A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 14 July 2016

អង្គការនិងសមាគមព្រួយបារម្ភពីដំណើរការបោះឆ្នោតខាងមុខ ក្រោយពីឃាតកម្មលោក កែម ឡី



អង្គការនិងសមាគមព្រួយបារម្ភពីដំណើរការបោះឆ្នោតខាងមុខ ក្រោយពីឃាតកម្មលោក កែម ឡី
ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦​ 


អង្គការនិងសមាគមជាង១០បានបង្ហាញការព្រួយបារម្ភពីដំណើរការបោះឆ្នោតនាពេលខាងមុខ ក្រោយពីខ្មាន់កំាភ្លើងបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី កាលពីចុងសប្តាហ៍មុន។

អង្គការទំាងនោះរួមមាន អង្គការខុមហ្វ្រែល សមាគមយុវជនខ្មែរ អង្គការនិចហ្វិច អង្គការតម្លាភាពកម្ពុជា សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា អង្គការCHRAC និងអង្គការយ៉េនឌីនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាជាដើម។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការនិងសមាគមទំាងនោះចុះកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ពួកគេបានលើកឡើងថាការសម្លាប់លោក កែម ឡី នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយកម្ពុជា ពិសេសការបោះឆ្នោតខាងមុខដោយថា “លោកបណ្ឌិត កែម ឡី ជាតួអង្គសំខាន់មួយក្នុងការផ្តល់ភាពជឿជាក់ជូនប្រជាពលរដ្ឋចូលរួមក្នុងដំណើរការនយោបាយនិងការបោះឆ្នោត”។

នាយិកាអង្គការយ៉េនឌីនិងអភិវឌ្ឍន៍ដើម្បីកម្ពុជាលោកស្រី រស់ សុភាព ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍នោះ មានប្រសាសន៍បន្ថែមថាសេចក្តីថ្លែងការណ៍នេះជាសារមួយបង្ហាញទៅរដ្ឋាភិបាលឲ្យពិចារណា និងរៀបចំឲ្យការបោះឆ្នោតប្រកបដោយសេរីនិងយុត្តិធម៌ ធ្វើឲ្យពលរដ្ឋជឿទុកចិត្ត។ លោកស្រីបន្តថា៖ “សេចក្តីថ្លែងការណ៍នេះ ដើម្បីជាព័ត៌មានផងដែរ ដើម្បីជូនទៅខាងគណបក្សកាន់អំណាចឲ្យលោកធ្វើការពិចារណា ហើយធ្វើការបោះឆ្នោតឲ្យបានល្អប្រសើរ ដើម្បីឲ្យប្រទេសជាតិយើងទំាងអស់គ្នា“។



សេចក្តីថ្លែងការណ៍ដដែលបន្តថាការផ្តល់សក្ខីកម្មករណីជនសង្ស័យធ្វើឲ្យអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋមានការសង្ស័យយ៉ាងខ្លំាងជុំវិញការបាញ់សម្លាប់លោក កែម ឡី។  ក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍ទាមទារឲ្យអាជ្ញាធរស៊ើបអង្កេតប្រកបដោយឯករាជ្យនិងមានតម្លាភាព ហើយថារាជរដ្ឋាភិបាលកម្ពុជាត្រូវស្តាបរិយាកាសនយោបាយសម្រាប់ការចុះឈ្មោះបោះឆ្នោតនិងអំឡុងពេលបោះឆ្នោតខាងមុខប្រកបដោយសុវត្ថិភាពនិងសេរីភាពពេញលេញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថាលោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់អង្គការនិងសមាគមដែលថាព្រួយបារម្ភពីដំណើរការបោះឆ្នោតខាងមុខនោះទេ។ លោកចោទអង្គការនិងសមាគមទំាងនោះថាជាក្រុមប្រឆំាង ដើម្បីកេងចំណេញប្រយោជន៍របស់ខ្លួនតែប៉ុណ្ណោះ។ លោកបន្តថា៖ “រាជរដ្ឋាភិបាលបានកំណត់ហើយថ្ងៃទី៤ ខែ៦ ឆ្នាំ២០១៧ ត្រូវធ្វើការបោះឆ្នោត[ឃុំ/សង្កាត់] ដូច្នេះវាមិនមានអីប៉ះពាល់ដល់ដំណើរការបោះឆ្នោត ក៏ដូចជាបរិយាកាសបោះឆ្នោតដែរ ចំពោះអ្នកនយោបាយប្រឆំាងមួយចំនួនចេះតែលើកឡើង ដើម្បីឈ្លាតឱកាស ការលើកឡើងលើកអី គណបក្សប្រជាជនកម្ពុជាមិនចាប់អារម្មណ៍ទេ ក៏ប៉ុន្តែដំណើរការបោះឆ្នោតនៅតែដដែលតាមកម្មវិធីដែលបានគ្រោងទុក“។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថាទោះក្នុងស្ថានការណ៍នយោបាយបែបណាក៏ដោយលោកថា គ.ជ.ប នៅតែបន្តធ្វើកិច្ចការរបស់ខ្លួន ដើម្បីឲ្យភាគីទំាងអស់អាចទទួលយកលទ្ធផលបោះឆ្នោតនោះ។ លោកបន្ថែមថា៖ “អ្វីដែលយើងកំពុងគិតនេះ គឺថាត្រូវតែធ្វើការបោះឆ្នោតនេះឲ្យបាន ទោះបីក្នុងស្ថានភាពណាក៏ដោយ ចំណែកការបកស្រាយយ៉ាងណានោះជាមជ្ឈដ្ឋានខាងក្រៅទេ ប៉ុន្តែរឿងខាងក្នុង គ.ជ.ប កំពុងមានការប្រឹងប្រែងដុតដៃដុតជើង ដើម្បីឲ្យមានការបោះឆ្នោតមួយដែលអាចទទួលយកបានដោយភាគីពាក់ព័ន្ធទំាងអស់“។

អតីតអ្នកវិភាគបញ្ហាសង្គមលោក កែម ឡី អាយុ៤៦ឆ្នាំ ត្រូវបានគេបាញ់សម្លាប់នៅចំដើមទ្រូងនិងក្បាល នៅក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលពោរពេញដោយមនុស្សនៅកណ្តាលរាជធានីភ្នំពេញកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

បន្ទាប់ពីឃាតកម្មនេះ អង្គការនិងសមាគមចំនួន៧០ស្ថាប័នក៏បានសេចក្តីថ្លែងការណ៍ ថាស្ថានការណ៍នយោបាយកាន់តែមានភាពតានតឹងឡើងនៅក្នុងប្រទេសកម្ពុជានៅមុនការបោះឆ្នោតឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៧និងការបោះឆ្នោតជាតិឆ្នាំ២០១៨។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានបញ្ជាក់ថា “នេះជាការចាំបាច់ដែលការស៊ើបអង្កេតជុំវិញករណីឃាតកម្មលើលោក កែម ឡី ត្រូវតែត្រូវបានធ្វើឡើងដោយមានតម្លាភាព ដើម្បីឲ្យមានការជឿទុកចិត្តនិងជៀសវាងការយល់ច្រឡំនានាដែលអាចនឹងមានផលប៉ះពាល់ដល់ឱកាសនៃការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ នាពេលខាងមុខ”។

លើសពីនេះទៀត អង្គការអន្តរជាតិស្ថានទូតជាច្រើននៅក្នុងរាជធានីភ្នំពេញនិងអ្នកជំនាញការអង្គការសហប្រជាជាតិបានថ្កោលទោសលើករណីឃាតកម្មនេះ៕

No comments: