A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 July 2016

ជុន ច័ន្ទបុត្រ សរសេរ​លិខិត​«ចំហរ»​ជូន កែម ឡី




មុននឹងបែកគ្នា គ្រាចុងក្រោយ ជាមួយនឹងលោក កែម ឡី ខណៈសពលោក នឹងត្រូវដង្ហែទៅបញ្ចុះ នៅព្រឹក​ថ្ងៃ​ស្អែក​នេះ តើ​មាន​អ្វី​បន្សល់​ទុក​ឬ​ទេ? សម្រាប់លោក ជុន ច័ន្ទបុត្រ (ឈ្មោះពិត ហួត វុទ្ធី) នាយករង និងជា​អ្នក​សារព័ត៌មាន នៃ​វិទ្យុ​អាស៊ី​សេរី មាន​តែ​លិខិត​«ចំហរ»​មួយ (ខាង​ក្រោម)​នេះ​ប៉ុណ្ណោះ ដែលលោក​បាន​សរសេរ​ជូន​ជា​ពិសេស សម្រាប់​លោក កែម ឡី ដើម្បី​ឧទ្ទិស​ដល់​ការ​លាគ្នា គ្រាចុងក្រោយ ដែលរកពាក្យ​អ្វី​ មក​ថ្លែង​ជំនួស​មិន​បាន​នេះ។


លោកបណ្ឌិត កែម ឡី ជាទីគោរព!


លោកបានចែកឋានទៅ ១៣ ថ្ងៃហើយ។ ខ្ញុំសូមជំរាបលោកតាមត្រង់ ថាមកទល់នឹងថ្ងៃនេះ ខ្ញុំនៅតែអួល​ដើម​ក​នៅឡើយ ពេលដែលខ្ញុំនឹកដល់លោក។ តែយ៉ាងណាក៏ដោយ ក្នុងថ្ងៃផ្សាយពិសេស នាឱកាសដង្ហែសព​លោក នៅថ្ងៃ​ស្អែកនេះ ខ្ញុំនឹង​ព្យាយាមទប់អារម្មណ៍ អោយបាននឹងន ដើម្បីរួមចំណែកជូនដំណើរលោក ជា​ចុង​ក្រោយ ទៅ​កាន់​ស្រុក​កំណើត​លោកវិញ។

តាមពិត លោកតែងតែដាស់តឿនពួកយើង មិនអោយមានទុក្ខសោកយូរទេ។ ពាក្យមួយឃ្លារបស់លោក ដែល​យើង​ទន្ទេញចាំមាត់គ្រប់គ្ នានៅពេលនេះ គឺ «ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខទៀត»។ យើងនឹង​អនុវត្ត​តាម​បណ្តាំ​នេះ អោយបានខ្ជាប់ខ្ជួន។

ថ្វីត្បិតតែ ថ្ងៃស្អែកនេះ អ្នកដែលគោរពស្រឡាញ់លោក ជាច្រើនម៉ឺននាក់ អាចនឹងទៅចូលរួមដង្ហែសពលោក​ក្តី ពួក​គាត់នៅតែរកចម្លើយ​មិនទាន់ឃើញថា ហេតុអ្វីក៏គេដាច់ចិត្ត ផ្តាច់យកជីវិតលោក ទាំងស្រស់ៗបែបនេះ។ ខ្ញុំ​ក៏​មាន​ចម្ងល់​នេះ​ដែរ។ នៅពេល ដែលលោកចូលរួម ក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ជាមួយខ្ញុំ លោក​លើក​ឡើង​ថា អ្នកប្រដាល់ «Mike Tyson» នៅស្រុកខ្មែរ ខាំទាំងគូប្រកួត ខាំទាំងអ្នកអង្គុយមើល។ តែ​លោក​មិន​ដែល​គិត​ថា «Mike Tyson» អាចហក់មកខាំលោក ដែលលោកថា គ្រាន់តែជាអ្នករូតវាំងនននោះទេ។



ខ្ញុំនៅស្រណោះសម្តីនេះណាស់។ យើងទាំងអស់គ្នា ដែលបំរើការងារ ជាអ្នកផ្សព្វផ្សាយព័ត៌មាន ក៏ស្ថិតនៅក្នុង​ក្រុមអ្នករូតវាំងនននេះ ដូចលោកដែរ។ ក្នុងបេសកកម្មរបស់យើង ដែលជាអ្នកបើកកកាយ នូវអំពើរពុករលួយ អំពើរំលោភជិះជាន់ អំពើអយុត្តិធម៌នានាក្នុងសង្គម និងជាពិសេស ជាអ្នកដែលហ៊ានដេញដោលសាកសួរ យក​ព័ត៌មាន ដែលគេព្យាយាមបង្វែងដាន យើងបានធ្វើមនុស្សខ្លះខឹង មនុស្សខ្លះស្អប់ និងធ្លាប់ត្រូវបាន​គេគំរាម​កំហែង ព្រមទាំងទទួល នូវពាក្យប្រមាថមាក់ងាយ មកលើជាប្រចាំ តែយើងក៏ទទួលបាន នូវការលើកទឹក​ចិត្ត ការស្រឡាញ់ និងគាំទ្រ ពីមនុស្សភាគច្រើន ដែលមានសមានចិត្ត មកលើយើងដែរ។

ពួកយើងទាំងអស់គ្នា តាំងចិត្តប្រឈមមុខនឹងគ្រោះថ្នាក់ ក្នុងការងារប្រចាំថ្ងៃរបស់យើង ក៏ព្រោះតែយើង​ជឿ​ជាក់​ថា យើងអាចរួមចំណែក ជួយប្រជាជាតិកម្ពុជា អោយមានការផ្លាស់ប្តូរ ក្នុងជីវភាពរស់នៅ និង​មានការ​អភិវឌ្ឍន៍​ដ៏​ត្រឹម​ត្រូវ​មួយ។

ហើយនេះ ក៏ជាបំណង​របស់លោកបណ្ឌិត កែម ឡី ដែរ។ លោកតែងហ៊ានរិះគន់​ដោយត្រង់ ចំពោះអ្នក​នយោបាយ​​​ពី​គ្រប់​គណបក្ស។ លោកជួយផ្តល់គំនិត និងទស្សនៈ ដោយមិនប្រកាន់បក្ស និងនិន្នាការ​នយោបាយ ដើម្បី​អោយ​មានការកែប្រែចំនុចអសកម្ម ជាប្រយោជន៍​ដល់ប្រជាជាតិខ្មែរទាំងមូល។

ឃាតករអាចឆក់យកជីវិតលោកមែន តែគេមិនអាចយកឧត្តមគតិ និងវិរភាពក្លាហានរបស់លោកបានទេ។ ការ​ចូលរួមកំដររូបកាយ ដែលគ្មានវិញ្ញាណរបស់លោក ដោយស្មោះស្ម័គ្រ ពីសំណាក់មហាជន គ្រប់ស្រទាប់​វណ្ណៈ​នេះ​ហើយ ជាតឹកតាងនៃភក្តីភាពដ៏មោះមុត ចំពោះលោក។

ចំពោះរូបខ្ញុំផ្ទាល់ ខ្ញុំសូមសារភាពថា ខ្ញុំពិបាកនឹងបំភ្លេចលោក ដែលជាវាគ្មិនដ៏ប្រសើរមួយរូប ក្នុងកម្មវិធី​របស់​យើងណាស់។ ថ្វីត្បិតតែវា​ជាសោកនាដកម្មដ៏ធំមួយ ក្នុងការបាត់បង់រូបលោក ខ្ញុំក៏សូមសម្តែងនូវកតញ្ញូតា ចំពោះ​ការ​ចូលរួម​​វិភាគទាន​ទាំង​អស់​របស់លោក ចំពោះវិទ្យុ និងទូរទស្សន៍អាស៊ីសេរី និងចំពោះ​ប្រជាជាតិ​ខ្មែរ។

ថ្ងៃស្អែកនេះ ខ្ញុំមិនបានទៅដង្ហែរសពលោកផ្ទាល់ទេ តែខ្ញុំនឹងចូលរួមជូនដំណើរលោក ជាមួយអ្នកគាំទ្រ និង​គោរពលោក តាមរលកធាតុអាកាសពីចម្ងាយ។

នេះមិនមែនមកពីខ្ញុំ អាក់អន់ស្រពន់ចិត្ត នឹងលោកដែលចាកចេញទៅ ដោយមិនបានលាគ្នាមួយម៉ាត់នោះទេ តែមកពីខ្ញុំមានភារៈ នៅបន្តបេសកកម្មមួយចំនួនរបស់លោក ដែលលោកធ្វើមិនទាន់បានចប់សព្វគ្រប់។ លោក​ប្រាកដ​ជាយល់ នូវទឹកចិត្តរបស់ខ្ញុំចំពោះលោក។ ខ្ញុំសូមគោរពលាលោកពីចម្ងាយ និងសូមអោយវិញ្ញាណក្ខន្ធ​របស់​លោក បានដល់សុគតិភព។

ពីខ្ញុំ ជុន ច័ន្ទបុត្រ ដៃគូពិភាក្សាម្នាក់របស់លោក៕

1 comment:

Kim Ea said...

GOD Buddha will bless his soul ,and will create thousand more young KEM LEY to defeat this terrorist creature out from this land soon .