A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 July 2016

ចម្លើយ​សារភាព​របស់ «ឃាតករ ជួប សម្លាប់» សុទ្ធតែ​ជា​ពាក្យ​ប្រឌិត​មិន​ច្បាស់លាស់





ថ្ងៃ អង្គារ ទី ១២ ខែ កក្កដា ឆ្នាំ ២០១៦ 


រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ទី​១១ កក្កដា នគរបាល​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ បាន​នាំ​ខ្លួន​ឃាតករ​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មក​ឱ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី ដើម្បី​សាកសួរ​តាម​នីតិវិធី

បន្ទាប់​ពី​ការ​ចាប់ខ្លួន​កាល​ថ្ងៃ​ទី​១០ កក្កដា ។ ការ​សាកសួរ​នោះ​មាន​តែ​រយៈពេល​ប្រមាណ​១​ម៉ោង​ប៉ុណ្ណោះ ក៏​ត្រូវ​បាន​នាំ​ខ្លួន​តាម​រថយន្ត​ប៉ូលិស​ទៅ​កាន់​ស្នងការដ្ឋាន​វិញ ហើយ​នៅ​ថ្ងៃនេះ (១២ កក្កដា​) អាច​នឹង​នាំ​ខ្លួន​មក​សាកសួរ​បន្ត​ទៀត ។

សន្តិសុខ​តាម​ផ្លូវត្រូវ​បាន​រឹត​បន្តឹង​នៅ​ពេល​បញ្ជូន​ជនសង្ស័យ​ចេញពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រហូត​ចូល​ក្នុង​បរិវេណ​សាលាដំបូង ។ ជនសង្ស័យ​ជា​ឃាតករ​ដៃដល់​ត្រូវ​បាន​គេ​ដាក់​ក្នុង​រថយន្ត​របស់​នគរបាល អម​ដោយ​ក្រុម​ម៉ូតូ​ធំ​ៗ​របស់​សមត្ថកិច្ច​តាម​ពីក្រោយ ។ ដោយឡែក ក្រុម​អ្នក​សារព័ត៌មាន​ត្រូវ​បាន​នគរបាល​ច្រាន​ទ្រូង​ឱ្យ​ចេញពី​បរិវេណ​តុលាការ​មក​ក្រៅរបង​ទាំងអស់ ។

ក្នុង​ពេល​បញ្ជូន​មក​ដល់​តុលាការ​ក្រុម​អ្នក​សារព័ត៌មាន​មិន​បានឃើញ​មុខ​ជនសង្ស័យ​ឡើយ មិន​ត្រឹមតែ​មិន​បាន​ថត​ផ្តិត​រូបភាព​ទេ ត្រូវ​បាន​កង​នគរបាល​ច្រាន​ចេញ​ឆ្ងាយ​ពីរ​បង​តុលាការ​ទៀត ។ មុន​នាំ​ខ្លួន​ជនសង្ស័យ​ដែល​មានឈ្មោះ​មិន​ប្រាកដ​និង​មាន​រហស្សនាម​ថា «​ជួប​សម្លាប់​» នេះ​មក​ដល់​តុលាការ នគរបាល​បាន​ចំណាយពេល​១​ថ្ងៃ​និង​១​យប់​ដើម្បី​សាកសួរ​បង្គ្រប់​សំណុំរឿង​របស់​ខ្លួន ។

គួរ​កត់​សម្គាល់ថា កាលពី​រសៀល​ថ្ងៃ​ទី​១០ កក្កដា លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ក្នុង​ថ្ងៃ​ដដែល​នោះ ។



នៅ​ក្នុង​សន្និសីទកាសែត​នេះ​មាន​រយៈពេល​ខ្លី​ជិត​(១០​នាទី​) ក្នុង​នោះ​លោកស្នងការ​បាន​លើក​ឡើង​ថា ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គឺជា​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំ​ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ភរិយា​សព និង​កូន​ទាំង​៤​នាក់​របស់​គាត់​។ លោក​ថ្លែង​ថា ប្រពន្ធ​លោក​បណ្ឌិត កែម ឡី ពេល​នេះ​កំពុង​ពរ​ពោះ​ទៀត​ផង ។

លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​អះអាង​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​ឃាតករ​បាញ់​ត្រូវ​ចំនួន​២​គ្រាប់​ក្នុង​នោះ​គ្រាប់​ទី​១ ត្រូវ​ក្បាល​បៀម​គ្រាប់ និង​គ្រាប់​ទី​២ គឺ​ត្រូវ​ដើមដៃ​ធ្លាយ​ដល់​ដោះ ។ ជនសង្ស័យ​នេះ គឺជា​ឃាតករ​យ៉ាង​ពិតប្រាកដ ដែល​ជា​អ្នក​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ។

លោកស្នងការ​បញ្ជាក់​ថា សមត្ថកិច្ច​នៅ​បន្ត​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​អ្នក​នៅ​ពីក្រោយ និង​អ្នកសមគំនិត​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។ លោក​អះអាង​ថា យើង​មាន​តម្រុយ​ជា​ច្រើន​ក្នុង​ការ​ស៊ើបអង្កេត​ករណី​នេះ ។

លោក​ឧត្តមសេនីយ៍​បាន​បញ្ជាក់​ទៀត​ថា សម្រាប់​ឈ្មោះ​ជនសង្ស័យ​ថា «​ជួប​សម្លាប់​» នោះ​គឺ​សមត្ថកិច្ច​មិន​ទាន់​ជឿ​ទេ ហើយ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ ។

ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា ខ្លួន​ជា​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី​ប្រធាន​អង្គការ​អ្នក​ស្រាវជ្រាវ​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ ត្រូវ​បាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជូន​មក​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១៦ ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នេះ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

នគរបាល​បាន​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ព្រោះ​ករណី​នេះ​ជា​ការ​រៀបចំ​ទុកជា​មុន ។ ទោះបី​យ៉ាងណា ការ​សម្រេច​ចោទប្រកាន់​ផ្លូវការ​គឺ ជា​សមត្ថកិច្ច​របស់​តុលាការ ។

​តើ​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មានឈ្មោះ​អ្វី​ពិតប្រាកដ ?
ក្រោយ​ការ​ចាប់ខ្លួន នៅ​ប៉ុន្មាន​នាទី​ក្រោយ​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ នៅ​ក្នុង​ស្តារ​ម៉ា​តនៃ​ស្ថានីយ​ប្រេង​ឥ​ន្ឋ​នៈ​កាល់​តិច កាលពី​វេលា​ម៉ោង​ជិត​០៩​ព្រឹក​ថ្ងៃ​១០ កក្កដា រួច​មក ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ឈ្មោះ ទិ​ត្យ សំ​អុល មាន​រហស្សនាម «​ជួប សម្លាប់​» ។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា​ជនសង្ស័យ​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ឯកសណ្ឋាន​ជា​មន្ត្រី​បរិស្ថាន និង​រូបថត​១​ទៀត​បួស​ជា​សង្ឃ មានឈ្មោះ អឿ​ត អាង អាយុ​៤៤​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​ទន្លេ​សរ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប មាន​ឪពុក​ឈ្មោះ អឿ​ត ម្ដាយ​ឈ្មោះ ឯម តាប់ អាយុ​៦៤ ឆ្នាំ ។

ប្រភព​ពី Facebook ដដែល ជនសង្ស័យ​រូប​នេះ​មាន​ប្រពន្ធ ០២​នាក់ និង​មានកូន​ស្រី ម្នាក់​ដោយ​ប្រពន្ធ​ទី​០១ ឈ្មោះ យ៉ាង យឿ​ង (​បាន​លែងលះ​គ្នា​ហើយ​) ។ ប្រពន្ធ​ទី​០២ ឈ្មោះ ហឿ​ម ហ៊​ត់ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​ជនសង្ស័យ និង​មានមុខ​របរ​លក់​គ្រឿងទេស និង​សាច់​ជ្រូក ។ បើ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា ជនសង្ស័យ​ឈ្មោះ អឿ​ត អាង ធ្លាប់​បាន​បួស​ជា​សង្ឃ​ក្នុង​ឆ្នាំ​២០១៣ នៅ​វត្ត​ប្រាសាទ​ធ្នង់ ស្ថិត​ក្នុង​ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប​។
នៅ​ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​សឹក​ពី​ភិក្ខុសង្ឃ នៅ​ពេល​មាន​ជម្លោះ​នៅ​ក្នុង​វត្ត​ពើង​តាន​ន់ នៅ​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ។ ក្រោយ​ពី​សឹក​ជន​នេះ​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​បរិស្ថាន និង​បាន​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ឈរជើង​នៅ​ស្រុក​អង្គរជុំ ខេត្តសៀមរាប ។

មិន​មាន​ប្រភព​ច្បាស់ការ​មួយ​ត្រូវ​បាន​ទំលាយ​ឱ្យ​ដឹង​នោះ​ទេ ថា​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​បរិស្ថាន​ជា​ការ​ក្លែងបន្លំ ឬ​បែប​ណា​ទេ ។ ជា​ការ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​២៤​ម៉ោង នេះ​ក្រោយ​ការ​ចាប់ខ្លួន​ឃើញ​ថា ជន​នេះ​បាន​និយាយ​ខុស​គ្រប់​ដំណាក់កាល​ទាំងអស់ ។ ដំបូង​បាន​និយាយ​ថា ខ្លួន​ឈ្មោះ ជួប សម្លាប់ និង​ក្រោយមក​ប្រាប់​ថា​ឈ្មោះ ទិ​ត្យ សំ​អុល អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយ​បាន​ទៅ​រស់នៅ​ប្រកបរ​បរជា​ជាង​លាបថ្នាំ​រថយន្ត និង​ក្រោយមក​ជា​កម្មករ​ចម្ការ​ដំណាំ​នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ជុំវិញ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ជន​នេះ​ឆ្លើយ​ថា ជំពាក់​លុយ​៣​ពាន់​ដុល្លារ មិន​សង ប៉ុន្តែ​ចម្លើយ​នេះ​ត្រូវ​បាន​សាធារណៈជន​ទូទៅ​បាន​ច្រានចោល ដោយសារ​តែ​ធ្វើ​កម្មករ​មាន​លុយរាប់​ពាន់​ដុល្លារ​ឯណា​ឱ្យ​គេ​ខ្ចី​នោះ ។

មហាជន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ជុំវិញ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ ។ តាំងពី​ថ្ងៃ​ទី​១០ កក្កដា រហូត​មក​ដល់​ថ្ងៃ​ទី​១១ កក្កដា​នេះ អ្វី​ដែល​ឃាតករ​បាន​សារភាព គឺ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ទាំងអស់ ។

១-​ការ​ប្រើ​ឈ្មោះ​ក្លែងក្លាយ
២-​ការ​ប្រឌិត​សាច់​រឿង​ថា បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​៣០០០​ដុល្លារ ។
៣-​ការ​សារភាព​ថា ខ្លួន​គេ​ជា​ជាង​បាញ់ថ្នាំ​ឡាន ។
៤-​ឃាតករ​មាន​ប្រាក់់​ទិញ​អាវុធ​ដ៏​មាន​តម្លៃ​ដើម្បី​ធ្វើ​សកម្មភាព​បាញ់ប្រហារ​នេះ ។

ឃាតករ​រូប​នេះ​មាន​ចេតនា​ត្រូវ​តែ​យក​ជីវិត​លោក​បណ្ឌិត កែម ឡី
លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទកាសែត​នា​ពេល​រសៀល​ថ្ងៃ​ទី​១០ កក្កដា​ថា ឈ្មោះ ជួប សម្លាប់​នេះ យើង​មិន​ជឿ​ទេ ។ តាំងពី​ណា​ពី​ណី​មក មិន​ដែល​មាន​អ្នក​ណា​ដាក់​ឈ្មោះ សម្លាប់ ឱ្យ​កូន​ទេ ។

លោក​លើក​ឡើង​ទៀត​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​លោក​បណ្ឌិត កែម ឡី ក្នុង​ចម្ងាយ​ពី​គ្នា ប្រហែល​២​ជំហាន គឺ​បាញ់​ពីក្រោយ​ខ្នង​ចំ​បោះដៃផុត និង​១​គ្រាប់​ទៀត​បាញ់​ក្បាល ។ ការ​ស៊ើបអង្កេត​នឹង​ថ្កោលទោស​លើ​ចំណុច​ថា តើ​មាន​អ្នកបញ្ជា​នៅ​ពីក្រោយ​ឃា​កម្មនេះ ឬ​ក៏​អត់ ?

លោក​គូសបញ្ជាក់​ថា ភស្តុ​តាង​ដែល​យើង​ដកហូត​បាន​ពី​ជនល្មើស​បង្ហាញ​យ៉ាង​ច្បាស់​ថា ជនល្មើស គឺជា​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ។

វី​ដេ​អូ​ឃ្លី​ប​រយៈពេល​៣៥​វិនាទី​បង្ហាញ​ពី​ការ​សារភាព​របស់​ជនសង្ស័យ​ដែល​ប្រឡាក់​សុទ្ធតែ​ឈាម​លើ​ផ្ទៃមុខ​ផ្នែក​ខាងឆ្វេង និង​ដើមទ្រូង ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​នៅ​ពេល​រសៀល ។  ជន​នេះ​អះអាង​ថា ខ្លួន​បាន​ទិញ​កាំភ្លើងខ្លី​មួយ​ដើម នៅ​ក្នុង​ប្រទេស​ថៃ ដើម្បី​សម្លាប់​លោក កែម ឡី  រឿង​ជំពាក់​លុយ​ជាង​១​ឆ្នាំ​មិន​ព្រម​សង ។

នៅ​ពេល​សួរ​ចម្លើយ​ថា តើ​ខ្លួន​ស្គាល់​លោក កែម ឡី តាម​វិធី​ណា ជន​នេះ​ឆ្លើយ​ថា «​យើង​ធ្លាប់​ស្គាល់​ជួប​គ្នា​» ។ ជន​នេះ​បាន​និយាយ​អំពី​ប្រាក់​៣.០០០​ដុល្លារ ដែល​ខ្លួន​អះអាង​ថា បាន​ឱ្យទៅ​លោក កែម ឡី ខ្ចី​ថា «​គាត់​ខ្ចី​យក​ជួយ​ប្រជាជន​» ។

លោក មឿ​ន តុលា ដែល​ជា​មិត្ត​ជិត​ស្និត​របស់​លោក​បណ្ឌិត កែម ឡី និង​ដែល​រូប​លោក​ផ្ទាល់ ជា​អ្នក​រិះគន់​មិន​សំចៃមាត់ ក្នុង​ឋានៈ​ជា​ប្រធាន​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា (Central) ត្រូវ​បាន​ដកស្រង់​ប្រសាសន៍​ដោយ​វិទ្យុ​ផ្សាយ​ជា​ខេមរភាសា​ថា អ្នក​ដែល​មាន​ផែនការ​ធ្វើឃាត​លោក កែម ឡី ប្រាកដជា​ដឹង​ពី​កន្លែង​លោក ។

លោក​គូសបញ្ជាក់​ថា «​គាត់​មក​ទី​នេះ​រាល់ថ្ងៃ ដើម្បី​ពិសា​កាហ្វេ និង​ជួបជុំ​គ្នា លើកលែងតែ​គាត់​មាន​បេសកកម្ម​ចុះ​ទៅ​តាម​ខេត្ត​» ហើយ​លោក​បាន​ច្រាន​ចោលការ​សារភាព​ថា មិត្ត​របស់​លោក​ត្រូវ​បាន​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ ដោយសារ​ជំពាក់​លុយ​គេ​មិន​ព្រម​សង ៕

No comments: