ប្រធាននាយកដ្ឋានកម្មវិធីវិទ្យុជាតិ រងការចោទថា បានបំបិទសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការបញ្ចេញមតិ និងធ្វើនយោបាយ។
ការចោទប្រកាន់នេះ
ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រដែលជាស្ត្រីមកពីគណបក្ស សម រង្ស៊ី
ត្រូវហាមឃាត់មិនឲ្យចូលរួមក្នុងកម្មវិធីមួយរបស់វិទ្យុជាតិ
អាអ៊ិម (AM) ដែលរៀបចំឡើងដោយអង្គការស្ត្រីខ្មែរស្ដីពី
"តើអ្នកចង់ឲ្យស្ត្រីខ្មែរឈរជាបេក្ខជនអ្វីខ្លះ
ដើម្បីចូលរួមដឹកនាំប្រទេស"។ តែប្រធាននាយកដ្ឋានកម្មវិធីវិទ្យុជាតិ
បានអះអាងថា មូលហេតុដែលគាត់ហាមឃាត់នោះ
ដោយសារមិនមានការចូលរួមពីសំណាក់តំណាងរាស្ត្រមកពីគណបក្សប្រជាជន
ដើម្បីធ្វើឲ្យមានតុល្យភាពគ្នាក្នុងកម្មវិធីនោះ។
កម្មវិធីផ្សព្វផ្សាយមួយរបស់វិទ្យុជាតិ
ដែលប្រាថ្នាលើកកម្ពស់ស្ត្រីក្នុងឆាកនយោបាយ
ចាក់ផ្សាយជារៀងរាល់ថ្ងៃសៅរ៍ ត្រូវផ្អាកទៅវិញនៅថ្ងៃទី២៤
វិច្ឆិកា ដោយសារអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រនៃគណបក្ស សម រង្ស៊ី
ចូលរួមក្នុងកម្មវិធីនោះ។
អ្នកសម្របសម្រួលក្នុងកម្មវិធីសំឡេងស្ត្រី
ជំរើសស្ត្រីនៃអង្គការស្ត្រីខ្មែរ អ្នកស្រី វរលក្ខណ៍ ឲ្យដឹងថា
ជារឿងគួរឲ្យសោកស្ដាយដែលប្រធាននាយកដ្ឋានកម្មវិធីវិទ្យុជាតិ
បានផ្អាកកម្មវិធីរបស់អង្គការអ្នកស្រី
មិនឲ្យផ្សព្វផ្សាយកម្មវិធីនោះ ព្រោះការធ្វើបែបនេះ
គឺផ្ទុយទៅនឹងគោលនយោបាយរដ្ឋាភិបាលដែលប៉ងជំរុញឲ្យមានការលើកទឹក
ចិត្តស្ត្រី ក្នុងការចូលរួមសកម្មភាពនានានៃសង្គម
ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៖ «សិទ្ធិរបស់ស្ត្រី
គឺប៉ះពាល់ខ្លាំងណាស់លោក ប៉ះពាល់ខ្លាំងមែនទែន ពីព្រោះថា
បើនិយាយទៅសិទ្ធិរបស់ស្ត្រី គឺអត់មាន
អត់មានគ្រប់គ្រាន់ក្នុងបញ្ចេញមតិ»។
អង្គការស្ត្រីខ្មែរ បានជួលម៉ោងផ្សាយផ្ទាល់នៅស្ថានីយវិទ្យុជាតិ
១ថ្ងៃ១ម៉ោងជារៀងរាល់ថ្ងៃសៅរ៍
ហើយកម្មវិធីរបស់អង្គការតែងអញ្ជើញវាគ្មិនមកពីគណបក្សនយោបាយផ្សេងៗ
និងអង្គការសង្គមស៊ីវិល ចូលរួមក្នុងកម្មវិធីនោះ
ដើម្បីពិភាក្សាលើប្រធានបទផ្សេងៗ ហើយនៅថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា
អង្គការលើកប្រធានបទមួយស្ដីពី
"តើអ្នកចង់ឲ្យស្ត្រីខ្មែរឈរជាបេក្ខជនអ្វីខ្លះ
ដើម្បីចូលរួមដឹកនាំប្រទេស" ដែលមានអ្នកស្រី មូរ សុខហួរ
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី
ចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធី។
ទាក់ទងនឹងបញ្ហានេះ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី អ្នកស្រី មូរ
សុខហួរ មានប្រសាសន៍ថា
ឥរិយាបថរបស់ប្រធាននាយកដ្ឋានកម្មវិធីវិទ្យុជាតិ
ដែលបានប្រព្រឹត្តនេះ គឺជាការរើសអើងនិន្នាការនយោបាយ
និងបំបិទសិទ្ធិសេរីភាពរបស់ស្ត្រី ក្នុងការបញ្ចេញមតិយោបល់។
ម្យ៉ាងទៀត អ្នកស្រីថ្លែងបន្តថា ក្នុងកម្មវិធីនៃវិទ្យុជាតិ
គេគួរអនុញ្ញាតឲ្យគ្រប់គណបក្សនយោបាយបានចូលរួមក្នុងកម្មវិធី
ផ្សេងៗ ដើម្បីរួមចំណែកផ្ដល់ចំណេះដឹងដល់ពលរដ្ឋ
មិនមែនទុកឲ្យតែគណបក្សកាន់អំណាចប្រើដើម្បីផ្សព្វផ្សាយនយោបាយនោះ
ឡើយ។
អ្នកស្រី មូរ សុខហួរ៖ «បើសិនជានិយាយអំពីតុល្យភាពរវាងគណបក្ស
ខ្ញុំសុំឲ្យប្រជាពលរដ្ឋយើងពិចារណាមើល តើនៅកម្មវិធីវិទ្យុជាតិ
មានសំឡេងគណបក្សប្រជាជនឡើងប៉ុន្មានភាគរយ
មានដែលឮសំឡេងគណបក្សប្រឆាំងនៅក្នុងកម្មវិធីរបស់វិទ្យុជាតិឬទេ
ហើយយើងខ្ញុំអត់បានគិតអំពីមកក្នុងនាមជាគណបក្សទេ
មកក្នុងនាមជាស្ត្រីខ្មែរមួយរូប»។
ឆ្លើយតបនឹងការលើកឡើងនេះ ប្រធាននាយកដ្ឋានកម្មវិធីវិទ្យុជាតិ
លោក ប៊ួរ វណ្ណារិទ្ធិ មានប្រសាសន៍ថា មូលហេតុដែលលោកមិនអនុញ្ញាតនោះ
ដោយសារក្នុងកម្មវិធីនោះមានតែតំណាងរាស្ត្រគណបក្សប្រឆាំងម្ខាងចូល
រួម ដូច្នេះវាធ្វើឲ្យកិច្ចពិភាក្សានេះមិនមានតុល្យភាព។
មួយវិញទៀត លោកបញ្ជាក់ថា
វិទ្យុជាតិស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល
ដូច្នេះមន្ត្រីរបស់រដ្ឋាភិបាលត្រូវតែមានសិទ្ធិផ្សព្វផ្សាយកិច្ចការ
របស់ខ្លួន។
លោក ប៊ួរ វណ្ណារិទ្ធិ៖ «ទីនេះជាស្ថានីយរបស់វិទ្យុដែលគ្រប់គ្រង
ដោយរដ្ឋាភិបាល
ដូច្នេះការដែលអញ្ជើញតំណាងរដ្ឋាភិបាលមកចូលរួមនៅក្នុងកម្មវិធីនោះ
គឺយើងមិនមានបញ្ហាអីទេបាទ!
ដោយសារថាគាត់អញ្ជើញមកក្នុងនាមថ្នាក់ដឹកនាំរដ្ឋាភិបាលបាទ
គឺគ្រប់គណបក្សនយោបាយ គឺថាយើងអាចចូលរួមបាន
បើសិនវាត្រូវនឹងប្រធានបទដែលយើងត្រូវចូលរួម
ហើយវាមានតុល្យភាពនៅក្នុងការចូលរួមហ្នឹងផងបាទ!»។
យ៉ាងនេះក្ដី អ្នកស្រី វរលក្ខណ៍ មានប្រសាសន៍ថា
ការដែលអង្គការអញ្ជើញតំណាងរាស្ត្រមកពីគណបក្សប្រឆាំងឲ្យចូលរួមតែ
ម្ខាងនោះ ដោយសារកន្លងមក
អង្គការក៏ធ្លាប់អញ្ជើញតំណាងរាស្ត្រជាស្ត្រីមកពីគណបក្សប្រជាជន
ចូលរួមតែម្ខាងដូចគ្នានេះដែរ។
ភ្ជាប់នឹងបញ្ហាសិទ្ធិមនុស្សនេះដែរ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)
មានប្រសាសន៍ក្នុងជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
កាលពីថ្ងៃទី១៩ វិច្ឆិកា នាវិមានសន្តិភាព
ក្រៅកិច្ចប្រជុំកំពូលអាស៊ានថា រដ្ឋាភិបាលកម្ពុជា
គួរខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងនូវការគោរព
សិទ្ធិមនុស្ស ពុំនោះទេ កម្ពុជា
មិនអាចធ្វើខ្លួនឲ្យជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ
និងសហរដ្ឋអាមេរិក នោះឡើយ៕
No comments:
Post a Comment