A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

វិភាគ៖ ហេតុអ្វីបានឃាតករពិតនិងអ្នកនៅពីក្រោយឃាតក​ម្មមិនត្រូវបាននាំមកកាត់ទោស?


ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦​


លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ(រូបថត៖ស៊ុន ណារិន)


ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅរាជធានីភ្នំពេញទាំងកណ្តាលថ្ងៃនាពេលថ្មីៗនេះ បង្កឲ្យសាធារណជនដាក់ចម្ងល់ថា តើគ្រួសារជនរងគ្រោះដែលឃាតករបាញ់សម្លាប់ថ្មីទៀតនេះអាចនឹងមិនទទួលបានយុត្តិធម៌ដូចករណីឃាតកម្មកន្លងទៅដែរឬក៏យ៉ាងណា?

កន្លងទៅឃាតកម្មបាញ់សម្លាប់មនុស្សក្រៅច្បាប់បានកើតឡើងទៅលើតារាចម្រៀងអ្នកស្រី ពិសិដ្ឋ ពីលីកា កញ្ញា ទូច ស៊ិននិច ពៅ បញ្ញាពេជ្យ លោក ឈុត វុទ្ធី និងលោក ជា វិជ្ជា ជាដើម ត្រូវក្រុមគ្រួសាជនរងគ្រោះអះអាងថាឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មនោះមិនត្រូវបានអាជ្ញាធររដ្ឋវែកមុខមកផ្តន្ទាទោសទេ។

ពេលខ្លះអ្នកដែលមិនជាប់ពាក់ព័ន្ធនឹងឃាតកម្មសោះត្រូវសមត្ថកិច្ចចាំខ្លួនយកមកទទួលទោសជំនួសឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មនេះ ដូចករណីឃាតកម្មបាញ់សម្លាប់ប្រធានសហជីពដ៏ល្បីឈ្មោះលោក ជា ជិជ្ជា កាលពីដើមឆ្នាំ២០០៤ ដែលពេលនោះអាជ្ញាធររដ្ឋបានចាប់បុរសពីររូបមានលោក ប៊ន សំណាង និងលោក សុខ សំអឿន មកផ្តន្ទាទោស ដោយចោទថាអ្នកទាំងពីរជាជនដៃដល់។



ប៉ុន្តែបុរសទាំងពីរដែលសមត្ថកិច្ចចោទថាជាជនដៃដល់នោះត្រូវដោះលែងឲ្យមានសេរីភាពវិញក្រោយពីឃុំខ្លួនក្នុងពន្ធនាគារជិត៥ឆ្នាំ ដោយសារតែតុលាការកំពូលរកមិនឃើញកំហុសដូចរបាយការណ៍ចោទប្រកាន់របស់សមត្ថកិច្ចពាក់ព័ន្ធនោះទេ។

ប៉ុន្តែអ្វីជាការកត់សម្គាល់គឺព្រឹត្តិការណ៍បង្ក្រាបគ្រឿងញៀនដ៏ធំមួយនៅខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃកាលពីឆ្នាំ២០១១ ពេលនោះអាជ្ញាធររដ្ឋបានចាប់មន្ត្រីសំខាន់ៗយ៉ាងតិច៥នាក់រួមទាំងស្នងការខេត្តនោះផងដែរ ដោយចោទថាពួកគេទាំងនោះជាប់ពាក់ព័ន្ធនឹងការឃុបឃិតគ្នាទទួលសំណូកនិងខ្លះទៀតជាអ្នកជួញដូរផ្ទាល់។ ក្នុងនោះអតីតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន លោក មឹក តារា ក៏ត្រូវចាប់ខ្លួនដែរ ដោយរកឃើញមន្ត្រីជាន់ខ្ពស់បង្ក្រាបគ្រឿងញៀនរូបនោះបានពាក់ព័ន្ធយ៉ាងជ្រៅក្នុងការចរាចរណ៍និងជួញដូរគ្រឿងញៀន។

តើឃាតកម្មកន្លងទៅនិងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅពេលនេះ អាចជាប់ពាក់ព័ន្ធនឹងមន្ត្រីជំនាញដូចករណី លោក មឹក តារា ឬទេ បានជាឃាតករពិតនិងអ្នកនៅពីក្រោយមិនត្រូវបានវែកមុខ?

អ្នកវិភាគនិងក្រុមគ្រួសារជនរងគ្រោះខ្លះបានដាក់ការសង្ស័យថាឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មនេះមិនត្រូវបានវែកមុខមកផ្តន្ទាទោសរហូតពេលនេះ ពួកគេថាដោយសាតែប្រព័ន្ធច្បាប់មិនឯករាជ្យនិងខ្វះឆន្ទះនយោបាយ។

លោក ជា មុន្នី ប្អូនប្រុសបង្កើតរបស់សពលោក ជា វិជ្ជា បានអះអាងថាជាង១២ឆ្នាំ លោកគ្មានជំនឿថារដ្ឋាភិបាលបានប្រឹងប្រែងរកមុខឃាតករពិតនិងអ្នកពាក់ព័ន្ធមកផ្ទន្ទាទោសនោះទេ បើទោះបីកន្លងទៅលោកនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសឲ្យបង្កើតក្រុមការងារពិសេសសម្រាប់ស្វែងរកការពិតក៏ដោយ។

លោក ជា មុន្នី ចាត់ទុកថាការបាញ់សម្លាប់លោក កែម ឡី  អាចជាព្រឹត្តិការណ៍ចេញពីវិញ្ញាសារចាស់ដែលធ្វើឲ្យគ្រួសារជនរងគ្រោះបន្តឈឺចាប់ដូចគ្នា បើក្បាលម៉ាស៊ីនដឹកនាំគ្មានការប្រែប្រួល។

លោកថា៖ «អ្នកដែលដឹងរឿងបាញ់សម្លាប់លោក ជា វិជ្ជា ហ្នឹង មន្ត្រីនៅក្រសួងមហាផ្ទៃដឹងទាំងអស់ហ្នឹង ដឹងថា អ្នកណាជាអ្នកសម្លាប់ អ្នកណាជាអ្នកនៅក្រោយខ្នងដឹងទាំងអស់ហ្នឹង។ ប៉ុន្តែគ្រាន់តែថា គ្នាគេ ពួកអស់ហ្នឹងឡើងផ្កាយ៣ផ្កាយ៤អស់ទៅហើយហ្នឹង ហើយគេម៉េចនឹងសុខចិត្តបកអាក្រាតគ្នាគេ។ ដូចជាលិខិតមួយបន្ទាត់សរសេរឲ្យមានការស្វែងរកឃាតករ បង្កើតអន្តរក្រសួង មិនបាច់បង្កើតស្អី ក្រសួងមានហើយ»។

អ្នកតាមដានសង្គមខ្លះគិតថាវប្បធម៌លាបពណ៌កំពុងពេញនិយមនៅកម្ពុជា។ ហើយក្រោយឃាតកម្មបាញ់សម្លាប់លោក កែម ឡី មជ្ឈដ្ឋានខ្លះយល់ថាព្រឹត្តិការណ៍នោះគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចនៅពីក្រោយព្រឹត្តិការណ៍នេះ។

មជ្ឃដ្ឋានខ្លះទៀតចោទថាគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងទេ ជាអ្នកនៅពីក្រោយព្រឹត្តិការណ៍នេះដើម្បីកេងចំណេញនយោបាយ។

ចំណែកអ្នកខ្លះទៀតគិតថាព្រឹត្តិការណ៍បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ខែកក្កដានោះអាចជាចារកម្មវៀតណាមដែលពួកគេថា ដើម្បីធ្វើឲ្យខ្មែរបាចទឹកដាក់គ្នាក្នុងជម្លោះផ្ទៃក្នុង ព្រោះមុនពេលឃាតកម្មបាញ់សម្លាប់អ្នកស្រាវជ្រាវដ៏ល្បីឈ្មោះជាជនរងគ្រោះរូបនោះបានរិះគន់ក្រុមគ្រួសារត្រកូលហ៊ុនដែលប្រទាក់ក្រឡាគ្នាគ្រប់គ្រងក្រុមហ៊នយ៉ាងតិច១១៤ទាក់ទិននឹងរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញត្រកូលហ៊ុន»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា លើកឡើងថាការសន្និដ្ឋានថាគ្រួសារលោក កែម ឡី អាចមានយុត្តិធម៌ឬអត់ លោកថាវាជាការលឿនពេកនៅពេលដែលសំនុំរឿងនេះកំពុងស្ថិតការស៊ើបអង្កេតរបស់សមត្ថកិច្ចនៅឡើយ។

ប៉ុន្តែលោកថាអ្វីដែលអាចវិភាគបានគឺការដែលខ្មាន់កាំភ្លើងបាញ់ម្លាប់លោក កែម ឡី នៅថ្ងៃទី១០ខែកក្កដាឆ្នាំ២០១៦ លោកថារូបភាពនោះអាចជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ដោយលោកថាលោក កែម ឡី បានធ្វើការស្រាវជ្រាវច្រើនទាំងបញ្ហាព្រំដែន ដូចជាយុទ្ធនាការ១០០រាត្រី ទាំងរបៀបដឹកនាំ សិទ្ធិមនុស្ស រួមទាំងរិះគន់រដ្ឋាភិបាលតាមរបាយការណ៍ Global Witness។

លោក សូ ចន្ថា វិភាគទៀតថាដើមចមដែលឃាតករពិតនិងអ្នកនៅពីក្រោយឃាតកម្មមិនត្រូវបានវែកមុខមកផ្តន្ទាទោសចំពោះមុខច្បាប់ ករណីឃាតកម្មច្រើនឆ្នាំមកនេះលោកថាមានកត្តា៣សំខាន់ ដូចជាចន្ទៈនយោបាយជំនាញរបស់មន្ត្រីពាក់ព័ន្ធនៅមានកម្រិតនិងប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ។

កត្តាទាំង៣នេះ លោក សូ ចន្ថា វិភាគថាបើឃាតករដៃដល់ត្រូវបានអ្នកមានអំណាចណាម្នាក់រៀបចំឡើង ហើយមន្ត្រីអ្នកអនុវត្តច្បាប់ស្ថិតក្រោមសម្ពាធអ្នកនយោបាយលោកថាពេលនោះ ជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នឹងនៅក្រៅសំណាញ់ច្បាប់ដូចឃាតកម្មមុនៗ។

លោក សូ ចន្ថា គិតថារដ្ឋាភិបាលនឹងនៅតែរងការចោទប្រកាន់ពីគ្រួសារងគ្រោះនិងពីមហាជនដដែល បើការស៊ើបអង្កេតករណីបាញ់សម្លាប់លោក កែម ឡី ពេលនេះរដ្ឋាភិបាលមិនបានធ្វើឲ្យសាធារណជនមានជំនឿទៅលើប្រព័ន្ធច្បាប់នោះ។

លោកថា៖ «ដោយសារតែបទពិសោធន៍នៃការស្លាប់បុគ្គលមួយចំនួនដូចជាលោក ជា វិជ្ជា និងលោក ឈុត វុទ្ធី ជាដើមនោះ អាជ្ញាធរមិនបានបង្ហាញការពិតឲ្យពលរដ្ឋបានដឹង ដូច្នេះពលរដ្ឋនឹងអស់ជំនឿទៅលើអាជ្ញាធរនិងរដ្ឋាភិបាល។ អញ្ចឹងហើយចង់មិនចង់ការចោទប្រកាន់នឹងមានទៅលើនរណាម្នាក់ហើយ»។

អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូលោក អ៊ំ សំអាត លើកឡើងប្រហាក់ប្រហែលដែរថាឃាតកម្មច្រើនករណីកន្លងទៅដូចជាការបាញ់តារាចម្រៀង បាញ់សម្លាប់សកកម្មជនបរិស្ថានលោក ឈុត វុទ្ធី បាញ់សម្លាប់លោក ជា វិជ្ជា សកម្មជននយោបាយ រួមទាំងអ្នកសារព័ត៌មានកន្លងទៅនោះ លោកថារដ្ឋាភិបាលមិនបានវែកមុខជនដៃដល់និងអ្នកនៅពីក្រោយឃាតកម្មនោះមកផ្តន្ទាទោស ដើម្បីប៉ះប៉ូវការឈឺចាប់ដល់អ្នកដែលបានបាត់បង់សមាជិកគ្រួសារនោះទេ។

ប៉ុន្តែលោក អ៊ំ សំអាត អះអាងថាការស៊ើបអង្កេតមិនទាន់រកឃើញថាករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី ពេលនេះមានប្រភពចេញពីមន្ត្រីជំនាញដូចករណីលោក មឹក តារា ជាមន្ត្រីជាន់ខ្ពស់ប្រឆាំងបទល្មើសគ្រឿងញៀន ហើយក្លាយជាអ្នកជួញដូរគ្រឿងញៀននោះទេ។

បើតាមលោក អ៊ំ សំអាត ដើម្បីរើបំរាស់ចេញពីការចោទប្រកាន់ថាករណីឃាតកម្មបាញ់សម្លាប់មនុស្សក្រៅច្បាប់ជាបន្តបន្ទាប់ដែលពលរដ្ឋមិនឲ្យតម្លៃនេះ លោកថារដ្ឋាភិបាលត្រូវបង្ហាញតម្លាភាពពីដំណើរការស៊ើបអង្កេតដ៏មានប្រសិទ្ធិភាពមួយឲ្យពលរដ្ឋនិងគ្រួសាររងគ្រោះជឿទុកចិត្តបាន។

លោកថា៖ “រដ្ឋាភិបាលលោក[បើមិន]ឲ្យមានការខូចកិត្តិយសដូច្នេះ លោកត្រូវតែធ្វើការស៊ើបអង្កេតឲ្យឯករាជ្យនិងបង្ហាញនូវភស្តុតាងឲ្យបានជាក់លាក់ណាមួយដើម្បីឲ្យពលរដ្ឋហ្នឹងមានជំនឿជឿជាក់ ហើយប្រាកដថា[សព]លោក កែម ឡី ទទួលបាននូវភាពយុត្តិធម៌ ហើយឃាតករពិតប្រាកដនិងអ្នកសមគំនិតនិងអ្នកនៅពីក្រោយខ្នងហ្នឹង យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ហើយបង្ហាញហេតុផលឲ្យបានច្បាស់លាស់ប្រកដដោយជំនឿទុកចិត្ត។ បើមិនដូច្នេះទេគេនៅតែចោទប្រកាន់ថា ការបាញ់សម្លាប់លោក កែម ឡី នេះវាដូចជាករណីឃាតកម្មមុនៗហើយវាពាក់ព័ន្ធនឹងស្ថានភាពការកេងចំណេញនយោបាយនោះបាទ”។

ទាំងអង្គការសង្គមស៊ីវិលទាំងអ្នកវិភាគគិតថាដើម្បីទប់ស្កាត់កុំឲ្យវប្បធម៌លាបពណ៌បង្កើនការពេញនិយមកាន់តែខ្លាំងក្នុងសង្គមខ្មែរ ហើយទប់ស្កាត់កុំឲ្យមានការកាប់សម្លាប់គ្នាបន្តទៀតនិងប្រេះឆាផ្ទៃក្នុងកាន់តែខ្លាំងនោះ ពួកគេថារដ្ឋាភិបាលត្រូវពង្រឹងការអនុវត្តច្បាប់ស្តង់ដាតែមួយធានាយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប។

អ្នកនយោបាយត្រូវប្តូរផ្នត់គំនិតពីរបៀបដឹកនាំ ពីការវាយកម្ទេចដៃគូ ទៅជាបង្កើនវប្បធម៌ជជែកគ្នា ដោយស្មោះត្រង់តាមបែបប្រជាធិបតេយ្យនិងបានជំរុញឲ្យពលរដ្ឋជាកោសិការសង្គម ត្រូវចេះតាមដានឥរិយាបថអ្នកនយោបាយ ធ្វើយ៉ាងណាតម្រង់ទិសអ្នកនយោបាយ ជាជាងរត់តាមឥទ្ធិពលនយោបាយ ហើយភ្លេចគិតគ្រោះថ្នាក់ដល់សង្គមជាតិ៕

1 comment:

Anonymous said...

Is it a Cambodian law stating after interrogating the suspect for 72 hours , then the Police must turn the suspect in to the Court ?
In this case, the Police did turn the suspect in, but the Police took him back.
Something is fishy here !