A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

រដ្ឋសភា​ប្រគល់​សំណើ​សុំ​លើក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ទៅ​គណៈកម្មការ​ទី​៦

រដ្ឋសភា​ប្រគល់​សំណើ​សុំ​លើក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ទៅ​គណៈកម្មការ​ទី​៦
ដោយ យ៉ង ចាន់តារា
2016-07-18

ឡេង ប៉េងឡុង យ៉ែម បុញ្ញឫទ្ធិ ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង (កណ្ដាល) និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ (ស្ដាំ) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Yang Chandara
 RFA/Yang Chandara



រដ្ឋសភា​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ដក​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ សុពលភាព​សមាជិក​សភា​របស់​លោក សម រង្ស៊ី និង​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៥ ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​កិច្ចការ​អាស៊ាន។

ក្នុង​ចំណោម​របៀបវារៈ​ទាំង​៨ នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មាន​របៀបវារៈ​៣ ដែល​សំខាន់​ជាង​គេ។ របៀបវារៈ​ទី​១ ការ​ពិនិត្យ​សំណើ​សុំ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ២​រូប គឺ​លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។



របៀបវារៈ​ទី​២ គឺ​ការ​ពិនិត្យ​សំណើ​សុំ​រដ្ឋសភា​បកស្រាយ​បំភ្លឺ​អំពី​សុពលភាព​សមាជិក​សភា​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋសភា​ទទួល​ស្គាល់​កាល​ពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ដក​សុពលភាព​វិញ​នៅ​ចុង​ឆ្នាំ​២០១៥។ របៀបវារៈ​ទី​៣ គឺ​ការ​ពិនិត្យ​លើ​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ឲ្យ​រដ្ឋសភា បកស្រាយ​អំពី​នីតិវិធី ឬ​មាត្រា​ដែល​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​ថា ចំពោះ​របៀបវារៈ​ទី​១ រដ្ឋសភា​សម្រេច​ប្រគល់​ករណី​សំណើ​សុំ​លើក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ជូន​ទៅ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ៖ «ចំពោះ​របៀបវារៈ​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​មិន​ទាន់​សម្រេច​យ៉ាង​ណា​ទេ គ្រាន់​តែ​បញ្ជា​ឲ្យ​អគ្គលេខាធិការ​សរសេរ​លិខិត​ជម្រាប​ជូន​ទៅ​ក្រសួង​យុត្តិធម៌ ថា​ឥឡូវ​នេះ​រដ្ឋសភា​ស្ថិត​នៅ​ក្នុង​វិស្សមកាល។ ដូច្នេះ​មិន​អាច​ប្រជុំ​បាន​ទេ»។

កាល​ពី​ថ្ងៃ​ទី​៣០ មិថុនា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​រដ្ឋសភា ស្នើសុំ​ដក​អភ័យ​ឯកសិទ្ធិ​សភា​តំណាង​រាស្ត្រ លោក តុ វ៉ាន់ចាន់ និង​លោក ពិន រតនា។ សំណើ​នោះ​ជា​ការ​ឆ្លើយ​តប​ចំពោះ​លិខិត​របស់​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ថា អ្នក​តំណាង​រាស្ត្រ​ទាំង ២​រូប កំពុង​ជាប់​សង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ តាម​មាត្រា​២៨៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ អ្នក​ទាំង ២​នាក់ ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឲ្យ​ចូល​បំភ្លឺ​ក្នុង​សំណុំ​រឿង​សញ្ចារកម្ម ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ទាក់ទង​នឹង​សុពលភាព​សមាជិក​សភា​របស់​លោក សម រង្ស៊ី វិញ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នឹង​ធ្វើ​លិខិត​ចម្លើយ​ជូន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ក្រោយ ពីព្រោះ​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​ការ​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ឡើយ។ លោក ឡេង ប៉េងឡុង ពន្យល់​ថា ការ​ផ្តល់​សុពលភាព​ជូន​លោក សម រង្ស៊ី ដោយសារ​តែ​នៅ​ពេល​នោះ រដ្ឋសភា​មិន​ដឹង​អំពី​ការ​សម្រេច​របស់​តុលាការ​ទៅ​លើ​ករណី​របស់​លោក សម រង្ស៊ី៖ «លិខិត​របស់​ក្រសួង​យុត្តិធម៌ និង​របាយការណ៍​សុំ​អនុវត្ត​ទោស​ដែល​មាន​ចែង​ក្នុង​សាល​ដីកា​របស់​តុលាការ​ហ្នឹង​ហើយ ទើប​រដ្ឋសភា​ចាត់​វិធានការ​ចេញ​សេចក្តី​ប្រកាស​លេខ​៦៧៧ ចុះ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ អ៊ីចឹង​ពី​មុន​មក រដ្ឋសភា​អត់​បាន​ដឹង​អី​ទេ អត់​មាន​ដឹង ហើយ​ក៏​គ្មាន​អ្នក​ណា​លើក​ដែរ ទើប​តែ​តុលាការ​ចេញ​សំបុត្រ​មក ទើប​យើង​មាន​ការ​ពាក់ព័ន្ធ ហើយ​ក៏​ចាត់​វិធានការ​ទៅ​តាម​ច្បាប់»។

ចំណែក​នីតិវិធី​ដែល​រដ្ឋសភា​អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​វិញ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា រដ្ឋសភា​យោង​ទៅ​តាម​ប្រការ​៤១ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​សភា ដែល​ចែង​អំពី​សំឡេង​ភាគ​ច្រើន​នៃ​សមាជិក​សភា​ត្រូវ​ចាត់​ទុក​ជា​បាន​ការ។

ទោះ​បី​ជា​យ៉ាង​ណា លោក អេង ឆៃអ៊ាង និង​លោក យ៉ែម បុញ្ញឫទ្ធិ ដែល​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ឯកភាព​លើ​របៀបវារៈ​ទី​២ និង​ទី​៣ នោះ​ទេ ដោយ​សំអាង​ថា វា​ផ្ទុយ​ទៅ​នឹង​ច្បាប់ និង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​អំពី​អភ័យ​ឯកសិទ្ធិ​សភា មិន​អាច​រំលោភ​បំពាន​បាន៖ «របៀបវារៈ​ទី​២ និង​ទី​៣ យើង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ តែ​នៅ​តែ​ពុំ​ទាន់​ទទួល​បាន​ការ​ឯកភាព​គ្នា និង​យល់​គ្នា​នៅ​ឡើយ ពីព្រោះ​យើង​នៅ​តែ​យល់​ឃើញ​ថា ការ​លើក​អភ័យ​ឯកសិទ្ធិ​ត្រូវ​ការ​សំឡេង ២​ភាគ​៣។ នោះ​ជា​ចំណុច​ទី​១។ ចំណុច​ទី​២ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចន្លោះ​សម័យ​ប្រជុំ​រដ្ឋសភា មាន​សិទ្ធិ​ប្រជុំ​ដើម្បី​ធ្វើ​ការ​សម្រេច ក៏ប៉ុន្តែ​ប្រការ​៨០ នៃ​រដ្ឋធម្មនុញ្ញ​នៅ​ក្នុង​កថាខណ្ឌ​ទី​៤ ចែង​យ៉ាង​ច្បាស់​ថា រាល់​ការ​សម្រេច​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ត្រូវ​ដាក់​ជូន​ទៅ​សម័យ​ប្រជុំ​សភា​ពេញ​អង្គ ដើម្បី​អនុម័ត​ដោយ​សំឡេង ២​ភាគ​៣។ ចំណុច​ទាំងអស់​នេះ​ហើយ ដែល​យើង​មិន​មាន​ការ​ឯកភាព​គ្នា»។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ទៀត​ថា បើ​ទោះ​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បកស្រាយ​ក៏ដោយ ក៏​ពួក​លោក​នៅ​តែ​ព្យាយាម​តស៊ូ​មតិ​ត​ទៅ​ទៀត ដើម្បី​ឲ្យ​មាន​ការ​យល់​គ្នា​រវាង​សមាជិក​សភា​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ​សភា។ តំណាង​រាស្ត្រ​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន ដោយ​ហេតុ​បាន​សម្ដែង​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែងតែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង៕

No comments: