ប្រវត្តិនៃឈ្មោះខេត្តពោធិ៍សាត់
ដោយ ជិន ជេដ្ឋា
2016-05-31

រូបសំណាកផ្ដិលធ្វើអំពីថ្មកែវ ជានិមិត្តរូបនៃខេត្តពោធិ៍សាត់។
RFA/Chin Chetha
"ពោធិ៍សាត់" គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២.៦៩២ម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។ បច្ចុប្បន្ននៅមានពលរដ្ឋមួយចំនួនលំបាកក្នុងការកំណត់យកនិយមន័យនៃអត្តសញ្ញាណរបស់ខេត្តពោធិ៍សាត់ និងការសរសេរឈ្មោះខេត្តមួយនេះឲ្យបានត្រឹមត្រូវ។
តើខេត្តពោធិ៍សាត់ មានប្រវត្តិបែបណា?
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានលើកយកឯកសារសម្អាងចំនួនពីរក្នុងការឲ្យនិយមន័យ និងសរសេរឈ្មោះខេត្តពោធិ៍សាត់ គឺទីមួយវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត និងទីពីរ សៀវភៅកម្ពុជសុរិយា ដែលបោះពុម្ពនៅឆ្នាំ២០០៣។ យោងតាមឯកសារទាំងពីរនេះបញ្ជាក់ថា ពាក្យ "ពោធិ៍សាត់ (Pursat)" គឺជាពាក្យត្រឹមត្រូវរបស់ខេត្តនេះ មិនមែន "ពោធិសាត់ (Podhisat)" នោះទេ។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡាច ផេងលី មានប្រសាសន៍ថា ការឲ្យនិយមន័យ និងសរសេរឈ្មោះខេត្តពោធិ៍សាត់ ខុស គឺជាកំហុសមួយត្រូវកែប្រែជាបន្ទាន់ដើម្បីកុំឲ្យក្មេងជំនាន់ក្រោយៗភ័ន្តច្រឡំ។ លោកនឹងព្យាយាមកែតម្រូវមិនឲ្យមានការសរសេរឈ្មោះ ឬឲ្យនិយមន័យពីរបីទាក់ទងនឹងខេត្តពោធិ៍សាត់ ស្រេចតែមនុស្សនឹកឃើញនោះទេ ដោយរាប់ទាំងការសរសេរនៅលើស្លាកលេខម៉ូតូជាដើម៖ «អ៊ីចឹងឈ្មោះខេត្តពោធិ៍សាត់ មិនមែនជាពាក្យអាទិទេពអីទេ គឺដកស្រង់ចេញពីបាលីមក ពោធិ៍ ឈ្មោះដើមពោធិ៍ ពោធិ៍ហ្នឹងរសាត់ អ៊ីចឹងពាក្យហ្នឹងគេអានពីរម៉ាត់ គឺពោធិ៍សាត់។ បច្ចុប្បន្នដែលសរសេរផ្លូវការនៅក្នុងផែនទីគេដាក់ PURSAT ពាក្យហ្នឹងត្រឹមត្រូវ តែបើនរណាពោធិ ខុសហើយ។ អ៊ីចឹងស្លាកលេខម៉ូតូនៅថ្ងៃអនាគត មន្ទីរវប្បធម៌នឹងស្នើទៅក្រសួងសាធារណការ និងដឹកជញ្ជូន សូមឲ្យកែតម្រូវឡើងវិញ»។