លោក ហ៊ុន សែន ឆ្លើយបំភ្លឺពីព្រំដែននិងការដោះដូរទឹកដីជាមួយវៀតណាម
ដោយ សុខ សេរី 2012-08-09 Radio Free Asia
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានមកឆ្លើយបំភ្លឺលើបញ្ហាបោះបង្គោលព្រំដែន និងការដោះដូរភូមិមួយចំនួននៅតាមព្រំដែន រវាងប្រទេសកម្ពុជា និងវៀតណាម ដែលគ្រោងធ្វើនាពេលខាងមុខនេះ។
ការឆ្លើយបំភ្លឺនេះ គឺលោក ហ៊ុន សែន
បានចំណាយរយៈពេល៦ម៉ោងនៅក្នុងសភាជាតិ
ដោយមានការបញ្ចាំងបង្ហាញរូបភាពផែនទីដែនទឹក
និងដែនគោករវាងប្រទេសទាំងពីរ
ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគម និងរបបលោកសេនាប្រមុខ លន់
នល់។
នៅមុនលោកនាយករដ្ឋមន្ត្រីចាប់ផ្ដើមឆ្លើយបំភ្លឺនោះ
ប្រធានសភាជាតិលោក ហេង សំរិន បានប្រកាសព្រមានថា
វេទិកានេះមិនមែនជាវេទិកាសួរដេញដោលទេ
ហើយក៏មិនមែនជាការបោះឆ្នោតដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា
ផែនការដោះដូរភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច នៅស្រុកពញាក្រែក
ខេត្តកំពង់ចាម ជាមួយប្រទេសវៀតណាម ខាងមុខនេះ
គឺមិនធ្វើឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដី
ដូចការចោទប្រកាន់របស់គណបក្ស សម រង្ស៊ី កន្លងមកនោះទេ។
រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកកំពុងតែអនុវត្តតាមសន្ធិសញ្ញា
បំពេញបន្ថែម ឆ្នាំ២០០៥ កន្លងទៅនេះ
ដែលបានផ្អែកលើគោលការណ៍ច្បាប់ជាតិ និងអន្តរជាតិ
យោងតាមផែនទីដែលបានតម្កល់ទុកនៅឯអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤
កន្លងមក។
ផ្ទៃដីសរុបដែលកម្ពុជាបានឡូយចូលប្រទេសវៀតណាម គឺមានចំនួន
៩១៦ហិកតារ ចំណែកឯផ្ទៃដីសរុបដែលវៀតណាមឡូយចូលកម្ពុជា គឺមានចំនួន
២.១៦០ហិកតារ។ ដូច្នេះហើយ កម្ពុជា និងវៀតណាម
ចាំបាច់ត្រូវតែដោះដូរភូមិ ឬកាត់ដីមួយចំនួន
ដើម្បីទូទាត់ឲ្យស្មើគ្នានាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ដោយសម្ដីធ្ងន់ៗ
និងម៉ឺងម៉ាត់ថា ការចោទប្រកាន់របស់គណបក្ស សម រង្ស៊ី កន្លងមកថា
លោកជាជនក្បត់ជាតិ និងលក់ទឹកដីឲ្យវៀតណាម នោះ គឺធ្ងន់ធ្ងរណាស់
ដែលចាំបាច់ឲ្យលោកចេញមុខមកបកស្រាយឲ្យបានដឹងឭជាសាធារណៈ៖ «រដ្ឋាភិបាល
នៃប្រទេសទាំងពីរ បានឯកភាពគ្នាធ្វើអនុសារណៈនៃការយោគយល់គ្នាមួយ
ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ ស្ដីពីការកែសម្រួលខ្សែព្រំដែនគោក
នៅតំបន់ដែលនៅសេសសល់មួយចំនួន។
ក្រុមជំនាញចម្រុះនឹងត្រូវចុះសិក្សាលំអិតមុននឹងការដោះដូរគ្នា
ស្មើទៅស្មើមក ទៅតាមលក្ខណៈភូមិសាស្ត្រ និងស្ថានភាពដី
ដោយយកខ្សែគូសចម្លងពីផែនទីខ្នាត ១លើ១០០ពាន់
របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន មកលើផែនទី UTM ធ្វើជាគោល
ស្របតាមការអនុញ្ញាតិនៃសន្ធិសញ្ញាបំពេញបន្ថែម។
គោលការណ៍សំខាន់នៅទីនេះ គឺធានាឲ្យបានដាច់ខាតថា
កម្ពុជានឹងមិនខាតបង់ ឬបាត់បង់ដីឡើយ
សូម្បីតែមួយម៉ែត្រក្រឡាក៏ដោយ។ វាជាការដោះដូរស្មើទៅស្មើមក
ពោលគឺមួយហិកតារទៅ គឺត្រូវបានមួយហិកតារមកវិញ»។
លោកមិនបានឲ្យដឹងនៅឡើយទេថា តើផែនការដោះដូរភូមិអន្លង់ជ្រៃ
និងភូមិថ្លុកត្រាច នោះ និងការកាត់ទូទាត់ទឹកដីជាមួយប្រទេសវៀតណាម
នោះ នឹងចាប់ផ្ដើមនៅពេលណាទេ។
ទាក់ទងនឹងការឆ្លើយបំភ្លឺយ៉ាងវែង និងពិស្ដារនេះ
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ
បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា
លោកមិនធានាថាចម្លើយនេះត្រូវបានពេញចិត្ត ឬពេញលេញនៅឡើយទេ
ដោយសារតែលោកមិនមានឱកាសសាកសួរដេញដោលចំណុចសង្ស័យមួយចំនួន
ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បញ្ហាបាត់បង់ភូមិនេះ
មិនមែនជារឿងលេងសើចទេ ហើយមិនមែនជារឿងប្រឌិតនោះដែរ។
ថ្ងៃនេះយើងសូមកោតសរសើរនាយករដ្ឋមន្ត្រី
ដែលបានបង្ហាញអំពីទីតាំងដែលបាត់បង់មែន។ ដីមួយចំនួន
នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា
មិនទាន់បានផ្តល់ពីវៀតណាមមកវិញនៅឡើយទេ
ដោយមានការដោះដូរជានយោបាយដោះដូរហ្នឹង។
ដូច្នេះវាអត់មានជារឿងអីជាការប្រឌិត ចោទប្រកាន់ខុសទេ»។
របាយការណ៍ជាផ្លូវការអានដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានឲ្យដឹងថា នៅក្នុងចំណោមដីដែលកម្ពុជាឡូយចូលប្រទេសវៀតណាម
សរុបចំនួន ៩១៦ហិកតារ និងវៀតណាមឡូយចូលមកប្រទេសកម្ពុជា សរុបចំនួន
២.១៦០ហិកតារនោះ គឺមាននៅខេត្តកំពង់ចាម កម្ពុជាឡូយចូលវៀតណាម
ចំនួន៣៨៥ហិកតារ និងវៀតណាម ឡូយចូលកម្ពុជា ចំនួន៨២៥ហិកតារ។
នៅខេត្តស្វាយរៀង កម្ពុជាឡូយចូលវៀតណាម ចំនួន២៨៩ហិកតារ
និងវៀតណាមឡូយចូលកម្ពុជា ចំនួន១.១០០ហិកតារ។ នៅខេត្តព្រៃវែង
កម្ពុជាឡូយចូលវៀតណាម ចំនួន៥៤ហិកតារ និងវៀតណាមឡូយចូលកម្ពុជា
ចំនួនជាង៣០ហិកតារ។
នៅខេត្តតាកែវ កម្ពុជាឡូយចូលវៀតណាម ចំនួនជាង១៥៩ហិកតារ
និងវៀតណាមឡូយចូលកម្ពុជា ចំនួនជាង១៥១ហិកតារ។ នៅខេត្តកំពត
កម្ពុជាឡូយចូលវៀតណាម ចំនួនជាង២៩ហិកតារ និងវៀតណាមឡូយចូលកម្ពុជា
ចំនួន៥៣ហិកតារ។
ខេត្តដែលកម្ពុជា និងវៀតណាម បានឯកភាពដោះដូរទឹកដីខាងមុខនេះ
មានដូចជាខេត្តកំពង់ចាម ខេត្តកំពត និងខេត្តតាកែវ ជាដើម។
ចំណែកឯខេត្តស្វាយរៀង និងខេត្តមួយចំនួនទៀត
កំពុងតែស្ថិតក្នុងការចរចាគ្នានៅឡើយ៕
No comments:
Post a Comment