A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 21 May 2016

លោក ហឿន សុភាព ប្តេជ្ញា​ការពារ​ព្រៃឈើ​ពេញ​មួយ​ជីវិត


លោក ហឿន សុភាព តំណាង​បណ្តាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ​ពេល​ចុះ​ល្បាត​ព្រៃ និង​ដាំ​ដើមឈើ។ រូបថត សហការី

Fri, 6 May 2016 ppp
ប៉ិច សុធារី


ភ្នំពេញៈ កម្មវិធី​អភិវឌ្ឍន៍​របស់​​អង្គការ​​សហប្រជាជាតិ (UNDP) បាន​​ប្រគល់​​​​​ពាន​​រង្វាន់ Equator Initiative Prize 2015 រួម​នឹង​​ទឹកប្រាក់ ១ ម៉ឺន​​ដុល្លារ​ដល់​តំណាង​​​សហគមន៍​ព្រៃឡង់​ចំនួន​​​​​ ២ ​រូប​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​កាលពី​ថ្ងៃ​​ទី​​ ២៥ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ក្នុង​នោះ​ក៏​មាន​​​តំណាង​សហគមន៍​ព្រៃឡង់​​មួយ​រូប​គឺ​លោក ហឿន សុភាព។

ពាន​រង្វាន់​នេះ​ផ្តួចផ្តើម​ឡើង​សម្រាប់​​សហគមន៍​មូលដ្ឋាន​ និង​​​​​ជនជាតិ​​ដើម​ភាគតិច​ដ៏ឆ្នើម​មកពី​ជុំវិញ​ពិភពលោក​ដែល​ជំរុញ​​ឲ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដើម្បី​​ប្រជាជន​ធម្មជាតិ និង​​សហគមន៍។

ក្រៅ​ពី​ពាន​រង្វាន់​នេះ​បណ្តាញ​សហគមន៍​ព្រៃឡង់​ក៏​ធ្លាប់​ទទួល​បាន​​ពាន​រង្វាន់​មួយ​ទៀត​ដែល​មាន​ទឹកប្រាក់​ចំនួន ២៥០០០ ​​​ដុល្លារ​​​​ពី​មូលនិធិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ទី​ ២៦​ កញ្ញា ឆ្នាំ​ ២០១៣ ចំពោះ​​​ការងារ​ជួយ​សង្គ្រោះ​ព្រៃឈើ​ក្នុង​​តំបន់​ព្រៃឡង់​ដែល​រង​នូវ​ការ​​​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

សកម្មជន​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​លោក ហឿន សុភាព តែងតែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ចុះ​ល្បាត​បទល្មើស​​ព្រៃឈើ និង​តស៊ូ​មតិ​ក្នុង​នាម​ជា​តំណាង​សហគមន៍​ព្រៃឡង់​ជាពិសេស​​សហគមន៍​​នៅ​ខេត្ត​កំពង់ធំ​ព្រម​ទាំង​ក្លាហាន​ហ៊ាន​រិះគន់​ឥត​សំចៃ​មាត់​ចំពោះ​ចំណាត់ការ​ធូររលុង​របស់​អាជ្ញាធរ​ដែល​អសកម្ម​ក្នុង​ការ​ការពារ​បទល្មើស​ព្រៃឈើ។



លោក​ថ្លែង​ថា៖ «ព្រៃឈើ​មាន​ប្រយោជន៍​សម្រាប់​មនុស្ស​គ្រប់​គ្នា​នៅ​លើ​ពិភពលោក​ដូច្នេះ​បាន​ជា​យើង​ស្រឡាញ់​ព្រៃឈើ​ហើយ​ចង់​ការពារ​ព្រៃឈើ»។

សកម្មជន​រូប​នេះ​កើត​នៅ​ថ្ងៃ​ទី ២៧ មេសា ឆ្នាំ ១៩៧៧ នៅ​ភូមិ​ស្រែចង់ ឃុំ-ស្រុកសណ្តាន់ ខេត្ត​កំពង់ធំ បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី ៨ ដោយសារ​គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​បាត់បង់​ឪពុក​តាំងពី​កុមារភាព​នា​ឆ្នាំ ១៩៩៣ ដែល​ពេល​នោះ​លោក​មាន​អាយុ ៦ ឆ្នាំ។ ចាប់​តាំងពី​កំព្រា​ឪពុក​លោក​ត្រូវ​ឡើង​ដើម​ត្នោត​យក​ទៅ​ធ្វើ​ស្ករ​ត្នោត​លក់ និង​ចូល​ព្រៃឡង់​ដើម្បី​រក​អនុផល​ព្រៃឈើ​ដូចជា បន្លែ ផ្លែឈើ និង​ឫស​ឈើ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​ខ្លួន និង​ជីវភាព​គ្រួសារ​ដែល​ក្រក្រី។

លោក សុភាព និយាយ​ថា៖ «ពី​ដើម​ចេញ​តែ​ពី​ភូមិ​គឺ​ព្រៃ​ធំ​តែ​ម្តង​ព្រៃ​នៅ​ច្រើន​សត្វ​ក៏​សម្បូរ ឱសថ​បុរាណ ផ្លែឈើ​អី​ផ្សេងៗ​គឺ​សម្បូរ​មែនទែន​សត្វព្រៃ​រត់​ពេញ​ព្រៃ​តែ​ម្តង»។

ដោយ​មើល​ឃើញ​ពី​ភាព​វិនាស​ហិនហោច​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់​នា​ពេល​នោះ​លោក​បាន​សម្រេច​ចិត្ត​ចូលរួម​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃឡង់​កាល​ពី​ឆ្នាំ ២០០៦ ក្នុង​ការ​ធ្វើ​សកម្មភាព​ចូល​ល្បាត​ព្រៃ​ដោយ​ផ្ទាល់​ប្រមូល​ឈើ និង​រណារយន្ត​អារ​ឈើ​ខុស​ច្បាប់​ប្រគល់​ជូន​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ។

លោក​ថា៖ «ប្រជាជន​មួយ​ចំនួន​បាត់បង់​មុខរបរ​ដោយ​ការ​ដង​ជ័រទឹក ឱសថបុរាណ ដូចជា ​ខ្ញុំ​ផ្ទាល់​ក៏​ខ្ញុំ​ធ្លាប់​ចូល​ព្រៃ​រក​ឱសថ​បុរាណ រក​សត្វ​តាម​លក្ខណៈ​ប្រពៃណី​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​យើង​មាន​ការ​ឈឺចាប់​មែនទែន​សម្រាប់​ប្រទេស​ខ្លួនឯង ឬ​ក៏​សម្រាប់​មុខរបរ​ខ្លួន​ដែល​បាត់បង់​ហើយ​មួយ​ទៀត​យើង​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច ឬ​ប្រជាជន​ដែល​ធ្លាប់​តែ​ដកហូត​ផល​អនុផល​នោះ​ហើយ​ដូចជា​គេ​លួច​កាប់​ដើម​ច្បោះ​ដោយ​គ្មាន​ការ​ផ្តល់​សំណង​ដល់​ពួកគាត់​ទេ​មាន​តែ​គំរាម​កំហែង​ដល់​ពួកគាត់​ថែម​ទៀត»។

លោក សុភាព (អាវ​ក្រហម) ប្រគល់​រណារ​អារ​ឈើ​ជូន​សមត្ថកិច្ច។ រូបថត សហការី

ព្រៃឡង់​លាត​សន្ធឹង​លើ​ផ្ទៃដី​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ប្រជាសហគមន៍​ជាង ២ សែន​នាក់​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣៣៩ ភូមិ​ក្នុង​ស្រុក​ចំនួន ៦ ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ផល និង​អនុផល​ព្រៃឈើ​សម្រាប់​ចិញ្ចឹម​ជីវិត។ ព្រៃឡង់​មាន​ប្រភេទ​រុក្ខជាតិ​ចំនួន ៥៣០ ប្រភេទ​ថនិក​សត្វ​ចំនួន ៦០ ប្រភេទ​សត្វ​ស្លាប​ចំនួន ២២៦ ប្រភេទ ឧរង្គសត្វ និង​ថលជលិក​សត្វ​ចំនួន ៦៧ ប្រភេទ។ នេះ​បើ​តាម​គេហទំព័រ​របស់​បណ្តាញ​សហគមន៍​ព្រៃឡង់។

បណ្តាញ​សហគមន៍​ព្រៃឡង់​បាន​ចាប់​ផ្តើម​ការងារ​តាំង​ពី​ឆ្នាំ ២០០០ មក​ដោយ​មិន​មាន​ការ​សហការ​ពី​អាជ្ញាធរ ឬ​ទទួល​បាន​ជំនួយ​ពី​អង្គការ​សមាគម​ណា​មួយ​ឡើយ។ ពួកគេ​ក៏​ធ្លាប់​ត្រូវ​អាជ្ញាធរ​ចោទ​ថា​ជា​ក្រុម​សហគមន៍​ដែល​មិន​មាន​ច្បាប់​អនុញ្ញាត​ហើយ​បាន​ធ្វើការ​គំរាម​កំហែង​ និង​រារាំង​នៅ​ពេល​ដែល​ចុះ​ល្បាត​ព្រៃ​ម្តងៗ។

តាមរយៈ​ការ​ចុះ​ល្បាត​ព្រៃ​ជា​រៀងរាល់ ៣ ខែ​ម្តង និង​ការ​ជួប​ប្រជុំ​គ្នា​រវាង​ក្រុម​សហគមន៍​លោក សុភាព បាន​មើល​ឃើញ​ពី​រូបភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​មាន​ដូចជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ការ​អនុញ្ញាត​ឲ្យ​រោងចក្រ ឬ​ក្រុមហ៊ុន​មួយ​ចំនួន​បង្កើត​ទីតាំង​អារ​ឈើ​នៅ​ក្នុង​ព្រៃ​ពី​សំណាក់​រាជរដ្ឋាភិបាល​សកម្មភាព​កាប់​ឈើ​អនាធិបតេយ្យ​របស់​ក្រុម​ឈ្មួញ និង​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន និង​សកម្មភាព​ដែល​ក្រុម​ឈ្មួញ​បាន​ជួល​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ទៅ​កាប់​ព្រៃឈើ​ដោយ​ផ្ទាល់​ជាដើម។

ក្នុង​បេសកកម្ម​ជា​អ្នក​ការពារ​ធនធាន​ធម្មជាតិ​លោក ហឿន សុភាព និង​បណ្តាញ​សហគមន៍​ផ្សេង​ទៀត​បាន​រង​នូវ​ការ​គំរាម​កំហែង​ជា​ញឹកញាប់​ធ្លាប់​ទទួល​បាន​ដីកា​កោះ​ហៅ​សាកសួរ​ និង​ការ​ស្វែងរក​ចាប់​ខ្លួន​ពី​សំណាក់​កងរាជ​អាវុធហត្ថ និង​សមត្ថកិច្ច​ស្រុក​សណ្តាន់​ដោយ​ចោទ​ថា​លោក​ជា​ក្រុម​បក្ស​ប្រឆាំង។

លោក​ថា៖ «នៅ​ពេល​ដែល​យើង​ចាប់​ម៉ាស៊ី​អារ​ឈើ​អីហ្នឹង​ក្រុម [សមត្ថកិច្ច] ទាំង​នោះ​គឺ​មិន​ត្រឹម​តែ​មិន​បាន​ចូលរួម​ទេ​ថែម​ទាំង​មាន​ការ​គំរាម​កំហែង​នៅ​ពេល​យើង​ចាប់​វត្ថុតាង​អារ​ឈើ​ហ្នឹង​ក្រុម​ប៉ូលិស​ក្រុម​អី​ហ្នឹង​គេ​អត់​សប្បាយ​ចិត្ត​ទេ​គឺ​គេ​បែរ​ជា​ជួយ​ជនល្មើស​ទៅ​វិញ។ ពួកយើង​ក៏​ធ្លាប់​រង​នូវ​ការ​គំរាម និង​ប្រមាថ​ដល់​អាយុ​ជីវិត​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ដែរ​ហើយ​ពេល​ខ្លះ​គេ​រក​វ៉ៃ​យើង​ក៏​មាន​ដែរ»។

ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តាញ​សហគមន៍ អង្គការ​ដៃ​គូ និង​ស្ថាប័ន​ពាក់ព័ន្ធ ព្រៃឡង់​ដែល​នៅ​សល់​ព្រៃ​ចុង​ក្រោយ​ជាង ៣០ ម៉ឺន​ហិកតា​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​ដាក់​ជា​តំបន់​អភិរក្ស​កាល​ពី​ដើម​ឆ្នាំ ២០១៦។

បើ​តាម​ទស្សនៈ​របស់​លោក សុភាព គឺ​លោក​ពុំ​មាន​សុទិដ្ឋិនិយម​ថា​រដ្ឋាភិបាល​អាច​ការពារ​ព្រៃឡង់​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ក្រុម​ឈ្មួញ​បាន ១០០ ភាគរយ​ឡើយ​បើ​រដ្ឋាភិបាល​មិន​ដាក់​បញ្ចូល​សមាសភាព​សហគមន៍​ព្រៃឡង់​ទៅ​ក្នុង​ក្រុម​ការងារ​ទេ​នោះ។

លោក​ថា៖ «ជា​បទពិសោធ​កន្លង​មក​ដែល​រាជរដ្ឋាភិបាល​យើង​បាន​ធ្វើ​ដាច់​ដោយ​ឡែក​តែ​ឯង​នៅ​តំបន់​ការពារ​ផ្សេងៗ​យើង​ឃើញ​ចំណាត់ការ​របស់​ពួកគាត់​នៅ​ខ្សោយ​មែនទែន​ចុង​ក្រោយ​ព្រៃ​ទាំង​អស់​នោះ​គឺ​ត្រូវ​បាត់បង់​ហើយ​ក៏​បាន​ធ្លាក់​ទៅ​លើ​ក្រុមហ៊ុន​ផ្សេងៗ​ធ្វើ​ការ​វិនិយោគ​ព្រៃ​នោះ​ហើយ​កាប់​បំផ្លាញ​ព្រៃឈើ​ធម្មជាតិ​ទៅ​ដាំ​កៅស៊ូ អាកាស្យា ស្វាយចន្ទី ម្រេច​ជាដើម​អ៊ីចឹង​យើង​គិត​ថា​បទពិសោធ​ទាំង​នេះ​យើង​មិន​មាន​សង្ឃឹម​លើ​រដ្ឋាភិបាល ១០០ ភាគរយ​ទេ។ តែ​បើ​សិន​បណ្តាញ​សហគមន៍​ចូលរួម​ជាមួយ​គឺ​គាត់​ដឹង​ពី​ស្ថានភាព​ជាក់ស្តែង​គាត់​ដឹង​ពី​បញ្ហា​ដែល​កើតឡើង​គាត់​ដឹង​ពី​អ្វី​ដែល​បាត់បង់​ជា​រៀងរាល់​ថ្ងៃ​ព្រោះ​ពួកយើង​ជា​ម្ចាស់​ព្រៃ​បើ​សិន​ឲ្យ​ក្រសួង [បរិស្ថាន] ការពារ​តែ​ឯង​គឺ​វា​ឆ្ងាយ​ដៃ​ហើយ​ម្យ៉ាង​ទៀត​គឺ​វា​ពោរពេញ​ទៅ​ដោយ​សកម្មភាព​គឺ​វា​មាន​ការ​ត្រូវរ៉ូវ​គ្នា​ពុករលួយ​ពី​ក្រុម​ទាំង​អស់​នោះ»។

លោក​បន្ត​ថា៖ «បើ​ទោះ​ជា​រដ្ឋាភិបាល​ស្រែក​តាម​រយៈ​កាសែត ទូរទស្សន៍ វិទ្យុ​ក៏ដោយ​ប៉ុន្តែ​សកម្មភាព​អារ​ឈើ​គឺ​នៅ​តែ​អារ​ ឈ្មួញ​មិន​មាន​ការ​កោតក្រែង​ខ្លាច​ញញើត​អី​ទេ​ព្រោះ​សមត្ថកិច្ច​មួយ​ចំនួន​នៅ​តាម​មូលដ្ឋាន​អត់​ទាន់​មាន​ចំណាត់ការ​ច្បាស់លាស់​ការពារ​ព្រៃ​ឡង់​ទេ​សមត្ថកិច្ច​ទាំង​នោះ​អត់​មាន​ចូល​ទៅ​ល្បាត​ដេក​ព្រៃ​ដូច​ពួក​ខ្ញុំ​ទេ​គេ​គ្រាន់​តែ​ចូល​ទៅ​បង្អើល​ចូល​ទៅ​យក​លុយ​អត់​មាន​ទៅ​ចាប់​យក​ឧបករណ៍​ដឹក​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ទេ។ សកម្មភាព​ខុស​ច្បាប់​មាន​ច្រើន​តែ​ការ​ចាប់​របស់​ពួកគាត់​តិចតួច​មែន​ទែន»។

ដើម្បី​រក្សា​ព្រៃឈើ​ដែល​នៅ​សេសសល់​ឲ្យ​បាន​គង់វង្ស​លោក សុភាព បាន​ស្នើ​ថា​ «រាជរដ្ឋាភិបាល​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត និង​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ និង​ស្រាវជ្រាវ​សាវតារ​បទល្មើស​ដែល​កើតឡើង​ហើយ​ធ្វើការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​រកស៊ី​ឈើ​ខុស​ច្បាប់​ទាំង​ថ្នាក់​ធំ​ទាំង​ថ្នាក់​តូច​កុំ​ឲ្យ​ចាត់​ការ​តែ​ប្រជាជន​តូចតាច​ដឹកឈើ តិចតួច​ធ្វើ​ផ្ទះ​ឯ​អ្នក​ធំៗ​ដូចជា​ក្រុមហ៊ុន ឧកញ៉ា អធិការ គាត់​អត់​ចាត់ការ​ទេ​អាហ្នឹង​ហើយ​ជា​ការ​រងគ្រោះ​ហើយ​បើ​មិន​ចាត់ការ​លើ​អ្នក​ធំៗ​ទាំង​នោះ​រដ្ឋាភិបាល​ធ្វើ​ ២ ជាតិ​ទៀត​ក៏​មិន​បាន​ជោគជ័យ​ដែរ»។

ងាក​មក​កាន់​ជំហរ​ផ្ទាល់​ខ្លួន​វិញ​លោក សុភាព បាន​ប្តេជ្ញា​ប្រើប្រាស់​ពេលវេលា​ដែល​មាន​ក្នុង​ជីវិត​របស់​លោក​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​រហូត​ទៅ​មិន​ថា​ជា​ការងារ​សហគមន៍​ ឬ​ការងារ​ជា​អ្នក​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​សម្រាប់​អង្គការ​ដៃគូ។ លោក​បន្ថែម​ថា៖ «ខ្ញុំ​មិន​មាន​គំនិត​ឈប់​ពី​អ្នក​ការពារ​ព្រៃឈើ​ទេ​ទោះ​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ខ្ញុំ​នៅ​តែ​ធ្វើ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​សង្គម​ជាតិ»៕

1 comment:

Anonymous said...

Thank You Hoeun Sopheap for your courage and your spirit of nationalism.

Cambodia needs a lot more people like you.

Chhary