វេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត
នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត បានបញ្ចប់ទាំងកណ្ដាលទី
ដោយមន្ត្រី និងអ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា
ដើរចេញពីអង្គប្រជុំ
ខណៈប្រជាពលរដ្ឋសាកសួរច្រើនពីបញ្ហាទំនាស់ដីធ្លី
ដែលលោកមិនអាចបំភ្លឺបានជូនជាសាធារណៈ។
នៅក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស
ខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១២
មានការភ្ញាក់ផ្អើលមួយ ខណៈមន្ត្រី
និងអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា
បានដើរចេញពីអង្គប្រជុំនៃវេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ
និងម្ចាស់ឆ្នោត
ដែលបានរៀបចំដោយវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការ
អន្តរជាតិ អិន.ឌី.អាយ (NDI= National Democratic of Institute)។
មេឃុំត្រពាំងសាលាខាងលិច លោក កប សឿន ថ្លែងថា អ្នកសម្របសម្រួល
អិន.ឌី.អាយ បានផ្ដល់ឱកាសឲ្យតំណាងរាស្ត្រម្នាក់ ២៥នាទី
សម្រាប់ឆ្លើយសំណួរម្ចាស់ឆ្នោត។
អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឃួន សុខ
បានឆ្លើយសំណួរពលរដ្ឋខ្លះមកហើយ។ ប៉ុន្តែពាក់ព័ន្ធបញ្ហាដីធ្លី
លោកសុំឲ្យមន្ត្រីកសិកម្មខេត្តកំពត ជួយឆ្លើយជំនួស។ ម្យ៉ាងទៀត
ម៉ោងដែលត្រូវឆ្លើយនឹងសំណួរនោះ គឺនៅសល់ពេល ១៥នាទីទៀត។
ប៉ុន្តែអ្នកសម្របសម្រួលអង្គការ អិន.ឌី.អាយ
មិនផ្តល់សំឡេងឲ្យទៅមន្ត្រីជំនាញកសិកម្មខេត្ត ជួយបំភ្លឺបន្ថែម
ទើបមានការដើរចេញពីអង្គប្រជុំ។
លោក កប សឿន៖ «គឺតំណាងរាស្ត្រទើបទទួលការងារហ្នឹង
អីចឹងគាត់មិនសូវយល់ពីការងារហ្នឹង គាត់ទើបឡើងថ្មី។
ប្រជាពលរដ្ឋគាត់ឡើងឈូរឆទៅស្រែកអាយូអាយ៉ាទៅ
គាត់ថាពេលវេលាហ្នឹងពេលវេលារបស់អ្នកតំណាងរាស្ត្ររបស់គណបក្ស
ប្រជាជន វាតំណាងរបស់គណបក្សប្រជាជន។ អើគឺវាអព្យាក្រិត
ដល់ពេលគាត់លំអៀងទៀត បានជាប្រជាពលរដ្ឋគេមិនសុខចិត្ត»។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក ជា ប៉ូច ថ្លែងថា អង្គការ
អិន.ឌី.អាយ បានផ្តល់សិទ្ធិបំភ្លឺចម្ងល់ជូនមហាជន
គឺតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺលោក ឃួន សុខ ឲ្យឆ្លើយមុន។
ឯតំណាងរាស្ត្រគណបក្សប្រឆាំង រង់ចាំបកស្រាយតាមក្រោយ។ ប៉ុន្តែ លោក ឃួន
សុខ ផ្ទេរសំណួរដីធ្លីជូនប្រធានមន្ទីរកសិកម្មខេត្តកំពត លោក ចាន់
ចេស្តា ជួយបកស្រាយបន្ត តែមានការជំទាស់ពីអ្នកសម្របសម្រួល
អិន.ឌី.អាយ ស្រាប់តែមន្ត្រីគណបក្សប្រជាជនកម្ពុជា
នាំគ្នាដើរចេញពីវេទិកា។
លោក ជា ប៉ូច បានរិះគន់ថា
ការដើរចេញពីវេទិការបស់លោកមន្ត្រីកសិកម្មនៅចំពោះមុខមហាជន
អាចឲ្យមនុស្សច្រើនរយនាក់
អាចវាយតម្លៃពីរបៀបធ្វើការលំអៀងទៅរកគណបក្សនយោបាយ
ច្រើនជាងបម្រើការងាររាជការ៖ «តាមការពិត
ក្នុងនាមខ្ញុំនៅក្នុងវេទិកាហ្នឹង
គឺខ្ញុំវាគ្មិនស្តាប់ប្រជាពលរដ្ឋណាមានទុក្ខ យើងកត់សំណួរហ្នឹងទៅ
ឆ្លើយតបដើម្បីជួយអន្តរាគមន៍ទៅអាជ្ញាធរដែនដី
ដើម្បីឲ្យអាជ្ញាធរដែនដីលោកចាត់វិធានការតាមផ្លូវច្បាប់
ខ្ញុំមានសិទ្ធិឯណាទៅគំរាម អិន.ឌី.អាយ យើងអត់មានទេ»។
វេទិកាសាធារណៈរវាងអ្នកតំណាងរាស្ត្រ និងម្ចាស់ឆ្នោត
ត្រូវបានរៀបចំដោយអង្គការ អិន.ឌី.អាយ។ មន្ត្រីអិន.ឌី.អាយ ឲ្យដឹងថា
វេទិកានេះធ្វើឡើងក្នុងបំណងផ្តល់សិទ្ធិជូនប្រជាពលរដ្ឋជាម្ចាស់
ឆ្នោតបានសាកសួរទៅអ្នកតំណាងរាស្ត្រ ឲ្យជួយដឹងឮ
និងដោះស្រាយពីកង្វល់
និងបញ្ហាកើតឡើងរបស់ម្ចាស់ឆ្នោតក្នុងមូលដ្ឋាន។
មន្ត្រីដដែលបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន
វេទិកានេះត្រូវបានធ្វើឡើងមានចំនួនសរុប ២៩៧លើកហើយ
ប្រកបដោយជោគជ័យ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២
ទើបតែលើកនេះទេបរាជ័យនៅកណ្ដាលទី៕
No comments:
Post a Comment