A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 17 July 2016

ស.រ.អា.​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​​​កូរ៉េខាង​ជើង​មួយ​ចំនួន​ដោយសារ​ការរំលោភ​សិទ្ធិ​មនុស្ស


16 កក្កដា 2016
Brian Padden
Nike Ching
voa

រូប​ឯកសារ៖ មេដឹកនាំកូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន (ស្តាំ) លើកដៃ​ទៅកាន់​ប្រជាជន​ដែល​កំពុង​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​ខួប​គណបក្ស​ពលករ​កូរ៉េ​លើក​ទី​៣៦ នៅ​ទីក្រុង​ព្យុងយ៉ាង។
រូប​ឯកសារ៖ មេដឹកនាំកូរ៉េ​ខាង​ជើង​ គីម ជុងអ៊ុន (ស្តាំ) លើកដៃ​ទៅកាន់​ប្រជាជន​ដែល​កំពុង​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​ខួប​គណបក្ស​ពលករ​កូរ៉េ​លើក​ទី​៣៦ នៅ​ទីក្រុង​ព្យុងយ៉ាង។



ការ​ប្រកាស​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង កាល​ពី​ពេល​ថ្មីៗនេះ​​នឹង​មិន​មាន​ប្រសិទ្ធភាព​ភ្លាមៗ​ទេ​ ប៉ុន្តែ​វិធានការ​នេះ​នឹង​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋ​ដែល​កៀប​សង្កត់​ប្រជា​ជន​មួយ​នេះ​ និង​បន្ត​ធ្វើ​ឲ្យ​ការដឹកនាំ​ឃា្លត​ចាក​ឆ្ងាយ​ពី​អ្នកដទៃ។


សេអ៊ូល —

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ កាល​ពី​ថ្ងៃ​ទី៧​ ខែកក្កដា​ បាន​សម្តែង​ការ​យល់​ស្រប​ជា​មួយ​ការ​សម្រេច​ដាក់​ឈ្មោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​ រួម​ទាំង​អង្គភាព​ និង​បុគ្គល​២២​នាក់​ផ្សេង​ទៀត​ចូល​ក្នុង​បញ្ជី​ខ្មៅ​ ដោយសារ​ពួក​គេ​បាន​រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ និង​ការ​តាម​ដាន​ចាប់​ខ្លួនអ្នក​ផ្តាច់​ខ្លួន​ ឬ​ការ​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កូរ៉េខាង​ជើង។

លោក​ Cho June-hyuck​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាងត្បូង​បាន​និយាយ​ថា៖ «ពួក​យើង​សង្ឃឹម​ថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ អាច​បង្កើន​ចំណាប់​អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​អំពី​ស្ថានភាព​ទុក្ខសោក​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​កូរ៉េ​ខាងជើង។ ស្របពេល​នេះ​ដែរ​ យើង​នឹងជួយ​ពង្រឹង​វិធាន​ការ​ពាក់​ព័ន្ធ​ និង​បន្ត​ការ​ពិភាក្សា​លើ​បញ្ហា​នេះ»។



ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​ លោក​ Samantha​ Power​ បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា៖ «កិច្ច​ខិតខំ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​បញ្ជូន​សារ​ដ៏​ច្បាស់​លាស់​មួយ​ មិន​ត្រឹម​តែ​ទៅ​កាន់​អ្នកដឹក​នាំ​ជាន់​ខ្ពស់​ទេ​ ថែម​ទាំង​ទៅ​កាន់​អ្នក​គ្រប់​គ្រង​ពន្ធនាគារ​ សន្តិសុខ​ អ្នក​ត្រួត​ពិនិត្យ​ព័ត៌មាន​ ប៉ូលិស​សម្ងាត់​ អ្នក​សួរ​ចម្លើយ​ និង​អ្នក​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​ដែល​ផ្តាច់​ខ្លួន។ ពិភព​លោក​កំពុង​តែ​កត់ត្រា​ការ​រំលោភ​បំពាន​របស់​អ្នក​ ហើយ​ការរំលោភ​បំពាន​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​បំភ្លេច​ឡើយ»។

នៅ​ឆ្នាំ​២០១៤​ គណៈកម្មការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិបាន​ចេញ​របាយការណ៍​មួយ​ដែល​បាន​កត់​ត្រា​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ដែល​រាល​ដាលឡើង​គ្រប់​ទិសទី​ និង​ជា​លក្ខណៈ​ប្រព័ន្ធ ​ក្នុង​នោះ​មាន​ដូចជា​ការសម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាកា​រ ការធ្វើ​ឲ្យ​បាត់​ខ្លួន​ ការ​ចាប់ខ្លួន​ដោយ​គ្មាន​ហេតុផល​ច្បាស់​លាស់​ ការ​វាយដំ​ ការ​បង្អត់​អាហារ​ដោយ​បង្ខំ​ ការ​រំលោភ​បំពាន​ផ្លូវភេទ​ ពលកម្ម​ដោយ​បង្ខំ​ និង​ការ​ធ្វើ​ទារុណកម្ម។ ក្នុង​របាយការណ៍​ដដែល​បាន​កត់​ត្រា​ថា​ ការ​រំលោភ​បំពាន​ភាគ​ច្រើន​ដែល​បាន​រៀប​រាប់​នេះ​ កើត​ឡើង​នៅ​ពន្ធនាគា​នយោបាយ​នៃ​ប្រទេស​កូរ៉េ​ខាងជើង​ ដែល​មាន​ឃុំឃាំង​មនុស្ស​ប្រុស​ ស្រី​ និង​កុមារ​ប្រមាណ​ ៨០.០០០​ ទៅ​១២០.០០០នាក់។

ទណ្ឌកម្ម​ដោយ​សារ​ការ​រំលោភសិទ្ធិមនុស្ស​ជា​លើក​ទីមួយ

វិធានការ​សហរដ្ឋ​អាមេរិក​ដែល​ប្រកាស​នៅ​ថ្ងៃទី៦​ខែកក្កដា​ គឺ​ជា​លើក​ដំបូង​ហើយ​ដែល​កូរ៉េ​ខាង​ជើង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​លើ​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ Human Rights Watch​ និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​កើន​ឡើង​នូវ​ចំណាប់​អារម្មណ៍​អន្តរជាតិ​ និង​ក្តី​ព្រួយបារម្ភ​ទៅ​លើ​អំពើ​ឃោរឃៅ​ដែល​កំពុង​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​កូរ៉េ​ខាងជើង។

លោក​ Phil Robertson​ អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ Human Rights Watch ​ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​កំពុង​ឃើញ​ពេល​នេះ​គឺថា ​ក្តី​ព្រួយ​បារម្ភ​ពី​ការរំលោភ​បំពាន​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង​ និង​មនុស្ស​ថ្នាក់​ក្រោម​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​ បាន​ចូល​ជា​ចំណែក​មួយ​នៃ​និន្នាការ​ទូទៅ​ក្នុង​ទំនាក់​ទំនង​របស់​សហគមន៍​អន្តរជាតិ​ជាមួយ​កូរ៉េ​ខាងជើង»។

តាំង​ពី​ឆ្នាំ​២០០៦​មក​ អង្គការ​សហ​ប្រជា​ជាតិ​បាន​អនុវត្ត​ការ​រឹត​បន្តឹង​គំនាប​ខ្លាំង​ឡើងៗ​ទៅ​លើ​កូរ៉េ​ខាងជើង​ដោយ​សារ​ប្រទេស​នេះបន្ត​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ដែល​ត្រូវបាន​ហាម​ឃាត់​ និង​កម្មវិធី​កាំជ្រួច​មីស៊ីល​ផ្លោង​របស់​ខ្លួន។

ក្នុង​ឆ្នាំ​នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​អនុវត្ត​វិធានការ​តឹង​តែង​ថ្មី​ ដែល​មាន​ការ​ពន្យារ​ការផ្ទេរ​រូបិយវត្ថុ​ និង​រឹត​បន្តឹង​ជំនួញ​រ៉ែ​ដែល​ផ្តល់​ផល​ចំណេញ​ច្រើន​សម្រាប់​ប្រទេស​នេះ​ ក្រោយ​ពេល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​នុយក្លេអ៊ែរ​លើក​ទី៤​ និង​ការ​បាញ់​កាំជ្រួច​ចម្ងាយ​ឆ្ងាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​កាំជ្រួច​ផ្លោង។

ភាព​រឹង​ទទឹង​របស់​កូរ៉េ​ខាងជើង

កូរ៉េ​ខាងជើង​ត្រូវ​បាន​គិត​ថា​នឹង​ប្រឆាំង​តបត​នឹង​ការ​ដាក់​គំនាប​របស់​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​ការដាក់​គំនាប​ចុង​ក្រោយ​ពី​អង្គការ​សហប្រជាជាតិ​ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន​សច្ចា​ថា​ នឹង​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែ​ និង​បាន​បាញ់​សាក​ល្បង​កាំជ្រួច​ចម្ងាយ​ខ្លី​ និង​មធ្យម​ជា​ច្រើន​គ្រាប់។

ផល​ប៉ះពាល់​ភ្លាមៗ​ទៅ​លើ​វិស័យ​សេដ្ឋកិច្ច​ចេញ​ពី​ការ​ដាក់​ទណ្ឌកម្ម​នេះ​ ត្រូវ​គេ​រំពឹង​ថា​នឹង​នៅ​មានកម្រិត ដោយសារ​តែ​សហរដ្ឋ​អាមេរិក​គ្មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ផ្ទាល់​ជាមួយ​កូរ៉េ​ខាងជើង​ទេ។

អ្នកវិភាគ​ខ្លះ​និយាយ​ថា​ ទណ្ឌកម្ម​ដែល​ចេះ​តែ​កើន​ឡើង​នេះ​អាច​ធ្វើ​ឲ្យ​ស្ថានភាពប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​លំបាក​សម្រាប់​គូ​សត្រូវ​រដ្ឋា​ភិបាល​ក្រុង​ព្យុងយ៉ាង​ និង​ក្រុង​វ៉ាស៊ីនតោន ហើយ​វា​នឹង​អាច​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​ពិបាក​នឹង​ស្វែង​រកការ​ពិភាក្សា​ចរចា​គ្នា​នៅ​ថ្ងៃ​មុខ។

បើ​ទោះ​បី​ជា​ឥទ្ធិពលនៃ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​អាច​មាន​លក្ខណៈ​ជា​និមិត្ត​រូប​មួយ​ក៏​ដោយ​ មន្រ្តី​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​និយាយ​ថា​ វា​ជា​ការ​សំខាន់​មួយ​ដែល​ត្រូវ​ដាក់​រដ្ឋាភិបាល​របស់​លោក​ គីម ជុង​អ៊ុន​ ក្នុង​បញ្ជី​របស់​ពួក​គេ ដោយ​សារ​តែ​ការ​រំលោភ​បំពាន​ជា​ច្រើន​លើក​ច្រើនសារ​និង​កំពុង​តែ​បន្ត។

លោក​ John Kirby​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេសសហរដ្ឋអាមេរិក​និយាយ​ថា៖ «វា​អាច​បញ្ជូន​សារ​មួយ​ដែល​ខុស​ឆ្គង​ទៅ​កាន់​លោក​ (គីម ជុងអ៊ុន)​ ហើយ​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​លោក​បន្ត​ប្រព្រឹត្ត​អំពើ​អសីលធម៌​ទាំង​នេះ​ទៅ​កាន់​ប្រជាជន​របស់​ខ្លួន​ ប្រសិន​បើអ្នកនៅតែ​អង្គុយ​នៅ​ក្បែរ​ដោយ​ស្ងៀម​ស្ងាត់​ មិន​និយាយ​អ្វី​សោះ​ មិន​ធ្វើ​អ្វី​សោះ​ និងមិន​ដាក់​ទណ្ឌកម្ម​នោះ»។។

ក្នុង​បញ្ជី​មួយ​ដែល​គេ​ហៅថា​ «បញ្ជី​ប្រជាជាតិ​និង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ពិសេស»​ ទ្រព្យសម្បត្តិ​ និង​ភាគហ៊ុន​របស់​អ្នក​ដែល​ត្រូវ​បាន​គេ​កំណត់​ទាំង​នោះ​នឹង​ត្រូវ​បង្កក​ ​ក្រោម​អំណាច​ច្បាប់​របស់​សហរដ្ឋ​អាមេរិក។ លើស​ពី​នេះ​ទៅ​ទៀត​ សកម្មភាព​ទិញ​ដូរ​រវាង​ពលរដ្ឋ​អាមេរិកាំង​ និង​អ្នក​ដែល​ត្រូវ​បាន​កំណត់​ទាំង​នោះ​ត្រូវ​បាន​ហាម​ឃាត់។

មន្រ្តី​កូរ៉េ​ខាង​ជើង​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ​នោះ​រួម​មាន​ លោក​ Choe Pu Il​ រដ្ឋ​មន្រ្តី​សន្តិសុខ​ប្រជាជន​ លោក​ Ri Song Chol​ ទីប្រឹក្សា​នៅ​ក្រសួង​សន្តិសុខ​ប្រជាជន​ ព្រម​ទាំង​លោក​ Kang Song Nam​ ប្រធាន​ការិយាល័យ​នៃ​ក្រសួង​សន្តិសុខ​រដ្ឋ។

មន្រ្តី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ វិធានការ​ថ្មីៗ​ទាំង​នេះ​ នឹង​អាច​ពង្រឹង​និង​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង។ វិធានការ​ទាំង​នេះ ​គឺ​ស្រប​ទៅ​នឹង​ក្រឹត្យ​ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើង​ និង​ការ​ពង្រឹង​គោល​នយោបាយ​ឆ្នាំ​២០១៦​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​អាមេរិក​ និង​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា​ កាល​ពីខែ​កុម្ភៈ។

ក្រៅពី​លោក​ Kim Jong Un​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ក៏​បាន​រាប់​ចូល​ប្រធានាធិបតី​ប្រទេស​ស៊ីរី​ លោក​ Bashar al-Assad​ ប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េ​ លោក​ Robert Mugabe​ និង​ប្រធានាធិបតី​ប្រទេស​បេឡារុស​ លោក​ Alexander Lukashenko ​ក្នុង​បញ្ជី​ខ្មៅ​របស់​ខ្លួន​ផង​ដែរ៕

Nike Ching រាយ​ការណ៍​ព័ត៌មាន​នេះ​ពីក្រសួង​ការបទេស​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ និង​ Youmi Kim ចូល​រួម​ផ្តល់ព័ត៌មាន​បន្ថែម​ពី​រដ្ឋធានី​សេ​អ៊ូល។

ប្រែសម្រួល​ដោយ​ វិញ​ សុជាតា

1 comment:

Anonymous said...

Sick to see Ah Chrouk Kim Junk Un.

He made people reminisced of Ah Chkuot Sihanouk.