A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 19 May 2016

រដ្ឋាភិបាល​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​បរិមាណ​សំរាម

រដ្ឋាភិបាល​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​បរិមាណ​សំរាម
ដោយ អ៊ុំ រង្សី
2016-05-18


សិក្ខាសាលា​ស្ដីពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​សំរាម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦ នា​រាជធានី​ភ្នំពេញ។
RFA/Cheu Sideth


មន្ត្រី​ក្រសួង​បរិស្ថាន លើក​ឡើង​ថា សំរាម​នៅ​តែ​បង្ក​ជា​ក្តី​បារម្ភ​ដល់​សុខភាព​របស់​មនុស្ស និង​ជះ​ឥទ្ធិពល​ដល់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នៅ​កម្ពុជា។ តួលេខ​របស់​ក្រសួង​បរិស្ថាន ឲ្យ​ដឹង​ថា គិត​ចាប់​ពី​ឆ្នាំ​២០១០ បរិមាណ​សំរាម​ទូទាំង​ប្រទេស​បាន​កើន​ឡើង​ជាង ៥០% ភាគរយ ខណៈ​ទីលាន​ចាក់​សំរាម​មិន​ទាន់​មាន​បច្ចេកទេស​គ្រប់គ្រង​បាន​ត្រឹមត្រូវ​នៅ​ឡើយ។

មន្ត្រី​ក្រសួង​បរិស្ថាន ចាត់​ទុក​កំណើន​ប្រជាជន​នៅ​ក្នុង​ទីក្រុង គឺ​ជា​មូលហេតុ​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​បរិមាណ​សំរាម​ជា​រៀងរាល់​ថ្ងៃ។



​ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ផល​ប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ និង​ការ​គ្រប់គ្រង​សំរាម​នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ដែល​មាន​យុវជន​ចូល​រួម​ជិត ១០០​នាក់ អនុ​ប្រធាន​ការិយាល័យ​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង នៃ​ក្រសួង​បរិស្ថាន លោក ដែក វិមានរស្មី មាន​ប្រសាសន៍​ថា ការ​កើន​ឡើង​បរិមាណ​សំរាម​ទូទាំង​ប្រទេស​ជាង ៥០% បើ​គិត​ចាប់​ឆ្នាំ​២០១០ មក​នោះ ដោយសារ​កំណើន​ប្រជាជន និង​កំណើន​សេដ្ឋកិច្ច។ លោក​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​បរិមាណ​សំរាម​នៅ​ទីក្រុង​ភ្នំពេញ គឺ​ជា​ក្តី​បារម្ភ​ជាង​គេ បើ​ធៀប​នឹង​បណ្ដា​ខេត្ត​នានា ព្រោះ​ក្នុង​១​ថ្ងៃៗ មាន​រហូត​ជាង ២​ពាន់​តោន។ បន្ថែម​ពី​លើ​នេះ លោក​ថា ទីលាន​ចាក​សំរាម​ជើងឯក ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដែល​ជា​ទីតាំង​ចាក់​សំរាម​ធំ​ជាង​គេ និង​ពេញ​មុន​ការ​គ្រោង​ទុក៖ «រាល់​ថ្ងៃ​នេះ ទីលាន​ចាក់​សំរាម​យើង​នឹង​ពេញ​នៅ​ឆ្នាំ​២០២០ ដែល​កន្លង​មក​យើង​បាន​ប៉ាន់​ប្រមាណ​ថា វា​នឹង​ពេញ​នៅ​ឆ្នាំ​២០៣៣ តែ​វា​បែរ​ជា​ត្រូវ​ពេញ​មុន ១៣​ឆ្នាំ ខណៈ​ទីលាន​យើង​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ ព្រោះ​ទីលាន​ចាក់​សំរាម​យើង​ជា​ទីលាន លំហ គ្មាន​ការ​បិទបាំង​គ្មាន​បច្ចេកទេស ដែល​វា​ធ្វើ​ឲ្យ​មាន​ជ្រាប​ទឹក​ក្រោម​ដី​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន ភាយ​ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ទឹក​ក្រោម​ដី​ដែល​បង្ក​ប៉ះពាល់​ដល់​ការ​ប្រែប្រួល​អាកាសធាតុ»។

របាយការណ៍​របស់​ក្រសួង​បរិស្ថាន ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន​នៅ​ប្រទេស​កម្ពុជា បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ សំរាម សំណល់​រឹង ទីប្រជុំជន ដែល​បាន​ចាក់​នៅ​ទីលាន​ចាក់​សំរាម​ចំនួន ៧៦​កន្លែង ទូទាំង​ប្រទេស មាន​ប្រមាណ​ជាង ១​លាន​តោន (១.១៧៧.៦៧៥​តោន)។ ចំនួន​នេះ​កើន​ឡើង​ជាង ៥០% បើ​ធៀប​នឹង​ឆ្នាំ​២០១០ ដែល​មាន​ត្រឹមតែ​ជិត ៦០​ម៉ឺន​តោន (៥៧០.៦៧៥​តោន) ខណៈ​សំណល់​ដែល​បាន​កែច្នៃ​បាន​ត្រឹមតែ​ជាង ១០​ម៉ឺន​តោន (១៦២.៤៣០​តោន) ប៉ុណ្ណោះ។

​ស្ថាបនិក​សាលា​ដូង និង​ផ្ទះ​សំរាម លោក អ៊ុក វ៉ាន់ដេរ ដែល​ចូល​រួម​ក្នុង​សិក្ខាសាលា​ដែរ​នោះ​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​សំរាម​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅ​បាន លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​គួរតែ​គិត​ទៅ​លើ​ការ​អប់រំ​មនុស្ស​ឲ្យ​យល់​ថា សំរាម​មាន​ប្រយោជន៍ និង​ត្រូវ​ដោះស្រាយ​ប្រព័ន្ធ​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ៖ «ទី​មួយ​គាត់​ខ្វះ​បច្ចេកទេស និង​ចំណេះ​ដឹង ទី​២ គាត់​ខ្ជិលច្រអូស បន្តិច​ផល​ដែល​ធ្វើ​ឲ្យ​គាត់​មិន​ព្រម​ស្វែង​យល់ និង​សិក្សា​ពី​គុណប្រយោជន៍​របស់​សំរាម យក​មក​កែច្នៃ​ជាដើម តែ​បើសិនជា​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​បង្កើត​ការ​កែច្នៃ​ណា​មួយ បង្រៀន​ពួកគាត់​ឲ្យ​ចេះ កែច្នៃ និង​ទាញ​ប្រយោជន៍​ពី​សំរាម​ទៅ ខ្ញុំ​ជឿ​ថា ១០​ឆ្នាំ​ខាង​មុខ កម្ពុជា​នឹង​អាច​ដោះស្រាយ​សំរាម​បាន​ហើយ»។

អនុប្រធាន​ការិយាល័យ​នាយកដ្ឋាន គ្រប់គ្រង​សំណល់​រឹង នៃ​ក្រសួង​បរិស្ថាន លោក ដែក វិមានរស្មី អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​ក្រសួង​កំពុង​ជំរុញ​ការងារ​អនុវត្ត​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន។ ជាង​នេះ​ទៀត ក្នុង​ឆ្នាំ​២០១៦ នេះ ក្រសួង​បាន​ត្រៀម​ថវិកា​ជាង ៨០០​លាន​រៀល ឬ​ស្មើ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ​អាមេរិក បែក​ចែក​ទៅ​ដល់​ថ្នាក់​មូលដ្ឋាន​ចំនួន ២៥​ខេត្ត ក្រុង រាជធានី ដើម្បី​អនុវត្ត​ការងារ​គ្រប់គ្រង​សំរាម​ដោយ​ផ្ទាល់៕

No comments: