A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

ភរិយា​លោក កែម ឡី បដិសេធ​ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ


ដោយ ខែ សុណង
2016-07-11

ភរិយា​របស់​លោក កែម ឡី ២០១៦ ៨៥៥
ភរិយា​របស់​លោក កែម ឡី យំ​ឱប​សព​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang



ភរិយា​របស់​លោក កែម ឡី បាន​បដិសេធ​ចំពោះ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ថា លោក កែម ឡី ជំពាក់​លុយ ៣​ពាន់​ដុល្លារ។

អ្នកស្រី បូ រចនា ជា​ភរិយា​លោក​បណ្ឌិត កែម ឡី បាន​ថ្លែង​ថា អ្នកស្រី​មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​ជន​សង្ស័យ​ដែល​បាន​បាញ់​ប្រហារ​ស្វាមី​អ្នកស្រី ហើយ​បាន​ផ្ដល់​ចម្លើយ​ដល់​ប៉ូលិស​បង្កាច់​បង្ខូច​ស្វាមី​អ្នកស្រី៖ «រឿង​ជំពាក់​លុយ​ខ្ញុំ​សូម​បដិសេធ​ហើយ ព្រោះ​ប្ដី​ខ្ញុំ​តាំង​ពី​រស់​នៅ​ជាមួយ​គ្នា​រហូត​ដល់​បាន​លុយ ៤-៥​នេះ គាត់​អត់​ដែល​ខ្ចី​លុយ​នរណា​បាន​មួយ​រយ​លុយ​ខ្មែរ​ទេ ដោយសារ​គាត់​មិន​ហ៊ាន​ហា​មាត់​រក​គេ ជួនកាល​អង្គការ​ខ្លះ​គ្នា​អត់​សូវ​មាន​លុយ​កាក់​អ៊ីចឹង គាត់​ជួយ​ទទេ។ គាត់​យោបល់​ជួយ​សរសេរ​ឯកសារ​អ៊ីចឹង​ទៅ។ ចាប់​តាំង​ពី​ខ្ញុំ​ស្គាល់​គាត់ គាត់​ជា​មនុស្ស​ស្លូត អត់​ដែល​ធ្វើ​បាប​អ្នក​ដទៃ​ទេ មាន​តែ​ជួយ​យក​អាសា​គេ​ទៀត ពាក្យ​សម្ដី​និយាយ​ក៏​អត់​ធ្ងន់​ដែរ»។

ការ​អះអាង​នេះ បន្ទាប់​ពី​វីដេអូ​ឃ្លីប​ត្រូវ​គេ​បង្ហោះ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា លោក កែម ឡី ជំពាក់​លុយ​ខ្លួន ៣.០០០​ដុល្លារ​រយៈពេល ១​ឆ្នាំ​មក​ហើយ​មិន​ព្រម​សង។



ភរិយា​លោក​បណ្ឌិត កែម ឡី បញ្ជាក់​ទៀត​ថា អ្នកស្រី​គាំទ្រ​ចំពោះ​ការងារ​ស្វាមី​គាត់​ក្នុង​ការ​វិភាគ​ផ្ដល់​ព័ត៌មាន​ពិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ។ អ្នកស្រី​ថ្លែង​ថា ស្វាមី​គាត់​តែង​តែ​និយាយ​ប្រាប់​ពី​គោល​បំណង​ធំ​ក្នុង​ការងារ​របស់​លោក និង​បាន​ផ្ដែផ្ដាំ​ឲ្យ​អ្នកស្រី​រឹងមាំ​ក្នុង​ការ​មើល​ថែ​កូនៗ​នៅ​ពេល​អត់​ពី​លោក៖ «គាត់​និយាយ​រហូត​ដែរ​ហ្នឹង គាត់​ថា​បើ​គាត់​មាន​រឿង​អី​កុំ​យើង​ទន់​ជ្រាយ​អ៊ីចឹង​ណា ឲ្យ​យើង​តស៊ូ​ទៅ​មើល​កូន។ និយាយ​យើង​អត់​ដឹង​ថា ក្នុង​ចិត្ត​គាត់​លាក់​បាំង​រឿង​អី​គេ​ខ្លះ​ទេ។ គាត់​មិន​ឲ្យ​យើង​ដឹង ខ្លាច​យើង​ពិបាក​អី​មិន​ដឹង ប៉ុន្តែ​គាត់​និយាយ​ថា​កុំ​គិត​ច្រើន បើ​មាន​បញ្ហា យើង​ធ្វើ​ខាង​ហ្នឹង​វា​ប្រឈម​មុខ​នឹង​ស្លាប់​ហើយ បើ​មិន​ស្លាប់​ក៏​ជាប់​គុក​ដែរ។ គាត់​ឲ្យ​យើង​តាំង​ស្មារតី​ឲ្យ​ល្អ។ ទើប​លើក​មុន​ឮ​ថា​ខាង​ប៉ូលិស​ខាង​អី​អ្នក​ធ្វើ​ការ​ធំៗ គេ​ស្គាល់​គាត់ គេ​ថា​ឲ្យ​ភៀស​ខ្លួន​ទៅ គេ​មាន​គម្រោង​ចង់​ចាប់ គាត់​ថា​អត់​អី​ទេ គេ​ចង់​ចាប់​ក៏​ចាប់​ទៅ គាត់​អត់​ធ្វើ​អី​ខុស គាត់​អត់​រត់​ទេ។ ឮ​តែ​ម្ដង​មក​បាត់​ឈឹង​រហូត។ កាល​ពី​ដំបូង​យើង​ចេះ​តែ​ព្រួយ​បារម្ភ ពេល​គាត់​ឡើង​ទៅ​វិភាគ​នៅ​អាស៊ីសេរី ចឹង។ ដល់​ពេល​គាត់​ពន្យល់​គិត​សព្វៗ​ទៅ មាន​តែ​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​ធ្វើ។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​គាត់​ធ្វើ​រាល់​ថ្ងៃ​ហ្នឹង»។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី បូ រចនា បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​សុវត្ថិភាព​គ្រួសារ​អ្នកស្រី និង​ជោគ​វាសនា​កូនៗ​អ្នកស្រី​ក្នុង​ការ​បន្ត​ការ​រៀន​សូត្រ៕

No comments: