A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 19 July 2016

លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កែម​ ឡី​ ស៊ូ​ស្លាប់ក៏​​មិន​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ស្នូក​? (ភាគ១)



លិខិតមិត្តអ្នកអាន៖ ហេតុ​អ្វី​លោក​ កែម​ ឡី​ ស៊ូ​ស្លាប់ក៏​​មិន​ធ្វើ​ជា​អ្នក​វិភាគ​ក្នុង​ស្នូក​? (ភាគ១)
ដោយ VOD Admin​​ | ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០១៦​


លោកបណ្ឌិត កែម ឡី កាលពីកន្លងទៅ​


លោក កែម ឡី បានអធិប្បាយអំពីការមិនហ៊ានវិលត្រឡប់ចូលស្រុកវិញតាមសន្យារបស់លោក សម រង្ស៊ី ថា «ខ្ញុំមិនដឹងថា តើយុទ្ធសាស្ត្ររបស់គណបក្សប្រឆាំងហ្នឹងគាត់ចង់បានអីទេ ប៉ុន្តែគ្រាន់តែឆ្លុះបញ្ចាំងអំពីគោលជំហរអត់ច្បាស់លាស់ ហើយការធ្វើនយោបាយជើងមិនជាប់ដី វាមិនអាចនឹងសម្រេចនូវគោលដៅធំបានទេ។ វាគ្រាន់តែជាអ្នកក្លាហាននៅក្នុងស្នូក អាហ្នឹងគេហៅថា អ្នកក្លាហានក្នុងស្នូក ឬមួយក៏អ្នកនយោបាយអង្ករកំប៉ុង ចង់និយាយថាគិតម្ង៉ៃធ្វើម្ង៉ៃៗ យើងអត់មានទស្សនៈវិស័យវែងឆ្ងាយថា យើងត្រូវតែប្រឈមស្អី ហើយនិងអត់ប្រឈមនឹងស្អី ដើម្បីទាមទារយកលទ្ធិប្រជាធិបតេយ្យមកប្រទេសកម្ពុជាឱ្យបាន។ […] ហេតុផលរបស់គណបក្សប្រឆាំងគាត់គិតរឿងជៀសវាងអំពើហិង្សា ជៀសវាងការប្រទូសរ៉ាយគ្នាប្រឈមដាក់គ្នា អីចឹងអាហ្នឹងវាជារឿងរបស់គាត់ ក៏ប៉ុន្តែយើងធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីកម្ពុជា … យើងមិនគួររត់ទៅតាមអាទ្រឹស្តីអត់ប្រយោជន៍ថា[ធ្វើ]នយោបាយត្រូវតែរត់ចោលស្រុក។ […] បើសិនគាត់មកពីព្រោះគាត់ជាអ្នកតំណាងរាស្ត្រ ហើយតំណាងរាស្ត្រហ្នឹងធំ ហើយមានអភ័យឯកសិទ្ធិ មិនមែនអ្នកណាថាហើយដាច់អភ័យឯកសិទ្ធិ…ទេ ចឹងខ្ញុំគិតថា បើមករដ្ឋាភិបាលចាប់គឺរដ្ឋាភិបាលកំពុងតែធ្លាក់នៅក្នុងទំនាស់ទៅនឹងច្បាប់…ហើយបើសិនជាចឹងរដ្ឋាភិបាលគាត់ពិបាក មានភាពស្មុគស្មាញ  ដោះស្រាយជាមួយសហគមន៍អន្តរជាតិផង ដោះស្រាយជាមួយជាតិផង ហើយដោះស្រាយជាមួយនឹងអារម្មណ៍របស់មហាជនផង។ … ប្រសិនជាគាត់មក ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាចកាន់តែដាប ប៉ុន្តែក្នុងកាលៈទេសៈនេះគឺមិនអាចប្រកែកបានគឺគាត់ក្លាយទៅជាវប្បធម៌មួយដែលមិនមានទំនួលខុសត្រូវនូវទង្វើរបស់ខ្លួន។ ទង្វើរបស់ខ្លួនស្អាតស្អំ យើងត្រូវតែហ៊ានប្រឈម បើសិនបើរដ្ឋាភិបាលចាត់វិធានការមិនស្អាតស្អំ យើងត្រូវតែព្យាយាមជម្នះនូវអ្វីដែលមិនស្អាតស្អំហ្នឹងដើម្បីត្រួតត្រាយឱ្យវាមានភាពស្អាតស្អំទៅមុខទៀត។»



បានសេចក្តីថា មេបក្សប្រឆាំងនិងគណបក្សសង្គ្រោះជាតិមិនអាចសង្គ្រោះជាតិពីចម្ងាយឬពីបរទេសនោះទេ ការអនុវត្តទ្រឹស្តីធ្វើនយោបាយត្រូវភៀសខ្លួនទៅបរទេសឬទ្រឹស្តីប្រជាធិបតេយ្យអាស្រ័យអន្តរាគមន៍អន្តរជាតិ (ធ្វើនយោបាយត្រូវពឹងបរទេស) គឺផ្ទុយស្រលះពីគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដដែលអាស្រ័យលើកម្លាំងប្រជាជនក្នុងស្រុកមិនមែនសម្ពាធពីខាងក្រៅ។

អន្តរាគមន៍ពីខាងក្រៅរបស់ អ៊ុនតាក់ បានបរាជ័យរួចហើយកាលពីបោះឆ្នោតឆ្នាំ១៩៩៣ដែលមិនអាចធានាថា គណបក្សឈ្នះឆ្នោត ហ៊ុន ស៊ិនប៉ិច អាចឡើងកាន់អំណាចបាននិងត្រូវគណបក្សប្រជាជនធ្វើរដ្ឋប្រហារយ៉ាងងាយ រំលោភប្រជាធិបតេយ្យនិងលទ្ធផលឆ្នោតទាំងស្រុង។ បើទ្រឹស្តីប្រជាធិបតេយ្យអាស្រ័យអន្តរាគមន៍បរទេសមានប្រសិទ្ធភាព គួរតែមានប្រសិទ្ធភាពតាំងពីសម័យអ៊ុនតាក់មកម្ល៉េះ អ្វីដែលអ៊ុនតាក់នាំមកកម្ពុជាពុំមែនប្រជាធិបតេយ្យទេគឺគ្រាន់តែជាការបោះឆ្នោតប៉ុណ្ណោះ គ្មានទេស្ថាប័នស៊ីវិលឯករាជ្យ គណបក្សប្រឆាំងនឹងបរាជ័យបើគិតថាខ្លួនអាចឡើងកាន់អំណាចបានក្នុងករណីខ្លួនឈ្នះឆ្នោតនិងកាន់តែបរាជ័យដោយសារតែការអឿ ចេះតែគិតថាគណបក្សកាន់អំណាចមិនហ៊ានធ្វើរដ្ឋប្រហារម្តងទៀតដោយសារខ្លាចអន្តរាគមន៍អន្តរជាតិ មើលមិនធ្លុះថា ម៉ាយ ថាយសាន់ អាចខាំស្លឹកត្រចៀក ហូលី ហ្វៀល បានទៅហើយ ហើយខាំទាំងអ្នកហ៊ោអ្នកស្រែកនិងអ្នករូតវាំងននទៅទៀត រឿងអីមិនអាចខាំអាជ្ញាកណ្តាលឬមិនអាចខាំការប្រកាសលទ្ធផលបើចាញ់ ហើយអាចទាំងបដិសេធមិនផ្ទេរតំណែងជើងឯកប្រដាល់ទៀតផង។

ក. អ្នកវិភាគក្រៅស្នូក ឬ អ្នកវិភាគដូរជីវិត

បន្ទាប់ពីករណីលោក សម រង្ស៊ី ដល់វេនរបស់លោកខ្លួនឯងវិញម្តងលោក កែម ឡី ពុំមែនប្រឈមនឹងហានិភ័យត្រឹមជាប់គុកនោះទេ គឺហានិភ័យគំរាមសម្លាប់កាន់តែខ្លាំងទៅៗតាំងពីចុងខែឧសភាមក។

បើតាមការឱ្យដឹងពីកញ្ញា លុយ ដានី ជំនួយការ៥ឆ្នាំរបស់លោក ដោយគំរាមឲ្យឈប់ លោកអធិប្បាយអំពីបញ្ហាសង្គមហើយសន្យាផ្តល់តំណែងនិងទ្រព្យសម្បត្តិឱ្យលោកទៅសោយសុខតែម្តង ដូចដែលគេធ្លាប់ធ្វើដាក់អ្នកវិភាគដទៃ ឧ. លោក សុខ ទូច ធ្លាក់ប្រជាប្រិយភាពយ៉ាងគំហុកក្រោយធ្វើការរឿងព្រំដែនក្រោមស្លាកស្ថាប័នរបស់រដ្ឋាភិបាល។ កញ្ញាប្រាប់វីអូឌីថា៖ «មានគេប្រាប់គាត់ មិត្តភក្តិគាត់អីចឹង  ប្រាប់គាត់ថា គេមិនទុកឲ្យគាត់រស់បានយូរទៀតទេ គេកំពុងតែរកវិធី ហើយគាត់ក៏ប្រាប់មកពួកខ្ញុំថា គាត់ក៏ដឹងដែលថា ពេលវេលាសម្រាប់ខ្លួនគាត់គឺមិនច្រើនប៉ុន្មានទេ។» ចម្លែកត្រង់ថា ហេតុអ្វីលោកមិនប្រាប់សារព័ត៌មានអំពីការគំរាមសម្លាប់ថ្មីៗនេះ ព្រោះយើងក៏ធ្លាប់ឮគាត់ប្រាប់សារព័ត៌មានដែរថាមិនដែលមានការគំរាមអីដែរ ហើយលោកក៏លើកសរសើរពីស្ថានភាពមានសេរីភាពរិះគន់បែបនេះទៅទៀត ត្បិតលោកក៏ឧស្សាហ៍ត្រូវគេសួរពីសំណួរទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួននិងហាភិន័យជាប់គុកដែរ តែលោកបែរជាឆ្លើយតបយ៉ាងក្លាហានទៅវិញថា «នៅពេលយើងវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ។ … នៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន  នៅពេលដែលយើងវិភាគម្តងៗ យើងមិនដែលគិតថាយើងមានជីវិតទេ។ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាច យើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់មានលទ្ធភាពផ្តល់គំរូដល់យុវជនទេ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ។ […] អ្វីដែលជាផលវិបាក បើសិនជាយើងវិភាគ ហើយខ្លាចបរិយាកាសនយោបាយ។ បើយើងវិភាគ យើងបារមុ្ភខ្លាចគេសម្លាប់ ខ្លាចជាប់គុក ខ្លាចគេធ្វើបាប អ៊ីចឹងខ្ញុំគិតថាយើងវិភាគអត់ត្រូវជ្រុងទេ។» មានន័យថា លោកវិភាគដោយមិនខ្វល់ពីអាយុជីវិតខ្លួនឯង គេឱ្យរស់ដល់ពេលណា វិភាគត្រឹមពេលហ្នឹង ធ្វើបាវបម្រើពលរដ្ឋដល់ថ្ងៃស្លាប់ ទោះវិភាគចប់មិនចប់ ទុកភារកិច្ចឱ្យក្មួយៗដើរបន្ត កុំឱ្យតែយើងមិនបានបណ្តុះអ្នកជំនាន់ក្រោយ បើខ្ចីពាក្យរបស់លោក មាស នី មិនមែនវិភាគដូរបាយទេគឺវិភាគដូរជីវិត (វេទិកាអាស៊ីសេរីនៅថ្ងៃឃាតកម្ម)។ បើលោកមិនត្រូវបានគេធ្វើឃាត លោក ឡៅ ម៉ុងហៃ មើលឃើញលោក កែម ឡី មានអនាគតនយោបាយភ្លឺស្វាំង អាចក្លាយជាមេដឹកនាំប្រទេស ប៉ុន្តែយើងយល់ថា លោកទំនងជាពុំមានមហិច្ឆតានយោបាយនោះទេ ទោះប្រហែលជាមានក៏លោកដឹងថាពិបាកទៅរួចដែរ តួយ៉ាងនៅក្រោយពេលចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រតិកម្មមិនល្អពីមហាជន ទើបលោកដឹងថា បើចង់រក្សាការគាំទ្រពីពលរដ្ឋ លោកមិនអាចទៅបម្រើឱ្យស្ថាប័នរដ្ឋ ដូចលោក សុខ ទូច ឬមិនអាចសូម្បីតែធ្វើទីប្រឹក្សាឱ្យលោក កឹម សុខា ដូច ឡៅ ម៉ុងហៃ មិនអាចសូម្បីតែមានតំណែងតួនាទីនៅក្នុងគណបក្សដែលលោកជាសហស្ថាបិកទៅទៀត ត្រូវតែជាអ្នកស្រាវជ្រាវឯករាជ្យ។ លោកធ្លាប់ប្រកាសលែងផ្តល់សម្ភាសន៍ឱ្យសារព័ត៌មាន ក្រោមហេតុផលអ្នកវិភាគដាច់បាយ តែក្រោយទទួលបានការសំណូមពរជាច្រើនពីសាធារណជន លោកក៏ដឹងថា លោកមិនទាន់អាចចូលនិវត្តន៍បានទេ ត្រូវតែបន្តដំណើរវែងឆ្ងាយទៅមុខទៀត ទោះដូរជីវិតជំនួសដូរបាយក៏ដោយ។ បើលោកប្រើតាក់ទិចផ្សព្វផ្សាយពាក្យគំរាមជាសាធារណៈ ដូចអ្នកខ្លះទៀតធ្លាប់ធ្វើ ហានិភ័យនេះនឹងត្រូវបានកាត់បន្ថយ យ៉ាងហោចណាស់ រស់បានយូរជាងនេះ បើយើងមិនហ៊ានធានាថា គេមិនហ៊ានសម្លាប់លោកនោះ។

ហេតុនេះហើយទើបសឹងគ្រប់មជ្ឈដ្ឋានភ្ញាក់ផ្អើលតក់ស្លុតយ៉ាងខ្លាំង ទោះបីពួកគេអាចដឹងមុន ពិសេសអ្នកសារព័ត៌មានតែងព្រួយបារម្ភជំនួសលោក បើគេមិនសួរក្នុងបទសម្ភាសក៏សួរក្រៅក្នុងបទសម្ភាសដែរ ហើយសួរសំនួរដដែលៗដែរថា មិនខ្លាចទេឬតួយ៉ាងនៅវេទិកាអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ ក៏ធ្លាប់សួរលោក កែម ឡី ថាមិនខ្លាច ម៉ាយ ថាយសាន់ មកខាំស្លឹកត្រចៀកអ្នករូតវាំងននទេឬ បើឥឡូវខាំ ហូលីហ្វៀល និងអ្នកហ៊ោតាមហាងកាហ្វេទៅហើយហ្នឹង។ បើព័ត៌មានគំរាមលេចឡើងមុន អ្នកបញ្ជានឹងប្រុងប្រយត្នពីប្រតិកម្មពីសាធារណជន មិនហ៊ានធ្វើព្រោះគេដឹងមុននិងមានប្រជាពលរដ្ឋនៅការពារលោកដូចរបៀបដែលពួកគេការពារ កឹម សុខា ពេលដឹងមុនពីគម្រោងចាប់ខ្លួនដូច្នោះ។ បានសេចក្តីថាលោក កែម ឡី មិនត្រឹមតែមិនព្រមសម្ងំស្ថិតនៅក្នុងស្នូកទេ មិនខ្វល់ទាំងពេលណាគេទម្លុះស្នូកនោះទៅទៀត ត្បិតលោកដឹងថានៅក្នុងទ្រុងខ្លាជាចំណីខ្លាមុននិងក្រោយប៉ុណ្ណោះ។

(សូមតាមដានភាគបន្ត)

ដោយ ទេព រ៉ានិត

No comments: