ដោយ កែវ និមល 2012-12-16 RFA
លោកស្រី ឌិន ផាណារ៉ា ភរិយាលោក ម៉ម សូណង់ដូ
មានប្រសាសន៍នៅថ្ងៃទី១៦ ធ្នូ ថា
លោកស្រីរួមជាមួយមេធាវីការពារក្តីលោក ម៉ម សូណង់ដូ
បានបន្តដាក់ពាក្យប្ដឹងសុំឲ្យស្វាមីអ្នកស្រីនៅក្រៅឃុំទៅតុលាការ
កំពូល ដោយសារលោកស្រីមិនដឹងថា ពេលណាបានសាលាឧទ្ធរណ៍លើកយកករណីលោក
ម៉ម សូណង់ដូ យកមកបើកសវនាការ។
តំណាងអង្គការសង្គមស៊ីវិល
និងសមាជិកសមាគមអ្នកប្រជាធិបតេយ្យ បួងសួងសុំឲ្យមានការដោះលែងលោក
ម៉ម សូណង់ដូ នៅវត្តអង្គមេត្រី សង្កាត់ព្រៃវែង ខណ្ឌដង្កោ
កាលពីថ្ងៃទី១៧ កក្កដា ឆ្នាំ២០១២។
លោកស្រី ឌិន ផាណារ៉ា មានប្រសាសន៍បន្តថា មូលហេតុលោកស្រី
និងមេធាវីការពារក្ដីដាក់ពាក្យប្ដឹងសុំឲ្យលោក ម៉ម សូណង់ដូ
នៅក្រៅឃុំ ដោយសារស្ថានភាពសុខភាពគាត់មានភាពថយចុះ
និងមូលហេតុសំខាន់មួយទៀត គឺសាលាឧទ្ធរណ៍បានបដិសេធមិនឲ្យលោក ម៉ម
សូណង់ដូ នៅក្រៅឃុំ។
កាលពីថ្ងៃទី១៤ ធ្នូ
សភាព្រហ្មទណ្ឌនៃសាលាឧទ្ធរណ៍បានសម្រេចបន្តឃុំខ្លួនលោក ម៉ម សូណង់ដូ
ប្រធានវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនៅក្នុងគុកព្រៃសបន្តទៀត។
ការបដិសេធនេះ គឺសំអាងថា ដើម្បីរក្សាសន្តិសុខសង្គម
និងសណ្ដាប់ធ្នាប់សាធារណៈនៅកម្ពុជា
ដូច្នេះសាលាឧទ្ធរណ៍មិនដោះលែងតាមសំណើនោះទេ។
សាលាឧទ្ធរណ៍សម្រេចរក្សាការឃុំខ្លួនដដែល
ប៉ុន្តែតុលាការបើកផ្លូវឲ្យប្ដឹងទាស់ទៅតុលាការកំពូលទៀត។
លោក ម៉ម សូណង់ដូ ត្រូវចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ
សម្រេចកាលពីថ្ងៃទី១ តុលា ឆ្នាំ២០១២ ឲ្យជាប់ពន្ធនាគារចំនួន
២០ឆ្នាំ និងពិន័យប្រាក់ ១០លានរៀល ក្រោមបទចោទប្រកាន់ចំនួន ៤
គឺបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ
បទធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ
បទញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទី៤
បទប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ដែលមានចែងក្នុងមាត្រាមួយចំនួន
នៃក្រមព្រហ្មទណ្ឌ។
ការសម្រេចនេះត្រូវបានអង្គការជាតិ អន្តរជាតិរិះគន់ និងចេញសេចក្ដីថ្លែងការណ៍ជំទាស់ភ្លាមៗ៕
No comments:
Post a Comment