A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 August 2016

លោក ហ៊ុន សែន ព្រមានសមា​ជិកគណបក្ស​ប្រឆាំងកុំឲ្យចេញក្រៅ​ប្រទេស



លោក ហ៊ុន សែន ព្រមានសមា​ជិកគណបក្ស​ប្រឆាំងកុំឲ្យចេញក្រៅ​ប្រទេស
ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១៦​


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានព្រមានសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រី ថាក់ ឡានី កុំឲ្យចេញពីប្រទេសកម្ពុជា បន្ទាប់ពីលោកបានដាក់ពាក្យបណ្តឹងទៅតុលាការកាលពីម្សិលមិញ។

ក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវមួយចំនួនក្នុងខេត្តកំពង់ស្ពឺ លោកនាយករដ្ឋមន្ត្រីបានថ្លែងព្រមានដោយមិនចំឈ្មោះតែហាក់ដូចជាសម្តៅទៅលើសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោកស្រីថាក់ ឡានី ដែលត្រូវបានមេធាវីរដ្ឋាភិបាលគឺលោក គី តិច ប្តឹងពីម្សិលមិញ ដោយចោទថាមន្រ្តីបក្សប្រឆាំងរូបនេះបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។

លោក ហ៊ុន សែន បានថ្លែងព្រមានកុំឲ្យលោកស្រីចាកចេញពីកម្ពុជានិងត្រូវតទល់ជាមួយនឹងលោកតាមផ្លូវច្បាប់។ លោកថា៖ “មនុស្សមួយចំនួនអុកខ្ញុំករុណាខ្ញុំ ម្សិលមិញ ខ្ញុំករុណាខ្ញុំអុកវិញចូលតុលាការបាត់ទៅហើយ ។ ឥឡូវនេះតាមដឹងប្រុងឆ្លងច្រកប៉ោយប៉ែត សុំកុំឆ្លងក្រែងលោគេចាប់។ តាមដឹងរៀបឆ្លងច្រកប៉ោយប៉ែតពីថ្ងៃ៣១ ចង់ឆ្លងយកថាទៅព្យាបាលជម្ងឺ។ កុំឲ្យសោះណាប្រយ័ត្ន! ត្រូវតទល់គ្នាហ៊ានស៊ីហ៊ានសង ហ៊ានផ្លោះរបងហ៊ានជាប់គុក ព្រោះអ្នកឯងបានផ្លោះរបងហើយ ចោទគេចោទឯងរបៀបនេះ”។



ទាក់ទងទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីត្រូវបានប្រធានស្តីទីគណបក្ស សម រង្ស៊ី និងជាសមាជិកព្រឺទ្ធសភាលោក ទាវ វណ្ណុល ឆ្លើយតបថាប្រសិនបើមានការចាប់ខ្លួនសមាជិកព្រឹទ្ធសភាមែននោះជាការរំលោភទៅលើរដ្ឋធម្មនុញ្ញដែលបានការពារអភ័យឯកសិទ្ធិ។ ចំពោះការដាក់ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន ប្តឹងលោកស្រី ថាក់ ឡានី វិញត្រូវបានលោក ទាវ វណ្ណុល យល់ថារដ្ឋាភិបាលគួរតែបញ្ចេញនូវការពិតនៃឃាតកម្មលើលោក កែម ឡី ជាជាងប្តឹងអ្នករិះគន់។

លោកថា៖ “ប៉ុន្តែអ្វីដែលសម្តេចដាក់ពាក្យប្តឹងស្អីបន្តិចខុស ដាក់ពាក្យប្តឹងខ្ញុំយល់ថា ហ្នឹងវាមិនមែនជាការសម្របសម្រួលធ្វើការជាមួយគ្នា ដើម្បីឲ្យប្រទេសយើងរីកចំរើនទេ ពីព្រោះយើងដឹងហើយ មនុស្សយើងម្នាក់ៗវាមិនអាចមាននរណាត្រូវ១០០%ទេ។ វាតែងតែមានលើសខ្វះអីបន្តិចបន្តួច ប៉ុន្តែបើសិនជាសម្តីរបស់សមាជិកព្រឹទ្ធសភាឬមួយក៏សមាជិករដ្ឋសភាណាម្នាក់និយាយខុសពីការពិតទុកឲ្យប្រជាពលរដ្ឋវិនិច្ឆ័យ ប៉ុន្តែខ្ញុំគិតថាសម្តេចគួរតែបញ្ចេញការពិត បញ្ចេញភស្ភុតាងដែលរាជរដ្ឋាភិបាលកំពុងធ្វើការស៊ើបអង្កេត ការស្លាប់របស់បណ្ឌិត កែម ឡី។ ហ្នឹងបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៅប្រជាពលរដ្ឋយល់ ប្រជាពលរដ្ឋជឿ អាហ្នឹងខ្ញុំគិតថាសម្តីរបស់ឯកឧត្តម សម រង្ស៊ី សម្តីរបស់លោកជំទាវ ថាក់ ឡានី វានឹងសាបឯងពីព្រោះនិយាយទៅខុសការពិត”។

លោក ទាវ វណ្ណុល បានបន្ថែមទៀតថា គណបក្សនឹងពិភាក្សាជាមួយលោកស្រី ថាក់ ឡានី ដើម្បីជួយរកមេធាវីការពារជូនលោកស្រី។

ទាក់ទងទៅនឹងករណីនេះប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ យល់ថាការតទល់ផ្លូវច្បាប់រវាងលោក ហ៊ុន សែន និងលោកស្រី ថាក់ ឡានី ជារឿងត្រឹមត្រូវ ដើម្បីបង្ហាញនូវការពិតនៃរឿងដែលលោកនាយករដ្ឋមន្រ្តីបានប្តឹងចោទប្រកាន់ តែអ្វីដែលលោកមានការបារម្ភនោះគឺប្រព័ន្ធតុលាការរបស់កម្ពុជាមិនឯករាជ្យ។

លោកបន្តថា៖ “ខ្ញុំសង្ឃឹមថានឹងមានការបន្តផ្លូវច្បាប់នូវបទបរិហារកេរ្ត៍ហ្នឹង ហើយទារសំណងតិចហ្នឹង ដើម្បីជានិមិត្តរូបហ្នឹង ដើម្បីរកយុត្តិធម៌ មុននឹងរកយុត្តិធម៌ជាទូទៅគឺជាការស្វែងរកការពិតនិងនិមិត្តរូបហ្នឹង។ ខ្ញុំសង្ឃឹមថាផ្លូវច្បាប់ហ្នឹងគឺត្រឹមត្រូវជាង ក៏ប៉ុន្តែយើងឃើញថានៅប្រទេសកម្ពុជាយើងពិបាកទុកចិត្តតុលាការតែប៉ុណ្ណឹងទេ។ ទាក់ទងទៅហ្នឹងការចាប់ខ្លួនគឺខ្ញុំយល់ថាខុស ខុសត្រង់ថាមនុស្សជូនកាលគាត់និយាយពិតមែន បើគាត់បដិសេធថាគាត់មិនបាននិយាយ ប៉ុន្តែប្រសិនបើគាត់និយាយពិតមែន គាត់គួរតែសុំទោសឬមួយក៏គាត់គួរតែបកស្រាយ ឬមួយក៏ដកនូវពាក្យសម្តីវិញ”។

លោក អ៊ូ វីរៈ យល់ថាប្រសិនមានការសុំទោសទៅដល់លោកនាយករដ្ឋមន្ត្រី នោះលោកជឿថានឹងធ្វើឲ្យស្ថានភាពនយោបាយបានធូរស្រាលជាងនេះ។

លោកបន្ថែមថា៖ “ព្រោះអីស្ថានភាពនយោបាយពេលបច្ចុប្បន្ននេះប្រសិនជាចាប់សមាជិកព្រឹទ្ធសភាមួយទៀតដាក់ពន្ធនាគារ ប្រហែលជាធ្វើឲ្យស្ថានភាពនយោបាយកាន់តែតានតឹង។ ខ្ញុំថាបើសុំទោសអាចជាដំណោះស្រាយមួយដែលល្អ។ … ខ្ញុំមើលទៅថាលោក សម រង្ស៊ី គួរតែកែពាក្យខ្លះដែរ ដើម្បីបន្ថូរបន្ថយស្ថានភាពនយោបាយ គាត់អាងថាគាត់នៅក្រៅប្រទេស គាត់និយាយ ខ្ញុំមើលទៅជ្រុល។ អញ្ចឹងទោះបីជាគាត់នៅក្រៅប្រទេសក៏ដោយ ក៏ត្រូវគិតពីស្ថានភាពនយោបាយក្នុងប្រទេសដែរ អញ្ចឹងគឺគាត់អាចជួយបន្ថូរបន្ថយបរិយាកាសនយោបាយបាន “។

គួរបញ្ជាក់ថាកាលពីម្សិលមិញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវីតំណាងរបស់ខ្លួនបានប្តឹងមេដឹកនាំបក្សប្រឆំាងលោក សម រង្ស៊ី និងមន្ត្រីបក្សនោះមួយរូបទាមទារសំណងជំងឺចិត្តម្នាក់ៗ១០០រៀល(លុយខ្មែរ) ដោយចោទថាមន្រ្តីបក្សប្រឆាំងបានចោទរដ្ឋាភិបាលថានៅពីក្រោយឃាតកម្មលើលោក កែម ឡី។

ប៉ុន្តែលោកស្រី ថាក់ ឡានី បានបដិសេធថាគាត់មិនបានចោទប្រកាន់លោក ហ៊ុន សែន ទេ៕

2 comments:

Anonymous said...

Keep sue people ah kwak prick monkey.your low life is a low life.

Anonymous said...

Yeah all he knows SUE & KILL. He is a loser, kept running around to kill people.