ពលរដ្ឋប្រមាណជាង ២លាន់នឹងមកចូលរួមព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើង គោរពវិញ្ញាណក្ខន្ធព្រះបរមសព
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ
នៅដើមខែកុម្ភៈ ខាងមុខ។
ទាក់ទងនឹងបញ្ហានេះ
រដ្ឋាភិបាលបានចេញសារាចរណែនាំឲ្យមន្ត្រីរាជការ
សិស្សានុសិស្សទាំងអស់ ឈប់សម្រាករយៈពេល ២ថ្ងៃ
នៅក្នុងឱកាសថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រនេះ។
អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ
និងទីប្រឹក្សាអមខុទ្ទកាល័យព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ បានសម្ដែងសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាល
ដែលបានរៀបចំកម្មវិធីនៃព្រះរាជពិធីដង្ហែ
និងថ្វាយព្រះភ្លើងព្រះមហាវីរក្សត្រ នរោត្តម សីហនុ
នៅខាងមុខបានល្អ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលនៅថ្ងៃអាទិត្យ ទី១៣
មករា ថា រដ្ឋាភិបាលបានរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង
និងគោរពវិញ្ញាណក្ខន្ធព្រះបរមសពព្រះមហាវីរក្សត្រនេះបានល្អ
សក្ដិសមនឹងព្រះកិត្តិនាមរបស់ព្រះអង្គ
ដែលជាព្រះមហាក្សត្រគ្រប់គ្រងប្រទេសដ៏ល្អ
កាលពីព្រះអង្គគ្រងរាជ្យនោះ។
ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលបានចេញសារាចរឲ្យមន្ត្រីរាជការ
បុគ្គលិក និយោជិត កម្មករ ឈប់សម្រាករយៈពេលពីរថ្ងៃ គឺនៅថ្ងៃសុក្រ
ទី១ ខែកុម្ភៈ ដើម្បីចូលរួមដង្ហែព្រះបរមសព និងនៅថ្ងៃច័ន្ទ ទី៤
កុម្ភៈ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះភ្លើង។
សារាចរណែនាំរបស់រដ្ឋាភិបាលបានសរសេរទៀតថា គ្រឹះស្ថានសិក្សា
អគារសាធារណៈ អាគារលក់ដូរគ្រប់ប្រភេទ
ស្ថិតនៅតាមបណ្ដោយវិថីព្រះស៊ីសុវត្ថិ វិថីបក្សីចំាក្រុង
មហាវិថីព្រះនរោត្តម វិថីព្រះសីហនុ វិថីសម្ដេចសុធារស
ត្រូវបញ្ឈប់សកម្មភាពការងារ និងលក់ដូរមួយថ្ងៃ គឺនៅថ្ងៃសុក្រ ទី១
កុម្ភៈ ដើម្បីសម្រួលដល់ការងារចរាចរ។ នៅរាជធានីភ្នំពេញ គ្រប់ខែត្រ
គ្រប់ទីប្រជុំជន និងគ្រប់វត្តអារាមនៅទូទាំងប្រទេស
ត្រូវបន្លឺស៊ីរ៉ែន វាយជួង ទូងស្គរ ប្រគំភ្លេង
និងគោរពព្រះវិញ្ញាណក្ខន្ធ
ក្នុងឱកាសប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើងរយៈពេល ១នាទី
និងអ្នកធ្វើដំណើរតាមយានយន្ត និងមធ្យោបាយធ្វើដំណើរទាំងអស់
ត្រូវឈប់រយៈពេល ១នាទីដូចគ្នា
ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព។
ម្យ៉ាងវិញទៀត
នៅក្នុងឱកាសព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពនេះ
ក្រសួងយុត្តិធម៌នឹងលើកលែងទោស និងបន្ធូរបន្ថយទោសទណ្ឌិតចន្លោះពី
៤០០ ទៅ ៥០០នាក់។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា
និងជាប្រធានគណៈកម្មាធិការជាតិបន្ធូរបន្ថយទោស
និងលើកលែងទោសបានបញ្ជាក់ថា ការលើកលែងទោស និងបន្ធូរបន្ថយទោសនោះ
រួមមានអ្នកទោសទាំងនោះបានកែប្រែអត្តចរិតល្អ មានវ័យចាស់ជរា
មានអាយុរវាង ៦០ឆ្នាំ ទៅ ៧០ឆ្នាំ មានជំងឺប្រចាំកាយ
និងស្ត្រីមានកូនតូច ព្រមទាំងអនុវត្តតាមគោលការណ៍ច្បាប់ គឺថា
អ្នកទោសទាំងនោះត្រូវបានជាប់ទោសចំនួន ២ ភាគ ៣ រួចហើយ
ក្នុងនោះក៏មានអ្នកទោសជនជាតិថៃ ពីរនាក់ដែរ គឺលោក រីរៈ
ស៊ុំខ្វាមឃីត (Viira Somkwamkid) ជាប់គុកចំនួន ៨ឆ្នាំ ពីបទចារកម្ម
នឹងត្រូវបន្ថយទោសឲ្យ ជាប់ពន្ធនាគារចំនួន ៦ខែ និងលេខារបស់គាត់
ឈ្មោះ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន នឹងត្រូវដោះលែងនៅថ្ងៃទី១ កុម្ភៈ
ខាងមុខ។
ទាក់ទងនឹងការដោះលែងអ្នកទោសនេះ
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ
សំអាត មានប្រសាសន៍ថា ទោះបីជាច្បាប់ពន្ធនាគារបានចែងថា
ការលើកលែងទោសទណ្ឌិតនោះ លុះត្រាណាអ្នកនោះជាប់គុក ២ ភាគ ៣
ហើយក្ដី ប៉ុន្តែលោកបញ្ជាក់ថា ដើម្បីបង្រួបបង្រួមជាតិ
រាជរដ្ឋាភិបាលត្រូវតែដោះលែងលោក ម៉ម សូណង់ដូ និងលោក សម រង្ស៊ី ដែរ។
ទាក់ទងនឹងបញ្ហានេះ អតីតលេខាផ្ទាល់ព្រះមហាវីរក្សត្រ
និងជាទីប្រឹក្សាអមខុទ្ទកាល័យព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ
ធម្មិកោ ព្រះអង្គសុំមិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។
ព្រះអង្គគ្រាន់តែបញ្ជាក់ខ្លីថា ករណីនេះជារឿងនយោបាយ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលទៀតថា ការដោះលែង
និងលើកលែងទោសនេះ ជាប្រពៃណីរបស់ព្រះមហាក្សត្រ
នៅពេលថ្វាយព្រះភ្លើងដល់អតីតព្រះមហាក្សត្រខ្មែរតាំងពីសម័យមុន។
ព្រះអង្គមានបន្ទូលថា នៅអំឡុងពេលព្រះករុណា ព្រះបាទសម្ដេចព្រះ
នរោត្តម សុរាម្រិត សោយទិវង្គ និងថ្វាយព្រះភ្លើងព្រះអង្គ
ក៏ព្រះមហាក្សត្រិយានី មានព្រះរាជហឫទ័យ លើកលែងទោសទណ្ឌិតជាង
៤០០នាក់ដូចគ្នានេះដែរ៕
No comments:
Post a Comment