ភរិយា ស៊ុក សុភា រិះគន់ខ្លាំងៗការសម្លាប់លោក កែម ឡី
ដោយ លោក វង្ស សុម៉ាលីន | ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦

លោក ស៊ុក សុភា និងភរិយា
ក្នុងចំណោមតារាសិល្បៈដែលមានកេរ្តិ៍ឈ្មោះទាំងអស់គេចាប់អារម្មណ៍ថាមានតែអតីតតារាសម្ដែងក្នុងបទចម្រៀង«មនុស្សដំបូង» ដែលត្រូវគេស្គាល់ថាជាភរិយារបស់ លោក ស៊ុក សុភា ម្នាក់ប៉ុណ្ណោះ ដែលហ៊ានចេញមុខបង្ហោះសាររិះគន់និងថ្កោលទោសយ៉ាងចំៗទៅលើករណីបាញ់សម្លាប់លោកបណ្ឌិត្យកែម ឡី ជាសាធារណៈ។ ក្រៅពីបានប្ដូររូបរបស់លោកបណ្ឌិត ធ្វើជារូបផ្ទាល់ខ្លួនជាការរំលែកទុក្ខ អ្នកនាង សារីនណា ក៏បានចែកចាយនូវព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធនឹងហេតុការណ៍នេះ ដោយបន្តបង្ហោះពាក្យពេចន៍បន្តបន្ទាប់ក្នុងន័យរិះគន់ចំពោះការសម្លាប់ទៅលើលោកកែម ឡី និងបានរិះគន់ចំពោះករណីនេះខុសប្លែកពីតារាសិល្បៈភាគច្រើនផងដែរ។
អ្នកនាងបានសរសេរជាបន្តបន្ទាប់នៅលើគណនេយ្យរបស់ខ្លួនថា៖ “អ្នកអវិជ្ជាសម្លាប់អ្នកមានវិជ្ជាខ្ពង់ខ្ពស់ អោយតែយ៉ាងៗនេះ តើប្រទេសខ្ញុំនឹងទៅជាយ៉ាងណានាពេលអនាគត? តើប្រទេសយើងនឹងសល់អ្នកមានវិជ្ជាទៅរួចទេ? អោយតែរៀនសូត្រចេះដឹងពេក ដឹងតែអាយុខ្លី តើក្មេងៗជំនាន់ក្រោយមានកម្លាំងស្មារតីចង់រៀនសូត្រអោយក្លាយទៅជាអ្នកចេះដឹងទៀតទេ? តើអ្វីដែលជាកម្លាំងពង្រឹងស្មារតីដាស់តឿនក្មេងៗជំនាន់ក្រោយអោយរីកដូចផ្សិតបាន”? អ្នកនាងបន្ថែមថា៖ “ខ្ញុំរស់នៅក្នុងប្រទេស(អូស្រ្តាលី)ដែលលើកតម្លៃអ្នកដែលចេះដឹង អ្នកដែលក្លាហាន កាន់តែហ៊ាន កាន់តែប្លែកជាងគេ កាន់តែខ្ពស់ជាងគេគឺអ្នកនោះបានរង្វាន់លើកទឹកចិត្តដល់ប្រទេសខ្ញុំ(កម្ពុជា)កាន់តែចេះដឹង កាន់តែហ៊ាន កាន់តែក្លាហាន កាន់តែខ្ពស់ គឺអ្នកនឹងអាយុខ្លី ទាំងនេះគឺដោយសារអាមនុស្សអវិជ្ជាតាំងខ្លួនជាឃាតកប្រមាថអាយុជីវិតគេ ដោយមិនគិតថាប្រទេសជាតិត្រូវការអ្នកចេះដឹងខ្ពង់ខ្ពស់ ដើម្បីអោយប្រទេសកាន់តែរីកចំរើន ហើយក្មេងៗជំនាន់ក្រោយក៏គ្មានមានកម្លាំងចិត្តចង់ក្លាយទៅជាអ្នកចេះដឹងដើម្បីអនាគតប្រទេសដែរ”។ អ្នកនាងបានទទូចអោយអ្នកនៅពីក្រោយការសម្លាប់លោកបណ្ឌិតកែម ឡី ភ្ញាក់ខ្លួនឡើង ដើម្បីអោយបានរួចផុតពីអំពើបាបនិងដើម្បីអោយប្រទេសកម្ពុជាមានអ្នកចេះដឹងរួមគ្នាកសាងប្រទេសជាតិ។
អ្នកនាង សារីនណា ត្រូវគេឃើញបង្ហោះសារក្នុងន័យថ្កោលទោសជាច្រើនបណ្ដាក់គ្នានៅលើហ្វេសប៊ុកចាប់តាំងពីករណីសម្លាប់លោកកែម ឡី ត្រូវបានកើតឡើងកាលពីថ្ងៃទី១០ កក្កដា។ ជាមួយការបង្ហោះខ្លឹមសារខាងលើ អ្នកនាងក៏បានបង្ហោះសារដែលត្រូវគេមើលឃើញថាមានន័យបញ្ឆិតបញ្ឆៀងដល់ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយការបាញ់សម្លាប់ទៅលើកែម ឡី ដែលជារឿងរសើបនាពេលនេះផងដែរ។
យ៉ាងណាមិញ អ្នកនាងបញ្ជាក់ប្រាប់ថាការបង្ហោះទាំងឡាយរបស់អ្នកនាងគឺមិនមែនចង់សំដៅខ្លួនលូកលាន់ក្នុងស្ថានភាពនយោបាយរបស់ប្រទេសនោះទេគឺគ្រាន់តែសម្ដែងការសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងម្នាក់ គឺលោកបណ្ឌិត កែម ឡី ប៉ុណ្ណោះ។ អ្នកនាងបានអះអាងថាខ្លួនមិនសំដៅទៅកាន់គណបក្សណាឬគណបក្សទេ ប៉ុន្តែអ្វីដែលអ្នកនាងសំដៅគឺស្ថានភាពសង្គមកម្ពុជា៕
1 comment:
Patriotic mind and soul cannot buy it or even sale it .it is instinctive of natural phenomenon from individual heart. Keep your courage intact, but not cowardice by fade away under ghost money pressure .
Post a Comment