ក្រុមគ្រួសារលោក ម៉ម សូណង់ដូ
កំពុងពិចារណាដាក់ពាក្យប្ដឹងទៅសាលាឧទ្ធរណ៍
ដើម្បីជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ
ដែលបានដាក់ទោសលោក ម៉ម សូណង់ដូ ឲ្យជាប់ពន្ធនាគារ ២០ឆ្នាំ
និងពិន័យប្រាក់ ១០លានរៀលនោះ។
ភរិយារបស់លោក ម៉ម សូណង់ដូ គឺអ្នកស្រី ឌិន ផាណារ៉ា បានឲ្យដឹងនៅ
ថ្ងៃទី១០ តុលា ថា
អ្នកស្រីកំពុងរៀបចំដាក់ពាក្យប្ដឹងបន្តទៅសាលាឧទ្ធរណ៍នៅពេលឆាប់ៗ
ដ៏ខ្លីខាងមុខនេះ
ប៉ុន្តែអ្នកស្រីនៅមិនទាន់ដឹងប្រាកដនៅឡើយចំពោះមេធាវីណាដែលត្រូវ
ទទួលយកស្វាមីអ្នកស្រីធ្វើកូនក្ដីការពារបន្តនោះ។
អ្នកស្រី ឌិន ផាណារ៉ា៖ «យើងត្រូវតែបន្ត
ប៉ុន្តែកំពុងពិភាក្សារឿងមេធាវីហ្នឹង។
អត់មានបញ្ហាទេយើងកំពុងពិភាក្សាអត់ដឹងមេធាវីណាមួយ។
យើងនៅតែបន្តអ៊ីចឹងយើងអត់បន្តម៉េចបាន
គេដាក់ម្ភៃឆ្នាំហើយត្រូវបដិសេធថា យើងអត់ទទួលបានទេ
ប៉ុន្តែអត់អាចបញ្ជាក់ថ្ងៃខែបាន។
សុខភាពអត់អីទេគាត់ច្រើនតែផ្ដាសាយ គាត់លេបថ្នាំក្ដៅខ្លួន
លេបវីតាមីនសេ អីបន្តិចៗទៅអត់អីទប់ទល់អ៊ីចឹងណា»។
ចំណែកប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក សុខ
សំអឿន ដែលជាមេធាវីការពារក្ដីឲ្យលោក ម៉ម សូណង់ដូ
នៅសាលាដំបូងរាជធានីភ្នំពេញ
លោកហាក់នៅមានភាពស្ទាក់ស្ទើរនៅឡើយចំពោះការបន្តការពារក្ដីឲ្យ
លោក ម៉ម សូណង់ដូ៖ «ឥឡូវមិនទាន់សម្រេចចិត្តថា នឹងបន្តទៀតទេ»។
កាលពីថ្ងៃទី០១ តុលា ឆ្នាំ២០១២ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ
បានប្រកាសសាលក្រមឲ្យ លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ
និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ
និងពិន័យប្រាក់ ១០លានរៀល ក្រោមបទចោទប្រកាន់ចំនួន៤
គឺបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ
បទធ្វើកុបកម្មជ្រៀតជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ
បទញុះញង់ឲ្យប្រជាពលរដ្ឋកាន់កាប់អាវុធខុសច្បាប់ និងទី៤
បទប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ដែលមានចែងក្នុងមាត្រាមួយចំនួន
នៃក្រមព្រហ្មទណ្ឌ។ ការសម្រេចនេះត្រូវបានអង្គការជាតិ អន្តរជាតិ
រិះគន់ និងចេញសេចក្ដីថ្លែងការណ៍ជំទាស់ភ្លាមៗ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ តុលា បានរលឹកចំពោះករណីលោក ម៉ម សូណង់ដូ ដែរ។
នៅក្នុងពិធីជួបសំណេះសំណាល
និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋនៅស្រុកឈូក ខេត្តកំពត លោក
ហ៊ុន សែន បាននិយាយបែបចំអកទៅកាន់អ្នកគាំទ្រលោក ម៉ម សូណង់ដូ
ថាបានបំពងសំឡេងដល់អ្នកដែលធ្វើខុសពីច្បាប់។
លោក ហ៊ុន សែន៖ «ដើម្បីរួចពីទោសទណ្ឌ
ត្រូវបង្កើតអង្គការក្រៅរដ្ឋាភិបាល ឬបង្កើតធ្វើអ្នកកាសែត
ឬធ្វើបក្សនយោបាយ អាហ្នឹងទោះបីទៅលួចគេ វាយគេបែកក្បាល
ក៏អត់មានរឿងដែរ។ ព្រោះតែយើងចាប់គេដាក់គុក គេថា
អាហ្នឹងបិទសិទ្ធិគេ...។ ដូចអាការកាត់ទោសកន្លងទៅនេះ
គេមិនមែនបិទវិទ្យុឯណា គេកាត់ហ្អែងទៅបង្កើតបំផុសបំផុល
ប្រឆាំងអាជ្ញាធរសាធារណៈនោះតើ អ៊ីចឹងបើចង់រួចទោសទណ្ឌ ឧបមាថា
អញចង់មិនស្រួលហើយទៅបង្កើតអង្គការក្រៅរដ្ឋាភិបាល
ដល់យើងចាប់មកផ្តន្ទាទោស អាហ្នឹងឆាប់រួចខ្លួន
ព្រោះស្រែកពីលិចស្រែកពីកើត។ នែវី! និយាយឲ្យច្បាស់
អ្នកឯងបក្សនយោបាយ ឬក៏ស្អី ខ្ញុំអត់ដឹងទេ
ថាធ្វើខុសច្បាប់គុកដូចតែគ្នា មិនថា បក្សនយោបាយ មិនថា
អង្គការក្រៅរដ្ឋាភិបាល មិនថានរណាទេ សូម្បីតែមន្ត្រីទាហាន ផ្កាយ២
ផ្កាយ៣ ទាហាន ប៉ូលិស ប៉េអិម ក៏ជាប់ទោសដូចតែគ្នា»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ
នៅតែរង់ចាំឃ្លាំមើលដំណើរការកាត់ក្ដីករណីលោក ម៉ម សូណង់ដូ
និងអ្នកភូមិមួយចំនួនជាបន្តទៀត ដោយសារតែពួកគេយល់ថា
ការផ្ដន្ទាទោសនេះគឺពាក់ព័ន្ធនឹងរឿងនយោបាយ៕
3 comments:
not gonna works, as his did bad things behind the doors
True, Hun Sen's kangaroo court will never release Sonando. The kangaroo court only punish good people and let bad and crooked people like Hun Sen free.
Ah Kwak Hun Sen said noone can get away from Ah Hun Sen justice jungle law, not even NGO, US, UN or even Obama in his Banana Kingdom.
That's why Ah Kwak Hun Sen always hide his ugly face when with world leaders, ashame of his past and ashame of being a stupid PM that didn't even finish 3 rd grade schooling.
Post a Comment