A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

សង្គ្រោះជាតិហៅសមាជិកសភារបស់ខ្លួនមកជុំគ្នានៅក្នុងបក្សដោយបារម្ភពីសុវត្ថិភាព


ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ ម៉ោង


គណបក្សសង្គ្រោះជាតិបានប្រកាសឲ្យឥស្សរជនឬតំណាងរាស្ត្ររបស់ខ្លួនមកជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សមួយរយៈ ក្រោយពីមានការបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គម លោក កែម ឡី។


ក្នុងសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិចុះកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យសមាជិកសភាគណបក្សសង្គ្រោះជាតិទំាងអស់ប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយថាពួកគេអាចទៅជួបជុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិស្ថិតនៅសង្កាត់ចាក់អង្រែមួយរយៈ ដើម្បីរក្សាសុវត្ថិភាព។

តំណាងរាស្រ្តគណបក្សជំទាស់លោក គី វណ្ណដារ៉ា មានប្រសាសន៍បន្ថែមលើសេចក្តីជូនដំណឹងនោះថា គណបក្សចង់ឲ្យតំណាងរាស្ត្រទំាងអស់ជួបជុំគ្នានៅស្នាក់ការបក្ស ដើម្បីចែករំលែកនិងប្រមូលព័ត៌មាននានាទាក់ទិននឹងការវិវត្តស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកបន្តថា៖ ”យើងមិនថាជាកាតព្វកិច្ចត្រូវដាច់ខាតទេ អ្នកដែលមានព័ត៌មាន ជួនណាអ្នកខ្លះដែលគាត់មានព័ត៌មាន ជួនណាគាត់មានព័ត៌មានផ្សេងៗ គឺថាយើងយកមកទៅ ធម្មតាការប្រមូលព័ត៌មាន គឺថាអ្នកណាគាត់មានព័ត៌មានគាត់អញ្ជើញមក ហើយព្រឹកមិញគាត់អញ្ជើញមក យើងក៏មានផែនការដាក់កម្រងផ្កាជូន គោរពវិញ្ញាណក្ខន្ធសពរបស់លោកបណ្ឌិត កែម ឡី”។



អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍នឹងការលើកឡើងរបស់គណបក្សសង្គ្រោះជាតិទេ ដោយលោកថានោះគ្រាន់តែជាសារកេងចំណេញនយោបាយតែប៉ុណ្ណោះ។ លោកបន្តថា៖ ”រឿងបាតុភាពអសកម្មមួយ ពីរនៅក្នុងប្រទេសណាក៏មានដែរ ខែមុននៅអូហៃយ៉ូ [អាមេរិក] បាញ់ងាប់សិស្សជាង២០នាក់ ហើយចុងខែមុននៅអ័រឡិនដូ [រដ្ឋ] ផ្ល័ររីនដា [អាមេរិក] បោកគ្រាប់បែកនៅក្នុង ងាប់អស់២០នាក់ ហើយម្សិលម្ងៃនេះបាញ់ប៉ូលីសងាប់អស់៥នាក់។ វាជាបាតុភាពអសកម្មនៅក្នុងសង្គម ហើយអានេះគេកេងចំណេញ គេចេះតែលើកឡើងទៅឲ្យតែវាមានបញ្ហាកើតឡើងទៅ”។

អ្នកវិភាគនយោបាយលោកស្រី ជា វណ្ណាត យល់ថាដើម្បីកុំឲ្យមានការភ័យខ្លាចពីសុវត្ថិភាពដល់សមាជិកសភាបក្សប្រឆំាង លោកស្រីថាគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគួរតែយកវប្បធម៌សន្ទនាជជែកគ្នាឡើងវិញពីស្ថានការណ៍នយោបាយនៅកម្ពុជា។ លោកស្រីបន្ថែមថា៖ ”ដោះស្រាយខាងផ្នែកនយោបាយហ្នឹងអាចមានការ[ប្រើ]វប្បធម៌សន្ទនាមកវិញ ដើម្បីបន្ធូរភាពតានតឹងនៅក្នុងសង្គម។ ខ្ញុំសង្ឃឹមថានឹងមានជាដំណោះដោះស្រាយនយោបាយមួយរួមរវាងគណបក្សទំាងពីរ ដើម្បីបន្ធូរភាពតានតឹង”។

គួរបញ្ជាក់ថាមួយរយៈកាលចុងក្រោយនេះសកម្មជននិងតំណាងរាស្ត្រលោក អ៊ុំ សំអាន រួមទំាងអតីតសមាជិកព្រឹទ្ធសភាលោក ហុង សុខហួរ លោក មាជ សុវណ្ណារ៉ា និងសកម្មជនមួយចំនួនទៀត និងមន្ត្រីអង្គការអាដហុក៤រូប និងអគ្គលេខាធិការរង គ.ជ.ប មួយរូប ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ លើសពីនេះទៀតលោក កឹម សុខា ក៏ត្រូវបានសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន ហើយលោកបន្តស្នាក់នៅក្នុងគណបក្ស។

ចំណែកករណីបាញ់សម្លាប់អ្នកវិភាគបញ្ហាសង្គមលោក កែម ឡី ត្រូវបានគណបក្សសង្រ្គោះជាតិចាត់ទុកថាជារឿងគួរឲ្យភ័យខ្លាចមួយបន្ថែមទៀតដល់សុវត្ថិភាពតំណាងរាស្ត្រគណបក្សប្រឆាំង៕

 
សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: