A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 18 July 2016

ប៊ុត ​ប៊ុនតិញ៖ វិបត្តិ​នយោបាយ​អាច​ដោះស្រាយ​បាន​បើ​អ្នក​នយោបាយ​ឈប់​អួត


ព្រះតេជគុណ ប៊ុត ប៊ុនតិញ​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ពេល​កន្លង​មក​។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក


ប៊ុត ​ប៊ុនតិញ៖ វិបត្តិ​នយោបាយ​អាច​ដោះស្រាយ​បាន​បើ​អ្នក​នយោបាយ​ឈប់​អួត
Fri, 15 July 2016 ppp
សូ វិសាល


(តពីលេខមុន)...បើ​ទោះបី​ជា​​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ហាក់បី​ដូចជា​កាន់​តែ​ឡើង​កម្តៅ​​ខ្លាំង​ឡើង​ហើយ​អ្នក​នយោបាយ​នៅ​តែ​មិន​ទាន់​អាច​រក​ច្រក​ដោះស្រាយ​បាន​យ៉ាង​ណា​ក៏​ដោយ ក៏​ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល​ជា​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​មាន​សង្ឃដីកា​ថា​ស្ថានការណ៍​នយោបាយ​​ដែល​កំពុង​តែ​ឡើង​កម្តៅ​ដែល​​ផ្តើម​ចេញ​ដោយសារ​តែ​​អ្នក​នយោបាយ​បង្ក​ឡើង​ដើម្បី​ផលប្រយោជន៍​បក្ស​ និង​ផលប្រយោជន៍​បុគ្គល​នេះ​គឺ​អាច​ដោះស្រាយ​បាន​ប្រសិន​បើ​អ្នក​នយោបាយ​ខ្មែរ​ឈប់​អួត​ហើយ​​ត្រូវ​លះបង់​គំនិត​ដែល​ចាត់​ទុក​ប្រទេស​មួយ​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

ព្រះតេជគុណ​ ប៊ុនតិញ គឺជា​សកម្ម​ជន​ព្រះសង្ឃ​មួយ​អង្គ​ដែល​​តែងតែ​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​ចូលរួម​ធ្វើ​កិច្ចការ​សង្គម​ដូច​លោក​ បណ្ឌិត កែម ឡី ដែល​ទើប​តែ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​ ១០ ខែ​កក្កដា​នេះ​តែងតែ​មាន​សង្ឃដីកា​ធ្វើការ​រិះគន់​ខ្លាំងៗ​ទៅ​លើ​ភាព​អសកម្ម​របស់​​រដ្ឋាភិបាល។



បើ​មើល​ពី​ប្រវត្តិ​របស់​ព្រះសង្ឃ​អង្គ​នេះ​ដោយសារ​តែ​ស្ថានភាព​គ្រួសារ​មាន​ភាព​ក្រីក្រ​ខ្លាំង​ពេក​ហើយ​​​មាន​ឆន្ទៈ​ចង់​រៀន​បន្ត​ទៀត​នៅ​ទី​បំផុត​យុវជន​ ប៊ុនតិញ បាន​សម្រេច​ចិត្ត​ទៅ​បួស​នៅ​​ថ្ងៃ​ទី ៥ ខែ​ឧសភា ​ឆ្នាំ ២០០០ នៅ​វត្ត​វ៉ារិន ស្រុក​វ៉ារិន ខេត្ត​សៀមរាប​ដែល​​គិត​មក​ដល់​ត្រឹម​ខែ​កក្កដា​ឆ្នាំ ២០១៦​ នេះ​ព្រះតេជគុណ​បួស​បាន​ ១៦ ​ព្រះវស្សា​ហើយ​។ ដោយសារ​​តែ​បួស​ហើយ​គង់​នៅ​​វត្ត​វ៉ារិន​ពុំ​មាន​ឱកាស​បាន​រៀនសូត្រ​ព្រះតេជគុណ​ក៏​បាន​​សម្រេច​ចិត្ត​ចាកចេញ​ពី​វត្ត​នេះ​ទៅ​គង់​នៅ​វត្ត​ដំណាក់​ក្នុង​ក្រុង​​សៀមរាប​ទើប​មាន​ឱកាស​បាន​រៀនសូត្រ​បន្ត​ទៀត​។

ព្រះតេជគុណ​មាន​សង្ឃដីកា​ថា​​៖ « អរគុណ​វត្ត​ដំណាក់​ដែល​ជា​វត្ត​មួយ​ស្អាតស្អំ​គឺ​ព្រះសង្ឃ​ដែល​មក​គង់​វត្ត​ដំណាក់​គឺ​ត្រូវ​តែ​រៀន បើ​អង្គ​ណា​មួយ​អត់​ទៅ​រៀន​ ៣ ​ថ្ងៃ​អត់​ឲ្យ​នៅ​វត្ត​នឹង​ទេ។ ដូច្នេះ​នៅ​ក្នុង​វត្ត​នឹង​គេ​បង្ខំ​យើង​ឲ្យ​រៀន​​រហូត​ដល់​យើង​បាន​ក្លាយ​ជា​អ្នក​ចេះ​ដឹង​ចម្រើន​ពរ»។

នៅ​ក្នុង​ឆ្នាំ ២០០៣ ព្រះតេជគុណ ប៊ុនតិញ បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​បុមបៃ​ប្រទេស​ឥណ្ឌា​ហើយ​នៅ​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ ២០០៥ ទើប​បាន​​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​​នោះ។

ព្រះតេជគុណ​បាន​ខិតខំ​រៀន​សូត្រ​រហូត​ដល់​បញ្ចប់​ការ​សិក្សា​ទទួល​បាន​សញ្ញាបត្រ អនុបណ្ឌិត ផ្នែក​សង្គមវិទ្យា​នៅ​ថ្ងៃ​ទី ១៩ ខែ​មេសា​ឆ្នាំ ២០១១។ «​អាត្មា​រៀន​សង្គម​​វិទ្យា​តាំងពី​ឌីប្លូម​បាន​បរិញ្ញាបត្រ​សង្គមវិទ្យា អនុបណ្ឌិត​សង្គមវិទ្យា​អត់​ដូរ​ទេ​ទៅ​ត្រង់​ពីព្រោះ​អាត្មា​ស្រឡាញ់​សង្គម​ចម្រើន​ពរ»។

បន្ទាប់​ពី​វិល​​ត្រឡប់​មកពី​សិក្សា​នៅ​ប្រទេស​ឥណ្ឌា​ព្រះតេជគុណ​បាន​ចូល​​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ។ រហូត​ដល់​ថ្ងៃ​ទី ១២ ខែ​កញ្ញា​ឆ្នាំ ២០១១ ព្រះតេជគុណ​បាន​ចូល​ធ្វើការ​ជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ​ល្បី​ឈ្មោះ​មួយ​​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ទទួល​​បាន​ប្រាក់​ខែ​សមរម្យ។

ព្រះតេជគុណ​មាន​ព្រះនាម​ជា​សាស្ត្រាចារ្យ​ពូកែ​និយាយ​មាន​ទ្រឹស្តី​ល្អ។ ប៉ុន្តែ​នៅ​ពេល​​នោះ​ព្រះតេជគុណ​បាន​ចោទ​សួរ​​ខ្លួន​ឯង​​ថា​បើ​គ្រាន់​តែ​មាន​ទ្រឹស្តី​​ល្អ​ពូកែ​និយាយ អាន​សៀវភៅ​បាន​ច្រើន​ ចាំ​ឈ្មោះ​អ្នក​និពន្ធ​ច្រើន​តើ​វា​មាន​ប្រយោជន៍​អ្វី​ដល់​​ជាតិ? ហើយ​តើ​ត្រូវ​ធ្វើ​អ្វី​ទៀត?«ពីព្រោះ​បង្រៀន​មនុស្ស​​បណ្តុះ​ចំណេះដឹង​ការ​ផ្តល់​ចំណេះដឹង​មិន​ទាន់​​ប្រាកដប្រជា​ថា​ផ្តល់​មនសិការ​រឹងមាំ​ក្នុង​ការ​ជួយ​ជាតិ​​នោះ​​ទេ!»។

ព្រះតេជគុណ​បាន​ធ្វើការ​នៅ​​ក្នុង​សាកល​វិទ្យាល័យ​ដែល​ព្រះតេជគុណ​មិន​ចង់​បញ្ចេញ​ឈ្មោះ​នោះ​គឺ​គេ​ឲ្យ​ប្រាក់​ខែ​​​ច្រើន​ប៉ុន្តែ​គេ​ហាម​​ព្រះតេជគុណ​មិន​ឲ្យ​​មាន​សង្ឃដីកា​ពី​បញ្ហា​​សង្គម​មិន​​ឲ្យ​លើក​ពី​បញ្ហា​នយោបាយ​ឡើយ​។

នៅ​ទីបំផុត​គឺ​នៅ​​ថ្ងៃ​ទី ១ ខែ​កក្កដា​ឆ្នាំ ២០១៣ ព្រះតេជគុណ​ក៏​សម្រច​ចិត្ត​លាលែង​ពី​ការងារ​នៅ​សាកល​វិទ្យាល័យ​នោះ​ហើយ​ទៅ​ធ្វើ​ជា​​អ្នក​តស៊ូ​មតិ​នៅ​តាម​សហគមន៍​។ «ថ្ងៃ​ហ្នឹង​ដែល​អាត្មា​ក្តុកក្តួល​​មែនទែន​គឺ​ម៉ោង ៨ យប់​នៅ​មុខ​វាំង​ពេល​នុង​គេ​ចាប់​យ៉ោម បុប្ជា (សកម្មជន​ដីធ្លី​នៅ​បឹងកក់) យក​ទៅ​ដាក់​គុក​ទាំង​យប់។ ជំនាន់​ហ្នុង​ឃើញ​បញ្ហា​អា​រំលោភ​យក​ដី​ហើយ​ចាប់​​ម្ចាស់​ដាក់​គុក​ថែម​ហ្នុង​ណា។ ដល់​​ឃើញ​អ៊ីចឹង​បាន​អាត្មា​ថា​ទេ​នៅ​មិន​បាន​ទេ​ត្រូវ​តែ​ចូលរួម​ចំណែក​ណា​មួយ​តាម​លទ្ធភាព​របស់​យើង​»។ ​

នៅ​ពេល​នោះ​ព្រះតេជគុណ​បាន​បង្ហោះ​​វីដេអូឃ្លីប​​​ដែល​និយាយ​ពី​ការ​ចាប់​ខ្លួន​អ្នកស្រី​ យ៉ោម បុប្ជា ​​ទាំង​យប់​តែ​ម្តង​ហើយ​គ្រាន់​​តែ​វីដេអូឃ្លីប​នោះ​ចេញ​បង្ហោះ​ភ្លាម​គេ​ថា «យើង​យក​បរិវេណ​សាលា​គេ​ធ្វើ​នយោបាយ​ដោយសារ​អាត្មា​នៅ​ក្នុង​ម៉ោង​ធ្វើការ​នៅ​ឡើយ​ហើយ​ច្រឡំ​ពាក់​កាត​ស្ថាប័ន។ ដល់​ច្រឡំ​ពាក់​កាត​ស្ថាប័ន​ធ្វើ​វីដេអូឃ្លីប​តាម​ហ្វេសប៊ុក​គេ​​ឃើញ​គ្រាន់​តែ​គេ​ឃើញ​ប៉ុណ្ណឹង​មន្ត្រី​គណបក្ស​ប្រជាជន​មួយ​​ចំនួន​ធំ​បាន​ដាក់​សម្ពាធ​ទៅ​សាលា​ឲ្យ​បណ្តេញ​ចេញ​បណ្តេញ​ទាំង​យប់​ខុស​ម៉ោង​រដ្ឋបាល​ទៀត​ចម្រើន​ពរ​បណ្តេញ​ចំ​ថ្ងៃ​អាទិត្យ​ទៀត​អាត្មា​ថា​អត់​អី​ទេ​មិន​បាច់​ដេញ​ទេ​គង់​តែ​ទៅ​ទេ​ពីព្រោះ​អាត្មា​​ចង់​ធ្វើ​ការងារ​សង្គម​អ៊ីចឹង​បាន​អាត្មា​ចេញ​មក​ធ្វើការ​នឹង​ចម្រើន​ពរ»។ ចាប់​តាំង​ពី​ពេល​នោះ​មក​ព្រះតេជគុណ​បាន​​ខិតខំ​ធ្វើ​ការងារ​ដោយ​ផ្តោត​ទៅ​លើ​ការ​កសាង​យុត្តិធម៌​ និង​កម្ចាត់​អំពើ​ពុករលួយ​ និង​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម។

ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ (ឆ្វេង) លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ និង​លោក​បណ្ឌិត​ កែម ឡី កាលពី​ពេល​កន្លង​មក​។
ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ (ឆ្វេង) លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ និង​លោក​បណ្ឌិត​ កែម ឡី កាលពី​ពេល​កន្លង​មក​។ រូបថត ហ្វេសប៊ុក


កន្លង​មក​គេ​ឃើញ​ព្រះតេជគុណ ប៊ុនតិញ និង​​​ព្រះសង្ឃ​ជាច្រើន​អង្គ​ដែល​ជា​​សមាជិក​នៃ​បណ្តាញ​ព្រះសង្ឃ​​ឯករាជ្យ​តែងតែ​​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​ប្រឆាំង​ និង​សកម្មជន​ដីធ្លី សកម្មជន​បរិស្ថាន​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​បំពាន​ផ្សេងៗ និង​ប្រឆាំង​ទៅ​នឹង​​អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​មួយ​​ចំនួន​បាន​ចាត់​ទុក​ថា​ក្រុម​ព្រះសង្ឃ​ទាំង​នេះ​ជា​សមាជិក​គណបក្ស​ប្រឆាំង។

ក៏​ប៉ុន្តែ​ព្រះតេជគុណ ប៊ុនតិញ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដោយ​មាន​សង្ឃដីកា​ថា​ព្រះតេជគុណ​មិន​ត្រឹម​តែ​មិន​មាន​តួនាទី​ក្នុង​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​មិន​ដែល​បាន​ចុះ​ឈ្មោះ​ចូល​ជា​សមាជិក​គណបក្ស​នេះ​​ទៀត​ផង និង​ថែម​​ទាំង​មិន​ដែល​ទទួល​បាន​ផលប្រយោជន៍​អ្វី​ពី​គណបក្ស​ប្រឆាំង​សោះ​ឡើយ​។ ប៉ុន្តែ​​ការងារ​​​របស់​ព្រះតេជគុណ​ផ្តោត​ទៅ​លើ​យុត្តិធម៌​សង្គម​ហើយ​គណបក្ស​ណា​ក៏​ដោយ​ដែល​តវ៉ា​ប្រឆាំង​ទៅ​នឹង​អំពើ​អយុត្តិធម៌​សង្គម​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ព្រះតេជគុណ​នឹង​ចូលរួម​ដោយ​មិន​សំដៅ​តែ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ​។

«ប៉ុន្តែ​ដោយសារ​​មើល​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ​គេ​តវ៉ា​រក​យុត្តិធម៌​ពេល​នុង​គឺ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ហី​អាត្មា​ជា​ម្ចាស់​ឆ្នោត​ម្នាក់​ដែរ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​តវ៉ា​អាហ្នឹង​ហើយ​ដែល​ចូលរួម​ជាមួយ​គេ​ហ្នឹង​ដោយសារ​តែ​យើង​​ចង់​បាន​ថា​អ្នក​ណា​យក​សន្លឹក​ឆ្នោត​យើង​ហើយ​អាត្មា​ខ្លួន​ឯង​ផ្ទាល់​អ្នក​ទៅ​ស្រាវជ្រាវ​ឈ្មោះ​ខ្មោច​នៅ​ខេត្ត​សៀមរាប​ជិត​ ១០ ​ម៉ឺន​នាក់​»។

ព្រះតេជគុណ​បាន​គូសបញ្ជាក់​ទៀត​ថា​៖ ​«អាស្រ័យ​​ហេតុ​ដូច្នោះ​ហើយ​បាន​ឃើញ​វត្តមាន​ពួក​អាត្មា​រហូត​ហ្នឹង​ដោយសារ​អាត្មា​ជា​ម្ចាស់​ឆ្នោត​រឿង​ទី ១។ រឿង​ ទី ២ អាត្មា​បាន​ផលប្រយោជន៍​ពី​សង្គម​អាត្មា​ពីព្រោះ​កាល​ណា​សង្គម​​មួយ​មាន​យុត្តិធម៌​សង្គម​មួយ​មាន​សន្តិភាព​សង្គម​មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​គឺ​យើង​ទាំងអស់​គ្នា​បាន​ផលប្រយោជន៍​។ ហី​បើ​អ្នក​ណា​ក៏ដោយ​គណបក្ស​ណា​​ក៏ដោយ​ឲ្យ​តែ​ធ្វើការ​ផ្តល់​ផលប្រយោជន៍​​ឲ្យ​មនុស្ស​ប្រាកដ​ណាស់​អាត្មា​នឹង​ចូលរួម»។

បច្ចុប្បន្ន​ព្រះតេជគុណ​ ប៊ុនតិញ ​មិន​មាន​វត្ត​ណា​មួយ​គង់​នៅ​ស្នាក់​អាស្រ័យ​ពិតប្រាកដ​ឡើយ​ដោយសារ​តែ​គ្រប់​វត្ត​​ទាំង​អស់​ពុំ​មាន​វត្តណា​មួយ​ហ៊ាន​ចុះ​ឈ្មោះ​ឲ្យ​ព្រះតេជគុណ​គង់​នៅ​ឡើយ​ដោយសារ​តែ​មាន​សម្ពាធ​នយោបាយ​ពី​ថ្នាក់​លើ។

ព្រះតេជគុណ​​តែងតែ​​និមន្ត​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ដើម្បី​បំពេញ​ការងារ​ដោយ​ពេល​ខ្លះ​ត្រូវ​ចូល​គង់​នៅ​តាម​វត្ត​មួយ​ចំនួន​ក្នុង​រយៈពេល​ខ្លី ឬ​ក៏​ត្រូវ​ចង​អង្រឹង​សិង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក៏​មាន។

«​ហើយ​ក្នុង​ឡាន​អាត្មា​ដាក់​អង្រឹង ៤-១០ ស្រេច​ចម្រើន​ពរ​អត់​មាន​ប្រកាន់​ទេ​យប់​ត្រង់​ណា ចង​អង្រឹង​ត្រង់​ហ្នឹង​អ្នក​ណា​ចង់​ទៅ​សិង ចង់​ទៅ​សម្រាក​ជាមួយ​មាន​អង្រឹង។ ដូច្នេះ​ពេញ​ចិត្ត​ទោះបី​ជា​ចង​អង្រឹង​សិង​តាម​ចិញ្ចើម​ផ្លូវ ឬ​ត្រូវ​សិង​នៅ​ទីណា​ក៏​សិង​ដែរ​ឲ្យ​តែ​បាន​ឱកាស​បម្រើ​សង្គម​នេះ​ជា​ឆន្ទៈ​ធំ មិន​មែន​ឆន្ទៈ​ធំ​ទាល់​តែ​មាន​កុដិ​ល្អ​មាន​វិហារ​មាន​អ្នក​យក​បាយ​ទៅ​ប្រគេន​បាន​សប្បាយ​អត់​ទេ​ចម្រើន​ពរ​មិន​ពេញ​ចិត្ត​នឹង​អ៊ីចឹង​ទេ»។

ព្រះតេជគុណ​បាន​ឧទ្ទិស​ថា​នឹង​មិន​ធ្វើការ​ដើម្បី​បាន​សេចក្តី​សុខ​តែ​ម្នាក់​ឯង​ទេ​បើ​ចង់​ជួយ​សង្គម​ខ្មែរ​ទាល់​តែ​មនុស្ស​ហ៊ាន​លះបង់​សេចក្តី​សុខ​ផ្ទាល់​ខ្លួន​ទៅ​បម្រើ​សង្គម​បាន​យើង​បាន​ជោគជ័យ​ដល់​សង្គម ប៉ុន្តែ​មិនមែន​ជោគជ័យ​បុគ្គល​ទេ។

ព្រះតេជគុណ​បន្ត​ថា​ការ​លះបង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​​បម្រើ​ផលប្រយោជន៍​សង្គម​មិន​​អាច​មនុស្ស​គ្រប់​គ្នា​ធ្វើ​បាន​ទេ​ហើយ​ព្រះតេជគុណ​គិត​ថា​អ្នក​ណា​អាច​ធ្វើ​បាន​ធ្វើ​ទៅ​មិន​គួរ​ទិតៀន​អ្នក​ដែល​មិន​ទាន់​បាន​ធ្វើ​រឿង​នេះ​នោះ​ទេ​ពីព្រោះ​ថ្ងៃ​ណា​មួយ​គេ​នឹង​ធ្វើ​ដូច​ព្រះតេជគុណ​ដែរ​ពីព្រោះ​ពី​មុន​ព្រះតេជគុណ​មិន​ដែល​លះបង់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ទៅ​ធ្វើ​ផលប្រយោជន៍​សង្គម​នោះ​ទេ​ប៉ុន្តែ​ដល់​ពេល​ដល់​វេលា​ដែល​ត្រូវ​ធ្វើ​ព្រះតេជគុណ​ធ្វើ។

បច្ចុប្បន្ន​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ឡើង​កម្តៅ។ ឡើង​កម្តៅ​ដោយសារ​តែ​មាន​ការ​ចាប់​ឃុំ​ខ្លួន​ជា​បន្តបន្ទាប់​ទៅ​លើ​អ្នក​តំណាងរាស្ត្រ​ និង​សកម្មជន​គណបក្ស​ប្រឆាំង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការរង​ គជប ហើយ​នឹង​មាន​ការ​ប៉ុនប៉ង​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​មជ្ឈដ្ឋាន​ជាច្រើន​គិត​ថា​គឺជា​រឿង​នយោបាយ​ដែល​ត្រូវ​បាន​គេ​បង្ក​​ឡើង​ដើម្បី​បម្រើ​តែ​ផលប្រយោជន៍​បុគ្គល​ និង​ផលប្រយោជន៍​បក្ស។

នៅ​ថ្ងៃ​ទី​ ១០ ​ខែ​កក្កដា​នេះ​ទៀត​លោក​បណ្ឌិត​ កែម ឡី ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​។​

ព្រះតេជគុណ​ ប៊ុនតិញ ដែល​តែងតែ​រួម​សហការ​​ជិត​ស្និទ្ធ​ជាមួយ​លោក​បណ្ឌិត​ កែម ឡី ក្នុង​ការ​ធ្វើ​កិច្ចការ​បម្រើ​សង្គម​មើល​ឃើញ​ថា​ការ​ឡើង​កម្តៅ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​គឺ​កើតឡើង​ដោយសារ​តែ​​អ្នក​នយោបាយ​ខ្មែរ​មាន​អំនួត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

ព្រះតេជគុណ​បន្ត​ថា​ប្រសិន​បើ​ព្រះតេជគុណ​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​ជា​អ្នក​​សម្រេច​ចិត្ត​ ឬ​ក៏​ជា​អ្នក​បង្រួប​បង្រួម​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ​ជា​ដំបូង​គឺ​​ព្រះតេជគុណ​ត្រូវ​លួង​លោម​អ្នក​នយោបាយ​ខ្មែរ​ទាំង​អស់​ឲ្យ​ឈប់​អួត​។ «ឈប់​អួត​ ឈប់​ខ្លាំង​ដាក់​គ្នា​ទៅ​ចម្រើន​ពរ មិន​គួរ​យើង​អួត​ខ្លាំង​តែ​ម្នាក់​យើង​ទេ​ពីព្រោះ​ទឹក​ដី​ខ្មែរ​​ប្រទេស​ខ្មែរ​ជា​ទឹកដី​រួម​ជា​របស់​រួម​កុំ​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ។ រាល់​ថ្ងៃ​នេះ​អ្នក​នយោបាយ​កាន់​អំណាច​យល់​ថា​កម្ពុជា​ជា​ទឹកដី​របស់​គាត់ គាត់​ថា​គាត់​រំដោះ​បាន​ជា​ប្រទេស​របស់​គាត់​កាល​ដែល​ខ្មែរ​មាន​សង្គ្រាម​អ្នក​ឯង​នៅ​ឯណា​ម៉េច​មិន​មក​តស៊ូ! អ៊ីចឹង​ឆន្ទៈ​ប្រភេទ​នេះ​គេ​ហៅថា​ជា​ឆន្ទៈ​យក​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ។ ហី​ដរាប​ណា​យើង​យក​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​ដោះម៉េច​ចេញ​ចម្រើន​ពរ!»។

ព្រះសង្ឃ​ដែល​អាច​និយាយ​សរសេរ​​​បាន​​ ៥ ​​ភាសា​គឺ​ភាសា​អង់គ្លេស ​ថៃ ឥណ្ឌា ភូមា និង​សំស្ក្រឹត​អង្គ​នេះ​បន្ត​ថា​អ៊ីចឹង​ហើយ​ចំណុច​ទី​ ១ គឺ​ត្រូវ​ធ្វើការ​សម្រប​សម្រួល​គ្នា​ដើម្បី​កុំ​ឲ្យ​អ្នក​នយោបាយ​គាត់​ប្រកាន់​មានះ​ហើយ​អួត​ថា​ខ្លួន​ជា​អ្នក​ខ្លាំង​ហើយ​សុំ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ធ្វើ​ខ្លួន​ជា​អ្នក​បម្រើ​ជាតិ​វិញ។ ​ទី​ ២ យើង​ត្រូវ​គិត​ថា​ផលប្រយោជន៍​ណា​ដែល​វា​បាន​ទៅ​ជាតិ​ និង​ប្រជាពលរដ្ឋ​ហើយ​ត្រូវ​តម្កល់​ផលប្រយោជន៍​​ទាំង​នោះ​​យក​ទៅ​ចរចា​គ្នា។

បទពិសោធ​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​ពី​ទសវត្សន៍ ៧០ មក​ដល់​ ៩០ កម្ពុជា​បាន​ប្រើ​ចុង​កាណុង​ច្បាំង​គ្នា​ដោយ​អួត​ថា​ខ្លួន​ពូកែ​ច្បាំង​ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​គឺ​ខ្មែរ​ជួប​នូវ​សោកនាដកម្ម​ខ្មែរ​មួយ​ចំហៀង​ប្រទេស​បាន​រត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​ទី ៣​។

ព្រះតេជគុណ​បាន​បញ្ជាក់​ថា៖ ​«រហូត​មក​ដល់​ពេល​នេះ​អ្នក​នយោបាយ​មិន​គួរ​ធ្វើ​នយោបាយ​បង្ក​បញ្ហា​ធ្វើ​ឲ្យ​ខ្មែរ​វេច​សម្ពាយ​​រត់​ទៅ​ជ្រកកោន​នៅ​ប្រទេស​គេ​ទៀត​ទេ​គួរ​តែ​យើង​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្មែរ​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ហើយ​មាន​សិទិ្ធ​គ្រប់គ្រាន់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន»។

មែនទែន​ទៅ​អ្នក​នយោបាយ​គឺ​គ្រាន់​តែ​ជា​អ្នក​ឈាន​មុខ​ប៉ុណ្ណោះ​ចំណែកឯ​អ្នក​ការពារ​ទឹកដី​ពិតប្រាកដ​គឺ​ជន​រួម​ជាតិ​ខ្មែរ​មួយ​នគរ​។

ព្រះតេជគុណ​​បន្ត​ថា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​អ្នក​នយោបាយ​ត្រូវ​តែ​យក​បញ្ហា​ជាតិ​ជា​ចម្បង​ហើយ​ដាក់​នៅ​លើ​តុ​ដើម្បី​ចរចា​គ្នា​ដោយ​មិន​​ត្រូវ​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​ជា​ឆ្អឹង​ទទឹង​ក​របស់​ខ្លួន​ឡើយ​ប៉ុន្តែ​ត្រូវ​ចាត់​ទុក​ខ្មែរ​ទាំងអស់​ជា​ចលករ​សង្គម​ការពារ​ប្រទេស​ជាតិ​។

មួយ​វិញ​ទៀត​ព្រះតេជគុណ​ចង់​ឲ្យ​អ្នក​នយោបាយ​ចេះ​ធ្វើ​នយោបាយ​តាម​បែប​វប្បធម៌​ថ្មី​គឺ​បើ​ទោះបី​ជា​ពួកគេ​មកពី​គណបក្ស​ណា​ក៏ដោយ​ពួកគេ​ត្រូវ​តែ​ចេះ​ជជែក​គ្នា​ពី​បញ្ហា​របស់​ជាតិ​ខណៈ​ដែល​តាំងពី​ព្រះតេជគុណ​ដឹង​ក្តី​មក​អ្នក​នយោបាយ​ខ្មែរ​មិន​សូវ​ជា​យក​បញ្ហា​ជាតិ​មក​និយាយ​ទេ​ភាគច្រើន​គឺ​និយាយ​​តែ​ពី​គណបក្ស​រៀងៗ​ខ្លួន។

«រាល់​ថ្ងៃ​យើង​ផ្អែក​តែ​លើ​បក្ស​អញ​អ៊ី​ចេះ​បក្ស​ឯង​ហ្នឹង​វា​អ៊ីចុះ​បើ​កាល​ណា​នៅ​តែ​បក្ស​អញ​ បក្ស​ឯង​មិន​គិត​ថា​បញ្ហា​របស់​ជាតិ​ខ្ញុំ​វា​អ៊ីចឹង​គណបក្ស​ខ្ញុំ​អាច​រួម​ចំណែក​ដោះស្រាយ​បាន​​ជ្រុង​នេះ​គណបក្ស​របស់​អ្នក​អាច​ដោះស្រាយ​បាន​ជ្រុង​នេះ...អ៊ីចឹង​បើ​យើង​ទាំង​អស់​គ្នា​ជា​អ្នក​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​របស់​ជាតិ ចូល​ជាមួយ​គ្នា​ម៉ោ! ខុស​គ្នា​តែ​គណបក្ស​នយោបាយ​ប៉ុន្តែ​បញ្ហា​គឺ​តែ​ ១ បញ្ហា​ជាតិ​រួម​គ្នា​រួម​គ្នា​ដោះស្រាយ​ទៅ»។

បច្ចុប្បន្ន​ព្រះតេជគុណ​មិន​ដែល​ឃើញ​អ្នក​នយោបាយ​យក​បញ្ហា​រួម​របស់​ជាតិ​ទៅ​ចរចា​ទេ​គឺ​​គិត​តែ​ពី​ផលប្រយោជន៍​របស់​បក្ស​ និង​បុគ្គល​ដោយ​ធ្វើ​នយោបាយ​រហូត​ដល់​ទាល់ច្រក​ហើយ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទៅ​វ៉ៃ​បុគ្គល​។ «​អាត្មា​មិន​ដែល​ឃើញ​​ប្រទេស​ណា​គេ​ធ្វើ​នយោបាយ​យក​បញ្ហា​បុគ្គល​ទៅ​វ៉ៃ​ដើម្បី​ជ័យ​ជម្នះ! ស្រុក​យើង​ហ្នឹង​គេ​យក​បញ្ហា​បុគ្គល​​មក​វ៉ៃ​ដើម្បី​ជ័យជម្នះ​នយោបាយ​របស់​ខ្លួន​ធ្វើ​ម៉េច​ទៅ​រួច​ចម្រើន​ពរ! វា​មិន​ដែល​ណា​គេ​ទៅ​ឈ្លោះ​គ្នា​រឿង​បុគ្គល​ចាប់​​គេ​ដាក់​គុក​គិត​ថា​បញ្ហា​ជាតិ​អត់​អាច​ទេ...ហើយ​គណបក្ស​កាន់​អំណាច​បាន​មើល​ឃើញ​ថា​ខ្លួន​អស់​ឱកាស​ទាញ​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​ហើយ​ដូច្នេះ​មាន​តែ​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក​ឲ្យ​ផុត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អត់​មាន​ផ្លូវ​ដើរ​មាន​តែ​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​គាត់​ថា​គាត់​​ធ្វើ​ហ្នឹង​ជោគជ័យ! អត់​ជោគជ័យ​ទេ​គាត់​គិត​ខុស​ធ្វើ​ខុស​និយាយ​ខុស​»។

ព្រះតេជគុណ​បន្ត​ថា​សម្រាប់​គណបក្ស​នយោបាយ​ដែល​ចង់​ជោគជ័យ​នៅ​លើ​ទឹកដី​មួយ​ដែល​មាន​ព្រះពុទ្ធ​សាសនា​ជា​គោល​គឺ​ត្រូវ​គិត​ត្រូវ និយាយ​ត្រូវ​ ធ្វើ​ត្រូវ។

បច្ចុប្បន្ន​គណបក្ស​កាន់​អំណាច គិត​ថា​ទី​ ១ កាល​ណា​ចាប់​មេបក្ស​ប្រឆាំង​ដាក់​គុក​អស់​ទៅ​ប្រជាពល​រដ្ឋ​អស់​ផ្លូវ​ដើរ​ប្រាកដ​ជា​បោះឆ្នោត​ឲ្យ​ខ្លួន​ហើយ​ទី ២ បក្ស​កាន់​អំណាច​គាត់​គិត​ថា​បំបែក​គណបក្ស​ប្រឆាំង​​ឲ្យ​បាន​គណបក្ស​ប្រជាជន​​អាច​នៅ​កាន់​អំណាច​បន្ត។ ទី ៣ ទៀត​គណបក្ស​ប្រជាជន​ធ្វើ​​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​កុំ​ឲ្យ​ចូលរួម​ក្នុង​ចលនា​នយោបាយ​គាត់​ឈ្នះ​ដដែល។

បើ​តាម​គំនិត​របស់​ព្រះតេជគុណ​ក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​គណបក្ស​កាន់​អំណាច​ត្រូវ​តែ​បន្ទន់​ឥរិយាបថ​បន្តិច​ទៅ​ហើយ​អន្ទង​គណបក្ស​ប្រឆាំង​ឲ្យ​ចូល​ទៅ​ចរចា​គ្នា​ទៅ​​អ្វីៗ​នឹង​អាច​ដោះស្រាយ​បាន​ហើយ​ស្ថានការណ៍​នយោបាយ​នឹង​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ដោយ​ព្រះតេជគុណ​បាន​គូសបញ្ជាក់​ថា​វា​មិន​មាន​អ្វី​ដែល​ត្រូវ​ប្រឆាំង​ទៀត​ទេ​ពីព្រោះ​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ​ចង់​ឲ្យ​មាន​ឱកាស​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​ចង់​បាន​ឱកាស​ធ្វើការ​បម្រើ​ជាតិ។

ព្រះតេជគុណ​លើក​ឡើង​ថា​៖ «ហី​ចុះ​​បើ​គណបក្ស​​ប្រជាជន​គិត​ថា​ខ្លួនឯង​មាន​ឱកាស​យូរ​ឆ្នាំ​ហើយ ៣៦ ឆ្នាំ​ហើយ​ផ្តល់​ឱកាស​ដល់​បក្ស​ប្រឆាំង​ឲ្យ​គេ​ចូលរួម​ធ្វើ​ផង​ទៅ​កុំ​ឲ្យ​ខ្លាំង​តែ​ម្នាក់​ឯង។ អ៊ីចឹង​បាន​សរុប​សេចក្តី​ទៅ​វិញ​ថា​ឈប់​អួត​ថា​ឯង​ខ្លាំង​ទៅ»។

កាល​ពី​ដំបូង​ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ បាន​តាំង​ចិត្ត​​បួស​ជា​សង្ឃ​ត្រឹម​តែ​រយៈពេល​ ៣​ ខែ​ប៉ុណ្ណោះ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ព្រះតេជគុណ​បាន​គ្រង​ភាព​ជា​សង្ឃ​មាន​រយៈពេល​ ១៦ ​ព្រះវស្សា​មក​ហើយ​ប៉ុន្តែ​នៅ​តែ​មិន​ទាន់​ដាច់​ចិត្ត​សឹក​បើ​ទោះ​ជា​បាន​ប៉ុនប៉ង​សឹក​​ហើយ​ទិញ​ខោ​អាវ​ ៤-៥ លើក​មក​ហើយ​ក៏ដោយ​ដោយសារ​នៅ​ជា​សង្ឃ​មាន​ឱកាស​ច្រើន​ក្នុង​ការ​ជួយ​សង្គម​។

បន្ទាប់ពី​ឈប់​ធ្វើការ​នៅ​សាកលវិទ្យាល័យ​ព្រះតេជគុណ​បាន​ចូលរួម​​ធ្វើ​កិច្ចការ​ជួយ​សង្គម​​ដោយ​ផ្តោត​ជាពិសេស​ទៅ​លើ​ការ​ជួយ​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​ពី​ដំបូង​ព្រះតេជគុណ​បាន​ប្រើប្រាស់​ថវិកា​ផ្ទាល់​ខ្លួន។ ពេល​អស់​​ថវិកា​ផ្ទាល់​ខ្លួន​ទើប​មាន​ពុទ្ធបរិស័ទ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ប្រគេន​បច្ច័យ​សម្រាប់​ធ្វើការ​​រហូត​គឺ​ព្រះតេជគុណ​​ត្រូវការ​ពេល​ណា​គឺ​បាន​ពេល​ហ្នឹង។ ក្រៅ​ពី​នេះ​ក៏​មាន​អង្គការ​អាមេរិក​មួយ​ជួយ​ផង​ដែរ​ប៉ុន្តែ​គម្រោង​ថវិកា​នោះ​ត្រូវ​បាន​បញ្ចប់​ហើយ ហើយ​នៅ​ពេល​នេះ​ព្រះតេជគុណ​កំពុង​រៀបចំ​ដាក់​សំណើ​ទៅ​អង្គការ​ផ្សេង​ទៀត​ដើម្បី​យក​មក​បន្ត​​ធ្វើ​សកម្មភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ដែល​កំពុង​ទទួល​រង​ការ​បំផ្លាញ​។

នៅ​ពេល​ខាង​មុខ​ប្រសិន​បើ​ដាច់​ចិត្ត​សឹក​ព្រះតេជគុណ​​នឹង​ធ្វើ​ជា​អ្នក​ជំនួញ​ហើយ​ប្រសិន​បើ​ធ្វើ​ជំនួញ​បាន​ជោគជ័យ​ព្រះតេជគុណ​នឹង​ធ្វើ​ជា​អ្នក​នយោបាយ​ខណៈ​អ្នក​នយោបាយ​ភាគច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ធ្វើ​នយោបាយ​​ដើម្បី​បាន​តំណែង​​តួនាទី​ធំ​នៅក្នុង​រដ្ឋាភិបាល​ដើម្បី​​ប្រព្រឹត្ត​អំពើ​ពុករលួយ​។ ​«​អ៊ីចឹង​អាត្មា​មិន​ចង់​ទៅ​ធ្វើ​ការងារ​នយោបាយ​​ដោយ​សម្លឹង​យក​អំណាច​នយោបាយ​ដើម្បី​បើក​ចំហ​ហោប៉ៅ​សេដ្ឋកិច្ច​ទេ​អាត្មា​ត្រូវ​តែ​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការ​ធ្វើ​នយោបាយ​គឺ​បើក​ហោប៉ៅ​សេដ្ឋកិច្ច​ឲ្យ​​ធំ​យើង​មាន​សេដ្ឋកិច្ច​ពេញ​ហោប៉ៅ​ទៅ​ធ្វើ​នយោបាយ​ដើម្បី​សេចក្តី​ថ្លៃថ្នូរ»។

ប៉ុន្តែ​ទោះបី​យ៉ាងណា​រហូត​មក​ដល់​ពេល​នេះ​ព្រះតេជគុណ​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា​តើ​នៅ​ក្នុង​ពេល​អនាគត​នឹង​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ណា​មួយ ឬ​ក៏​ត្រូវ​បង្កើត​គណបក្ស​​មួយ​ដោយ​ខ្លួនឯង​នៅ​ឡើយ​ទេ​បើ​ទោះបី​ជា​មាន​អ្នក​បបួល​ព្រះតេជគុណ​ឲ្យ​បង្កើត​គណបក្ស​​ហើយ​គេ​ជា​អ្នក​រ៉ាប់រង​ថវិកា​ទាំងអស់​ដែល​ព្រះតេជគុណ​គិត​ថា​​ជា​អន្ទាក់​ក៏ដោយ​។

នៅ​ពេល​សុំ​ការ​បញ្ជាក់​បន្ថែម​កាលពី​ម្សិលមិញ​ថា​តើ​ព្រះតេជគុណ​ខ្លាច​អត់​​ខណៈ​ដែល​លោក​ កែម​ ឡី ត្រូវ​បាន​បាញ់​សម្លាប់?

ព្រះតេជគុណ​ឆ្លើយ​ថា៖ «អាត្មា​ខ្លាច​ប៉ុន្តែ​អ្វី​ដែល​អាត្មា​បាន​​និង​កំពុង​ធ្វើ​វា​ជា​តួនាទី​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ដើម្បី​បុព្វហេតុ​សេរីភាព និង​យុត្តិធម៌​សង្គម​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងអស់​​បាន​រស់នៅ​ក្នុង​សេចក្តី​ថ្លៃថ្នូរ​ហី​បើ​គ្រាន់​តែ​ធ្វើ​កិច្ចការងារ​ជួយ​សង្គម​អ៊ីចឹង​ត្រូវ​គេ​សម្លាប់​ក៏​តាម​ដំណើរ​ទៅ​ចម្រើនពរ​ព្រោះ​តែ​ខ្លាច​ឲ្យ​អាត្មា​ឈប់​អាត្មា​អត់​ឈប់​ទេ​ចម្រើន​ពរ​គឺ​ត្រូវ​តែ​បន្ត​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ថែម​ទៀត»៕

រាយការណ៍​បន្ថែម​ដោយ​ក្រុម​ថត​វីដេអូ

3 comments:

Anonymous said...

Please be safe....we have a long way to go...

Anonymous said...


«​អាត្មា​មិន​ដែល​ឃើញ​​ប្រទេស​ណា​គេ​ធ្វើ​នយោបាយ​យក​បញ្ហា​បុគ្គល​ទៅ​វ៉ៃ​ដើម្បី​ជ័យ​ជម្នះ! ស្រុក​យើង​ហ្នឹង​គេ​យក​បញ្ហា​បុគ្គល​​មក​វ៉ៃ​ដើម្បី​ជ័យជម្នះ​នយោបាយ​របស់​ខ្លួន​ធ្វើ​ម៉េច​ទៅ​រួច​ចម្រើន​ពរ! វា​មិន​ដែល​ណា​គេ​ទៅ​ឈ្លោះ​គ្នា​រឿង​បុគ្គល​ចាប់​​គេ​ដាក់​គុក​គិត​ថា​បញ្ហា​ជាតិ​អត់​អាច​ទេ...ហើយ​គណបក្ស​កាន់​អំណាច​បាន​មើល​ឃើញ​ថា​ខ្លួន​អស់​ឱកាស​ទាញ​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​ហើយ​ដូច្នេះ​មាន​តែ​ចាប់​អ្នក​ប្រឆាំង​ដាក់​គុក​ឲ្យ​ផុត​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អត់​មាន​ផ្លូវ​ដើរ​មាន​តែ​បោះឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច។ ប៉ុន្តែ​គាត់​ថា​គាត់​​ធ្វើ​ហ្នឹង​ជោគជ័យ! អត់​ជោគជ័យ​ទេ​គាត់​គិត​ខុស​ធ្វើ​ខុស​និយាយ​ខុស​»។

ព្រះតេជគុណ​ ប៊ុត ប៊ុនតិញ :

គេយកស្រុកខ្មែរធ្វើជាល្បែងអុក ដែលគេបង្កើតកលល្បិចគ្រប់យ៉ាង ដើម្បីយកឈ្នះគូប្រជែង ស្លាប់អ្នកណាស្លាប់ទៅអោយតែអញឈ្នះ។

Anonymous said...

09:05

Our struggle to rescue our Motherland is NOT Khmers against Khmers, but rather the
Khmer people against some groups of Yuon sold-out " Khmers ".