ដោយ ហង្ស សាវយុត
2015-06-06
គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដែលហៅកាត់ថា អាយ.ស៊ី.ស៊ី (ICC) កំពុងជួបប្រជុំក្រុមអ្នកបច្ចេកទេសខាងអភិរក្ស និងជួសជុលប្រាសាទបូរាណលើកទី២៤ រយៈពេល ២ថ្ងៃមកហើយ។
កិច្ចប្រជុំដែលចាប់ផ្ដើមតាំងពីថ្ងៃទី៤ រហូតដល់ថ្ងៃសុក្រ ទី៥ ខែមិថុនា គឺក្រុមអ្នកជំនាញជាច្រើនរូបបានពិភាក្សាគ្នាអំពីកិច្ចការអភិរក្ស និងជួសជុលប្រាសាទបូរាណនានា ការអភិវឌ្ឍប្រកបដោយចិរភាព និងការងារស្រាវជ្រាវបុរាណវិទ្យា ព្រមទាំងបណ្ដុះបណ្ដាលធនធានមនុស្សផង។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ថា កិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរលើកនេះ ក្រៅតែពីក្រុមអ្នកជំនាញជួបពិភាក្សាគ្នាអំពីការអភិរក្ស និងជួសជុលប្រាសាទបុរាណ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ក៏បានស្នើសុំឱ្យគណៈកម្មាធិការនេះ ជួយរៀបចំផែនការគ្រប់គ្រងធនធានធម្មជាតិ និងជីវចម្រុះ នៅលើភ្នំគូលែន ឱ្យបានគង់វង្ស សម្រាប់អនាគតដែរ៖ «គឺដោយសារភ្នំគូលែននេះ ទី១ ជាប្រភពកំណើតនៃអាណាចក្រខ្មែរ ហើយទី២ នៅលើភ្នំគូលែននេះ ក៏សំបូរទៅដោយសម្បត្តិវប្បធម៌ជាច្រើន»។
ជាច្រើនឆ្នាំមកហើយ គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ក៏ធ្លាប់ផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការពារព្រៃឈើនៅតំបន់ភ្នំគូលែនដែរ ដោយគណៈកម្មាធិការធ្លាប់ផ្ដល់អនុសាសន៍ទៅអាជ្ញាធរខេត្តសៀមរាប ឱ្យបង្កើតជាគណៈកម្មការចម្រុះមួយ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើជាបន្ទាន់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គណៈកម្មការចម្រុះសម្រាប់ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅភ្នំគូលែននោះ នៅមិនទាន់កើតចេញជារូបរាងយ៉ាងណានៅឡើយទេ៕
No comments:
Post a Comment