A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 14 October 2012

Thai authority target Khmer Cham Muslim travellers [Is is discrimination and racism?]

អាជ្ញាធរ​ថៃ​ពង្រាយ​ទាហាន​ឈុត​ខ្មៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​និង​បិទ​ច្រក​របៀង 

ដោយ សួន សុផលមុន្នី 2012-10-13  RFA

ប្រទេស​ថៃ បាន​ដាក់​ពង្រាយ​កង​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​រយ​នាក់ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា និង​បាន​បិទ​ច្រក​របៀង​ទាំង​អស់ ចាប់​ពី​ខេត្ត​បន្ទាយមានជ័យ រហូត​ដល់​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ ក្នុង​ទឹកដី​ថៃ។

RFA/Hang Savyouth
១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។
មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១៣ ខែ​តុលា ថា សកម្មភាព​នេះ​បាន​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ គោល​ដៅ​សំខាន់​របស់​ភាគី​ថៃ គឺ​ទប់ស្កាត់​ជនជាតិ​ខ្មែរ​ឥស្លាម ពី​ប្រទេស​កម្ពុជា ដែល​ពួក​គេ​សង្ស័យ​ថា​អាច​ច្រៀប​ចូល ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។
កង​ទាហាន​ថៃ ចាប់​ខ្លួន​ជនជាតិ​ឥស្លាម ទាំងអស់ នៅ​ពេល​ពួក​គេ ​រក​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ថា​ ជា​ជន​ជាតិ​ចាម នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ ក៏​មាន​ជន​ជាតិ​ចាម ដែល​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ នឹង​បញ្ជូន​មក​កម្ពុជា វិញ​ដែរ ប៉ុន្តែ សម្រាប់​ជន​ជាតិ​ចាម មិន​មាន​លិខិត​ឆ្លង​ដែន ទាហាន​ឈុត​ខ្មៅ​ចាប់​បញ្ជូន​ទៅ​ក្នុង​ប្រទេស​ថៃ។
ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ដើរ​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូល​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​ដាក់​រថយន្ត​ទ្រុង ដឹក​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ៖ «ទាហាន ​ឈុត​ខ្មៅ​ថៃ រឹត​បន្តឹង​មក អ្នក​ខ្លះ​គេ​និយាយ​ថា ខាង​ខ្មែរ​ឥស្លាម​មួយ​ចំនួន​ទៅ​ធ្វើ​ភេរវកម្ម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជាប់​ប្រទេស​ភូមា។ ពេល​អ៊ីចឹង វា​រឹត​បន្តឹង​គ្រប់​កន្លែង តាំង​ពី​ខ្មែរ​យើង​ចូល​ទៅ វា​អត់​ចង់​ឲ្យ​ចូល អត់​មាន​ឯកសារ​ត្រឹមត្រូវ ជាក់​ស្ដែង ឃើញ​អ៊ីចឹង​មែន ប្រជាពលរដ្ឋ​យើង​មក​ពី​ផ្សារ​ថៃ វិញ នាំ​គ្នា​រអ៊ូ​ស្រែក​ថា ឥឡូវ​ថៃ តឹង​ម៉ាំ​ណាស់ ដើរ​មិន​បាន​ទេ។ យើង​មាន​គ្នា ១០នាក់ វា​ខឹង វា​ក្រពុល​មុខ វា​ខឹង​ប្រមូល​ដាក់​ឡាន​ទាំង​អស់។ វា​ខឹង​មិន​និយាយ​អី​ទេ»
មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​ថ្លែង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ពង្រឹង​សកម្មភាព​ត្រួត​ពិនិត្យ​ច្បាប់ ទៅ​លើ​ការ​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជន​ជាតិ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ត្រូវ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ទាំង​អស់។ នៅ​ក្នុង​ស្រុក​អារ៉ាញ ខេត្ត​ស្រះកែវ ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ដាក់​បម្រាម​មិន​ឲ្យ​អាជីវករ​ខ្មែរ​ទាំង​អស់ ដែល​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​រុងក្លឿ ដើរ​ចេញ​ពី​បរិវេណ​ផ្សារ​នោះ​ទេ ទោះ​បី​ពួក​គាត់​មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ក៏ដោយ៖ «យើង​ក៏​ក្ដាប់​មិន ​បាន​អំពី​បញ្ហា​ផ្ទៃ​ក្នុង​នយោបាយ​របស់​ថៃ យ៉ាង​ម៉េច​ទេ ប្រហែល​វា​ពាក់ព័ន្ធ​វិបត្តិ​ខ្លះ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​ជា​ពង្រឹង​សកម្មភាព​តឹងតែង​សម្រាប់​ប្រជាពលរដ្ឋ​យើង»
ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍ ទាហាន​ថៃ មាន​ផែនការ​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​ខ្សែ​បន្ទាត់​បណ្ដោយ​ព្រំដែន ចាប់​ពី​ខេត្ត​បន្ទាយមានជ័យ ដល់​ខេត្ត​ឧត្តរមានជ័យ។ នាយក​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ លោក ពេជ្រ វណ្ណា បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ទាហាន​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ទាំង​អស់៖ «ជន​ជាតិ​ចាម ហ្នឹង បើ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ អត់​អី​ទេ ប្រសិន​អត់​មាន គាត់​ចាប់​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ប៉ុន្តែ​ពលរដ្ឋ​យើង​អ្នក​គ្មាន​លិខិត​ស្នាម​ច្បាស់​លាស់ គ្មាន​លិខិត​ឆ្លង​ដែន ក៏​ពួក​គាត់​ហ្នឹង ចាប់​បញ្ជូន​មក​តាម​ច្រក​ប៉ោយប៉ែត វិញ»
កន្លង​ទៅ​នេះ មេ​បញ្ជាការ​យោធា​ថៃ ធ្លាប់​បាន​ចោទ​ប្រកាន់​ជនជាតិ​ចាម នៅ​ក្នុង​ប្រទេស​កម្ពុជា ថា នាំ​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​គាំទ្រ​ដល់​ក្រុម​ឥស្លាម​ថៃ ដែល​កំពុង​នាំ​គ្នា​បះបោរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជាប់​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​ភ្លាមៗ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ទោះ​យ៉ាង​ណា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ដាក់​ក្នុង​រថយន្ត​ទ្រុង ដឹក​បញ្ជូន​មក​កម្ពុជា វិញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕

1 comment:

Anonymous said...

សូមកំច្រឡំឧ្យសោះថាចាមទាំងអស់ដែលរស់នឹងកើតនៅក្នុងប្រទេសកម្ពុជាមិនមែនសញ្ជាតិចាមទេ។ជនទាំងនេះមានសញ្ជាតិជាខ្មែរ។​ ម្យ៉ាងវិញទៀតយើងក៌មិនអាចថាជាតិចាមបានទេ ព្រោះនគរចាមបានរលាយបាត់បង់យូរយង់ទៅហើយ៕