ដោយ ម៉ម មុនីរតន៍
2015-12-27 rfa
![]() |
| ក្រុមយុវជនចូលរួមវេទិកាយុវជន ស្ដីពីបញ្ហាប្រឈមទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥។ |
ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ព្រមានធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀអង្គរ។
ក្រុមយុវជនចោទប្រកាន់ថា ក្រុមហ៊ុននេះ គឺមានជាប់ពាក់ព័ន្ធការផលិតភ្លើងដែលនាំឲ្យមនុស្ស សត្វ និងមច្ឆជាតិនៅក្រោមខ្សែទឹកនៃអាងទន្លេមេគង្គក្រោម ត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ បើទំនប់វារីអគ្គិសនីនេះដំណើររួចទៅ។
ក្រុមយុវជនអះអាងថា យុទ្ធនាការនេះនឹងផ្សព្វផ្សាយឲ្យសាធារណជនដឹងពីឥទ្ធិពលនៃការទាញយកភ្លើងពីទំនប់វារីអគ្គិសនី ហើយផ្ដល់ផលកាន់តែអាក្រក់ និងគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ការរស់នៅរបស់មនុស្ស តាមរយៈភាគហ៊ុនដ៏ធំមួយរបស់រោងចក្រផលិតស្រាបៀអង្គរ។
ក្រុមហ៊ុនស្រាបៀអង្គរដែលជាក្រុមហ៊ុនផលិតស្រាបៀដ៏ធំនៅកម្ពុជា មានថៅកែជាជនជាតិម៉ាឡេស៊ី នោះ រងការចោទប្រកាន់ថា បានរួមចំណែកធ្វើឲ្យមនុស្សរាប់លាននាក់រស់នៅក្រោមខ្សែទឹកទន្លេមេគង្គ ត្រូវប្រឈមមុខគ្រប់បែបយ៉ាង ប្រសិនបើទំនប់វារីអគ្គិសនីនេះដំណើរការដូចការគ្រោងទុកមែននោះ។
ថ្លែងនៅក្នុងវេទិកាយុវជន ស្ដីពីបញ្ហាប្រឈមទាក់ទងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង នៅថ្ងៃទី២៧ ធ្នូ តំណាងសកម្មជនបរិស្ថាន លោក ហេង សំណាង យល់ឃើញថា វាល្មមដល់ពេលដែលមនុស្សគ្រប់គ្នាត្រូវដឹងពីស្ថានភាពដ៏អាក្រក់នឹងកើតឡើង ក្រោយពីទំនប់វារីអគ្គិសនីដនសាហុង ដំណើរការរួច។ យុវជន ហេង សំណាង ចាត់ទុកថា ផលប៉ះពាល់មួយផ្នែក គឺផ្ដើមចេញពីភាគហ៊ុនជិតពាក់កណ្ដាលដែររបស់ក្រុមហ៊ុន ខេមប្រូវ (Cambrew) ដែលជាក្រុមហ៊ុនផលិតស្រាបៀអង្គរដ៏ធំនៅកម្ពុជា របស់លោក ហ្គោ ណាគៀ (Goh Nan Kioh)។ លោក ហេង សំណាង ព្រមានថា ក្រុមយុវជននឹងចាប់ផ្ដើមធ្វើយុទ្ធនាការតាមរយៈការផ្សព្វផ្សាយ និងមានវេទិកាថ្នាក់ជាតិពីពេលនេះ ឲ្យបញ្ឈប់ការប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុន ខេមប្រូវ ដែលផលិតមួយផ្នែកនូវស្រាបៀអង្គរដែរនោះ។ លោកបន្តថា «អ៊ីចឹងពេលវេលានេះដែរ យើងចាប់ផ្ដើមនូវយុទ្ធនាការថ្មី សម្រាប់ធ្វើរឿងស្រាបៀអង្គរ ដើម្បីឲ្យយុវជនយើងបានដឹងអំពីរឿងហ្នឹង»។

































