Neou Vannarin
ជនជាតិភាគតិចម៉ុងតាញ៉ានាំគ្នាឡើងរថយន្តក្រុង ក្រោយពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងទី២៨ ខែកញ្ញា ឆ្នាំ២០០៤។ |
ភ្នំពេញ—VOA
តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនបានឲ្យដឹងថា ជនភៀសខ្លួនពីតំបន់ភ្នំរបស់ប្រទេសវៀតណាម ឬជនភាគតិចម៉ុងតាញ៉ាមកកាន់កម្ពុជាមានចំនួនកើនឡើងជាបន្តបន្ទាប់ បើទោះបីជាអាជ្ញាធរកម្ពុជាបានរឹតបន្តឹងសន្តិសុខតាមបណ្តោយព្រំដែននាខេត្តរតនគីរីក៏ដោយ។ អាជ្ញាធរកម្ពុជាក៏មិនទាន់ផ្តល់សិទ្ធិជាជនភៀសខ្លួនដល់ពួកគេនៅឡើយទេ។ សិទ្ធិនេះជាជំហានជួយឱ្យពួកគេបានទៅរស់នៅប្រទេសទីបី។
មន្ត្រីអង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនជនភៀសខ្លួននៃក្រុមកុលសម្ព័ន្ធភ្នំភាគតិចវៀតណាម ឬម៉ុងតាញ៉ាដែលរត់ភៀសខ្លួនមកកាន់ប្រទេសកម្ពុជាមានការកើនឡើងរហូតដល់ជិត១រយនាក់គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលអាជ្ញាធរកម្ពុជានៅតែបន្តរឹតបន្តឹងសន្តិសុខនៅតាមព្រំដែននាខេត្តរតនគីរី។
លោកស្រី វានហេ លី (Wan-Hea Lee) តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនដែលហោះកាត់ថា OHCHR ប្រចាំប្រទេសកម្ពុជា បានប្រាប់វីអូអេខេមរភាសាតាមសារអេឡិចត្រូនិកឬ email ថា ជនភៀសខ្លួនតំបន់ភ្នំដែលរត់គេចពីការធ្វើបាបរបស់អាជ្ញាធរវៀតណាមនោះបានកើនដល់៩៧នាក់ហើយ គឺកើនឡើងពី៤០នាក់នាចុងខែមេសានោះ។
ពួកគេទាំងនោះកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងរាជធានីភ្នំពេញ និងព្យាយាមសុំសិទ្ធិជាជនភៀសខ្លួនពីរដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានឱកាសទៅស្នាក់នៅប្រទេសទីបី។
លោកស្រី វានហេ លី (Wan-Hea Lee) បានសរសេរនៅក្នុងសារអេឡិចត្រូនិចមកកាន់វីអូអេខេមរភាសាយ៉ាងដូច្នេះថា៖ «មានបុគ្គល១៣នាក់ត្រូវបានទទួលស្គាល់ពេញសិទ្ធិជាជនភៀសខ្លួន។ ហើយមានជនសុំសិទ្ធិជ្រកកោន៩៧នាក់ថែមទៀតដែលកំពុងស្នាក់នៅភ្នំពេញ»។
កាលពីដើមខែមិនាកន្លងទៅ ក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ជាជនភៀសខ្លួនពេញសិទ្ធិ ដែលបើកឱកាសឲ្យពួកគេអាចទៅរស់នៅក្នុងប្រទេសទី៣ណាមួយ ដែលផ្តល់ជម្រកដល់ពួកគេ។ នៅក្នុងខែមេសា មានជនភៀសខ្លួនម៉ុងតាញ៉ាចំនួនត្រឹមតែ៤០នាក់តែប៉ុណ្ណោះ ដែលនៅក្រោមការជួយសង្គ្រោះរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប្រចាំកម្ពុជា។
បុរសជនជាតិភាគតិចម៉ុងតាញ៉ាដើរឡើងផ្លូវលំ ក្រោយពីបានដើរកាត់ព្រៃក្រាស់ចម្ងាយប្រមាណ៧០គីឡូម៉ែត្រនៃភាគឦសានស្រុកបានលុងនៃខេត្តរតនគីរី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០០៤។
មានជនភៀសខ្លួនម៉ុងតាញ៉ាច្រើនឡើងបានរត់ពីការធ្វើបាបនៅប្រទេសវៀតណាម មកលាក់ខ្លួននៅតំបន់ព្រៃនាខេត្តរតនគីរីចាប់តាំងពីដើមឆ្នាំនេះមក។ កាលពីចុងខែមេសាកន្លងទៅនេះ អាជ្ញាធរកម្ពុជាបានពង្រាយកម្លាំងតាមព្រំដែនជាប់ប្រទេសវៀតណាមក្នុងប្រតិបត្តិការមួយ ដែលអង្គការសិទ្ធិមនុស្សហៅថា ជាការទប់ស្កាត់ ការរត់ឆ្លងដែន និងរុករកចាប់បញ្ជូនជនម៉ុងតាញ៉ាទាំងនោះទៅប្រទេសវៀតណាមវិញ។ ប្រតិបត្តិការនេះជាហេតុធ្វើឲ្យពួកគេទាំងនោះរត់ចេញពីព្រៃនាខេត្តរតនគីរីជាបន្តបន្ទាប់មកកាន់រាជធានីភ្នំពេញ ដោយប្រថុយប្រថានមកស្វែងរកជំនួយពីអង្គការសហប្រជាជាតិ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បានឲ្យដឹងថា មកដល់ពេលនេះមានជនជាតិចារ៉ាយ ឬម៉ុងតាញ៉ា ត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលនៅសេសសល់ក្នុងព្រៃនាខេត្តរតនគីរី ហើយមិនមានរបាយការណ៍អំពីការមកដល់នៃជនភៀសខ្លួនផ្សេងទៀតនោះទេ ខណៈពេលដែលអាជ្ញាធរកម្ពុជានៅតែបន្តពង្រាយយាមកាមតាមតំបន់ព្រៃនោះ។
«យើងមានការព្រួយបារម្ភខ្ពស់ ដោយសារការព្រួយបារម្ភហ្នឹងហើយដែលពួកគាត់ប្តូរ ប្រថុយប្រថាន ទោះជាមានការរឹតបន្តឹងនិងការតាមចាប់ខ្លួនពីសមត្ថកិច្ចយ៉ាងណាក៏ដោយ គាត់នៅតែប្តូរការលះបង់របស់គាត់ថា ទោះជាមានការចាប់បញ្ជូនទៅវិញ ក៏ចាប់ចោះ អញ្ចឹងហើយបានពួកគាត់ធ្វើដំណើរទៅភ្នំពេញបន្តិចម្តងៗ។ រហូតមកដល់ពេលនេះ នៅសល់តែ៦នាក់ទេ»។
ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ស្គុត បើសប៊ី (Scott Busby) ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកឧបការីរងរូបនេះក៏បានបញ្ជាក់ពីការព្រួយបារម្ភអំពីបញ្ហានេះ ហើយលោកស្នើឲ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិជនភៀសខ្លួនដល់ជនភាគតិចម៉ុងតាញ៉ាទាំងនោះ ដើម្បីបើកឱកាសឲ្យពួកគេអាចទៅរស់នៅប្រទេសទីបី។ ក៏ប៉ុន្តែលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបដិសេធសំណើនេះ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងការពារចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដោយថ្លែងថា កម្ពុជាទទួលស្គាល់ជនភៀសខ្លួនត្រឹមតែ១៣រូបតែប៉ុណ្ណោះ ក្រោមកិច្ចសហការជួយសង្គ្រោះពីអាជ្ញាធរកម្ពុជា និងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន។ រីឯជនផ្សេងទៀតគឺគ្រាន់តែមកកាន់ប្រទេសកម្ពុជាតាមរយៈអ្នករត់ពន្ធមនុស្សតែប៉ុណ្ណោះ។
«បាទ ម៉ុងតាញ៉ាមានតែ១៣នាក់ហ្នឹងតើ! ចំពោះអ្នកដែលថា ប៉ុន្មាននាក់ផ្សេងទៀតគឺឲ្យគេផ្តល់សិទ្ធិជនភៀសខ្លួនហ្នឹងខ្លួនឯងទៅ! ព្រោះយើងវាមិនដឹង។ យើងវាមិនដឹង។ អ្នកទាំងនោះគឺមកតាមការលួចឆ្លងកាត់ព្រំដែនតាមរយៈអ្នករត់ពន្ធមនុស្ស»។
ទោះជាយ៉ាងនេះក៏ដោយ លោកស្រី វានហេ លី (Wan-Hea Lee) តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនដែលហោះកាត់ថា OHCHR ប្រចាំប្រទេសកម្ពុជាបានថ្លែងថា៖ «ជំហររបស់ OHCHR នៅតែមិនផ្លាស់ប្តូរ។ រដ្ឋាភិបាលកម្ពុជាគឺហត្ថលេខីក្នុងអនុសញ្ញាស្តីពីជនភៀសខ្លួន ត្រូវតែពិចារណាលើការស្នើសុំរបស់ជនដែលសុំសិទ្ធិជ្រកកោនទាំងនោះរៀងៗខ្លួន»៕
1 comment:
Where is this bastard grandson of Lê Đức Thọ, nyny Lê come from in the link below on June 6, 2015 at 8:23 AM?
http://kimedia.blogspot.com/2015/06/ven-luon-sovath-hun-sen.html#links
Post a Comment