ដោយ អ៊ុក សាវបូរី
2012-07-07 Radio Free Asia
ពិធីតែងតាំងក្រុមប្រឹក្សាឃុំ ចូលកាន់តំណែង
ឬហៅថាការប្រកាសសុពលភាពក្រុមប្រឹក្សា នៅឃុំធ្លក ស្រុកទ្រាំង
ខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ត្រូវជំទប់ឃុំ
មកពីគណបក្ស សម រង្ស៊ី បដិសេធក្នុងការចូលរួម។
លោក ស៊ិន សារឿន ជាជំទប់ទី២ ឃុំធ្លក ឲ្យដឹងថា
បានជាគាត់បដិសេធក្នុងការចូលរួមការតែងតាំងនោះ
ពីព្រោះមន្ត្រីរបស់រាជរដ្ឋាភិបាល ធ្វើការនៅស្រុកទ្រាំង
ដែលចុះមកតែងតាំងពួកគាត់ ៩នាក់ ឲ្យចូលកាន់តំណែងនៅឃុំធ្លក
នាថ្ងៃសៅរ៍ ទី៧ ខែកក្កដា បានយកទីស្នាក់ការគណបក្សប្រជាជនកម្ពុជា
ដើម្បីប្រារឰពិធីប្រកាសតែងតាំង។
លោកថា ទីតាំងសាលាឃុំមាន
ដូច្នេះពិធីនេះគួរតែប្រារព្ធធ្វើនៅក្នុងសាលាឃុំ
មិនគួរយកទីស្នាក់ការគណបក្សនយោបាយផ្សេងប្រារព្ធទេ៖ «ព្រោះខ្ញុំ
យល់ថា ប្រហែលជាកេងចំណេញហើយ។ ព្រោះនៅក្នុងសាលាឃុំយើង
ខ្ញុំធ្លាប់ធ្វើការកន្លងមកនៅអាណត្តិទី២
ខ្ញុំជាសមាជិកក្រុមប្រឹក្សា យើងប្រជុំមួយភូមិ ប្រចាំខែ
ឲ្យមេភូមិមក បីៗនាក់ យើងគុណទៅ ១៨ភូមិ
ម៉េចក៏យើងអង្គុយមិនចង្អៀតផង ម៉េចក៏ថ្ងៃនេះ
មនុស្សមិនច្រើនដូចប្រជុំផង ម៉េចក៏ចាំបាច់ទៅប្រកាសសុពលភាព
នៅទីស្នាក់ការគណបក្សប្រជាជននោះ»។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព
នីថា ថ្លែងថា ការប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលជាប់ឆ្នោតថ្មី ជាតួនាទីរបស់មន្ត្រីក្រសួងមហាផ្ទៃ។ ចំពោះទីតាំង
និងកន្លែងប្រារព្ធពិធី ក៏មន្ត្រីក្រសួងមហាផ្ទៃដែរជាអ្នកចាត់ចែង
គឺហួសសមត្ថភាពរបស់ គ.ជ.ប ហើយ។
អតីតមេឃុំធ្លក បច្ចុប្បន្នជាក្រុមប្រឹក្សាឃុំធ្លក
មកពីគណបក្សប្រជាជនកម្ពុជា អ្នកស្រី ហេង សុគន្ធារី ថ្លែងថា
អគារដែលអាជ្ញាធរស្រុកទ្រាំង មកប្រកាសតែងតាំងពួកគាត់នោះ
ជាអគារធម្មតា មិនមែនជាអគាររបស់គណបក្សណាមួយទេ។
បើយកទីតាំងសាលាឃុំ ប្រារព្ធពិធីប្រកាសតែងតាំង វាតូចចង្អៀត
និងចាស់ទ្រុឌទ្រោម៖ «ការដែលធ្វើនេះ
យើងអត់មានរូបសញ្ញាអីសម្គាល់ទេ គឺជាអគារមួយដែល ស ស្អាត
តែប៉ុណ្ណឹងទេ។ គឺមានតែអគារទេ អត់មានសញ្ញាគណបក្សមួយទេ»។
ជំទប់ទី១ ឃុំធ្លក មកពីគណបក្ស សិទ្ធមនុស្ស លោក មុំ ប្រុស
ដែលទើបជាប់ឆ្នោតលើកដំបូងនោះ ថ្លែងថា
គាត់បានចូលរួមទទួលការតែងតាំងនៅក្នុងទីតាំងគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃសៅរ៍។ ព្រោះមន្ត្រីមកប្រកាសនោះប្រាប់ថា
គ្មានប្រាក់សម្រាប់ជួលរោង ដើម្បីប្រារព្ធពិធីប្រកាសតែងតាំងទេ។
លោកបន្តថា នៅពេលដឹងថាជាទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា
ពីដំបូងគាត់ក៏បដិសេធដែរ ប៉ុន្តែគេថា
គ្រាន់តែខ្ចីទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីទេ
រីឯស្លាកសញ្ញាគណបក្ស
គេនឹងបិទក្រណាត់មិនឲ្យឃើញឈ្មោះគណបក្សនោះឡើយ៖ «ព្រោះកន្លែង
នេះ ជាទីតាំងរបស់គណបក្សនយោបាយរបស់គណបក្សកាន់អំណាច
គណបក្សប្រជាជនតែម្តង។ ហើយខ្ញុំក៏ពិចារណាទៅថា
ចុះកន្លែងនេះជាទីតាំងរបស់គណបក្ស
ហេតុអីបានជាយកទៅប្រកាសសុពលភាពនៅកន្លែងហ្នឹង? គាត់ថា
មកពីខ្វះថវិកាជួលរោង។ ប៉ុន្តែគាត់បានបិទស្លាករបស់គណបក្ស
យកក្រណាត់ទៅរុំបិទ មិនឲ្យគណបក្សនយោបាយដទៃឃើញទេ។
ហើយខ្ញុំមិនប្រកាន់អីទេ បើគេហៅទៅចូលរួម
ក៏ទៅចូលរួមទទួលនឹងគេទៅ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកទ្រាំង ជំរាបសួរព័ត៌មាននេះបានទេ នៅថ្ងៃសៅរ៍ ទី០៧ ខែកក្កដា។
ក្រុមប្រឹក្សាឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ
ដែលរៀបចំចូលកាន់តំណែងអាណត្តិទី៣ មានចំនួន ៩រូប គឺ៧រូប
មកពីគណបក្សប្រជាជនកម្ពុជា ១រូប មកពីគណបក្ស សិទ្ធមនុស្ស និង១រូប
មកពីគណបក្ស សម រង្ស៊ី៕
No comments:
Post a Comment