ដោយ៖ ញឹម សុខន | ថ្ងៃពុធ ទី3 មិថុនា 2015,
ស្តាប់សំឡេង៖ | ចម្លងទុក |
សមាគមខ្មែរក្រោមជំរុញបក្សកាន់អំណាច និងបក្សប្រឆាំងឲ្យប្រើប្រាស់វប្បធម៌សន្ទនា ដើម្បីទប់ស្កាត់ការគំរាមកំហែងសេរីភាពបែបជំនឿសាសនារបស់ពួកគេ ពីសំណាក់អាជ្ញាធរវៀតណាម ខណៈខួប៦៦ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ចូលមកដល់នៅថ្ងៃស្អែកនេះ ។
មុនមួយថ្ងៃនៃទិវានេះ សមាគមខ្មែរក្រោមបានដាក់របាយការណ៍កម្រាស់២០ទំព័រ ស្តីពីស្ថានភាពខ្មែរក្រោមនៅកម្ពុជា និងនៅកម្ពុជាក្រោមជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឲ្យបានដឹងនៅថ្ងៃទី៣ ខែមិថុនានេះ ។
ប្រធានកម្មវិធីសមាគមខែ្មរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺន ជុំជួន ឲ្យអ្នកសារព័ត៌មានដឹង ក្រោយប្រគល់របាយការណ៍ឲ្យគណបក្សសង្គ្រោះជាតិថា ជាង៦០ឆ្នាំមកនេះ ខ្មែរក្រោមរងការរើសអើងពីអាជ្ញាធរវៀតណាម ទាំងផ្នែកជំនឿសាសនា ការបណ្តុះបណ្តាលផ្នែកអក្សរសាស្ត្រខែ្មរ និងការទទួលបានព័ត៌មានជាដើម ។
លោម សឺន ជុំជួន ជំរុញឲ្យមេដឹកនាំគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលធ្លាប់អះអាងពីឥទ្ធិពលវប្បធម៌សន្ទា ថាអាចដោះស្រាយបញ្ជាជាតិធំៗបាននោះ គួរប្រើប្រាស់វប្បធម៌នេះ ទៅជំរុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម ដែលជាម្ចាស់ស្រុក ។ លោកបញ្ជាក់ថា«យើងគិតថា តាមរយៈវប្បធម៌នេះក៏ពួកគាត់នឹងលើកឡើងបញ្ហារបស់ខ្មែរក្រោម ដើម្បីដោះស្រាយជូនបងប្អូនខ្មែរក្រោម» ។
សមាជិកមួយរូបទៀតរបស់សមាគមនេះ គឺលោក ជា សុភារិន អះអាងដែរថា ព្រះចៅអធិការវត្តនៅកម្ពុជាក្រោមជាច្រើនរយវត្ត ត្រូវអាជ្ញាធរវៀតណាមបង្ខំឲ្យប្រើប្រាស់ត្រាជាអក្សរវៀតណាម ចំណែកការប្រើប្រាស់ភាសាខ្មែរត្រូវអាជ្ញាធរវៀតណាមហាមឃាត់ ។
យុវជនរូបនោះយល់ថា រដ្ឋាភិបាលអាណត្តិទី៥នេះ គួរនិយាយជាមួយភាគីវៀតណាម ឲ្យគោរពសិទ្ធិពលរដ្ឋខ្មែរម្ចាស់ស្រុករស់នៅទឹកដីកម្ពុជាក្រោម ដូចរដ្ឋាភិបាលខ្មែរមើលថែជនជាតិវៀណាម ដែលលោកថារស់នៅខុសច្បាប់កម្ពុជា ។ លោកថា«គេមកផ្តាំឲ្យយើងជួយមើល ថែរក្សាពលរដ្ឋគេ អ៊ីចឹងខ្ញុំចង់ឲ្យរដ្ឋាភិបាលយើងសំណូមពរទៅយួនវិញដែរ ឲ្យទទួលការពារជនជាតិដើមខ្មែរនៅកម្ពុជាក្រោមផងដែរ កុំឲ្យគេគាបសង្កត់ច្រើនពេក» ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាទឹកដីខ្មែរកម្ពុជាក្រោមស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម។ លោកថាដូចនេះពលរដ្ឋដែលរស់នៅទីនោះគួរតែពិភាក្សាជាមួយអាជ្ញាធរវៀតណាម ក្នុងករណីមានការរំលោភសិទ្ធិណាមួយ។ ប៉ុន្តែលោកថារដ្ឋាភិបាលខ្មែរអាចជួយបានក្នុងកម្រិតតិចតួចប៉ុណ្ណោះ ដោយមិនលូកជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់គេទេ។ លោកថា«ស្នើអីផ្សេងៗ យើងអាចនឹងលើកបញ្ហាហ្នឹងពិភាក្សាជាមួយរដ្ឋអំណាចគេ អាហ្នឹងបានយើងអាចរស់នៅដោយសុខដុមរម្យនានៅក្នុងសង្គមរបស់គេបាន បើស្អីមករដ្ឋាភិបាលៗ(កម្ពុជា) អាហ្នឹងរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គេទេ» ។
ប៉ុន្តែអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ អះអាងថារដ្ឋាភិបាលកម្ពុជាត្រូវការពារពលរដ្ឋខ្លួន បើទោះបីពួកគេនៅទីណាក៏ដោយ ។
របាយការណ៍របស់សមាគមខ្មែរកម្ពុជាក្រោមបញ្ជាក់ថា ទឹកដីកម្ពុជាក្រោមដែលបាត់បង់ទៅប្រទេសវៀតណាមនោះ មានទំហំជិត៧ម៉ឺនម៉ែត្រក្រឡា(៦៨,៩៦៥)ស្មើនឹង២១ខេត្ត មានពលរដ្ឋជាង៨លាននាក់(៨,២៤០,០០០)គិតត្រឹមឆ្នាំ១៩៩៩ និងមានវត្តជិត៦០០។ ទឹកដីដែលបាត់បង់នោះ ត្រូវអាណានិគមនិយមបារាំងកាត់ឲ្យប្រទេសវៀតណាមគ្រប់គ្រង នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
2 comments:
Vietnam is not part of Cambodia so Cambodian politicians shouldn't intervene into the internal affair of Vietnam. That's all
11:40 am or pm,
Likewise, Cambodia is not part of Vietnam, so Vietnamese politicians shouldn't intervene into internal affairs of Cambodia. That's all.
Got it ? Get it ? Good !
Post a Comment