A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Tuesday, 4 December 2012

Court summons Suong Sophorn for suing Prime Minister Hun Sen regrading the deaths of 353 people due to stampede តុលាការ​កោះ​ហៅ​តំណាង​យុវជន​បក្ស​សមរង្ស៊ី​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​៧ ធ្នូ

Court summons Suong Sophorn for suing Prime Minister Hun Sen regrading the deaths of 353 people due to stampede.

ដោយ ខែ សុណង 2012-12-04 RFA
ព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បំពេញ​នីតិវិធី​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​នៃ​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ បាន​ឆាប់​រហ័ស។

RFA/Khe Sonorng
ប្រជាពលរដ្ឋ​មក​រក​មើល​សាច់ញាតិ​ដែល​បាត់បង់​ ជីវិត​ដោយ​ឧបទ្ទវហេតុ​មនុស្ស​ផ្អើល​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​មន្ទីរពេទ្យ​ព្រះកុសុមៈ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ករណី​នេះ​គឺ​ខុស​ពី​ពាក្យ​បណ្ដឹង​ផ្សេងៗ​ដែល​សាធារណជន​តែង​តែ​ត្អូញត្អែរ ​ថា តុលាការ​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ចាត់​ការ​លើ​បណ្ដឹង​របស់​ពួកគេ។ តើ​ការ​ចាត់ការ​លើ​បណ្ដឹង​របស់​យុវជន​រូប​នេះ​គឺ​នឹង​មាន​តម្លាភាព​ដែរ​ឬ​ ទេ?
ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សុខ រឿន បាន​ចេញ​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស សម រង្ស៊ី ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ម៉ោង ៨​កន្លះ​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ និង​បង្ហាញ​ភស្តុតាង​លើ​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បាទ! ចេញ​ដីកា​ហៅ​ហើយ។ ចូល​ថ្ងៃ​សុក្រ បំភ្លឺ​តុលាការ​ជុំវិញ​ពាក្យ​ប្ដឹង​របស់​គាត់​ហ្នឹង»
លោក សួង សុភ័ណ្ឌ ប្រធាន​យុវជន​គណបក្ស សម រង្ស៊ី បាន​ដាក់​ពាក្យ​ប្តឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន លើ​ករណី​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះពេជ្រ នៅ​ថ្ងៃ​បញ្ចប់​នៃ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។
ប្រធាន​សម្ព័ន្ធ​កុលបុត្រ​ខ្មែរ និង​ជា​ប្រធាន​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ បាន​ថ្លែង​ថា លោក​នឹង​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​អញ្ជើញ និង​មាន​ភស្តុតាង​មួយ​ចំនួន​ដែល​នឹង​ត្រៀម​យក​ទៅ​បង្ហាញ​តុលាការ៖ «សម្រាប់ ​ខ្ញុំ គឺ​ខ្ញុំ​បញ្ជាក់​ថា ខ្ញុំ​ត្រូវ​តែ​មាន​ភស្តុតាង ខ្ញុំ​បង្ហាញ​ហើយ​ខ្ញុំ​រក្សា​ទុក​នៅ​ខ្ញុំ។ ភស្តុតាង​ខ្លះ​ដែល​សំខាន់​មែនទែន ខ្ញុំ​សូម​ការ​អនុញ្ញាត​រក្សា​ទុក ដើម្បី​បង្ហាញ​នៅ​លើ​សវនាការ។ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​និង​រំពឹង​ទុក មាត្រា ៣១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្នើ​គ្នា​ចំពោះ​មុខ​ច្បាប់។ ដូច្នេះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ខ្លួន​ឯង​ហើយ​ថា លោក​នឹង​ប្ដឹង​បក​មក​វិញ​ក្នុង​នាម​ជា​ពលរដ្ឋ។ ដូច្នេះ​រាប់​ទៅ​តាម​មាត្រា ៣១ ខ្ញុំ​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​សវនាការ​ទាំង​អស់​គ្នា​ដើម្បី​ដោះស្រាយ​រឿង​ទាំងអស់​ហ្នឹង»
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២ សកម្មជន​គណបក្ស សម រង្ស៊ី រូប​នេះ បាន​ដាក់​ពាក្យ​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន ពាក់ព័ន្ធ​ករណី​ជាន់​គ្នា​ស្លាប់ និង​របួស​នៅ​លើ​ស្ពាន​កោះពេជ្រ។
កាល​ពី​រាត្រី​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ បន្ទាប់​ពី​ពិធី​បណ្ដែត​ប្រទីប ពិធី​បាញ់​កាំជ្រួច​នៅ​ម៉ោង​ប្រហែល ៩​យប់ សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បាន​កើត​ឡើង​ដោយសារ​មនុស្ស​ផ្អើល​ជាន់​គ្នា​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់។
ព្រឹត្តិការណ៍​នេះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើបអង្កេត​មួយ ដោយ​បង្ហាញ​ថា ការ​ស្លាប់​គរ​លើ​គ្នា​ជា​ពំនូក​ស្អិត​ទាញ​មិន​ចង់​ចេញ បណ្ដាល​មក​ពី​ការ​ថប់​ដង្ហើម​ដោយសារ​តែ​ហ្វូង​មនុស្ស​ដ៏​ច្រើន​ផ្អើល​ជាន់​ គ្នា ហើយ​រដ្ឋាភិបាល​បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ជាង ១​ម៉ឺន​ដុល្លារ​ដល់​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ម្នាក់ៗ ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ​នោះ។
យ៉ាង​ណា​ក៏​ដោយ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក ហ៊ុន សែន បាន​ព្រមាន​ជា​សាធារណៈ​ថា លោក​នឹង​ប្រើ​សិទ្ធិ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប​ប្ដឹង​បក​ទៅ​សកម្មជន​គណបក្ស សម រង្ស៊ី នោះ​វិញ ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​លោក​ផ្ទាល់​ផង និង​ការពារ​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ​របស់​រដ្ឋាភិបាល​ផង។
លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ​រក​មិន​ឃើញ​ពិរុទ្ធភាព​ណា​មួយ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ទេ​នោះ លោក​នឹង​ប្ដឹង​បក​ទៅ​ប្រធាន​ក្រុម​យុវជន​គណបក្ស​ប្រឆាំង ហើយ​ពេល​នោះ​កុំ​មាន​ពាក្យ​ថា លោក​គាប​សង្កត់​ខាង​ផ្នែក​នយោបាយ។
ឆ្លើយ​តប​បញ្ហា​នេះ នៅ​ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស សម រង្ស៊ី ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា បណ្ដឹង​របស់​យុវជន សួង សុភ័ណ្ឌ គឺ​ជា​រឿង​បុគ្គល​មិន​ពាក់ព័ន្ធ និង​ការ​ណែនាំ​របស់​គណបក្ស សម រង្ស៊ី នោះ​ទេ។
លោក សុន ឆ័យ៖ «មាន​ការ​ចោទប្រកាន់​ថា ប្រហែល​ជា​រឿង​នយោបាយ​របស់​គណបក្ស សម រង្ស៊ី ហើយ​ឲ្យ​តែ​ប្ដឹង​នាយករដ្ឋមន្ត្រី អា​ហ្នឹង​យើង​អត់​ទេ។ គណបក្ស សម រង្ស៊ី ដែល​មាន​រូប​ខ្ញុំ និង​សហការី​មួយ​ចំនួន យើង​បាន​ធ្វើ​ការ​ស្រាវជ្រាវ​តាំង​ពី​មាន​ហេតុការណ៍​កើត​ឡើង។ យើង​យល់​ថា ត្រូវ​តែ​មាន​វិធានការ​វិន័យ​ដល់​អ្នក​ទទួល​ខុស​ត្រូវ។ តុលាការ​អាច​សិក្សា​មើល​ទៅ​ថា ការ​ប្ដឹង​ហ្នឹង​ហេតុផល​មិន​ត្រឹមត្រូវ​យ៉ាង​ណា គឺ​បដិសេធ​ទៅ បើ​ថា មិន​ត្រឹមត្រូវ​ដល់​តែ​ថា គាត់​ប្ដឹង​ត​វិញ​ហ្នឹង យើង​ដឹង​ស្រេច​បាត់​ទៅ​ហើយ បើ​គាត់​ប្ដឹង​ត​វិញ​នោះ សុភ័ណ្ឌ នោះ​វាសនា​ប្រហែល​ជា​ធ្ងន់ធ្ងរ​ជាង មូរ សុខហួរ ទៅ​ទៀត»
យុវជន សួង សុភ័ណ្ឌ បាន​អះអាង​ថា គាត់​មិន​ព្រួយ​បារម្ភ ឬ​ភ័យ​ខ្លាច​ចំពោះ​ការ​ប្ដឹង​បក​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​លើ​រូប​គាត់​វិញ​នោះ​ទេ។
ទាក់ទង​ទៅ​នឹង​បណ្ដឹង​នេះ យុវជន សួង សុភ័ណ្ឌ ដដែល​អះអាង​ថា ក្រៅ​ពី​លោក ហ៊ុន សែន លោក​នឹង​ប្ដឹង​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ដែល​ទទួល​បន្ទុក​រៀបចំ​ព្រះរាជ​ ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០ ចំនួន​៣​នាក់​ថែម​ទៀត ក្នុង​នោះ​រួម​មាន លោក គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​អតីត​ស្នងការ​ក្រុង​ភ្នំពេញ លោក ទូច ណារ៉ុថ។
នៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១២ យុវជន​ដដែល​នឹង​យក​ពាក្យ​ប្ដឹង​លោក ហ៊ុន សែន នេះ​ទៅ​ដាក់​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហុឡង់ដ៍ (Holland)៕

2 comments:

Anonymous said...

Suong Sophorn such as idiot guy,
he got instruction from 3rd part
y to sue decho SEN..

in fact,the incident was caused by mother natures.

Anonymous said...

Hun Sen and his government are responsible for the deaths of these people.