស​ឈ្មោះ គ្រួច គ្រឿន អាយុ ១៧​ឆ្នាំ តែង​នាំ​គ្នា​ចេញ​ពី​ផ្ទះ​តាំង​ពី​ព្រឹក​ព្រលឹម ទៅ​តំបន់​អង្គរធំ ដើម្បី​ជូន និង​សុំ​លុយ​ពី​ភ្ញៀវ​ទេសចរ​យក​ទៅ​ឱ្យ​ឪពុក​ដែល​មិន​ធ្វើ​ការ​អ្វី​សោះ គឺ​ចេះ​តែ​ផឹក​ស្រា។ កុមារ​ដដែល​បាន​បញ្ជាក់​ថា ឪពុក​របស់​គាត់​តែង​វាយ​ធ្វើ​បាប​រូប​គាត់ និង​បង​ប្រុស​ជា​ញឹក​ញាប់ នៅ​ពេល​ដែល​ពួក​គេ​រក​ប្រាក់​មិន​បាន ហើយ​កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ កន្លង​ទៅ គឺ​ឪពុក​របស់​គាត់ បាន​វាយ​ធ្វើ​បាប​បង​ប្រុស​យ៉ាង​ធ្ងន់ធ្ងរ ធ្វើ​ឱ្យ​រូប​គាត់​ភ័យ​ខ្លាច និង​រត់​គេច​ចេញ​ពី​ផ្ទះ​ជា​ប្រញាប់៖ «គាត់ ​ផឹក​ស្រា ពេល​រក​លុយ​អត់​បាន គាត់​ខឹង គាត់​វាយ​ទាត់។ វាយ​នឹង​ដៃ វាយ​ដោយ​ខ្សែ​ក្រវាត់។ ខ្លះ​ណា​យក​អង្រែ​វាយ​ក្បាល​ខ្ញុំ លើក​មុន​គប់​ខ្ញុំ​នឹង​ដែក​កេះ​ចេញ​ឈាម។ យក​ជើង​ជាន់​ដើម​ទ្រូង​បង​ខ្ញុំ ទន្ទ្រាំ ហើយ​ចាប់​ចង​វាយ ខ្ញុំ​រត់​អត់​ហ៊ាន​នៅ ខ្លាច​ឪ​របស់​ខ្ញុំ​វាយ»
ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​ដែល​រស់នៅ​ជិត​ខាង បាន​ឱ្យ​ដឹង​ថា ពួក​គេ​អាណិត​ដល់​ក្មេង​ប្រុស​ទាំង ២​នាក់​ដែល​កំព្រា​ម្តាយ ហើយ​ឪពុក​តែង​វាយ​ធ្វើ​បាប​ជា​ញឹក​ញាប់​នោះ។
ស្ត្រី​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី២០ ខែ​ធ្នូ កន្លង​ទៅ បុរស​ឈ្មោះ វិន គ្រួច អាយុ ៥០​ឆ្នាំ បាន​វាយ​ធ្វើ​បាប​កូន​ប្រុស​ច្បង​របស់​គាត់​ម្នាក់ បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​យ៉ាង​ធ្ងន់ បន្ទាប់​មក​បុរស​នោះ​ក៏​បាន​គេច​ចេញ​ពី​ផ្ទះ នៅ​ពេល​ដែល​ដឹង​ថា អាជ្ញាធរ​បាន​តាម​រក​ចាប់​ខ្លួន។ ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា បុរស​នោះ​ចូល​ចិត្ត​ផឹក​ស្រា ដោយ​មិន​ធ្វើ​ការ​ងារ​អ្វី​ទេ ហើយ​តែង​តែ​វាយ​ធ្វើ​បាប​កូន​ប្រុស​ចំនួន ២​នាក់​ជា​ញឹកញាប់៖ «វាយ​រាល់​ តែ​ដង តែង​ហៅ​មក​ក៏​ទាត់​ផង វាយ​ក្បាល​ផង សព្វ​បែប​សព្វ​យ៉ាង មើល​ទៅ​អាណោចអាធម្ម។ ខ្ញុំ​ស្រែក​យំ ស្រែក​ទួញ​ទៅ​ក៏​ប្រមាថ​ខ្ញុំ តិច​វាយ​ក្បាល​ម៉ា​អង្កត់​អុស​ឥឡូវ។ នាង​ឯង​ស្រែក​យំ​អី? វាយ​ម្សិលមិញ ជាន់​ទ្រូង វាយ​នឹង​អំបោស វាយ ១៧​ខ្សែ​ក្រវាត់​ម្សិលមិញ។ អូយ! ធ្ងន់ធ្ងរ​ឡើង គ្មាន​អ្នក​ណា​ហ៊ាន​ជួយ​ទេ ខ្លាច​គាត់​វាយ​អ្នក​ជួយ​នោះ។ មាន​តែ​ស្រែក​ខាង​ក្រៅ មិន​ហ៊ាន​ជួយ​ជិត​ទេ បើ​គាត់​កាច កាន់​កាំបិត កាន់​ផ្គាក់ អ្នក​ណា​ហ៊ាន​ជួយ»
ក្រុម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា បុរស​ម្នាក់​នោះ​មិន​ត្រឹម​តែ​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​កូន​តូចៗ​ទាំង​ពីរ​ នាក់​នោះ​ទេ គឺ​គាត់​បាន​វាយ​ដំ និង​ធ្វើ​បាប​ប្រពន្ធ​របស់​គាត់​រហូត​ដល់​ឈឺ​ស្លាប់ កាល​ពី​បួន​ប្រាំ​ឆ្នាំ​មុន។ អ្នក​ភូមិ​បញ្ជាក់​ថា កាល​ពី​ម្តាយ​របស់​កុមារ​ទាំង​ពីរ​នៅ​រស់ គឺ​បុរស​ជា​ប្ដី​តែង​វាយ​ធ្វើ​បាប​ប្រពន្ធ​រហូត​ដល់​ប្រពន្ធ​នាំ​កូន​តូចៗ​ រត់​ចោល​ផ្ទះ ទៅ​ពួន​នៅ​តាម​គុម្ពោត​ព្រៃ ដោយ​ដាច់​បាយ​ដាច់​ទឹក មិន​ហ៊ាន​ចូល​ទៅ​ផ្ទះ​ឡើយ។ ចំណែក​កូន​ប្រុស ២​នាក់ កាល​ពី​ម្តាយ​របស់​វា​នៅ​រស់ គឺ​បាន​នាំ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋមសិក្សា​ក្នុង​ភូមិ ក៏ប៉ុន្តែ​ក្រោយ​មក កុមារ​ទាំង​ពីរ​បាន​ឈប់​ទៅ​សាលា​រៀន បន្ទាប់​ពី​ឪពុក​តែង​ទៅ​ជេរ​ប្រមាថ និង​រក​រឿង​វាយ​តប់​លោកគ្រូ​អ្នកគ្រូ​ផង​នោះ។
អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ធ្វើ​ការ​ជួយ​កុមារ​ក្នុង​ខេត្ត​ សៀមរាប បាន​ឱ្យ​ដឹង​ថា កុមារា​ឈ្មោះ គ្រួច គ្រឿត អាយុ ១៧​ឆ្នាំ បាន​រង​របួស​គ្រាំគ្រា​លើ​រាងកាយ​យ៉ាង​ធ្ងន់ធ្ងរ និង​មាន​ជំងឺ​របេង​ផង បន្ទាប់​ពី​ឪពុក​របស់​គេ​បាន​វាយ​ដំ​ជាច្រើន​លើក​មក។ រហូត​មក​ដល់​ពេល​នេះ កុមារា គ្រួច គ្រឿត ត្រូវ​បាន​អង្គការ​កល្យាណមិត្ត នាំ​យក​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​គន្ធបុប្ផា​ជ័យ​វរ្ម័ន​ទី៧ នៅ​ឡើយ។
លោក ចៅ ល័ក្ខវណ្ណា ជា​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា តាម​ការ​ស៊ើប​អង្កេត​របស់​លោក បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​ឪពុក​បាន​យក​អង្រែ​បុក​គ្រឿង​វាយ​ក្បាល និង​យក​ខ្សែ​ក្រវាត់​វាយ​ខ្លួន​កុមារ​ឈ្មោះ គ្រួច គ្រឿត។ អង្គការ​សិទ្ធិ​មនុស្ស​ដដែល​បាន​រក​ឃើញ​ស្លាកស្នាម​ដែល​បន្សល់​ពី​ការ​វាយ​ ដំ​ជាច្រើន​នៅ​លើ​រាងកាយ​ដែល​ធ្វើ​ឱ្យ​កុមារ​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ គ្រាំគ្រា និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។
លោក ចៅ ល័ក្ខវណ្ណា៖ «ឪពុក​របស់​ក្មេង​រង​គ្រោះ​ហ្នឹង គឺ​គាត់​កេង​ប្រវ័ញ្ច​ទៅ​លើ​កម្លាំង​ពលកម្ម​របស់​កូន​ខ្លួន​ឯង ដោយ​មាន​ការ​បង្ខិត​បង្ខំ​ឱ្យ​កូន​ហ្នឹង​ដើរ​សុំ​ប្រាក់​ភ្ញៀវ ដើម្បី​យក​ទៅ​ចិញ្ចឹម​ខ្លួន។ នៅ​ក្នុង​នាម​ខ្លួន​ជា​ឪពុក មិន​បាន​គិតគូរ​ពី​អនាគត​របស់​កូន​ខ្លួន​ឯង​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ឪពុក​ហ្នឹង​គាត់​កំណត់​ឱ្យ​កូន​រក​លុយ​ឱ្យ​គាត់​បាន​១​ថ្ងៃ​ចំនួន ៥០​ដុល្លារ បើ​សិន​ជា​រក​មិន​បាន គឺ​គាត់​នឹង​វាយ​ធ្វើ​បាប ហើយ​ម្យ៉ាង​ទៀត កូន​ហ្នឹង​រក​ប្រាក់​បាន​រហូត​ដល់​ទៅ​ទិញ​ម៉ូតូ​ឱ្យ​ឪពុក​ជិះ បែរ​ជា​ឪពុក​គិត​តែ​រឿង​ដើរ​ផឹក​ស្រា មិន​បាន​គិតគូរ​ពី​អនាគត និង​ឧត្តម​ប្រយោជន៍​កូន​របស់​ខ្លួន​ទាល់​តែ​សោះ»
លោក ចៅ ល័ក្ខវណ្ណា បាន​បញ្ជាក់​ថា តាម​ការ​អង្កេត​រក​ឃើញ​ថា កុមារ ២​នាក់​បង​ប្អូន ត្រូវ​ឪពុក​វាយ​ធ្វើ​បាប​តាំង​ពី​ពួក​គេ​មាន​អាយុ ៧​ឆ្នាំ​មក​ម្ល៉េះ។ អំពើ​ទាំង​នេះ គឺ​ជា​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​អនុសញ្ញា​របស់​អង្គការ​ សហប្រជាជាតិ ស្ដីពី​សិទ្ធិ​កុមារ​ផង និង​ក៏​ជា​បទល្មើស​ដែល​បង្ក​ឱ្យ​មាន​របួស​ស្នាម ដោយ​មាន​ចែង​នៅ​ក្នុង​មាត្រា​ខ្លះ​នៃ​ក្រម​ព្រហ្មទណ្ឌ​ថ្មី​របស់​ប្រទេស​ កម្ពុជា ផង។
អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​តែ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​បុរស​ដែល​តែង​តែ​ប្រើ​អំពើ​ ហិង្សា​ជា​ញឹកញាប់ និង​យូរ​មក​ហើយ​នោះ។
លោក មិ រិទ្ធិ ជា​ប្រធាន​ភូមិ​អង្គរក្រៅ បាន​ចាត់​ទុក​បុរស​ម្នាក់​នោះ​ថា​គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ចូល​ចិត្ត​រក​រឿង ​ឈ្លោះ​ជាមួយ​កូន​ប្រពន្ធ ព្រម​ទាំង​អ្នក​ជិត​ខាង នៅ​ពេល​ដែល​ផឹក​ស្រា​ស្រវឹង។ មេ​ភូមិ​ដដែល​បាន​ឱ្យ​ដឹង​ថា លោក​ធ្លាប់​ធ្វើ​ការ​ព្រមាន ដោយ​ធ្វើ​កិច្ច​សន្យា​ជាមួយ​បុរស​ម្នាក់​នោះ​ចំនួន ២​លើក​មក​ហើយ​ពាក់ព័ន្ធ​នឹង​រឿង​វាយ​ដំ​លើ​រូបកាយ​កុមារ​ដែល​ជា​កូនៗ ហើយ​កន្លង​មក លោក​ក៏​ធ្លាប់​ចាប់​ខ្លួន​បុរស​នោះ​ម្តង​ដែរ នៅ​ពេល​គាត់​កាន់​កាំបិត​ទៅ​រក​កាប់​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​ជិត​ខាង។
អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ឱ្យ​ដឹង​ថា បច្ចុប្បន្ន មាន​ស្ត្រី និង​កុមារ​មួយ​ចំនួន​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ទទួល​រង​ការ​វាយ​ដំ​លើ​រាងកាយ​នៅ​ឡើយ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​មិន​បាន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទេ ដោយ​តែង​តែ​ចាត់​ទុក​ថា គឺ​ជា​រឿង​ជម្លោះ​គ្រួសារ​ប៉ុណ្ណោះ ហើយ​សមត្ថកិច្ច​មិន​អាច​លូក​ដៃ​ចូល​ផ្ទៃ​ក្នុង​គ្រួសារ​របស់​គេ​បាន​ទេ៕

3 comments:

Anonymous said...

lock him up and throw keys away.

Anonymous said...

It's a case of child abuse and the father should be punished severely.

Anonymous said...

Poor boy why the stupid father beats this boy like that? what did the boy do wrong to get beaten up? This id Khmer rouge left over from killingfield still traumatize by abusing little boy the father should be jailed with hard labor for at least 3years.