A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 July 2016

អង្គ​ទូត​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី


អង្គ​ទូត​និង​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​លើ​លោក កែម ឡី
ដោយ សាន សែល
2016-07-10


សព​លោក កែម ឡី ២០១៦ ៨៥៥
សាកសព​របស់​លោក កែម ឡី តម្កល់​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ឋិត​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA


ភ្លាមៗ​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​សង្គម និង​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល នាយក​រដ្ឋមន្ត្រី​កម្ពុជា បណ្ដា​អង្គការ​សង្គម​ស៊ីវិល គណបក្ស​ប្រឆាំង និង​ស្ថានទូត​បរទេស សម្ដែង​ការ​សោកស្ដាយ និង​ថ្កោលទោស ព្រម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​អំពើ​ឃាតកម្ម​នេះ។

ការ​បាញ់​សម្លាប់​លោក កែម ឡី កើត​ឡើង​ស្រប​ពេល​ស្ថានការណ៍​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តានតឹង មុន​នឹង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ និង​បោះឆ្នោត​ជាតិ​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

ជាង​ប្រាំពីរ​ម៉ោង​ក្រោយ​មរណភាព​របស់​លោក កែម ឡី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មុខ​ថ្កោលទោស​ករណី​ឃាតកម្ម​បាញ់​ប្រហារ​យ៉ាង​ឃោរឃៅ​នេះ។ លោក​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ម៉ឺងម៉ាត់​ស៊ើប​អង្កេត​ករណី​នេះ។



លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​ឲ្យ​ស្លាប់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ក្នុង​ហាង​លក់​ទំនិញ Star Mart ជិត​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច ក្បែរ​ភ្លើង​ស្តុប​បូកគោ។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ការ​បាញ់​សម្លាប់​នេះ​ដែរ។ គណបក្ស​ប្រឆាំង​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​វែកញែក​ដោយ​ឯករាជ្យ ដើម្បី​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក កែម ឡី។

អង្គការ​ឃ្លាំ​មើល​ពិភពលោក (Global Witness) ប្រកាស​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​ឃាតកម្ម​លើ​លោក កែម ឡី។ អង្គការ​អន្តរជាតិ​នេះ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​អ៊ីមែល (email) ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ករណី​បាញ់​សម្លាប់​លោក កែម ឡី ដើម្បី​នាំ​យក​ឧក្រិដ្ឋជន​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស មិន​មែន​តែ​ខ្មាន់​កាំភ្លើង​ទេ។ រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ប្រកាន់ និង​មាន​ប្រវត្តិ​មិន​ល្អ​រាប់​សិប​ឆ្នាំ​ពី​ការ​សម្លាប់​សកម្មជន​នយោបាយ សិទ្ធិ​មនុស្ស និង​កម្មករ ដែល​អាជ្ញាធរ​កម្រ​ចាប់​ខ្លួន​ជន​ល្មើស​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស។

Global Witness ក៏​ទទូច​ឲ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​របស់​កម្ពុជា ថ្កោលទោស​ឲ្យ​ខ្លាំងក្លា និង​ទាមទារ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី។

លោក អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឯករាជ្យ រក​យុត្តិធម៌ រក​ឫសគល់​ពិត​អ្នក​នៅ​ក្រោយ​ឃាតកម្ម​លើ​លោក កែម ឡី ដើម្បី​យក​មក​ផ្ដន្ទាទោស៖ «»។

លោក​បញ្ជាក់​ថា ការ​ស្លាប់​របស់​លោក កែម ឡី ជា​ការ​បាត់បង់​ធនធាន​មនុស្ស​សំខាន់ ដែល​ក្លាហាន​និយាយ​រិះគន់​ត្រង់ៗ​ដើម្បី​ការ​រីក​ចម្រើន​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព សម្ដែង​ការ​សោកស្ដាយ ហើយ​បាន​ហៅ​ការ​ស្លាប់​របស់​លោក កែម ឡី ជា​រឿង​ដែល​មិន​នឹង​ស្មាន​ដល់។ អ្នកស្រី​ថា ឃាតកម្ម​នេះ​ជា​ការ​ប្រឆាំង​នឹង​សាសនា និង​ច្បាប់។ អ្នកស្រី​ស្នើ​ឲ្យ​មាន​ការ​ស្នើ​អង្កេត​ស្រាវជ្រាវ​ឲ្យ​ដិតដល់ រក​អ្នក​ប្រព្រឹត្តិ​ពិត​ប្រាកដ។

លោក កែម ឡី ជា​ស្ថាបនិក​នៃ​ក្រុម «ខ្មែរ​ដើម្បី​ខ្មែរ» ដែល​ជា​ក្រុម​តស៊ូ​មតិ​មូលដ្ឋាន។ លោក​ជា​ញឹកញយ រិះគន់​ពី​បញ្ហា​អវិជ្ជមាន​នានា​ស្ដីពី​សង្គម និង​នយោបាយ។

ស្ថាបនិក «វេទិកា​អនាគត» លោក អ៊ូ វីរៈ បាន​ហៅ​លោក កែម ឡី ថា​ជា​វីរបុរស​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ក្លាហាន​បញ្ចេញ​មតិ​ជំរុញ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា៖ «»។

ក្រៅ​ពី​អង្គការ​សង្គម​ស៊ីវិល ស្ថានទូត​បរទេស​នៅ​កម្ពុជា មួយ​ចំនួន ក៏​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី ផង​ដែរ។

សហរដ្ឋ​អាមេរិក ដែល​ជា​ម្ចាស់​ជំនួយ និង​ដៃ​ពាណិជ្ជកម្ម​សំខាន់​របស់​កម្ពុជា បាន​ហៅ​ការ​ស្លាប់​របស់​លោក កែម ឡី ថា​ជា​ព័ត៌មាន​រន្ធត់ និង​សោកស្ដាយ។ សហរដ្ឋ​អាមេរិក ហៅ​លោក កែម ឡី ថា​ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា សំខាន់​ម្នាក់។

ចំណែក​ឯកអគ្គរដ្ឋទូត​ចក្រភព​អង់គ្លេស លោក ប៊ីល ឡុងហឺស (Bill Longhurst) ថ្លែង​ថា លោក​រន្ធត់ និង​សោកសង្រេង​ចំពោះ​ការ​ស្លាប់​របស់​លោក កែម ឡី។ លោក​ថា នេះ​ជា​ការ​បាត់បង់​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា។

អ្នកស្រី ចក់ សុភាព អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​ចូលរួម​បញ្ចេញ​មតិ​ស្ដីពី​បញ្ហា​សង្គម និង​នយោបាយ ដើម្បី​រុញ​ច្រាន​កម្ពុជា ឲ្យ​ទៅ​មុខ៖ «»។

អង្គការ Global Witness កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​មួយ​លាត​ត្រដាង​ពី​ការ​ប្រើប្រាស់​អំណាច​របស់​គ្រួសារ​នាយក​រដ្ឋមន្ត្រី ដើម្បី​ក្តោប​ក្តាប់​ជំនួញ​សេដ្ឋកិច្ច​កម្ពុជា តម្លៃ​រាប់​រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ច្រាន​ចោល​របាយការណ៍​នេះ ហើយ​ថា Global Witness ព្យាយាម​បង្ខូច​កិត្តិយស​លោក​នាយក​រដ្ឋមន្ត្រី។

កាល​ពី​ថ្ងៃ​សុក្រ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី លោក កែម ឡី បាន​វិភាគ​ស៊ី​ជម្រៅ​បង្ហាញ​ពី​ផល​ប៉ះពាល់​នៃ​សកម្មភាព​រក​ស៊ី​របស់​គ្រួសារ​ត្រកូល «ហ៊ុន» មក​លើ​សេដ្ឋកិច្ច​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: