ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរទាំងក្មេង ទាំងចាស់
ទាំងប្រុស ទាំងស្រី គ្រប់ស្រទាប់វណ្ណៈ គ្រប់ជាន់ថ្នាក់ រួមទាំងព្រះសង្ឃ
តាជី យាយជី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រាប់ពាន់នាក់ នៅរសៀល
ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ក្នុងសម្លៀកបំពាក់អាវពណ៌ស ដោយពាក់សញ្ញាកាន់ទុក្ខ
និងខោ-សំពត់ ពណ៌ខ្មៅ បាននាំគ្នាត្រៀមទទួលព្រះបរមសព សម្ដេចឪ សម្ដេចតា
សម្ដេចតាទួត នៃយើង ដែលនឹងយាងមកដល់ នៅចន្លោះវេលាម៉ោង ២និង៤០នាទី ដល់ម៉ោង ៣
ពីទីក្រុងប៉េកាំងប្រទេសចិន ។
ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងទឹកមុខយ៉ាងក្រៀមក្រំ រកទីបំផុតគ្មាន
ដើម្បីរង់ចាំដង្ហែ និងទទួលព្រះបរមសព សម្ដេចឪ សម្ដេចតា សម្ដេចតាទួត
ដែលនឹងត្រូវដង្ហែពី ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ
តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះមកព្រះបរមរាជវាំង ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ នៅខេត្តកំពង់ស្ពឺ បានធ្វើដំណើរតាមរថយន្ត
ជាច្រើនរយគ្រឿង ដើម្បីចូលរួមដង្ហែ ព្រះបរមសពសម្តេចឪ សម្តេចតា សម្តេចតាទួត
នៃយើងទាំងអស់គ្នា។
ដោយឡែក នៅក្នុងបរិវេណព្រលានយន្តហោះអន្តរជាតិភ្នំពេញ គេសង្កេតឃើញ
មានមន្ត្រីរាជរដ្ឋាភិបាល សមាជិកសភា ព្រឹទ្ធសភា អង្គទូត និងឯអគ្គរាជទូត
និងមន្ត្រីកងរាជអាវុធហត្ថ ព្រមទាំងសមាជិក រដ្ឋសភា សមាជិកព្រឹទ្ធសភា
គណបក្សប្រឆាំងជាច្រើននាក់ កំពុងរង់ចាំទទួលព្រះបរមសព ព្រះមហាវីរៈក្សត្រ ។
យោងតាមមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បានឲ្យដឹងថា
ឧបនាយករដ្ឋមន្រ្តីចិនម្នាក់ និងមន្រ្តីរដ្ឋាភិបាលចិនចំនួន៦០នាក់ ផ្សេងទៀត
បាននិងកំពុងដង្ហែព្រះបរមសព សម្តេចឪ សម្តេចតា សម្តេចតាទួតនៃយើងទាំងអស់គ្នា
មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងយាងមកដល់នាពេលបន្តិចទៀតនេះ៕
No comments:
Post a Comment