ដោយ សួន សុផលមុន្នី 2012-10-08 RFA
កងទាហានថៃ
បានប្រើប្រាស់យុទ្ធវិធីថ្មីដើម្បីទប់លំហូរចំណាកខុសច្បាប់របស់
ប្រជាពលរដ្ឋខ្មែរ
ដែលនិយមនាំគ្នាលួចចូលទៅរកការងារធ្វើក្នុងប្រទេសថៃ។
កងទាហានថៃ
បានដាក់ពង្រាយគ្រាប់មីនច្នៃសម្រាប់ឲ្យផ្ទុះធ្វើជាសញ្ញា
ដើម្បីការពារកុំឲ្យប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅក្នុងប្រទេស
ថៃ ដោយខុសច្បាប់។ ការដាក់គ្រាប់មីនធ្វើជា សញ្ញារបស់កងទាហានថៃ
គឺបានចាប់ផ្ដើមក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ
ប៉ុន្តែគ្រាប់មីនច្នៃនោះមិនបង្កឲ្យមនុស្សមានរបួសនេះទេ។
ប្រភពពីកងទាហានខ្មែរបានឲ្យដឹងថា
នៅពេលមានប្រជាពលរដ្ឋខ្មែរឆ្លងទៅធ្វើការខុសច្បាប់ពេលយប់
ហើយព្យាយាមគេចពីសមត្ថកិច្ច ប៉ុន្តែនៅពេលពួកគេចូលទៅក្នុងព្រៃ
និងទាក់ខ្សែបង្កៃគ្រាប់មីនច្នៃ ដែលកងទាហានថៃ
ដាក់សម្រាប់ឲ្យផ្ទុះធ្វើជាសញ្ញានៅក្នុងព្រៃ។
នៅពេលមានការផ្ទុះឡើងជាសញ្ញាហើយ ក្រុមទាហានថៃ
ពួកគេនឹងចល័តគ្នាចុះទៅចាប់ប្រជាពលរដ្ឋខ្មែរទាំងនោះភ្លាម។
ទាហានខ្មែរ៖ «អាហ្នឹងគេហៅថា គ្រាប់មីន
ប៉ុន្តែផ្ទុះអត់មានរបួសអីទេ គ្រាន់តែធ្វើជាសញ្ញាទេ។
គ្រាប់វាច្នៃឥឡូវ ខ្សែវាពណ៌រាងត្រួយចេក
ខ្សែវាហ្នឹងវាដាក់តាមផ្លូវដែលប្រជាពលរដ្ឋយើងឆ្លងចូលទៅធ្វើ
ការនៅក្រុងថេប នៅពេលយប់ បើសិនអ្នកខ្លះទៅធ្វើហើយ
វិលត្រឡប់មកវិញអត់មានលុយមានកាក់ពេលមក ច្រើនតែដើរតាមគន្លង
ពេលទៅវាដាក់គន្លងហ្នឹង ផ្ទុះជាសញ្ញាទាហានថៃ គេដឹងថា
ប្រជាពលរដ្ឋចេញតាមច្រកណា!»។
ទាហានថៃបានចាប់ផ្ដើមដាក់ពង្រាយគ្រាប់មីនច្នៃផ្ទុះជាសញ្ញា
ដើម្បីតាមចាប់ប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនចូលទៅប្រទេសថៃនេះ
គឺចាប់ពីវេលាម៉ោង ៦ល្ងាច លុះដល់ព្រឹកទើបដោះចេញវិញ។
ទីតាំងនោះ គឺពួកគេបានដាក់ពង្រាយតាមព្រៃ
ដែលមានផ្លូវដើរតូចនៅក្នុងទឹកថៃ ក្បែរព្រំដែនខ្មែរ
ដើម្បីការពារ
ប៉ុន្តែគ្រាប់មីនដែលដាក់ឲ្យផ្ទុះធ្វើជាសញ្ញារបស់ទាហានថៃនេះ
មិនបានបង្កឲ្យមានគ្រោះថ្នាក់ដាច់ដៃដាច់ជើងនោះទេ
គ្រាន់តែមានស្នាមរោលកន្ទួល ប្រសិនបើវាផ្ទុះប៉ះចំលើសាច់
មនុស្ស។
កងទាហានការពារព្រំដែនខ្មែរនៅស្រុកសំពៅលូន ខេត្តបាត់ដំបង
បានឲ្យដឹងថា គិតពីថ្ងៃទី២៨ ខែកញ្ញា រហូតមកដល់ថ្ងៃទី៧
ខែតុលា ឆ្នាំ២០១២ នេះ មានប្រជាពលរដ្ឋខ្មែរចំនួនបីក្រុមហើយដែល
បានលួចឆ្លងដែនពីទឹកដីខ្មែរចូលទៅក្នុងទឹកដីថៃ
ហើយប៉ះចំគ្រាប់មីនដែលទាហានថៃ ដាក់ធ្វើជាសញ្ញានៅក្នុងព្រៃ
ស្ថិតនៅក្នុងស្រុកខ្លងហាត ខេត្តស្រះកែវ
ជាប់ព្រំប្រទល់ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋខ្មែរម្នាក់ ឈ្មោះ ចាប អាយុ ២៤ឆ្នាំ
ដែលធ្លាប់ឆ្លងកាត់ព្រៃចេញចូលទៅក្នុងប្រទេសថៃ
ជាច្រើនដងមកនោះបានថ្លែងថា កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងទៅ
រូបគាត់ និងអ្នករួមដំណើរម្នាក់ទៀត
បានធ្វើដំណើរត្រឡប់មកពីខេត្តចាន់បូរី ថៃ
ហើយបាននាំគ្នាដើរកាត់ព្រៃគេចពីទាហានថៃ នៅក្នុងភូមិសាស្ត្រ
ស្រុកខ្លងហាត ខេត្តស្រះកែវ ប៉ុន្តែនៅពេលនោះ
រូបគាត់បានដើរទាក់ខ្សែគ្រាប់មីនច្នៃ ដែលទាហានថៃ
បានដាក់បង្កប់នៅក្នុងព្រៃបណ្ដាលឲ្យផ្ទុះឡើង
ផ្អើលដល់កងទាហានថៃ។
ប្រជាពលរដ្ឋឈ្មោះ ចាប៖ «កន្លែងខ្ញុំដើររាល់ដងអត់មានដឹងថា
ដាក់គ្រប់បែកណា ព្រោះអីផ្លូវចេញចូលរាល់ថ្ងៃ
មិនដែលចេញចូលមួយខែជាង ទៅដើរទៅវាផ្ទុះ វាលរោល
វាដាក់នៅក្នុងព្រៃ កាត់ផ្លូវយើងដើរចេញចូល។ ខ្ញុំទាញ
ខ្ញុំស្មានតែវល្លិ ទាញទៅផ្ទុះ តែវាអត់ត្រូវអី គ្រាន់កន្ទួល។
វាដាក់ខ្ពស់ដែរ ត្រឹមចង្កេះ វាមិនដាក់យកជើងមនុស្សផង
វាដាក់បីជាន់»។
ទាក់ទិនករណីនេះ ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ លោក
ពេជ្រ វណ្ណា បានមានប្រសាសន៍ថា លោកពុំទាន់បានទទួលបានព័ត៌មាននេះទេ
ប៉ុន្តែលោកបញ្ជាក់ថា កងទាហានថៃ ធ្វើដូច្នេះ
គឺផ្ទុយពីស្មារតីច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
លោកបញ្ជាក់ថា ច្បាប់នៅក្នុងប្រទេសថៃ ក៏មានការហាមមិនឲ្យយកគ្រឿងផ្ទុះទៅដាក់ពង្រាយដូច្នេះទេ៖ «ចង់
ចាប់ចង់ចងអីត្រូវដាក់កម្លាំង
ខាងគាត់បិទកុំឲ្យប្រជាពលរដ្ឋចូលទៅវាបានហើយ
ចាំបាច់យកមីនយកអីទៅដាក់
យកគ្រឿងផ្ទុះទៅដាក់មនុស្សមើលតែសត្វម៉េច?
ព្រោះយកគ្រឿងផ្ទុះទៅដាក់មនុស្សដើរទាក់សម្រាប់សញ្ញាអីឲ្យ
កម្លាំងពួកគាត់ចាប់វាខុស»។
ប្រភពពីក្រុមប្រជាពលរដ្ឋខ្មែររស់នៅតំបន់ជាយដែនខ្មែរថៃ
បានឲ្យដឹងថា លំហូរប្រជាពលរដ្ឋខ្មែរ
ទៅស្វែងរកការងារនៅក្នុងប្រទេសថៃ នៅតែបន្តកើតមានរាល់ថ្ងៃ។
ប្រជាពលរដ្ឋខ្មែរទាំងនោះ
ភាគច្រើនជាជនចំណាកស្រុកក្រីក្រមកពីខេត្តផ្សេងគ្នានៅក្នុង
ប្រទេសកម្ពុជា។ អ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ ទាំងនោះ
បានថ្លែងថា ប្រាក់ឈ្នួលការងារនៅក្នុងប្រទេសថៃ
ពួកគេទទួលបានខ្ពស់ជាប្រាក់ឈ្នួលនៅក្នុងស្រុកខ្មែរ។
ដូច្នេះហើយទើបពួកគេប្រថុយប្រថានដូច្នេះ៖ «បាញ់ស្មៅដំឡូង
ធ្វើស្មៅពោតនៅចម្ការតាមថៃ ព្រៃមៀន ព្រៃស្វាយអីហ្នឹង
អ្នកបាញ់ថ្នាំស្មៅ បាញ់ថ្នាំស្វាយអីហ្នឹង គេឲ្យ ១៥០បាត។
ខាងខ្មែរមិនមានការងារធ្វើ ឲ្យតម្លៃមិនបានដូចគេ
ឲ្យតម្លៃក្រោមថៃ ឲ្យតែ ១ម៉ឺន២ពាន់រៀល។
ប្រជាពលរដ្ឋទៅគ្រប់ខេត្ត ដូចជាកំពង់ចាម ដូចជាតាកែវ កំពត
ខេត្តកណ្ដាល អីទាំងអស់ មកជួបជុំគ្នាតាមព្រំដែនហ្នឹង
ហើយក៏ប្រមូលផ្ដុំគ្នាទៅធ្វើការនៅថ្ងៃហ្នឹងទៅ»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបាត់ដំបង
លោក ស៊ុន តឹក បានថ្លែងថា ដោយសារតែភាពទាល់ច្រក
និងមានជីវភាពក្រីក្រ
បានបង្ខំឲ្យប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើចំណាកស្រុកទៅរកការងារ
ធ្វើនៅក្រៅប្រទេស។ ការស្វែងរកការងារធ្វើនៅក្រៅប្រទេស
បានធ្វើឲ្យពួកគាត់ប្រឈមនឹងបញ្ហាជាច្រើន
រហូតគ្រោះថ្នាក់បាត់បង់ជីវិតថែមទៀត។
លោក ស៊ុន តឹក៖ «ភាគច្រើនប្រជាពលរដ្ឋខ្មែរយើងទៅថៃហ្នឹង
មិនសូវទៅតាមផ្លូវច្បាប់ទេ អ៊ីចឹងគាត់ទៅតាមមេខ្យល់
គាត់អាចជួបប្រទះបញ្ហាជាប់ពន្ធនាគារ ដោយថៃគេចាប់
ដែលយើងទៅខុសច្បាប់។ ខាងកងទ័ពថៃ គេអាចបាញ់សម្លាប់
ដើម្បីទប់ស្កាត់ការឆ្លងដែនហ្នឹង ចំណុចសំខាន់ បំផុតគឺ
រដ្ឋាភិបាលត្រូវដោះស្រាយមុខរបរ យើងបង្កើតរោងចក្រ សិប្បកម្ម
ដើម្បីធ្វើការរកប្រាក់ចំណូលដើម្បីចិញ្ចឹមគ្រួសារ»។
កន្លងទៅនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើននាក់ត្រូវបានទាហានថៃ
បាញ់សម្លាប់
ដោយសារតែពួកគេឆ្លងដែនខុសច្បាប់ចូលទៅក្នុងទឹកដីថៃ
និងមានប្រជាពលរដ្ឋខ្មែររាប់ពាន់កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេស
ថៃ។ ទាក់ទិនបញ្ហានេះ អង្គការលីកាដូ បានជំរុញ
និងលើកទឹកចិត្តដល់ក្រុមអាជ្ញាធរមូលដ្ឋាន
ចូលរួមគ្នាក្នុងការទប់ស្កាត់ការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ
ខ្មែរ ជាពិសេសត្រូវចាត់វិធានការតាមចាប់ខ្លួនមេខ្យល់
ដែលជាអ្នកជួញដូរកម្លាំងពលរដ្ឋខ្មែរទៅរកការងារធ្វើដោយខុស
ច្បាប់នៅក្នុងប្រទេសថៃ៕
3 comments:
សមមុខអាខ្មែរថោកទាប ដែលធ្វើចោរបំផ្លាញខ្មែរ
មិនអស់ចិត្ត ចង់ទៅបំផ្លា្ញញប្រទេសគេទៀត។
ពីខ្មែរម្នាក់
You are just a stupid and did not deserve to be a Khmer.
A good Khmer citizen, means you have to respect all other poor or rich Khmer people.
I respect my Khmer people not the thieves of all kinds.
Post a Comment