មន្ត្រីគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាលថាអនុវត្តច្បាប់
អន្តោប្រវេសន៍មិនទាន់មានប្រសិទ្ធភាព និងបន្តឲ្យមានជនបរទេស
មានជនជាតិវៀតណាម ជាដើម ចូលមកក្នុងទឹកដីកម្ពុជា អនាធិបតេយ្យ។
លោក អ៊ូ ចន្ទឫទ្ធិ សមាជិកសភា និងជាអ្នកនាំពាក្យគណបក្ស
សិទ្ធិមនុស្ស បានរិះគន់រដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ
ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍មានភាពធូររលុង។
លោកបានឲ្យដឹងនៅថ្ងៃទី២៦ ខែតុលា ថា សព្វថ្ងៃនេះ
ជនអន្តោប្រវេសន៍វៀតណាម បានហូរចូលតាមច្រករបៀងតាមខេត្តជាប់ព្រំដែន
មានស្វាយរៀង ព្រៃវែង និងខេត្តតាកែវ ជាដើម ចូលមកកម្ពុជា ជាច្រើន
ដោយមានការអនុញ្ញាតពីអាជ្ញាធរតាមព្រំដែន។
លោក អ៊ូ ចន្ទឫទ្ធិ៖ «ការហូរចូលនិគមយួនខុសច្បាប់នេះ
គឺកាន់តែកើនច្រើនក្នុងប្រទេសកម្ពុជា
ហើយយើងត្រូវជំរុញឲ្យរដ្ឋាភិបាលត្រូវគោរព
និងអនុវត្តច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ ព្រោះយើងឃើញថា
វាអាចឈានទៅរកគ្រោះថ្នាក់នៃប្រទេសជាតិ
បើសិនជាយើងមិនអនុវត្តច្បាប់អន្តោប្រវេសន៍នេះទេ»។
លោកបន្តថា លំហូរនៃជនជាតិវៀតណាម នាំឲ្យពលរដ្ឋខ្មែរបាត់បង់ការងារ និងរកប្រាក់ចំណូលពុំបាន។
ទាក់ទិនបញ្ហានេះ ជំទប់ទី២ សង្កាត់បាវិត លោក នង ឡេង សង្កេតឃើញថា
សព្វថ្ងៃនេះពិតជាមានជនជាតិវៀតណាម
ចូលប្រកបរបរផ្សេងៗមានដូចជារត់ម៉ូតូឌុប ឬដោះដូរផលិតផលនានា
ក្នុងមូលដ្ឋានក្រុងបាវិត ពិតមែន៖ «នៅមូលដ្ឋាននេះអត់បាន
គ្រប់គ្រងច្បាស់លាស់ទេ អំពីជនអន្តោប្រវេសន៍ហូរចូលនេះ
គឺវាអាស្រ័យទៅលើការគ្រប់គ្រងរបស់ព្រំដែនសូកនាយអាយទៅបានចូល
ហើយ»។
លោកថាការហូរចូលនេះ អាចនិយាយបានថា រដ្ឋាភិបាល
និងសមត្ថកិច្ចពាក់ព័ន្ធ
អនុវត្តច្បាប់អន្តោប្រវេសន៍មិនទាន់មានប្រសិទ្ធភាព។
មិនខុសគ្នាទេ លោក យស យ៉ាន់ ជំទប់ទី២ ឃុំមេសថ្ងក ស្រុកចន្ទ្រា
ខេត្តស្វាយរៀង បានទទួលស្គាល់ថា ជនជាតិវៀតណាម
ពិតជាបានហូរចូលតាមច្រករបៀងក្នុងមូលដ្ឋាននេះរាល់ថ្ងៃ។
លោកព្រួយបារម្ភខ្លាចសមត្ថកិច្ចគ្រប់គ្រងមិនបានត្រឹមត្រូវចំពោះជន
អន្តោប្រវេសន៍វៀតណាម ទាំងនេះ៖ «គេៗចូលតាមចិត្តគេ គេចង់ចូលម៉ោងណាក៏បាន យប់ក៏បាន ថ្ងៃក៏បាន។ គេរកស៊ីក្នុងទឹកដីខ្មែររាល់ថ្ងៃ»។
ចំណែកពលរដ្ឋស្នើមិនបញ្ចេញឈ្មោះ
មានលំនៅឋានជាប់តាមព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង
ក៏បានត្អូញត្អែរថា សព្វថ្ងៃនេះជនជាតិវៀតណាម
បានមកតាមច្រករបៀងរាល់ថ្ងៃ និងបានដណ្ដើមការងារពីពលរដ្ឋខ្មែរ៖ «ឃើញ
គេរកស៊ីហូរហែ យើងគ្មានរបររក មានតែធ្វើស្រែមួយមុខ
ឬរើសអាចម៍គោក្របីលក់។ រកមិនបាន គេរកបាន យើងរកមិនបាន
ពិបាកចិត្ត»។
ពលរដ្ឋចោទថា អាជ្ញាធរខ្មែរតាមព្រំដែនជាអ្នកបើកដៃឲ្យជនអន្តោប្រវេសន៍វៀតណាម ចូលច្រើនមកក្នុងទឹកដីកម្ពុជា។
យ៉ាងនេះក្តី លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ
មានប្រសាសន៍ថា ទាំងបក្សប្រឆាំង និងពលរដ្ឋ
មិនគួរព្រួយបារម្ភពេកទេចំពោះជនជាតិវៀតណាម ចេញចូល
ឬដោះដូរផលិតផលតាមច្រករបៀង
តាមខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរ។ លោកថា
ការចេញចូលដោះដូរមុខទំនិញគ្នា
ឬប្រកបការងារផ្សេងៗរវាងប្រជាជនប្រទេសទាំងពីរ
បានកើតមានជាយូរមកហើយ។ ហើយថា
សកម្មភាពនេះសមត្ថកិច្ចបានឃ្លាំមើលចំពោះលំហូរនៃជនជាតិវៀតណាម
ចូលមកខុសច្បាប់ ដោយមិនធ្វេសប្រហែសទេ។
លោក ខៀវ សុភ័គ៖ «វាអត់មានប៉ះពាល់ដល់អន្តោប្រវេសន៍ខុសច្បាប់ទេ
នៅច្រករបៀងអស់ហ្នឹង។ ច្រករបៀងតាមបន្ទាត់ព្រំដែនអស់ហ្នឹង
មានមនុស្សចេញចូលបួនដប់នាក់ហ្នឹងទេក្នុង១ថ្ងៃ
តែយើងមានសមត្ថកិច្ចយើងប្រចាំការនៅទីនោះដែរ។
ការដោះដូរដើម្បីរកស៊ីចិញ្ចឹមឆ្នាំ មិនមែនកើតមានតែឥឡូវទេ។
បើធ្លាប់នៅទល់ដែន អ្នកបក្សប្រឆាំងគាត់មិនយល់
ប្រហែលជាគាត់កើតនៅតែទីក្រុងធំៗ
គាត់ឃើញហើយគាត់មានគំនិតចង្អៀតចង្អល់»។
ទោះជាបែបនេះក្តី មន្ត្រីគណបក្សប្រឆាំង នៅតែអះអាងថា
ការហូរចូលនៃជនអន្តោប្រវេសន៍វៀតណាម មកប្រទេសកម្ពុជា
ដោយសារការអនុវត្តច្បាប់អន្តោប្រវេសន៍របស់រដ្ឋាភិបាលមិនបាន
ត្រឹមត្រូវ។
មាត្រា៥ នៃច្បាប់ស្ដីពីអន្តោប្រវេសន៍ បានឲ្យដឹងថា
ការគ្រប់គ្រងជនបរទេសជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ ហើយថា
ក្រសួងនេះត្រូវមានស្ថាប័នមួយ
ដើម្បីទទួលខុសត្រូវលើកិច្ចការអន្តោប្រវេសន៍។ រីឯមាត្រា៦
ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃ
ត្រូវកំណត់អំពីបែបបទនៃការចុះបញ្ជី ការផ្តល់
ការត្រួតពិនិត្យប័ណ្ណស្នាក់នៅ ទិដ្ឋាការចេញចូល លិខិតបើកផ្លូវ
និងលិខិតឆ្លងដែន ឬឯកសារ ដែលមានតម្លៃស្មើគ្នា
សម្រាប់ជនបរទេសជាដើម៕
No comments:
Post a Comment