A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 July 2016

មតិ​យល់​ឃើញ​របស់​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន​បី​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី


ដោយ សូត សុខប្រាថ្នា
2016-07-10

សព​លោក កែម ឡី ២០១៦ ៨៥៥
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

Photo: RFA


ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ សម្ដែង​ការ​សោកស្ដាយ​ព្រមៗ​គ្នា​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក​បណ្ឌិត កែម ឡី។ ការ​សោកស្ដាយ​នេះ​ក្រោយ​ពេល​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា។ ប្រជាពលរដ្ឋ​ចង់​ឃើញ​ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ មិន​មែន​ជា​ការ​ប្រឌិត​យុត្តិធម៌​ឡើង​នោះ​ទេ។

«សំឡេង​ពលរដ្ឋ​យំ»

នេះ​ជា​សំឡេង​ទួញ​យំ​របស់​យុវជន​ម្នាក់​នៅ​ខេត្ត​កំពង់ចាម ក្រោយ​ពេល​ទទួល​ដំណឹង​ថា លោក​បណ្ឌិត កែម ឡី ស្លាប់​ដោយ​ការ​បាញ់​ប្រហារ​នៅ​រាជធានី​ភ្នំពេញ។ យុវជន​រូប​នេះ​និយាយ​ស្ទើរ​តែ​មិន​រួច ចំពោះ​ដំណឹង​ដ៏​សោកសៅ​មួយ​នេះ។

លោក កែម ឡី ស្លាប់​ភ្លាមៗ​ក្រោយ​ពេល​ឃាតក​ចូល​ទៅ​បាញ់​ប្រហារ​លើ​រូប​លោក​នៅ​កន្លែង​លក់​ទំនិញ​មួយ ឬ​ហៅ​ថា​ស្ដារ​ម៉ាត ជាប់​ស្តុប​បូកគោ។ ក្រោយ​បន្តិច សមត្ថកិច្ច​ចាប់​បាន​ជន​សង្ស័យ​ម្នាក់ ដោយ​អះអាង​ថា​ឈ្មោះ ជួប សម្លាប់ ព្រម​ទាំង​បាន​សារភាព​ថា ខ្លួន​បាន​សម្លាប់​លោក កែម ឡី ព្រោះ​តែ​រឿង​ជំពាក់​ប្រាក់។



ដ្បិតតែ​មិន​បាន​ស្គាល់​មុខ​លោក​បណ្ឌិត កែម ឡី ច្បាស់​ក៏ដោយ ប៉ុន្តែ​យុវជន និង​ជា​និស្សិត​ឆ្នាំ​ទី​៤ នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ខេត្ត​កំពង់ចាម លោក កែម គឹមស្រ៊ាន់ រៀបរាប់​ដោយ​ទឹក​ភ្នែក​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​សោកស្ដាយ​ពេល​នេះ គឺ​ស្ដាយ​វីរបុរស​ស្នេហា​ជាតិ​ម្នាក់ និង​ជា​ធនធាន​មនុស្ស​ដ៏​កម្រ​ដែល​ហ៊ាន​និយាយ​រិះគន់​រាជ​រដ្ឋាភិបាល និង​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន៖ «ខ្ញុំ​ចង់​ឲ្យ​ស្វែងរក​យុត្តិធម៌​ឲ្យ​គាត់ ហើយ​ស្វែងរក​ឃាតក​ពិត​ប្រាកដ កុំ​ជឿ​ថា​គាត់​ជំពាក់​លុយ ខ្ញុំ​មិន​ជឿ​ទេ»។

មិន​ថា​តែ​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ទេ​ដែល​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ដ៏​មាន​ថ្វី​មាត់​រូប​នេះ។

ពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ អ្នកស្រី រស់ សុផល មាន​ប្រសាសន៍​ថា ក្រោយ​ពេល​ទទួល​ដំណឹង​នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ដែល​ដឹង​រឿង នាំ​គ្នា​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​វីរភាព​របស់​លោក កែម ឡី ព្រោះ​គាត់​បាន​បំពេញ​កិច្ចការ​សង្គម​យ៉ាង​ច្រើន​ចំពោះ​មាតុប្រទេស​របស់​ខ្លួន៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មិន​មែន​ជា​អ្នក​ចេះ​ដឹង មិន​មែន​ជា​អ្នក​វិភាគ​អ៊ីចឹង​ទៅ។ តែ​បាន​គាត់​ជា​អ្នក​វិភាគ​ឃើញ​ស​ថា​ស ឃើញ​ខ្មៅ​ថា​ខ្មៅ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ខ្ញុំ​បាន​ភ្លឺ»។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត អ្នកស្រី ឈាន ស្រីពៅ យល់​ថា អំពើ​ឃាតកម្ម​លើ​លោក កែម ឡី ដោយសារ​រឿង​ជំពាក់​លុយ​នោះ គឺ​ជា​ចម្លើយ​សារភាព​ដែល​មិន​អាច​ទទួល​យក​បាន៖ «ខ្ញុំ​គិត​ថា មិន​មែន​រឿង​ជំពាក់​លុយ​បី​ពាន់​ទៅ​សម្លាប់​ទេ ព្រោះ​ខ្មែរ​គោរព​ព្រះពុទ្ធ​សាសនា។ អ៊ីចឹង​ត្រឹម​លុយ ៣​ពាន់​មិន​អាច​សម្លាប់​មនុស្ស​ទេ»។

ប្រភព​ដដែល​និយាយ​ថា ការ​បាត់បង់​លោក កែម ឡី ប្រៀប​បាន​ទៅ​នឹង​ការ​បាត់បង់​នូវ​ពន្លឺ​ព្រះចន្ទ ដើម្បី​បំភ្លឺ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ដឹង​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​មួយ​នេះ។

ក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី ភ្លាម មន្ត្រី​រាជ​រដ្ឋាភិបាល មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​គណបក្ស​ប្រឆាំង ព្រម​ទាំង​លោក​នាយក​រដ្ឋមន្ត្រី​ផង បាន​ថ្កោលទោស​ចំពោះ​អំពើ​ឃាតកម្ម​នេះ ព្រម​ទាំង​បង្ហាញ​ភាព​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​អ្នក​វិភាគ​ឯករាជ្យ​រូប​នេះ។

ចំណែក​អាជីវករ​លក់​ដូរ​នៅ​ផ្សារ​តាំងគោក ខេត្ត​កំពង់ធំ ស្នើ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា អំពើ​ឃាតកម្ម​នេះ​ជា​ការ​គ្រោង​ទុក​ជា​មុន មិន​មែន​ជា​រឿង​ជំពាក់​ប្រាក់​នោះ​ឡើយ ពិសេស​គឺ​ដោយសារ​ការ​និយាយ​ចំៗ​របស់​លោក កែម ឡី កាល​ពី​ពេល​កន្លង​មក។ អ្នកស្រី​យល់​ថា ពន្លឺ​យុត្តិធម៌​ពិត​ប្រាកដ គឺ​សង្ឃឹម​តិចតួច​ណាស់​សម្រាប់​អ្នក​វិភាគ និង​អ្នក​សិក្សា​សង្គម​រូប​នេះ ប្រសិន​បើ​ពឹង​ផ្អែក​លើ​ការ​ផ្តល់​ជូន​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។ ស្រប​គ្នា​នេះ អ្នកស្រី​ចង់​ឲ្យ​ស្ថាប័ន​អន្តរជាតិ​ស៊ើប​អង្កេត​ជុំវិញ​បញ្ហា​នេះ ទើប​ធានា​បាន​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ក្រុម​គ្រួសារ​សព។

មិន​ខុស​គ្នា​នេះ សកម្មជន​ការពារ​ព្រៃ​ឡង់​ខេត្ត​កំពង់ធំ លោក ជុំ យីន សោកស្ដាយ​ចំពោះ​វីរជន​រូប​នេះ​ដែល​តែង​តែ​ឈឺ​ឆ្អាល​រឿង​ព្រៃ​ឡង់​យ៉ាង​សកម្ម កាល​ពី​ពេល​កន្លង​មក​នោះ៖ «ជា​សកម្មជន​ដ៏​ឆ្នើម​ដែល​ទាក់ទង​កិច្ច​ការពារ​ព្រៃ​ឡង់ ជាពិសេស​លោក កែម ឡី គាត់​ធ្លាប់​ធ្វើ​កិច្ច​ការពារ​ព្រៃ​ឡង់​ជុំវិញ ៤​ខេត្ត»។

ដំណឹង​ស្ដីពី​ការ​ស្លាប់​របស់​លោក កែម ឡី បាន​ល្បី​យ៉ាង​លឿង​បំផុត​ដល់​តាម​ទី​ជនបទ និង​ល្បី​ដល់​ក្រៅ​ប្រទេស​តាម​រយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម។ ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ជាច្រើន បាន​នាំ​គ្នា​ចែក​រំលែក​ក្តី​សោកសៅ​នេះ ព្រម​ទាំង​បាន​ប្ដូរ​រូបថត​ពួក​គេ​ចេញ ហើយ​ដាក់​ជំនួស​ដោយ​រូប​លោក កែម ឡី វិញ។

ទាក់ទង​ការ​សោកស្ដាយ​ជុំវិញ​ការ​ស្លាប់​របស់​អ្នក​វិភាគ​សង្គម មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នាង សុវ៉ាត មើល​ឃើញ​ថា អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជាជន​សោកស្ដាយ និង​ចងចាំ​លោក កែម ឡី ខ្លាំង​នោះ ពីព្រោះ​លោក​ជា​បុគ្គល​ដែល​មាន​ចំណេះ​ដឹង​ទូលំទូលាយ និង​ស្ដាយ​ចំពោះ​ភាព​ក្លាហាន​របស់​លោក៖ «ការ​វិភាគ​របស់​គាត់ គឺ​ឯករាជ្យ។ គាត់​ទទួល​យក​គ្រប់​ទាំងអស់ មិន​ថា​មក​ពី​មជ្ឈដ្ឋាន​ណា។ យើង​មើល​ទៅ​ថា​ធនធាន​នេះ កម្រ​នឹង​រក​បាន​ធនធាន​នេះ​មិន​ងាយ​នឹង​រក​បាន​ទៀត​ទេ។ អា​ហ្នឹង​ហើយ​ដែល​គាត់​សោកស្ដាយ»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​យល់​ថា ឃាតក​សម្លាប់​លោក កែម ឡី មិន​មែន​ដោយសារ​រឿង​ប្រាក់​ទេ ប៉ុន្តែ​អាច​ត្រូវ​បាន​គេ​ជួល​មក​សម្លាប់​តែ​ម្តង។ លោក​បន្ត​ថា ការ​ស្លាប់​អ្នក​វិភាគ​រូប​នេះ គឺ​ជា​ការ​ដាស់​ស្មារតី​ដល់​ជន​ផ្សេង​ទៀត​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​ពី​ទិដ្ឋភាព​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ហើយ​លោក កែម ឡី ថ្មី​នឹង​កើត​មាន​ឡើង​មួយ​សែន​នាក់ មួយ​លាន​នាក់​បន្ត​ទៀត៕

No comments: