បក្សសមរង្ស៊ីត្រៀមធ្វើពិធីរំឭកវិញ្ញាណក្ខន្ធអ្នកស្លាប់នៅថ្ងៃ៥-៦ កក្កដា
ដោយ ដែន អយុធ្យា
2012-07-05 Radio free Asia
គណបក្ស សម រង្ស៊ី
ត្រៀមរៀបចំពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុង
ព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
ប៉ុន្តែបែរជាគណបក្សហ៊្វុនស៊ិនប៉ិច
ដែលជាតួអង្គសំខាន់ក្នុងហេតុការណ៍នេះមិនមានរៀបចំពិធីអ្វីនោះទេ។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្ស សម រង្ស៊ី មានប្រសាសន៍ថា
នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកក្កដា នាទីស្នាក់ការថ្មីគណបក្ស សម រង្ស៊ី
ខណ្ឌមានជ័យ មានប្រារព្ធពិធីបុណ្យបង្សុកូល
និងរាប់បាត្រព្រះសង្ឃចំនួន ២០អង្គ
ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងព្រឹត្តិការបង្ហូរឈាម
ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧។
ការរៀបចំពិធីបុណ្យនេះ លោក យឹម សុវណ្ណ បញ្ជាក់ថា
មិនមែនដើម្បីកេងចំណេញនយោបាយដូចមេដឹកនាំគណបក្សខ្លះលើកឡើងនោះទេ
ប៉ុន្តែជាការដឹងគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុង
បុព្វហេតុការពារជាតិមាតុភូមិ។
លោក យឹម សុវណ្ណ បន្ថែម៖ «អ្នកដែលបានជាប់ពាក់ព័ន្ធក្នុងថ្ងៃ
រដ្ឋប្រហារត្រូវតែទទួលខុសត្រូវចំពោះអាយុជីវិតនៃកងទ័ពរបស់យើង
ដែលបានបាត់បង់ជីវិតក្នុងថ្ងៃទាំងអស់នោះ។
ហើយធ្វើយ៉ាងម៉េចជៀសវាងកុំឲ្យមានការប្រព្រឹត្តអំពើហិង្សាបែបនេះ
ទៀតក្នុងពេលអនាគត។
យើងមិនត្រូវអនុញ្ញាតឲ្យមានវប្បធម៌គ្មានទោសពៃរ៍នៃការកាប់
សម្លាប់គ្នាចេះតែប្រព្រឹត្តទៅក្នុងសង្គមខ្មែរ
ហើយវប្បធម៌គ្មានទោសពៃរ៍នេះ
បានផ្ដល់នូវផលវិបាកគ្មានទីបញ្ចប់រហូតមកទល់បច្ចុប្បន្ននេះ
ក៏នៅតែមានអ្នកដែលប្រើប្រាស់អំពើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋ
អ្នកស្លូតត្រង់។ អ្នកទាំងអស់នោះក៏មិនទាន់បានទទួលខុសត្រូវ
ហើយក៏មិនទាន់ទទួលទោសទណ្ឌទៅតាមច្បាប់នោះទេ»។
ក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧
បានបង្កឡើងដោយ គណបក្សហ៊្វុនស៊ិនប៉ិច
គ្រានោះដឹកនាំដោយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
បានប៉ះទង្គិចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា។
ទោះយ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះសាធារណជនបានកត់សម្គាល់ថា
មេដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច
មិនបានរៀបចំពិធីបុណ្យរំលឹកខួបព្រឹត្តិការណ៍ផ្ទុះអាវុធ
ថ្ងៃទី៥-៦ ខែកក្កដា
ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងហេតុការណ៍នោះទេ។
ត្រង់ចំណុចនេះ លោក ញឹក ប៊ុនឆៃ
ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា
រូបលោកមិនបានបំភ្លេចចោលជនរងគ្រោះក្នុងព្រឹត្តិការណ៍ផ្ទុះអាវុធ
ថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ ទេ
ប៉ុន្តែបានយកពិធីបុណ្យនេះរៀបចំក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌជំនួស
វិញ។
លោក ញឹក ប៊ុនឆៃ ឲ្យដឹងដូច្នេះ៖ «រាល់ឆ្នាំយើងធ្វើនៅថ្ងៃបុណ្យ
ភ្ជុំបិណ្ឌ
ព្រោះគណៈកម្មាធិការនាយកបានយកពេលបុណ្យភ្ជុំបិណ្ឌធ្វើបុណ្យឧទ្ទិស
កុសលជូនអ្នកដែលបានស្លាប់ទាំងអស់ មិនមែនតែថ្ងៃ៥-៦ កក្កដា ទេ
គឺទាំងអ្នកតស៊ូតាំងពីស្លាប់នៅឆ្នាំ១៩៩៣ ទាំងអស់។
បើយើងធ្វើទៀតគឺច្រើនដងពេក
ដូច្នេះគណៈកម្មការនាយកបានកំណត់យកពេលបុណ្យភ្ជុំបិណ្ឌយកទៅធ្វើ
ពិធីនោះ ដែលស្របតាមប្រពៃណីរបស់ខ្មែរយើងផង។
ដូច្នេះបានជាយើងសម្រេចយកថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីប្រារព្ធពិធី
នេះ»។
ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៥-៦ កក្កដា
រវាងកម្លាំងស្មោះត្រង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ
ដែលគ្រានោះព្រះអង្គជានាយករដ្ឋមន្ត្រីទី១ និងកម្លាំងគាំទ្រលោក
ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ បានសម្លាប់មនុស្សរាប់រយនាក់។
គិតមកដល់ពេលនេះ ព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧
មានរយៈពេល ១៥ឆ្នាំទៅហើយ
ប៉ុន្តែមិនមានអ្នកនយោបាយណាម្នាក់ចេញមុខទទួលខុសត្រូវចំពោះ
កំហុសឆ្គង ឬទង្វើរបស់ខ្លួននោះទេ
ហើយគ្រួសារជនរងគ្រោះមិនបានទទួលយុត្តិធម៌នោះទេ៕
No comments:
Post a Comment