A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 July 2016

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ

ប្រវត្តិ​លោក កែម ឡី ក្នុង​វ័យ​កុមារ
ដោយ ម៉ម មុនីរតន៍
2016-07-15

កែម ឡី ២០១៦ ៨៥៥
លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម ចូលរួម​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៦។

Photo: RFA


អ្នក​រស់​នៅ​ជាមួយ​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ជា​សាច់​ញាតិ និង​អ្នក​ភូមិ​ផង​របង​ជាមួយ ដែល​ជា​ស្រុក​កំណើត​របស់​លោក កែម ឡី សុទ្ធ​តែ​បាន​អះអាង​ថា អ្នក​វិភាគ​សង្គម និង​បញ្ហា​នយោបាយ​រូប​នេះ គឺ​ជា​អ្នក​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ​ហើយ​ជាមួយ​អ្នក​ភូមិ និង​ក្រុម​គ្រួសារ។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី ក៏​ជា​សិស្ស​ដែល​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា​នៅ​ក្នុង​ថ្នាក់​ថែម​ទៀត​ផង។

មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ស្គាល់​លោក កែម ឡី ក្នុង​ភូមិ​ជា​មួយ​អះអាង​ថា គាត់​គឺ​ជា​អ្នក​ដែល​ព្យាយាម​អត់ធ្មត់​ក្នុង​ការ​សិក្សា មិន​តែ​ប៉ុណ្ណោះ​ជា​មនុស្ស​ដែល​មាន​ទស្សនៈ​វិស័យ​វែង​ឆ្ងាយ​គួប​ផ្សំ​និស្ស័យ​ពី​កំណើត ដែល​រៀន​ឆ្លាត​ស្រាប់​ផង បាន​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​បុគ្គល​ដែល​ចាប់​អារម្មណ៍ និង​ទទួល​ការ​ស្រលាញ់​រាប់​អាន​ដូច​សព្វថ្ងៃ​នេះ។

រស់​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ និង​ធ្លាប់​ជា​មិត្ត​រួម​ថ្នាក់​ជា​មួយ​លោក​បណ្ឌិត កែម ឡី បុរស​ដែល​មាន​វ័យ​ប្រមាណ ៥០​ឆ្នាំ លោក អ៊ុង ចន និយាយ​​ថា យុវជន កែម ឡី កាល​នៅ​សិក្សា​គឺ​ជា​មនុស្ស​ដែល​រៀន​ឆ្លាត​ជាង​គេ បើ​ប្រៀបធៀប​នឹង​សិស្ស​ក្នុង​ថ្នាក់​ដែល​លោក​ធ្លាប់​រៀន​ជាមួយ។



លោក​បន្ត​ថា ស្ថានភាព​គ្រួសារ​លោក និង​យុវជន កែម ឡី កាល​ពី​ជាង ២០​ឆ្នាំ​មុន​នោះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​យុវជន កែម ឡី មាន​ការ​ប្រែប្រួល​ដូច​សព្វថ្ងៃ គឺ​ការ​ព្យាយាម​របស់​គាត់​តែម្ដង៖ «រៀន​ជំនាន់​ហ្នឹង​ដើរ ហើយ​និង​ជិះកង់​ហ្នឹង។ អ្នក​ខ្លះ​មិន​ទាន់​ទាំង​មាន​កង់​ជិះ​ផង ច្រើន​តែ​ដើរ​ភាគ​ច្រើន។ គិត​ទៅ​ដើរ​ពី​នេះ​ដល់​សាលា ជា ស៊ីម មិន​ធម្មតា​ណា ប្រមាណ ៣ ទៅ ៤​គីឡូម៉ែត្រ ប៉ុន្តែ​ដើរ​លឿន»។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ក្នុង​ចំណោម​បង​ប្អូន​បី​នាក់ លោក​គឺ​ជា​កូន​ទី​២។ក្រោយ​ពី ឪពុក​របស់​លោក​បាន​ទទួល​មរណភាព​ក្នុង​ជំនាន់ ប៉ុល ពត ហើយ​លោក​និង​បង​ប្អូន​រស់នៅ​ជាមួយ​ម្ដាយ​ជា​ស្ត្រី​មេម៉ាយ ដែល​មាន​មុខ​របរ​ជា​អ្នក​លក់​នំ​បញ្ចុក បាញ់ឆែវ និង​​គ្រឿង​ទេស​ខ្លះ​ផង។

ផ្ទះ​លោក កែម ឡី ៨៥៥
ផ្ទះ​លោក​បណ្ឌិត កែម ឡី ស្ថិត​ក្នុង​ទី​រួម​ខេត្ត​តាកែវ។ រូបថត​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth
លោក ភោគ សម្បូរ ហៅ ចយ ដែល​ត្រូវ​ជា​បង​ជីដូន​មួយ​រំលឹក​ប្រវត្តិ​កាល​ពី​នៅ​កុមារ​ភាព​ថា ប្អូន​របស់​លោក (លោក​បណ្ឌិត កែម ឡី) ជា​មនុស្ស​ស្លូត​បូត ប៉ុន្តែ​ម៉ឺងម៉ាត់​ក្នុង​ការ​សិក្សា។លោក​បន្ថែម​ថា ពេល​រៀន​គឺ​លោក កែម ឡី ជា​សិស្ស​ដែល​ពូកែ ហើយ​របៀប​នៃ​ការ​សិក្សា​របស់​លោក កែម ឡី មិន​ចាំបាច់​ទន្ទេញ​ដូច​អ្នក​ដទៃ​នោះ​ដែរ។ លើស​ពី​នេះ​ទៀត មុខ​វិជ្ជា​ដែល​លោក កែម ឡី រៀន​ពូកែ​ជាង​គេ គឺ​គណិតវិទ្យា​តែម្ដង។ មិន​តែ​ប៉ុណ្ណោះ លោក កែម ឡី រឹត​តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​នេះ​ទៀត​នោះ គឺ​ថា បើ​លោក​រៀន​ត្រឹម​ថ្នាក់​ទី​៥ លោក​អាច​បង្រៀន​សិស្ស​ថ្នាក់​ទី​៦ ឬ​ទី​៧ បាន​ថែម​ទៀត​ផង៖ «នៅ​ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ពន្យល់​សិស្ស​ថ្នាក់​ទី​៦-​៧ អ៊ីចឹង​បាន សូម្បី​ថ្នាក់​ទី​៥ ហ្នឹង​មក​វិញ​ល្ងាច​ឡើង បង្រៀន​សិស្ស​នៅ​ផ្ទះ​បាន»។

មិត្ត​រួម​ថ្នាក់​មួយ​ចំនួន រួម​ទាំង​បងប្អូន​ជីដូន​មួយ​ផង និយាយ​ថា មាន​មិត្ត​រួម​ជំនាន់​ជា​មួយ​គ្នា​និង​លោក កែម ឡី អ្នក​ខ្លះ​បាន​បោះបង់​ការ​សិក្សា​ស្ទើរ​គ្រប់​គ្នា ដោយ​ឡែក​មាន​តែ​លោក កែម ឡី និង​អ្នក​មួយ​ចំនួន​ទៀត ក្នុង​ចំណោម​សិស្ស​រួម​ថ្នាក់​ប៉ុណ្ណោះ ដែល​បន្ត​ការ​សិក្សា​រហូត​បញ្ចប់​ថ្នាក់​ឧត្ដម​សិក្សា។

ក្រោយ​បញ្ចប់​កម្រិត​ថ្នាក់​ឧត្ដម​សិក្សា​ទុតិយភូមិ លោក កែម ឡី បាន​តស៊ូ​រៀន​សូត្រ​ដោយ​ស្នាក់​នៅ​ជាមួយ​គេ​ផង និង​ស្នាក់​នៅ​ក្នុង​វត្ត​ផង រហូត​រៀន​ចប់​មហាវិទ្យាល័យ​នៅ​កម្ពុជា។បន្ទាប់​មក​លោក​ទទួល​បាន​អាហារូបករណ៍​ផ្នែក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម ទៅ​សិក្សា​បន្ត​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន ប្រទេស​ថៃ និង​នៅ​ម៉ាឡេស៊ី។

លោក​បណ្ឌិត កែម ឡី ក៏​ធ្លាប់​ធ្វើ​ការ​នៅ​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​តាកែវ រយៈពេល ២​ឆ្នាំ​ដែរ មុន​នឹង​លោក​ក្លាយ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​វិភាគ​នយោបាយ។

លោក កែម រិទ្ធិសិទ្ធិ ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​លោក កែម ឡី រៀបរាប់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​រូប​លោក​ចងចាំ​ជាង​គេ​គឺ​អនុស្សាវរីយ៍​មួយ​ក្នុង​ចំណោម​អនុស្សាវរីយ៍​រាប់ពាន់​អត្ថន័យ កាល​នៅ​វ័យ​កុមារ​នោះ គឺ​បង​ប្រុស និង​រូប​លោក​ផ្ទាល់។ ថ្ងៃ​មួយ​នៅ​ក្នុង​ផ្ទះ​បាយ គ្រឿង​ម្ហូប​ខ្វះខាត ដោយ​ទាល់​តម្រិះ​ក៏​ឆ្នៃ​ម្ហូប​ដែល​រក​បាន រហូត​អាច​ទទួល​ទាន​បាន។ ទាំង​នេះ គឺ​ជា​អនុស្សាវរីយ៍​ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​បំភ្លេច​បាន។ ម្យ៉ាង​អនុស្សាវរីយ៍​នេះ គឺ​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។

លោក​បន្ត​ថា៖ «កាល​ណា​ខ្ញុំ​និយាយ​ទៅ ខ្ញុំ​អួល​ដើមក។ ខ្ញុំ​នឹក​ឃើញ​អនុស្សាវរីយ៍​រវាង​ខ្ញុំ និង​លោក​បណ្ឌិត កែម ឡី។ គាត់​ប្រហែល​មាន​អាយុ ១៤ ទៅ ១៥​ឆ្នាំ។ មាន​ថ្ងៃ​មួយ​គឺ​ខ្ញុំ​ដើរ​រក​កង្កែប មាន​ន័យ​ថា ស្ទូច​កង្កែប ដល់​ពេល​មក​ផ្ទះ​វិញ យើង​ត្រូវ​ឆា ប៉ុន្តែ ២​នាក់​បង​ប្អូន​យើង​អត់​មាន​ខ្លាញ់ យើង​ធ្វើ​បាន​ហូប»។

សាច់ញាតិ​ឲ្យ​ដឹង​ថា លោក កែម ឡី ពុំ​ឃើញ​មាន​បន្សល់​ទុក​ទ្រព្យសម្បត្តិ​អ្វី​ជា​ដុំកំភួន​ឡើយ ក្រៅ​ពី​ដី​មួយ​ប្លង់​ដែល​ជា​កេរ្តិ៍​របស់​ម្ដាយ​ចែក​ឲ្យ​ប៉ុណ្ណោះ។ ក្រៅ​ពី​នេះ មាន​ផ្ទះ​មួយ​ខ្នង​ដែល​ធ្វើ​ពី​ថ្ម។ ប៉ុន្តែ​ផ្ទះ​នោះ​ត្រូវ​គេ​ចាក់​សោ​ទុក​ចោល។ លោក កែម រិទ្ធិសិទ្ធិ និយាយ​ថា ផ្ទះ​មួយ​ខ្នង​នេះ គឺ​លោក កែម ឡី និង​គ្រួសារ​សន្សំ​លុយ​សាងសង់​ដោយ​ប្រើ​ពេល​ប្រមាណ ៧​ឆ្នាំ​ទើប​រួចរាល់។ ផ្ទះ​នេះ​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ គិត​ពី​រង្វល់​មូល​ព្រះ​នារាយណ៍ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​តាកែវ ក្បែរ​ផ្លូវ​រថភ្លើង។

សិស្ស​រួម​ជំនាន់​ជាមួយ​លោក កែម ឡី និង​ញាតិ​ជិត​ខាង​និយាយ​ថា អ្នក​វិភាគ​នយោបាយ​ដោយ​មិន​សំចៃ​មាត់​រូប​នេះ គឺ​មាន​ចរិត​និស្ស័យ​ស្លូតបូត និង​មិន​សូវ​និយាយ​ស្ដី​អត់​ប្រយោជន៍​ឡើយ តាំង​ពី​នៅ​វ័យ​កុមារ​មក​ម្ល៉េះ។ លោក​តែង​ជួយ​យក​អាសា​សិស្ស​ដូច​គ្នា ដែល​មិន​យល់​មេរៀន ហើយ​ចំណាយ​ពេល​បង្រៀន​ដោយ​មិន​គិត​កម្រៃ​ថែម​ទៀត​ផង។

កាល​លោក​នៅ​មាន​ជីវិត លោក​ក៏​ធ្លាប់​បាន​ដាក់​ផែនការ​សម្រាប់​ការ​វិភាគ​របស់​លោក គឺ​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​មួយ មាន​ទិដ្ឋាការ ឬ​វីសា (Visa) ៣។ វីសា​ទី​១ បើ​សិន​ជា​គេ​មិន​សប្បាយ​ចិត្ត គេ​ឲ្យ​ទៅ​មន្ទីរពេទ្យ ទី​២ អាច​ឲ្យ​ទៅ​ព្រៃស និង​វីសា​ទៅ​៣ ទៅ​វត្ត​ព្រះពុទ្ធ។ លោក​ថា បើ​សិន​ខ្លាច​វីសា​ទាំង​បី​នេះ ប្រហែល​ពិបាក​នឹង​វិភាគ​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ដល់​សង្គម។

លោក កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ប្រហារ កាល​ពី​ថ្ងៃ​ទី​១០ កក្កដា វេលា​ម៉ោង​ជិត ៩​ព្រឹក នៅ​ម្ដុំ​ស្តារម៉ាត កាល់តិច (Caltex) ស្តុប​បូកគោ។ លោក​មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៥​នាក់ រួម​ទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​ទើប​តែ​មាន​អាយុ ៥​ខែ​​​ផង៕

No comments: