ដោយ ម៉ម មុនីរតន៍
2012-12-21 RFA
គណបក្សសង្គ្រោះជាតិ ជំរុញឲ្យរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់ប្រព័ន្ធតុលាការដែលមាននៅក្នុងពេលបច្ចុប្បន្ននេះចេញ។
ការទាមទាររបស់គណបក្សនេះ
ធ្វើឡើងបន្ទាប់ពីមានដីកាដំណោះស្រាយមួយរបស់សាលាដំបូងខេត្ត
ស្វាយរៀង ឲ្យអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត
រួចផុតពីការចោទប្រកាន់ក្នុងពេលថ្មីៗនេះ
ពាក់ព័ន្ធនឹងការបាញ់កម្មករពេលធ្វើកូដកម្មនៅមុខរោងចក្រ។
គណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើងថ្មី
ជំរុញឲ្យក្រសួងជំនាញពាក់ព័ន្ធត្រូវពិនិត្យ
និងកែទម្រង់ឡើងវិញជាបន្ទាន់លើប្រព័ន្ធយុត្តិធម៌
ដោយសារតែគេរកឃើញថា
ស្ថាប័ននេះមិនបានផ្ដល់ការជំនុំជម្រះក្ដីប្រកបដោយភាពសុក្រឹត
និងសច្ចភាពសម្រាប់ជនរងគ្រោះពិតប្រាកដនោះទេ។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ
ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ហើយវិទ្យុអាស៊ីសេរី
ទទួលបាននៅថ្ងៃទី២១ ឲ្យដឹងថា
ការជំនុំជម្រះក្ដីក្នុងពេលកន្លងទៅរបស់តុលាការកម្ពុជា
ពុំបានផ្ដល់យុត្តិធម៌ស្មើភាពរវាងពលរដ្ឋក្រីក្រ
និងមន្ត្រីមានអំណាច ឬបុណ្យសក្តិនោះទេ។
ការលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់បក្សសង្គ្រោះជាតិ
នេះ គឺសំដៅដល់សេចក្ដីសម្រេចរបស់តុលាការខេត្តស្វាយរៀង
ដែលចេញដីកាដំណោះស្រាយឲ្យលោក ឈូក បណ្ឌិត រួចផុតពីការចោទប្រកាន់។
ករណីលោក ឈូក បណ្ឌិត នេះ មានសាក្សី និងភស្តុតាងបញ្ជាក់ថា
អតីតអភិបាលក្រុងបាវិត រូបនេះ
គឺជាជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់ប្រហារកម្មការិនី
៣នាក់ឲ្យរងរបួស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២។
ចំណែកលោក ប៉ុល ហំម
អនុប្រធានគណៈកម្មាធិការបណ្ដោះអាសន្នគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា
ប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា
គឺស្ថិតនៅក្រោមការអោបក្រសោបរបស់រដ្ឋាភិបាលដែលគ្រប់គ្រងដោយ
គណបក្សប្រជាជនកម្ពុជា។ លោក ប៉ុល ហំម បន្តថា
ការប្រើប្រាស់សិទ្ធិក្នុងការជំនុំជម្រះក្ដីរបស់ចៅក្រម
បានប្រាសចាកនូវឆន្ទានុសិទ្ធិពីក្របខ័ណ្ឌច្បាប់យ៉ាងពិតប្រាកដ៖ «ទាក់
ទងទៅនឹងប្រព័ន្ធយុត្តិធម៌នេះ ខ្ញុំមើលឃើញថា
តុលាការនៅស្រុកខ្មែរហ្នឹង គឺមិនទាន់មានឯករាជភាពទេ។
យើងឃើញគ្រប់គ្នាហើយថា
ចៅក្រមហ្នឹងទំនងជាស្ថិតនៅក្រោមឥទ្ធិពលនៃអ្នកកាន់អំណាច
នីតិប្រតិបត្តិ។ ដូច្នេះហើយ
បានយើងយល់ថាវាគួរតែមានការរៀបចំឲ្យបានល្អប្រសើរ»។
ទោះយ៉ាងនេះក្តី នាយកខុទ្ទកាល័យក្រសួងយុត្តិធម៌
និងជាលេខាធិការក្រុមប្រឹក្សានៃអង្គចៅក្រម គឺលោក សំ ប្រជាមានិត
បានបដិសេធទៅនឹងការចោទប្រកាន់របស់បក្សសង្គ្រោះជាតិ នេះ។
លោកមានប្រសាសន៍ថា ទាំងចៅក្រម
និងព្រះរាជអាជ្ញាកំពុងបំពេញកិច្ចការរបស់ខ្លួនតាមកាតព្វកិច្ច
ច្បាប់យ៉ាងខ្ជាប់ខ្ជួន
ដែលពុំចាំបាច់ទាមទារការកែទម្រង់ណាមួយនោះទេ៖ «ខ្ញុំមិនមាន
អីអត្ថាធិប្បាយចំពោះខាងគាត់នោះទេ។ ប៉ុន្តែរាល់ថ្ងៃនេះ
តុលាការគឺធ្វើការដោយយុត្តិធម៌ហើយ
និងទៅតាមច្បាប់នីតិវិធីត្រឹមត្រូវណាស់
មិនមានអីប្រាសចាកច្បាប់ទម្លាប់អីទេបាទ
ហើយការលើកឡើងរបស់គាត់យ៉ាងណា គឺខ្ញុំមិនដឹងទេ។
រាល់ថ្ងៃគេខំប្រឹងណាស់ណាធ្វើការរាល់ថ្ងៃឃើញទេ
ចៅក្រមតស៊ូធ្វើការមិនថាលំបាកម៉េច គាត់ ហើយការងារជម្រះក្ដីមួយៗ
គឺត្រូវការស៊ើបអង្កេតណាស់»។
ចំណែកលោក សុខ សំអឿន
នាយកអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ពន្យល់ថា
ដើម្បីធានាពីឯករាជភាពនៃប្រព័ន្ធយុត្តិធម៌ទៅបាន
ដរាបណាតុលាការមិនស្ថិតក្រោមគណបក្សនយោបាយ
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវមានវិន័យច្បាស់សាល់
និងចៅក្រមត្រូវប្រាកដថារដ្ឋឧបត្ថម្ភគ្រប់គ្រាន់ទាំងផ្នែកថវិកា
និងសម្ភារបំពេញបេសកកម្មជាដើម៖ «ទីមួយ
គឺប្រហែលជាត្រូវធ្វើយ៉ាងណាឲ្យឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម
ហ្នឹងឯករាជ ហើយអាចធ្វើការងារគ្រប់គ្រងចៅក្រមបាន។ ទីពីរ
ប្រហែលត្រូវធ្វើច្បាប់លក្ខន្តិកៈចៅក្រមហ្នឹងឲ្យមានសីលធម៌ទៅ
ហើយទន្ទឹមនឹងអើខ្ញុំថាត្រូវតែធ្វើច្បាប់មួយចង
ធ្វើម៉េចចៅក្រមកុំឲ្យចូលបក្ស
ហើយក្រៅពីនោះគឺប្រហែលជាត្រូវការកែលំអកម្មវិធីហ្វឹកហ្វឺនចៅក្រម។
ទន្ទឹមនឹង ខ្ញុំគិតថាប្រហែលជារដ្ឋត្រូវដំឡើងប្រាក់ខែ
ហើយសង់ផ្ទះឲ្យចៅក្រម
ព្រោះចៅក្រមគាត់ផ្លាស់ទៅខេត្តផ្សេងៗបួនឆ្នាំម្ដងនោះណា
ហើយផ្លាស់ហ្នឹងក៏ត្រូវធ្វើឲ្យម៉ិតប្រាយដែរ
កុំឲ្យផ្លាស់ចុះផ្លាស់ឡើងមកដដែល»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលផ្នែកសិទ្ធិមនុស្ស
ប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) រកឃើញថា
ការទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្ដីនៅកម្ពុជា
មិនទាន់មានភាពប្រសើរនៅឡើយទេ។ បញ្ហានេះលោកថារដ្ឋាភិបាលកម្ពុជា
គួរធ្វើកំណែទម្រង់បន្ថែមទៀត៕
No comments:
Post a Comment