A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 17 July 2016

យុវជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប


ដោយ ហង្ស សាវយុត
2016-07-15

យុវជន សៀមរាប ២០១៦ ៨៥៥
យុវជន​ចូលរួម​វេទិកា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា «ម្ចាស់​បឹង​ទន្លេសាប» នា​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Hang Savyouth
 RFA/Hang Savyouth



ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប ប្រមាណ ៣០០​នាក់ បាន​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​គ្នា​នៅ​ឯ​តំបន់​កន្ធាយ​កូម សង្កាត់​ចុងឃ្នៀស ក្នុង​បឹង​ទន្លេសាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។

​វេទិកា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា «ម្ចាស់​បឹង​ទន្លេសាប» នោះ គឺ​ពួក​គេ​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​បញ្ហា​ពូជ​ត្រី​ចេះ​តែ​បាត់បង់​ទៅ ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ជាដើម។

ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ក្តៅ​ទប់ស្កាត់​សកម្មភាព​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​បឹង​ទន្លេសាប​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ គឺ​ពូជ​មច្ឆជាតិ​អាច​នឹង​បាត់បង់​គ្មាន​សល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការ​ព្រួយ​បារម្ភ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប។



​យុវជន​ម្នាក់​ដែល​មក​ពី​ស្រុក​ជីក្រែង ភាគ​ខាង​កើត​របស់​ខេត្ត​សៀមរាប ក្នុង​ចំណោម​យុវជន​ប្រមាណ ៣០០​នាក់​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​វេទិកា​ម្ចាស់​បឹង​ទន្លេសាប គឺ​លោក ឈឿម លំអង។ លោក​បាន​ចោទ​សួរ​ទៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ដែរ​នោះ ពេល​បច្ចុប្បន្ន​មាន​លទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​ការពារ​ធនធាន​ជលផល​នៅ​ក្នុង​បឹង​ទន្លេសាប? ការ​ចោទ​សួរ​បែប​នេះ ដោយសារ​តែ​លោក​មើល​ឃើញ​ថា បទល្មើស​នេសាទ​កំពុង​តែ​កើត​មាន​ជាច្រើន​កន្លែង​នៅ​ជុំវិញ​តំបន់​ដែល​គាត់​រស់នៅ៖ «ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ក្នុង​អាណត្តិ​នេះ មាន​វិធានការ ឬ​ក៏​យុទ្ធសាស្ត្រ​យ៉ាង​ដូចម្ដេច ដើម្បី​ប្រឆាំង​ការ​នេសាទ​ត្រី​ខុស​ច្បាប់»។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ចោទ​ប្រកាន់​ថា ជនជាតិ​វៀតណាម ជាច្រើន​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប គឺ​ជា​អ្នក​ដែល​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ផល​នេសាទ​ត្រី​ថយ​ចុះ។ ប្រជាពលរដ្ឋ​រូប​នោះ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ធនធាន​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប គឺ​ល្មម​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នេសាទ​យក​ទៅ​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ទទួល​ផល​ពី​នេសាទ​គ្រប់​គ្នា​ទេ ពីព្រោះ​តែ​ជនជាតិ​វៀតណាម ជាច្រើន​បាន​ដណ្ដើម​ធនធាន​ជលផល​ទាំង​នេះ៖ «បើ​សិន​ពួក​នេះ​នៅ​ក្នុង​ទឹក ទោះ​បី​ជា​ឯកឧត្តម​លែង​ត្រី​ក្នុង​មួយ​ឆ្នាំ ២០០​តោន​ក៏​អត់​នៅ​សល់​ដែរ។ អ៊ីចឹង​តើ​មាន​វិធានការ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​ឡើង​មក​លើ​គោក​ឲ្យ​អស់»។

អ្នក​តំណាង​រាស្ត្រ និង​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់ស្រប​ទៅ​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​ធនធាន​ជលផល និង​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​ត​ទៅ​ទៀត។

​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក ម៉ែន សុថាវរិន្ទ្រ មាន​ប្រសាសន៍​ថា បឹង​ទន្លេសាប​ជា​បឹង​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រៀប​បាន​ទៅ​នឹង​កូន​សមុទ្រ​ទឹកសាប​មួយ។ បឹង​នេះ​ជា​ជម្រក​ត្រី​ទឹកសាប​ដ៏​សំខាន់​បំផុត​ដែល​មាន​ត្រី​រាប់​ពាន់​អំបូរ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ ធនធាន​ជលផល​របស់​បឹង​ទន្លេសាប​កំពុង​ទទួល​រង​នូវ​ការ​នេសាទ​ធ្វើ​អាជីវកម្ម​ហួស​កម្រិត ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ពូជ​មច្ឆា​ធ្ងន់ធ្ងរ៖ «ការ​ធ្លាក់​ចុះ​ធនធាន​ជលផល ធ្វើ​ឲ្យ​ប្រជា​នេសាទ​ត្អូញត្អែរ​គ្រប់​គ្នា​អំពី​ការ​ពិបាក​រក​ត្រី ដើម្បី​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ»។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក សុខ គឹមសេង បាន​កត់​សម្គាល់​ឃើញ​ថា រាល់​បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​នេះ ភាគ​ច្រើន​មិន​មែន​ជា​អ្នក​នេសាទ​តូចតាច​ទេ។ លោក សុខ គឹមសេង រិះគន់​មន្ត្រី​រដ្ឋាភិបាល ថា​ហាក់​ដូចជា​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​នេសាទ​ខុស​ច្បាប់​ដោយ​មិន​ចំ​គោលដៅ​ពិត​ប្រាកដ​នៅ​ឡើយ ដូចជា​អ្នក​ដាក់​មង​ប្រវែង ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ សុទ្ធតែ​ខុស​ច្បាប់ ប៉ុន្តែ​ប្រសិន​បើ​ឈ្មួញ​នេសាទ​ដោយ​អូស​ម៉ាញ់ និង​កាណូត​ធំៗ គឺ​មិន​ខុស​ទេ ហើយ​ក៏​មិន​ដែល​មន្ត្រី​ជំនាញ​ណា​ចុះ​បង្ក្រាប​ដែរ។ បញ្ហា​ម្យ៉ាង​ទៀត ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​រុក​រាន​យក​ដី ក៏​កំពុង​កើត​មាន​ជាច្រើន​កន្លែង​ដែរ៖ «មិន​មែន​ការពារ​មួយ​ថ្ងៃ​បាន​ទេ​បង​ប្អូន។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ការពារ​ថែម​ទៀត។ សង្ឃឹម​លើ​មន្ត្រី​ឲ្យ​ការពារ គឺ​មិន​បាន​ទេ ដោយសារ​តែ​វា​មាន​ចំណុច​រសើប​ច្រើន​ពេក»។

​វេទិកា​សាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹង​ទន្លេសាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ គឺ​មាន​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​ខ្លះ​បាន​តាម​ឃ្លាំ​មើល ប៉ុន្តែ​មិន​បង្ហាញ​ប្រតិកម្ម​អ្វី​ទេ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង ដែល​នៅ​ចាំ​ឃ្លាំ​មើល​ឆ្ងាយ​ពី​វេទិកា​មាន​ប្រសាសន៍​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។ ទោះ​យ៉ាង​ណា លោក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នោះ គឺ​មិន​ពិត​ទេ៖ «មិន​មែន​ថា​យើង​មិន​បាន​បង្ក្រាប ឬ​ក៏​មិន​បាន​ចុះ​ទេ គឺ​ជំនាញ​មួយៗ និង​គណៈ​បញ្ជាការ​អី​គាត់​តែង​ចុះ​ជាប់​ជា​ប្រចាំ»។

​កាល​ពី​ដើម​ឆ្នាំ​២០១៦ អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ដែល​ហៅ​កាត់​ថា ហ្វេកថ៍ (Fact) ក៏​ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​នេសាទ​ត្រី និង​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​ថយ​ចុះ​ខ្លាំង ដោយសារ​តែ​រដូវ​ប្រាំង​អូស​បន្លាយ​រយៈពេល​វែង ធ្វើ​ឲ្យ​បឹង​អភិរក្ស​ត្រី​ពូជ​មួយ​ចំនួន​បាន​រីង និង​គោក​រាក់ រួម​នឹង​ការ​នេសាទ​ខុស​ច្បាប់​ដោយ​មាន​ការ​បង្ក្រាប​តិចតួច​ផង​នោះ៕

2 comments:

Anonymous said...

When will they show the video of Dr. Kem Ley's shooting? When? When? When?

It looks like we come back to the old same shit: " behaving like a hay fire " then forgetting about every shit we try to accomplish too fast.

And that our temperament.

If we keep behaving like that, do not cry out that the evil Yuon took our land.

For the time being, and to honor Dr. Kem Ley's spirit, can we take some concrete steps to push for Ah Kouk Hun Sen government to find the real killer and the mastermind behind it?

Anonymous said...

Dear All,

The problems such as illegal fishing, illegal logging, corruptions and the likes can be solved only
when the Khmer people can solve the problems of Hun Sen.
The Hun Sen problems can be solved only by solving problems the problems of Hanoi.
The Hanoi problems cannot be solved without the help of and from the signatories of the
Paris Peace Accords.

A long journey begins with a first step!