A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 11 September 2012

Civil society demand court takes an independent stand regarding Mam Sonando's case សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​តុលាការ​ឯករាជ្យ​ចំពោះ​ករណី​លោក ម៉ម សូណង់ដូ

ដោយ ទីន ហ្សាការីយ៉ា 
2012-09-10  RFA

នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​តុលាការ​នឹង​កំណត់​ជោគវាសនា​របស់​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ។

RFA/Sok Serey: Mam Sonando talked to reporters before he was arrested.
ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ FM 105 លោក ម៉ម សូណង់ដូ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ពី​គុក​ព្រៃ​ស កាល​ពី​អំឡុង​ឆ្នាំ​២០០៦។
ទោះ​បី​ជា​ពេល​នេះ​តុលាការ​មិន​ទាន់​វិនិច្ឆ័យ​ក្ដី​លោក ម៉ម សូណង់ដូ ក៏ដោយ ប៉ុន្តែ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​វិភាគ​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ វា​មិន​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​នោះ​ទេ ពិសេស​វា​មិន​ចំណេញ​អ្វី​ទេ​នៅ​លើ​ឆាក​អន្តរជាតិ។
សំណុំ​រឿង​លោក ម៉ម សូណង់ដូ កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​ដែល​សាធារណជន​ជាតិ និង​អន្តរជាតិ ទន្ទឹង​រង់ចាំ​មើល​ការ​ជំនុំជម្រះ​ក្ដី ឬ​ការ​វិនិច្ឆ័យ​របស់​តុលាការ ថា​តើ​តុលាការ​នឹង​បើក​ការ​ជំនុំជម្រះ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឯករាជ្យ ឬ​តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​នយោបាយ?
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ករណី​លោក ម៉ម សូណង់ដូ គឺ​ជា​រូបភាព​មួយ​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា ជា​រឿង​នយោបាយ មិន​មែន​ពាក់ព័ន្ធ​ដូច​ទៅ​នឹង​តុលាការ​បាន​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រួប​លោក ​នោះ​ទេ។ ម្យ៉ាង​ទៀត ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ វា​មិន​មាន​ចំណេញ​អ្វី​​សម្រាប់​សង្គម​កម្ពុជា ពិសេស​ទៅ​ទៀត​នោះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​កម្ពុជា វិញ​ទេ នៅ​លើ​ឆាក​អន្តរជាតិ នៅ​ពេល​កម្ពុជា កំពុង​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ។
អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច​គ្រប់គ្រាន់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​របប​ប្រជាធិបតេយ្យ មិន​មាន​បញ្ហា​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​នោះ​ទេ។
អ្នកស្រី ជា វណ្ណាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​ដែល​ចាត់​ការ​ទៅ​លើ​រូប​លោក ម៉ម សូណង់ដូ ខណៈ​ខ្លួន​កំពុង​មាន​តួនាទី​សំខាន់​ក្នុង​តំបន់​អាស៊ាន​នោះ។
សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ កាល​ពី​ថ្ងៃ​ទី​១៦ កក្កដា ចំនួន ៤​បទ​ចោទ រួម​មាន៖ ចូល​រួម​ក្នុង​ចលនា​បះបោរ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​អាវុធ​ប្រឆាំង​អាជ្ញាធរ​ខុស​ច្បាប់ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ។
សាលា​ដំបូង​រាជធានីភ្នំពេញ នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ កញ្ញា។ ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា លោក ម៉ម សូណង់ដូ មាន​ទោស​ដូច​ការ​ចោទ​ប្រកាន់​នេះ លោក​នឹង​ជាប់​ទោស​ប្រមាណ ៣០​ឆ្នាំ។
ទាក់ទង​ទៅ​នឹង​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ​កាល​ពី​ខែ​សីហា ថា ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ។
ករណី​នេះ​បង្ហាញ​យ៉ាង​ច្បាស់​អំពី​កង្វះ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា លំហ​សម្រាប់​ការ​បញ្ចេញ​មតិ​ដោយ​សេរី​កាន់​តែ​រួញ​ខើច​ទៅៗ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដោយ​ខុស​ឆ្គង​ក្នុង​ការ​បំបិទ​សំឡេង​ អ្នក​ប្រជាធិបតេយ្យ។
សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវ​បាន​ធានា​ចំពោះ​ពលរដ្ឋ​កម្ពុជា គ្រប់​រូប ក្រោម​មាត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា ១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​នៅ​ក្នុង​ឆ្នាំ​១៩៩២។
ដោយ​ឡែក​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​អះអាង​ថា ទង្វើ​របស់​រដ្ឋាភិបាល​ចាត់​ការ​ទៅ​លើ​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ គឺ​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ពីព្រោះ​ថា ទោះ​បី​ជា​សព្វថ្ងៃ​លោក ម៉ម សូណង់ដូ ជា​អ្នក​សារព័ត៌មាន​មួយ​រូប​ក្ដី ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​បង្កើត​គណបក្ស​មួយ ក្រោយ​មក​ក៏​បង្កើត​សមាគម​អ្នក​ប្រជាធិបតេយ្យ។មន្ត្រី​ស៊ើបអង្កេត​ជាន់​ ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​រៀបរាប់​ថា រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពីព្រោះ​លោក​ជា​មនុស្ស​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ចំៗ​ឥត​សំចៃ​មាត់ អំពី​ទង្វើ​ខុសឆ្គង​របស់​រដ្ឋាភិបាល។ ពិសេស​ទៅ​ទៀត​នោះ រដ្ឋាភិបាល​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពីព្រោះ​ខ្លាច​លោក​ទៅ​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង​ទាំងពីរ ដែល​ទើប​រួបរួម​គ្នា​នោះ។
លោក អំ សំអាត បញ្ជាក់​ថា ការ​ចោទប្រកាន់​លោក ម៉ម សំណង់ដូ ទាក់ទង​នឹង​រឿង​ធ្វើ​អបគមន៍​នេះ ជា​រឿង​មិន​សម​ហេតុផល​នោះ​ឡើយ។
ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ​ទៀត គឺ​ជាប់​ទាក់ទង​ទៅ​នឹង​រឿង​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​មួយ នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ខែត្រ​ក្រចេះ។ នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា រដ្ឋាភិបាល​បាន​បញ្ជូន​កងកម្លាំង​រាប់​រយ​នាក់ ទៅ​បង្ក្រាប​ប្រជាពលរដ្ឋ បណ្ដេញ​ចេញ​ពី​លំនៅឋាន តែ​រដ្ឋាភិបាល​អះអាង​ថា កម្លាំង​រដ្ឋាភិបាល​ចុះ​ទៅ​បង្ក្រាប​ក្រុម​របស់​លោក ប៊ុន រដ្ឋា ដែល​មាន​បំណង​ចង់​បង្កើត​រដ្ឋ​ក្នុង​រដ្ឋ រហូត​ដល់​កងកម្លាំង​បាញ់​សម្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ហេង ចន្ថា។
ទាក់ទង​ទៅ​នឹង​ករណី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា អំពាវនាវ​ឲ្យ​ក្រុម​របស់​លោក ប៊ុន រដ្ឋា ឲ្យ​ចូល​ខ្លួន​មក​សារភាព​ជា​ថ្នូរ​នឹង​ការ​លើក​លែង​ទោស។
ឆ្លើយតប​ទៅ​នឹង​ករណី​នេះ លោក អំ សំអាត បាន​សំដែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ឯករាជ្យ​របស់​ សាក្សី​នៅ​ក្នុង​សវនាការ​លើ​សំណុំរឿង​លោក ម៉ម សូណង់ដូ នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា នេះ ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ជន​ជាប់ចោទ​ចូល​ខ្លួន​មក​សារភាព ហើយ​ឲ្យ​ធ្វើ​ជា​សាក្សី​វិញ​នោះ។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​អ្នកភូមិ​ប្រម៉ា​នេះ លោក​អះអាង​ថា ជា​សារ​ព្រមាន​ប្រជាពលរដ្ឋ​នៅ​តំបន់​ផ្សេង​ទៀត ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ដែល​ជា​រឿង​ក្ដៅ​គគុក​មួយ​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ខ្លួន​មិនបាន​ដោះស្រាយ​បាន​សមរម្យ​នោះ។
បន្ថែម​ពី​លើ​នេះ​ទៀត ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នៅ​ក្រោយ​ពេល​វិទ្យុ​សំបុកឃ្មុំ បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​របស់​លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​ចោទប្រកាន់​រដ្ឋាភិបាល​ថា ជាប់​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​លោក សួន សេរីរដ្ឋា បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ការិយាល័យ​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ។
នៅ​មាន​ហេតុផល​ជាច្រើន​ទៀត ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកវិភាគ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​វាសនា​របស់​លោក ម៉ម សូណង់ដូ និង​ទាមទារ​ជា​ចាំបាច់​អំពី​ឯករាជ្យ​ភាព​របស់​តុលាការ​កម្ពុជា។ មាត្រា ១០៩ និង ១១១ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា ត្រូវ​ឯករាជ្យ និង​នៅ​ដាច់​ដោយឡែក​ពី​ប្រព័ន្ធ​នីតិប្រតិបត្តិ។
ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ចាប់​ខ្លួន លោក ម៉ម សូណង់ដូ បន្ទាប់​មក​ក៏​មាន​ដីកា​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​បរទេស​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
ការ​ចាប់​ខ្លួន​នេះ​ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​អះអាង​ថា នេះ​ជា​ការ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កាតព្វកិច្ច​នៃ​ការ​បែង​ចែក​អំណាច រវាង​អង្គ​នីតិប្រតិបត្តិ និង​តុលាការ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូចជា​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ មិន​ត្រូវ​បាន​ប្រទេស​កម្ពុជា​គោរព​នោះ​ទេ។
លោក ម៉ម សូណង់ដូ ធ្លាប់​បាន​ជាប់ពន្ធនាគារ​ចំនួន​ពីរ​ដង​រួច​មក​ហើយ គឺ​លើក​ទី​១ កាល​ពី​ឆ្នាំ​២០០៣ លោក​ជាប់​ពន្ធនាគារ​ចំនួន​ពីរ​សប្ដាហ៍។ នៅ​ក្នុង​ឆ្នាំ​២០០៥ លោក​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​គុក ចំនួន ៣​ខែ ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់ បន្ទាប់ពី​លោក​បាន​ចាក់​បទសម្ភាសន៍​របស់​លោក​ជាមួយ​ លោក ស៊ាង ប៉ែងសែ អំពី​សន្ធិសញ្ញា​បោះ​បង្គោល​ព្រំដែន​ទ្វេភាគី​មួយ ដែល​រដ្ឋាភិបាល​គ្រោង​ធ្វើ​ជាមួយ​ប្រទេស​វៀតណាម។
ក្រុម​អ្នក​វិភាគ និង​សាធារណជន​នឹង​រង់ចាំ​មើល​ទៀត​ថា តើ​តុលាការ​នឹង​រក​យុត្តិធម៌​ជូន​លោក​ដែរ​ទេ នៅ​ថ្ងៃ​បើក​សវនាការ​ជំនុំជម្រះក្ដី​ថ្ងៃ​ទី​១១ ខែ​កញ្ញា​នេះ?
ក្រុម​អ្នកវិភាគ​ព្រួយបារម្ភ​ថា បើ​សិន​ជា​តុលាការ​មិន​ឯករាជ្យ​កាត់​ទោស​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ទោស​នោះ ស្ថានីយ​វិទ្យុ​សំបុកឃ្មុំ​របស់​លោក​ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថវិកា​ដើម្បី​ ឲ្យ​ដំណើរការ​ដែរ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ថា លោក​មិន​បិទ​វិទ្យុ​សំបុកឃ្មុំ​ក៏ដោយ ពីព្រោះ​ថា លោក ម៉ម សូណង់ដូ ជា​ស្ថាបនិក និង​ជា​អ្នក​រក​ថវិកា​ផ្គត់ផ្គង់​វិទ្យុ​របស់​លោក​ដ៏​សំខាន់ ដែល​គេ​ចាត់​ទុក​ថា ជា​វិទ្យុ​ឯករាជ្យ​នោះ៕

1 comment:

Anonymous said...

Until now there is enough time to buy the witnesses for the testimony against Mam Sonando.