http://www.youtube.com/watch?v=D7iBa29vEVY&feature=youtu.be
ដោយ វិជ័យ អានន្ទ 2012-12-09 RFA
អ្នកសារព័ត៌មានម្នាក់នៃសមាគមអ្នកសារព័ត៌មានខ្មែរ
ប្រជាធិបតេយ្យ ត្រូវកងកម្លាំងសមត្ថកិច្ចចាប់ខ្លួន
និងបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ
បន្ទាប់ពីបុរសរូបនេះបានឃើញអ្នកជួញដូរឈើខុសច្បាប់ធ្វើសកម្មភាព
ហើយរាយការណ៍ដំណឹងនោះដល់អាជ្ញាធរមានសមត្ថកិច្ច។
ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ
បានចេញដីកាបញ្ជាឲ្យចាប់ខ្លួន លោក តាំង ទ្រី
ដែលជាអ្នកសារព័ត៌មាននៃសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ។
អធិការស្រុកស្នួល ខេត្តក្រចេះ លោក គីម ឲ្យដឹងនៅថ្ងៃទី៩ ធ្នូ ថា
កម្លាំងនគរបាលស្រុកបានឃាត់ខ្លួនបុរសម្នាក់នោះមែន
ដោយធ្វើតាមដីការបស់ព្រះរាជអាជ្ញាសាលាដំបូងខេត្ត អ្នកស្រី ចាត
សូរស្មី។ លោកមានប្រសាសន៍បន្តថា
លោកមិនអាចប្រាប់ពីបទល្មើសដែលបុរសនោះបានប្រព្រឹត្តបានទេ
ដោយលោកបញ្ជាក់ថា បើចង់ដឹងច្បាស់ពីរឿងនេះ ទាក់ទងទៅអ្នកស្រី ចាត
សូរស្មី ដើម្បីឲ្យបញ្ជាក់មូលហេតុនៃការចាប់ខ្លួននោះ។
យ៉ាងនេះក្ដី លោកអះអាងថា
ការចាប់ខ្លួននេះធ្វើឡើងដោយសារមានប្រជាពលរដ្ឋរាយការណ៍ប្រាប់
ព្រះរាជអាជ្ញាសាលាដំបូងខេត្តក្រចេះ គឺអ្នកស្រី ចាត សូរស្មី
ដើម្បីចោទប្រកាន់លោក តាំង ទ្រី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកស្រី ចាត សូរស្មី បានទេ
នៅថ្ងៃទី៩ ធ្នូ ដោយទូរស័ព្ទចូលជាច្រើនលើក តែមិនមានអ្នកលើក។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីនៃអង្គការទប់ស្កាត់បទល្មើសព្រៃឈើ
និងសត្វព្រៃ ព្រមទាំងអ្នកសារព័ត៌មាននៃកាសែតមាតុភូមិ
ដែលបានដឹងពីហេតុការណ៍នោះប្រាប់ថា
មូលហេតុដែលនាំឲ្យមានការចាប់ខ្លួនលោក តាំង ទ្រី នេះ
ដោយសារគាត់បានឃើញសកម្មភាពជួញដូរឈើខុសច្បាប់
និងនាំដំណឹងទៅរាយការណ៍ជូនអាជ្ញាធរ។
មន្ត្រីនៃអង្គការទប់ស្កាត់បទល្មើសព្រៃឈើ និងសត្វព្រៃ លោក ឥន្ទ
សាវឿន ដែលស្គាល់លោក តាំង ទ្រី លើកឡើងថា
ប្រការដែលនាំឲ្យកម្លាំងមានសមត្ថកិច្ចចុះចាប់ខ្លួនអ្នកសារព័ត៌មាន
រូបនេះ
គឺបណ្ដាលមកពីគាត់បានរាយការណ៍ពីការជួញដូរឈើខុសច្បាប់ប៉ះចំ
អ្នកជួញដូរនោះគឺជាមនុស្សមានឥទ្ធិពលខ្លាំង
ដែលតែងប្រព្រឹត្តបទល្មើសដោយគ្មានខ្លាចរអាសមត្ថកិច្ចនៅតំបន់នោះ។
លោកបញ្ជាក់ថា បន្ទាប់ពីលោក តាំង ទ្រី
បានរាយការណ៍ឲ្យកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅស្រុកស្នូល
ឲ្យដឹងពីសកម្មភាពបទល្មើសដែលប្រព្រឹត្តនៅចំណុចភូមិសំប៉ូច
ឃុំឃ្សឹម ស្រុកស្នួល កាលពីថ្ងៃទី៧ ធ្នូ។
កងកម្លាំងមានសមត្ថកិច្ចទាំងនោះមានទាំងនាយសង្កាត់រដ្ឋបាលព្រៃឈើ
ឃុំឃ្សឹម មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឃ្សឹម
បានចុះដល់កន្លែងកើតហេតុ រួចហើយនាំខ្លួនទាំងលោក តាំង ទ្រី
និងជនសង្ស័យថា
ជួញដូរឈើខុសច្បាប់នោះទៅកាន់អធិការដ្ឋានស្រុកស្នួល។
បន្ទាប់មកពួកគេបានឃាត់ឡានសាំយ៉ុងរបស់ជនសង្ស័យទុក
និងដោះលែងម្ចាស់រថយន្តនោះ ប៉ុន្តែកងកម្លាំងសមត្ថកិច្ចបានឃាត់លោក
តាំង ទ្រី
ដែលជាអ្នករាយការណ៍ឲ្យកម្លាំងសមត្ថកិច្ចបានដឹងពីបទល្មើសព្រៃឈើ
នោះទុកទៅវិញ។
លោក ឥន្ទ សាវឿន៖ «ខ្ញុំមើលទិដ្ឋភាពហ្នឹងវាមិនយុត្តិធម៌ទេ!
ទី១ នៅថ្ងៃទី៧ ហ្នឹង ប្រហែលជាម៉ោង ១០... ឃើញលោក តាំង ទ្រី
ចេញពីស្នួល ទៅភូមិសំប៉ូច នោះ ទៅស្រែរនាមសំប៉ូចនោះ
មួយជួរតាមដងផ្លូវលេច ៧៧ ក៏ តាំង ទ្រី
ជួបប្រទះឃើញបទល្មើសមួយដឹកសម្ភារៈ ដឹកឈើ ដឹកអីអ៊ីចឹងទៅ
ហើយម្ចាស់រថយន្តនោះឈ្មោះ អឿន គេហៅថា ៧៩ ព្រោះឡានគាត់ដាក់លេខ ៧៩
គាត់បើករកស៊ី ២ឆ្នាំ ៣ឆ្នាំមកហើយ មិនដែលបង់ឲ្យអាណា ១រៀលទេ
ព្រោះវាមិនដឹងជាខ្នងខាងណាអីខាងណា វាអ៊ីចឹង!»។
ទោះយ៉ាងណា តាមការឲ្យដឹងរបស់លោកអធិការស្រុកស្នួល បញ្ជាក់ថា
លោក តាំង ទ្រី ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តក្រចេះ
កាលពីថ្ងៃទី៨ ធ្នូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
No comments:
Post a Comment