A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 20 May 2016

សហភាពអឺរ៉ុប​រំពឹងថា​គ.ជ.ប នឹង​មាន​វិធានការ​សមរម្យ​ ករណី​សមាជិកត្រូវចោទប្រកាន់​


ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ vod


លោក រ៉ុង ឈុន(ធ្វេង)សមាជិកគជប ម្នាក់ក្នុងចំណោម​៩នាក់​និង​លោក នី ចរិយា អគ្គលេខាធិការ​រង​គជប



សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជារំពឹងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងមានវិធានការសមរម្យ ករណីសមាជិកត្រូវចោទប្រកាន់ ក្នុងនោះមានលោក រ៉ុង ឈុន ផងដែរ។

ថ្មីៗនេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សាន សុផាត បានចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី២៦ ខែមេសា ទៅលោក រ៉ុង ឈុន ដែលជាសមាជិកម្នាក់ក្នុងចំណោម៩នាក់ ដោយបញ្ជាក់ថាលោកបានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងហិង្សានៅផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើមខែមករា ឆ្នាំ២០១៤ ទៅជំនុំជម្រះ។ ចំណែកអគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា ដែលជាអតីតមន្រ្តីសង្គមស៊ីវិល ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាកសាក្សី ទាក់ទងនឹងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវគេទម្លាយថាជាស្រីកំណាន់របស់លោក កឹម សុខា។

ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា  លោក Alain Vandersmissen ប្រាប់វីអូឌីតាមរយៈអ៊ីម៉េលថាសហភាពអឺរ៉ុបបារម្ភពីឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជានិងភាពយុត្តិធម៌នៃការអនុវត្តច្បាប់ ជាពិសេសទាក់ទងនឹងការចាប់ខ្លួនតំណាងសង្គមស៊ីវិលនិងមន្រ្តីគ.ជ.ប លោក នី ចរិយា។ សហភាពអឺរ៉ុបអំពាវនាវឲ្យដោះលែងពួកគេ។



ទាក់ទងនឹងករណី លោក រ៉ុង ឈុន លោក Alain Vandersmissen បញ្ជាក់ថា៖ “អំពីករណីថ្មីប្រឆាំងនឹងសមាជិកគ.ជ.ប ក៏ដូចករណីចាស់ដែលមន្រ្តីគ.ជ.ប ត្រូវបានចាប់ខ្លួនផងដែរ បច្ចុប្បន្នយើងកំពុងរង់ចាំចំណាត់ការពីគ.ជ.ប។ ជាស្ថាប័នឯករាជ្យ យើងរំពឹងថាគ.ជ.ប គួរតែមានជំហរលើព្រឹត្តិការណ៍ទាំងនេះនិងមានវិធានការសមរម្យដើម្បីធានាថាគ.ជ.ប បំពេញការងារបានពេញលេញ ខណៈរក្សាជំហរឯករាជ្យនិងសមតុល្យរវាងគណបក្សទាំងពីរ ដូចបានយល់ព្រមកាលពីឆ្នាំ២០១៤”។

សហភាពអឺរ៉ុបកំពុងជួយកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា។ សហភាពអឺរ៉ុបធ្លាប់ប្រកាសថាខ្លួនបានត្រៀមថវិកាប្រមាណ១០លានអឺរ៉ូ(ប្រមាណ១១,៣លានដុល្លារ) សម្រាប់ការងារកំណែទម្រង់ការបោះឆ្នោត។

អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាគ.ជ.ប មិនអាចលូកដៃក្នុងកិច្ចការតុលាការនោះទេ តែលោកថាគ.ជ.ប នឹងតាមដានករណីនេះ។ លោកបញ្ជាក់ថា៖ ”ខាងស្ថាប័នតុលាការលោកគ្រាន់តែជូនដំណឹងទៅសាមីខ្លួនគឺឯកឧត្ដម រ៉ុង ឈុន អំពីដំណើរការទី១។ ពីមុនមកជូនដំណឹងថាបញ្ចប់ការស៊ើបអង្កេត ហើយទី២គឺបានបញ្ជូនសំណុំរឿងនឹងទៅស្ថាប័នតុលាការហើយ។ អញ្ចឹងរាល់ឯកសារទាំងនេះគឺមិនមានឆ្លងកាត់មកខាងគ.ជ.ប ទេ អញ្ចឹង គ.ជ.ប មិនមានតួនាទីលូកដៃចូលក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នដទៃទេ អញ្ចឹងហើយគ.ជ.ប នឹងតាមមើលដំណើរការ គ្រប់ករណីឯកឧត្ដម រ៉ុង ឈុន”។

លោកបន្តថាគ.ជ.ប មិនបារម្ភថាករណីទាំងនេះនឹងប៉ះពាល់ដល់ដំណើរការរបស់គ.ជ.ប នោះទេ។

មាត្រា១៣នៃច្បាប់គ.ជ.ប ចែងថាប្រធាន អនុប្រធាននិងសមាជិកគ.ជ.ប ត្រូវអនុវត្តតួនាទីរបស់ខ្លួនដោយមិនលម្អៀង ដោយឈរលើគោលការណ៍គោរពច្បាប់ ដោយមិនទទួលការគាបសង្កត់ ការគំរាមកំហែង ការបំភិតបំភ័យឬការបង្គាប់បញ្ជាដោយផ្ទាល់ឬដោយប្រហារពីបុគ្គលឬស្ថាប័នណាមួយឡើយ។ ប្រធាន អនុប្រធាននិងសមាជិកត្រូវទទួលបានការធានាការពារសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួននិងគ្រួសារ ក្នុងករណីចំបាច់តាមសំណូមពររបស់សាមីខ្លួន។

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅគ.ជ.ប ស្របពេលតុលាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធ។ លោកប្រាប់វីអូឌីតាមអ៊ីម៉េលនៅថ្ងៃព្រហស្បតិ៍នេះថា៖ “ប្រសិនបើការគាបសង្កត់ផ្នែកនយោបាយបច្ចុប្បន្ននេះនៅតែបន្តថា គ.ជ.បថ្មីនឹងបាត់បង់ភាពទុកចិត្តរបស់ខ្លួន ដោយសារវានឹងមិនអាចរៀបចំការបោះឆ្នោតមួយដោយទុកចិត្តបាន”។

អតីតប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ដែលត្រូវបានជ្រើសរើសដោយគណបក្សសង្រ្គោះជាតិឲ្យក្លាយជាសមាជិកគ.ជ.បម្នាក់ក្នុងចំណោម៩នាក់ ប្រាប់វីអូឌីថាប្រសិនជាតុលាការអនុវត្តតាមវិជ្ជាជីវៈរបស់ខ្លួន នោះសំណុំរឿងនេះត្រូវបានបញ្ចប់រួចយូរមកហើយ មិនបណ្តោយឲ្យរឿងនេះនៅបន្តយូររហូតមកទល់ពេលនេះនោះទេ។ លោកមានប្រសាសន៍ថា៖ “ តាមការពិតទៅគឺថាភ្ជាប់ឲ្យយើងមានករណីបែបហ្នឹងដើម្បី បង្កការលំបាកដល់ការងាររបស់យើងប្រចាំថ្ងៃនោះ យើងដឹងហើយគេថា ពាក្យសាមញ្ញគេថារាយមង គេដាក់មងសម្រាប់អ្នកដែលការពារសិទ្ធិកម្មករ ការពារពលរដ្ឋការពារគ្រូបង្រៀនអីហ្នឹងគេរាយមង ដាក់ចោលទៅបើថាគេមិនសប្បាយចិត្តទេគេលើកសំណុំរឿងចាស់ហ្នឹងយកមករំឭកឡើងវិញទៅ”។ លោកបន្ថែមថា៖ “តាមការពិតទៅសមាជិកគ.ជ.ប វាមិនមានអីធំដុំទេ ទំរាំតំណាងរាស្រ្តមានអភ័យឯកសិទ្ធិ សមាជិកគ.ជ.ប អត់មានអភ័យឯកសិទ្ធិផងហ្នឹង យើងមានអីទៅធំដុំអី គេចង់អូសទៅថ្មើម៉ានក៏បានដែរ អាហ្នឹងទៅតាមអារម្មណ៍របស់គេ ពីព្រោះឥឡូវគេធ្វើការតាមអារម្មណ៍ គេមិនមែនធ្វើការតាមច្បាប់ឯណា! ”។

លោក រ៉ុង ឈុន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក កឹម សុខា អនុប្រធាន ធ្លាប់បានចូលបំភ្លឺនៅតុលាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែពួកគេមិនត្រូវបានចាប់ខ្លួននោះទេ។ តុលាការកោះហៅពួកគេបន្ទាប់ពីមានករណីប៉ះទង្គិចដោយហិង្សារវាងកងកម្លាំងសមត្ថកិច្ចរាប់រយនាក់និងក្រុមកម្មករដែលតវ៉ាទាមទារប្រាក់ឈ្នួល១៦០ដុល្លារ កាលពីថ្ងៃទី២និងទី៣ខែមករា នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យកម្មករ៥នាក់ស្លាប់ ជាច្រើននាក់រងរបួសនិងមួយចំនួនទៀតត្រូវបានចាប់ខ្លួន៕ រាយការណ៍បន្ថែមដោយ ខាន់ លក្ខិណា

1 comment:

Anonymous said...

is EU so naive? or just paying lips service. Words are not enough to get cpp monkeys's attention. Swift concrete actions will do the trick.