ដោយ៖ ពេជ្រ សុធារី | ថ្ងៃអង្គារ ទី18 ខែមិនា ឆ្នាំ2014 | VOD
ការជួបពិភាក្សាការងារ រវាងលោក សម រង្ស៊ី និងសមាជិកព្រឹទ្ធសភាអូស្ត្រាលី(រូបភាពពី៖facebookpage)
ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែមីនានេះ បានជួបពិភាក្សាការងារជាមួយសមាជិកព្រឹទ្ធសភាអូស្ត្រាលី មកពីគណបក្សបៃតង នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៨ ខែមីនានេះ បានឲ្យដឹងថា នៅម៉ោង១១ព្រឹក (ម៉ោងនៅប្រទេសអូស្ត្រាលី) នេះ លោក និងសហការី បានជួបពិភាក្សាការងារជាមួយ លោកស្រី Christine Milne សមាជិកព្រឹទ្ធសភាអូស្ត្រាលី មកពីគណបក្សបៃតង។
លោកសម រង្ស៊ី បានស្រង់សម្តីលោកស្រីព្រឹទ្ធសមាជិកថា លោកស្រីនឹងជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់គំនាបលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត នាពេលកន្លងមក។
លោក សម រង្ស៊ី បន្តថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារនេះ លោកស្រីព្រឹទ្ធសមាជិក Christine Milne នឹងធ្វើសន្និសីទសារព័ត៌មាននៅវិមានសភាអូស្ត្រាលី និយាយពីបញ្ហាកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរយៈពេលពីរសប្តាហ៍នេះលោក សម រង្ស៊ី ក៏នឹងជួបពិភាក្សាការងារជាមួយ លោកស្រី Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្រា្តលី នៅថ្ងៃទី ១៩ ខែមីនា ស្អែកនេះ។
ក្រៅពីនោះ លោកក៏នឹងជួបពិភាក្សាការងារជាមួយសមាជិកគណៈកម្មាធិការពហុបក្សនៃសភាអូស្ត្រាលី ទទួលបន្ទុកកិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្ម លោក Chris Hayes ប្រធានក្រុមអ្នកតំណាងរាស្ត្រនៃគណបក្សប្រឆាំង លោកស្រី Tanya Plibersek អនុប្រធានគណបក្សប្រឆាំង និងជារដ្ឋមន្ត្រីស្រមោលទទួលបន្ទុកកិច្ចការបរទេស និងសមាជិកសភាជាតិដទៃទៀតផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែល បន្តថា គណៈប្រតិភូអមដំណើរទស្សនៈកិច្ចនេះ រួមមានលោកស្រី ជូឡុង សូមួរ៉ា និងលោក អេង ឆៃអ៊ាង បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ និងកញ្ញា កឹម មនោវិទ្យា អគ្គនាយករងទំនាក់ទំនងសាធារណៈនៃគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី និងគណៈប្រភូអមដំណើរ នឹងត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី២៥ ខែមីនា៕
សូមសរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

1 comment:
Who going to wast time witb raincy..? The opportunist will never succeed in anythings. Right. ...? Mike
Post a Comment