Phnong people want Chheang Vun to go and make an apology to them in Mondulkiri province for insulting them in the parliament.
លោក វិជ័យ អានន្ទ 2012-11-30 RFA
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើមភាគតិច
បានទាមទារឲ្យ លោក ឈាង វុន តំណាងរាស្ត្រគណបក្សប្រជាជន
ទៅសុំទោសជនជាតិព្នងតាមបែបប្រពៃណីនៅភ្នំដោះក្រមុំ
ស្ថិតនៅខេត្តមណ្ឌលគិរី ជាបន្តទៀត
ក្រៅពីការសុំទោសជាសាធារណៈនៅសភា។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមយុវជនជនជាតិដើមភាគតិច
ដែលជាជនជាតិព្នង អះអាងថា តាមប្រពៃណីជនជាតិដើមព្នង
នៅពេលអ្នកណាម្នាក់ប្រព្រឹត្តខុសចំពោះជនជាតិដើមមួយនេះ
ជននោះចាំបាច់ត្រូវរៀបចំពិធីសុំខមាទោសឲ្យបានត្រឹមត្រូវទៅតាម
ប្រពៃណី។
អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា
ការមិនព្រមរៀបចំសុំខមាទោសឲ្យបានត្រឹមត្រូវតាមបែបប្រពៃណីនោះទេ
វានឹងមិនអាចធ្វើឲ្យជនជាតិដើមភាគតិចលើកលែងទោសឲ្យអ្នកតំណាង
រាស្ត្រគណបក្សប្រជាជន លោក ឈាង វុន នោះឡើយ។ ដូច្នេះ
អ្នកស្រីទទូចសុំឲ្យលោក ឈាង វុន
មេត្តារៀបចំពិធីឲ្យបានត្រឹមត្រូវតាមបែបប្រពៃណីជនជាតិដើមភាគតិច
ព្នង ហើយប្រារព្ធពិធីសុំខមាទោសនៅភ្នំដោះក្រមុំ
ដែលស្ថិតនៅខេត្តមណ្ឌលគិរី។
អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា ប្រពៃណីជនជាតិដើមភាគតិចព្នង
នៅពេលដែលជនណាមួយប្រព្រឹត្តកំហុសលើជនជាតិនេះ
គេតម្រូវឲ្យជនដែលប្រព្រឹត្តខុសធ្វើពិធីមួយដែលគេហៅថា អំប៉េះ
ដើម្បីសុំទោស។ តាមបែបប្រពៃណីជនជាតិព្នង ក្នុងពិធីអំប៉េះលិះលានេះ
គេតម្រូវឲ្យជនដែលបានប្រព្រឹត្តកំហុសយកដំរីដើម្បីបូជាដល់ព្រះ
នៃជនជាតិព្នងនោះ ប៉ុន្តែបើអ្នកនោះមិនមានសមត្ថភាពរកដំរីបានទេ
គេអាចយកគោ ឬក្របីជំនួសក៏បាន។
អ្នកស្រីបញ្ជាក់ថា ពិធីនេះមានសារសំខាន់ណាស់
ព្រោះវាអាចធ្វើឲ្យជនជាតិព្នងអាចអត់ឱនឲ្យជនដែលប្រព្រឹត្ត
ឆ្គាំឆ្គងចំពោះពួកគេនោះបាន។ ម្យ៉ាងទៀត អ្នកស្រី យុន ម៉ាណេ អះអាងថា
ពាក្យសម្ដីរបស់លោក ឈាង វុន
ដែលបានប្រមាថមាក់ងាយតំណាងរាស្ត្រគណបក្សប្រឆាំង
ដោយបានប្រៀបប្រដូចទៅនឹងជនជាតិព្នងនោះ គឺមានលក្ខណៈធ្ងន់ធ្ងរ
ព្រោះលោកបានដៀលដល់ពូជអំបូរនៃជនជាតិព្នងទាំងអស់ ហេតុនេះ
អ្នកស្រីទទូចសុំឲ្យលោក ឈាង វុន
បន្ទាប់ពីសុំទោសនៅក្នុងអង្គប្រជុំរដ្ឋសភារួចហើយ
បន្តទៅប្រារព្ធពិធីសុំខមាទោសតាមបែបប្រពៃណីជនជាតិដើមភាគតិច
ព្នងជាបន្ថែមទៀត។
កាលពីពេលថ្មីៗកន្លងទៅ លោក ឈាង វុន ប្រាប់អ្នកសារព័ត៌មានថា
លោកនឹងសុំទោសជាសាធារណៈនៅក្នុងអង្គប្រជុំសភាចំពោះជនជាតិព្នង។
ម្យ៉ាងទៀត កំហុសរបស់លោកដែលបានប្រព្រឹត្ត ជាកំហុសអចេតនានោះ
គឺលោកមិនប្រាថ្នាមាក់ងាយដល់ជនជាតិដើមភាគតិចព្នងនោះឡើយ។
ទោះយ៉ាងណា អ្នកស្រី យុន ម៉ាណេ មានប្រសាសន៍ថា
ការប្រារព្ធពិធីសុំខមាទោសតាមបែបប្រពៃណីនេះ
នឹងធ្វើឲ្យជនជាតិដើមភាគតិចព្នងសះជានឹងលោក ឈាង វុន
ដូច្នេះបើសិនលោកយល់ព្រមតាមអ្វីដែលពួកគាត់សំណូមពរ
វានឹងធ្វើឲ្យទទួលផលប្រយោជន៍ទាំងសងខាង៕
1 comment:
Chheang Vun Vay is on job training and most Cambodians official are on job training any way.
Post a Comment